×

ភាព​តស៊ូ​ឆ្ពោះទៅ​រក​ភាព​ជោគជ័យ​នៃ​ឧកញ៉ា​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​

NEWS 3 years ago
 
 

​          ឧកញ៉ា​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​ជា​ឥស្សរជន​ឆ្នើម​មួយ​រូប​នៅ​ក្នុង​សង្គម​កម្ពុជា​បច្ចុប្បន្ន​ដែល​ត្រូវ​បាន​មហាជន​ទូទៅ​ស្គាល់​ថា​ជា​ស្ថាបនិក​ ​ប្រធាន​ក្រុមប្រឹក្សា​ភិ​បាល​ ​និង​អគ្គនាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ ​ម៉េង​លី​ ជេ គួ​ច​ អេឌ្យូខេ​សិន​ ​ដែល​ជា​ស្ថាប័ន​ផ្តល់​សេវា​អប់រំ​ឯកជន​មួយ​ឈាន​មុខ​គេ​នៅ​ក្នុង​ព្រះរាជាណាចក្រកម្ពុជា​។​ ​តើ​ឧក​ញ៉ា ​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​បាន​ប្រវត្តិ​តស៊ូ​យ៉ាងដូចម្តេច​ខ្លះ​ទម្រាំ​ឈាន​ទៅ​រក​ភាព​ជោគជ័យ​យ៉ាង​ត្រចះ​ត្រ​ ​ចង់​ដូច​សព្វថ្ងៃ​? ​តើ​លោក​​​មាន​សារ​អ្វីខ្លះ​ដើម្បី​ចែករំលែក​ដល់​យុវជន​យុវតី​ដែល​ជា​ទំពាំង​ស្នង​ប្ញស្សី​កម្ពុជា​?

          លោក​ឧកញ៉ា​បាន​ផ្តល់​បទសម្ភាសន៍​រំ​ព្ញ​ក​អំពី​ជីវប្រវត្តិ​របស់​លោក​ថា​ ​លោ​កកើត​នៅ​ថ្ងៃ​ទី​២​៥​ ​ខែ​មីនា​ ​ឆ្នាំ​១​៩​៦​៩​ ​នៅ​ទីរួមខេត្ត​បាត់​ដំបង​។​ ​លោក​បាន​ឆ្លងកាត់​ការលំបាក​ជាច្រើន​កាលពី​កុមារភាព​ដោយសារ​នៅ​ពេល​ឈាន​ចូល​វ័យ​ទើប​តែ​៦​ឆ្នាំ​ ​ស្រុកទេស​ត្រូវ​ធ្លាក់​ចូលក្នុង​របបប្រល័យពូជសាសន៍​ ​ដែល​ធ្វើឲ្យ​រូបលោក​ក៏ដូចជា​កុមារ​ដទៃទៀត​ក្លាយ​ជា​ទាសករ​នៃ​ពលកម្ម​តាម​ទី​ជនបទ​។​ ​នៅ​ពេល​របប​ខ្មែរក្រហម​ដួល​រលំ​ ​លោក​និង​ក្រុម​គ្រួសារ​បាន​រត់​ភៀសខ្លួន​កាត់​ព្រៃ​ឆ្លង​ដែន​ទៅកាន់​ជំរំ​ណ​ង​ចាន់​ ​ប្រទេស​ថៃ​។​ ​ជាអកុសល​ ​នៅ​ថ្ងៃ​ទី​៩​ ​ខែ​មិថុនា​ ​ឆ្នាំ​១​៩​៧​៩​ ​ក្រុម​គ្រួសារ​លោក​ ​រួម​ទាំង​ជនភៀសខ្លួន​រាប់​ម៉ឺន​នាក់​ផ្សេងទៀត​ត្រូវ​បាន​ទាហាន​ប៉ា​រ៉ា​ថៃ​ដឹក​យកទៅ​ទម្លាក់​ចោល​ក្នុង​ជ្រលង​ជ្រោះ​នៃ​ជួរ​ភ្នំដងរែក​ដែល​ពោរពេញ​ដោយ​គ្រាប់មីន​នៅ​ខាងក្រោម​។​ ​លោក​ត្រូវ​ឆ្លងកាត់​ភាព​អត់ឃ្លាន​ ​និង​ ​ដើរ​ឆ្លងកាត់​សាកសព​ជនរងគ្រោះ​ដែល​ស្លាប់​ចុះ​ពី​ភ្នំ​យ៉ាង​ប្រ​ផិត​ប្រ​ផើយ​ទម្រាំ​បាន​វិលត្រឡប់​មកកាន់​ទឹកដី​កំណើត​ក្រុង​បាត់​ដំបង​វិញ​។​ ​លោក​និង​ក្រុម​គ្រួសារ​បាន​បន្ត​កសាង​ជីវភាព​យ៉ាង​លំបាក​តាមរយៈ​របរ​ធ្វើ​នំ​លក់​នៅ​ទីនោះ​រហូតដល់​ឆ្នាំ​១​៩​៨​២​។​ ​ដោយសារ​កត្តា​អសន្តិសុខ​ ​គ្រួសារ​លោក​ត្រូវ​បង្ខំចិត្ត​ភៀសខ្លួន​ផ្សងព្រេង​ម្តងទៀត​ទៅកាន់​ជំរំ​ខាវ​អ៊ី​ដាង​ ​ប្រទេស​ថៃ​ ​ក្នុង​គោលបំណង​ស្វែងរក​គោលដៅ​ជីវិត​ក្នុង​ប្រទេស​ទីបី​ ​ប៉ុន្តែ​ជីវិត​ជា​ជនភៀសខ្លួន​ខ្មែរ​នៅ​ទីនោះ​ក៏​ជួបប្រទះ​នូវ​ការ​យាយី​ធ្វើទុក្ខបុកម្នេញ​ជា​ច្រើនលើកច្រើនសា​ទម្រាំ​ត្រូវ​បាន​គេ​បញ្ជូន​ចេញទៅ​ប្រទេស​ហ្វីលីពីន​ដែល​ជា​ឋានសួគ៌​នៃ​ការអប់រំ​ ​ថែទាំ​ ​និង​ ​ព្យាបាល​សម្រាប់​រូបលោក​ ​និង​ ​ប្រជាជន​ខ្មែរ​ដទៃទៀត​ក្រោយ​ហែលឆ្លង​នរក​នៃ​ជីវិត​ដែល​គ្មាន​នរណា​ម្នាក់​ប្រាថ្នា​ចង់​ជួប​។

