បែបបទនៃការស្លៀកពាក់របស់ស្ត្រីមានច្រើនបែបច្រើនជម្រើស រីឯការផ្គុំសម្លៀកបំពាក់លាយបញ្ចូលគ្នាបង្កើតជាម៉ូដថ្មីឲ្យមើលទៅស្រស់ស្អាតស៊ីវិល័យ និងស៊ីសង្វាក់គ្នា កាន់តែក្លាយជារឿងមួយដ៏សំខាន់ទៀតសម្រាប់ស្ត្រីគ្រប់រូបមុនពេលបោះជំហានឈានចេញទៅបង្អួតសម្រស់ឆើតឆាយនៅពិភពខាងក្រៅ។ ការផ្គុំសម្លៀកបំពាក់រមែង ចាប់ផ្តើមពីចំណុចគោលធំៗ៣ជាចម្បង ទី១ ត្រូវដឹងពីទំនោរឈុតសម្រាប់កម្មវិធីឬស្ថានភាពទីកន្លែងដែលត្រូវទៅ ទី២ ត្រូវដឹងពីពណ៌របស់សម្លៀកបំពាក់គោល (ខោឬអាវ) និងទី៣ ត្រូវដឹងពីពណ៌ ឬគ្រឿងលម្អណាខ្លះដែលជំរុញឲ្យសម្លៀកបំពាក់គោលមានភាពលេចធ្លោ។ យ៉ាងណាមិញ ស្របពេលរដូវស្លឹកឈើជ្រុះឈានចូលមកដល់ ពណ៌ស គឺជាជម្រើសពណ៌ភ្លឺច្បាស់មួយដែលស័ក្តិសមបំផុតក្នុងការលេងហ្វេហ្សិនដ៏មានផាសុកភាពគ្រប់កាលៈទេសៈ ហេតុដូចនេះ ដើម្បីផ្លាស់ប្តូរស្ទីលតុបតែងខ្លួនឲ្យសមស្របទៅតាមរដូវកាលក៏ដូចជាយុគសម័យកាលជឿនលឿន សូវរីន សូមបង្ហាញនូវទំនោរស្លៀកពាក់ដ៏ទាន់សម័យ ៤បែប ដោយជ្រើសរើស ខោពណ៌សជើងវែង ជាគំនិតថ្មីក្នុងការលេងខ្លួនយ៉ាងឡូយឆាយ។ ជាការពិតណាស់ ស្ត្រីទូទៅមិនសូវចូលចិត្តស្លៀកពាក់ខោពណ៌សប៉ុន្មានឡើយ ដោយហេតុផលវាងាយឆាប់ប្រឡាក់ ជួនកាលបង្កើនភាពលេចធ្លោខ្លាំងពេក និងពិសេសស្ត្រីមានជើងធំស្លៀកពាក់មើលទៅឃើញរាងច្បាស់មិនស្រស់ស្អាតជាដើម។ ត្បិតការពាក់ខោសមានផលអវិជ្ជមានបន្តិចបន្តួចដូចបានរៀបរាប់ខាងលើ ប៉ុន្តែគួរចងចាំថា ពណ៌ស គឺជាពណ៌ងាយស្រួលក្នុងការលេងខ្លួនគ្រប់បែបគ្រប់ទម្រង់ និងគន់មិនចេះជិនណាយសោះឡើយ មិនតែប៉ុណ្ណោះប្រសិនបើចេះបន្ថែមគ្រឿងបន្សំត្រូវក្បួនធានាថាទទួលបានមន្តស្នេហ៍ទាក់ទាញទ្វេដង។
តួយ៉ាង ចាប់ផ្តើមពីការបង្ហាញខ្លួនជានារីការិយាល័យដ៏ទាន់សម័យ ដោយធ្វើការស្លៀកពាក់ខោសជើងវែងទឺនុយជាមួយអាវយឺតឬអាវសឺមី និងមានបន្ថែមអាវធំពីក្រៅដែលជាប្រភេទអាវវែងលើជង្គង់ឬក្រោមជង្គង់។ ជម្រើសពណ៌អាវក្រៅស័ក្តិសមបំផុតគឺពណ៌ខ្មៅ ពណ៌ទឹកប៉ិកចាស់ ឬពណ៌ណាដែលដិតក្រមៅជាដើម។ ការប្រើអាវក្រៅវែងមានពណ៌ដិតនឹងធ្វើឲ្យជើងមើលទៅឃើញវែង ឃើញរាងខ្ពស់ស្រឡះ ព្រមទាំងបង្កើនភាពវាងវៃដែលជំរុញដល់ការធ្វើបទបង្ហាញនៅក្នុងអង្គប្រជុំនាថ្ងៃដើមសប្តាហ៍ប្រកបដោយប្រសិទ្ធភាព