          ​ក្រោយមក​ ​លោក​បាន​បន្ត​ការសិក្សា​នៅ​សាកលវិទ្យាល័យ​កា​លី​ហ្វ័​រ​ញ៉ា ប៊ឺខេ​លី​ (​University​ o​f​ ​Ca​lifo​rn​i​a​, ​Be​rk​e​l​e​y​) ​នៅ​ទីក្រុង​ប៊ឺខេ​លី​ ​សហរដ្ឋអាមេរិក​ ​ដែល​ជា​កន្លែង​លោក​ឧកញ៉ា​បាន​បញ្ចប់​ការសិក្សា​ជំនាញ​បុ​រេ​វេជ្ជ​សា​ស្រ្ត (​Pre​-​Me​d​ ​Stud​i​e​s) ​នៅ​ឆ្នាំ​ ​១​៩​៩​១​។​ ​លោក​ឧកញ៉ា​ក៏បាន​បញ្ចប់​ការសិក្សា​ពី​សាកលវិទ្យាល័យ​វិទ្យា​សា​ស្រ្ត​សុខាភិបាល​ស្ប៉ា​តាន​ (​Spar​tan​ ​Health​ ​Sciences​) ​នៃ​រដ្ឋ​ញូ​វ​ម៉ិ​ក​ស៊ី​កូ ​ក្នុង​ឆ្នាំ​១​៩​៩​៨​ ​ដោយ​ទទួល​បាន​សញ្ញាបត្រ​ផ្នែក​វេជ្ជបណ្ឌិត​វេជ្ជសាស្ត្រ​ ​ជំនាញ​វេជ្ជសាស្ត្រ​ទូទៅ​។​ ​ក្នុង​ឆ្នាំ​ ​២​០​០​៧​ ​លោក​ឧកញ៉ា​បាន​ទទួល​សញ្ញាបត្រ​អនុ​បណ្ឌិត​ផ្នែក​សុខភាព​សាធារណៈ​ពី​សាកលវិទ្យាល័យ​ម៉ា​សា​ឈូ​សេត​ ​អ៊ែម​ហើ​ស​ត៍ (​Mass​a​c​h​use​t​t​s ​Am​hers​t​) ​រដ្ឋ​ម៉ា​សា​ឈូ​សេត​ ​សហរដ្ឋអាមេរិក​។​ ​លោក​ឧកញ៉ា​ថែមទាំង​ធ្លាប់​បាន​ទទួលការ​បណ្តុះបណ្តាល​ហាត់​ការ​រយៈពេល​២​ឆ្នាំ​នៅ​មន្ទីរពេទ្យ​នៃ​សាកលវិទ្យាល័យ​អ៊ី​លី​ណយ​ស៍ (​University​ o​f​ ​Ill​in​o​i​s ​Hospital​) ​និង​ បំ​ពេញការ​ងារ​ជា​សា​ស្រ្តាចារ្យ​វិទ្យា​សា​ស្រ្ត​បង្រៀន​នៅ​ដេ​ប៉ា​តឺម៉ង់​វិទ្យាសាស្ត្រ​រូបរាងកាយ​និង​ជីវិត​ ​នៃ​មហាវិទ្យាល័យ​ឯកទេស​ឆ្អឹង​គ្លី​វ​លែ​ន​ (C​level​and​ C​h​i​ro​p​r​act​i​c ​College​) ​មុន​ពេល​វិលត្រឡប់​មកកាន់​ប្រទេស​កម្ពុជា​វិញ​ក្នុង​ឆ្នាំ​ ​២​០​០​២​ ​ក្នុង​តួនាទី​ជា​ពេទ្យ​ស្ម័គ្រចិត្ត​មាន​តួនាទី​ជា​អ្នក​ប្រឹក្សា​យោបល់​នៃ​គម្រោង​ “​Integrate​d​ ​Management​ o​f​ ​Childhood​ ​Illness​” (​I​M​C​I​) ​និង​សុខភាព​សាធារណៈ​របស់​អង្គការ​ដៃគូ​ដើម្បី​អភិវឌ្ឍន៍​ “​Partner​s ​for​ ​Development​” ​ដែល​មាន​មូលដ្ឋាន​នៅ​រដ្ឋ​ម៉ា​រី​លែ​ន​ (​Mar​y​land​) ​។​