និងភាពជឿជាក់ខ្ពស់។ រឹតតែមិនអាចខ្វះបាន បន្ថែមពាក់ស្បែកជើងកែងកម្ពស់សមលម្មដើម្បីបង្កើនទំនុកចិត្ត។ ងាកមកថ្ងៃបន្ទាប់ មិត្តនារីប្រហែលមានគម្រោងធ្វើដំណើរទៅទីជិតៗដូចជាដើរផ្សារ ជួបជុំមិត្តភ័ក្ត្រ ឬចូលហាងថែរក្សាសម្រស់ ហេតុដូច្នេះភាពលេចធ្លោចម្បងគឺស្លៀកពាក់ជាឈុតគឺខោពណ៌សជាមួយអាវពណ៌ស ដោយមានបន្ថែមគ្រឿងអាសេសឺរីលម្អពណ៌ច្បាស់ៗ និងទំហំធំ ដូចជាក្រវិលធំឬកាបូបធំរំលេចពណ៌ស្រស់ៗ។ ការពិតណាស់ ការបន្ថែមកាបូបឬក្រវិលធំ និងមានពណ៌ស្រស់អាចជួយលើកសម្រស់ឲ្យមើលស៊ីវិល័យ និងពោរពេញទៅដោយថាមពល។ សម្រាប់ពេលរាត្រីការតុបតែងខ្លួនចូលរួមកម្មវិធីជប់លៀងនានា ភាគច្រើនតែងប្រើសម្លៀកបំពាក់ពណ៌ខ្មៅជាឈុត ប៉ុន្តែដើម្បីទទួលបានការចាប់អារម្មណ៍ខ្លាំងយើងអាចងាកមកជ្រើសរើសប្រើពណ៌សរំលេចពណ៌ខ្មៅវិញម្តង ដោយធ្វើការស្លៀកពាក់ខោសជើងវែងជាមួយអាវដៃវែងពណ៌ខ្មៅ ពិសេសបន្ថែមកាបូបដៃពណ៌ខ្មៅ និងស្បែកជើងកែងខ្មៅ រឹតតែគួរឲ្យទាក់ចិត្ត។ ការជ្រើសរើសសម្លៀកបំពាក់សម្រាប់ពេលរាត្រីបែបនេះមិនត្រឹមតែផ្តល់នូវភាពទាក់ទាញប៉ុណ្ណោះទេ ប៉ុន្តែបានផ្តល់នូវភាពងាយស្រួលក្នុងការរៀបចំខ្លួនដោយមិនចំណាយពេលគិតសាំញាំច្រើនក្នុងការជ្រើសរើសពណ៌ណាមួយដែលស័ក្តិសម។ ដោយឡែក ស្ទីលដ៏ស្រស់ស្រាយចំពោះដំណើរកម្សាន្តថ្ងៃចុងសប្តាហ៍ គួរមិនភ្លេចឡើយចំពោះការស្លៀកពាក់តឺនុយជាមួយអាវយឺតពណ៌ដិតៗ ដែលសំខាន់លេងស្ទីលជាមួយអាវក្រៅប្រភេទសាច់ក្រណាត់ខូវប៊យដើម្បីឲ្យមើលទៅកាលីបឡូយឆាយ ព្រមទាំងការពារស្បែកពីកំដៅថ្ងៃផងដែរ។ លើសពីនេះបន្ថែមភាពស៊ីវិល័យជាមួយការប្រើកាបូបស្ពាយតូចៗ វ៉ែនតាខ្មៅ និងស្បែកជើងកែងកម្ពស់ទាប់ និងមានពណ៌ស្រាល។
បន្ទាប់ពីបានជ្រាបអំពីទំនោរថ្មីនៃការស្លៀកពាក់ទាន់សម័យជាមួយជម្រើសខោពណ៌ស ជឿជាក់ថាមិត្តនារីទាំងឡាយនឹងទទួលបានចំណេះដឹងបន្ថែមមួយទៀតទៅលើការស្លៀកពាក់ និងបង្កើតគំនិតច្នៃប្រឌិតបន្ថែមទៅតាមចំណូលចិត្តរបស់ខ្លួនឲ្យកាន់តែសម្បូរបែប។ ចាំដល់ណាទៀត! បង្កើតមន្តស្នេហ៍ទាក់ទាញរបស់អ្នកជាមួយការលេងស្ទីលខោសសម្រាប់រដូវស្លឹកឈើជ្រុះពីឥឡូវនេះ៕
Article by SOVRIN