           ​បន្ទាប់មក​ទៀត​លោក​ឧកញ៉ា​បាន​កាន់​តំណែង​ជា​សាស្ត្រាចារ្យ​ផ្នែក​វិទ្យាសាស្ត្រ​សុខាភិបាល​នៃ​មហាវិទ្យាល័យ​គ​ណិ​ត​សា​ស្រ្ត ​វិទ្យា​សា​ស្រ្ត ​និង​ ​វិស្វកម្ម​ ​នៅ​សាកលវិទ្យាល័យ​បញ្ញា​សា​ស្រ្ត​កម្ពុជា​ (​P​UC) ​និង​ត្រូវបានតែងតាំងជា​ស្ថាបនិក​ព្រឹទ្ធបុរស​អនុ​ប្រធានគណៈកម្មការ​អប់រំ​ ​និង​ជា​សា​ស្រ្តាចារ្យ​ផ្នែក​សុខភាព​សាធារណៈ​ ​នៃ​មហាវិទ្យាល័យ​សុខភាព​សាធារណៈ​នៃ​សាកលវិទ្យាល័យ​កម្ពុជា​ (UC) ​មុន​ពេល​បង្កើត​ក្រុមហ៊ុន​ ​ម៉េង​លី​ ជេ. គួ​ច​ អេឌ្យូខេ​សិន​ ( ​Men​g​l​y​ J. Qu​a​c​h​ ​Education​) ​ជា​ផ្លូវការ​ក្នុង​អំឡុង​ដើម​ឆ្នាំ​២​០​០​៥​។​ ​គិត​មកដល់​សព្វថ្ងៃនេះ​ ​ស្ថាប័ន​អប់រំ​ខាងលើ​មានការ​រីក​ចម្រើន​ឥតឈប់ឈរ​តាំងពី​ត្រឹមតែ​ជា​អគារ​មួយ​ទីតាំង​រហូតដល់​ ​១​៥​ ​អគារ​ ​ស្មើនឹង​ ​៦​ ​សាខា​។​ ​លើស​ពីនេះទៅ​ទៀត​ ​លោក​ឧកញ៉ា​បាន​បង្កើត​គ្លី​និ​ក​រហូតដល់​៩​ទីតាំង​ដើម្បី​ជួយ​លើក​ក​ម្ពស់វិ​ស័យសុខាភិបាល​នៅ​កម្ពុជា​។

          ​ជោគជ័យ​សំខាន់​ៗ​បំផុត​ដែល​ក្រុមហ៊ុន​របស់​លោក​ឧកញ៉ា​សម្រេច​បាន​ក្នុងរយៈពេល​៥​ឆ្នាំ​ចុងក្រោយ​នេះ​ ​រួម​មាន​ ​ទីមួយ​ ​កំណែ​ទម្រង់​ក្រុមហ៊ុន​ស្តង់​ដារ​ទៅជា​ក្រុមហ៊ុន​សាជីវកម្ម​ (​Corporate​ ​Company​) ​ទីពីរ​ ​ការពង្រីក​ទីតាំង​អគារ​ ​ទីបី​ ​សវនកម្ម​មូលនិធិ​ម៉េង​លី​ ជេ.គួ​ច​ (​M​JQ ​Foundation​) ​ទី​បូ​ន​ ​ការចូលរួម​សាងសង់​សមិទ្ធផល​សង្គម​នានា​ (​សាលារៀន​ ​បណ្ណាល័យ​ ​គ្លី​និ​ក​ចល័ត​ ​អណ្តូង​ទឹក​ ​ស្ពាន​…) ​ដើម្បី​កាត់បន្ថយ​ភាព​ក្រីក្រ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​និង​ទី​ប្រាំ​ ​បណ្តុះបណ្តាល​ធន​ធន​មនុស្ស​រាប់​ម៉ឺន​នាក់​។​ ​សម្រាប់​ថ្ងៃ​អនាគត​ ​ក្រុមហ៊ុន​របស់​លោក​ឧកញ៉ា​មាន​ចក្ខុវិស័យ​ឆ្ពោះទៅ​កាន់ការ​ពង្រឹង​វិ​ស​័​យ​អប់រំ​តាមរយៈ​ការ​ផ្តល់​ឱកាស​អប់រំ​ប្រកបដោយ​គុណភាព​និង​វិ​ន័យ​គ្របដណ្តប់​២​៥​ខេត្ត​-​រាជធានី​និង​ ​ការស្ថាបនា​មន្ទីរពេទ្យ​ជំនាញ​ឯកទេស​ចំនួន​បី​ផ្សេងៗ​គ្នា​នៅ​រាជធានី​ភ្នំពេញ​គឺ​ ​ឯកទេស​កុមារ​ ​ឯកទេស​ស្រ្តី ​និង​ ​ឯកទេស​ជំងឺ​ទឹកនោម​ផ្អែម​ ​ដែល​បង្ក​ទំនុក​ចិត្ត​ខ្ពស់​ដល់​ប្រជាជន​ក្នុងស្រុក​ដោយ​មិន​ចាំបាច់​ចំណាយ​ពេល​ទៅ​ព្យាបាល​នៅ​ក្រៅ​ប្រទេស​។​
​ឆ្លងកាត់​បទពិសោធន៍​ក្នុង​វិ​ស​័​យ​អប់រំ​អស់​រយៈពេល​ជាច្រើន​ទសវត្សរ៍​ ​ឧកញ៉ា​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​បាន​សង្កេតឃើញ​ថា​ ​បញ្ហា​ប្រឈម​ដែល​ជា​ឧបសគ្គ​ចំបង​នៃ​ការ​រីក​ចម្រើន​វិ​ស​័​យ​អប់រំ​ជាតិ​បច្ចុប្បន្ន​នោះ​គឺ​ ​កត្តា​អ្នក​បំពុល​បរិយាកាស​ដោយចេតនា​ ​និង​ ​កត្តា​អ្នក​បំពុល​បរិយាកាស​ដោយ​អចេតនា​។​ ​ត្រង់​ចំណុច​នេះ​លោក​បាន​ពន្យល់​ថា​ ​កត្តា​អចេតនា​ ​សំដៅ​ទៅលើ​ ​សង្គម​មិនសូវ​ឲ្យ​តម្លៃ​អ្នកចេះដឹង​ពិតប្រាកដ​ ​ព្រោះ​អ្នកចេះដឹង​ជំនាញ​ឯកទេស​ពិតប្រាកដ​ទាមទារ​ប្រាក់បៀវត្សរ៍​ខ្ពស់​នៅ​ក្នុង​វិ​ស​័​យ​ការងារ​។​ ​ដូចនេះ​ ​គេ​ច្រើន​ធ្វើការ​តាម​បក្សពួក​និយម​ ​ដែល​បណ្តាលឲ្យ​មនុស្ស​បាក់ទឹកចិត្ត​ ​ឪពុក​ម្តាយ​មិនសូវ​ចង់ឲ្យ​កូន​រៀន​ខ្ពស់​ ​ខ្លាច​ពិបាក​រក​ការងារ​ធ្វើ​។​ ​រីឯ​កត្តា​ចេតនា​ ​សំដៅ​លើ​ទឹកចិត្ត​យុវជន​ដែល​ចង់​ដើរផ្លូវកាត់​រកស៊ី​ខុស​ក្បួន​ដើម្បី​ស្វែងរក​ភាព​ជោគជ័យ​ឆាប់រហ័ស​ជាង​ប្រក្រតី​ ​ដែល​លោក​ឧកញ៉ា​ប្រៀបប្រដូច​គំនិត​នេះ​ថា​មិន​ខុស​អ្វី​ពី​ “​បេះ​ស្វាយ​ខ្ចី​មក​បន្ទុំ​” ​នោះ​ឡើយ​។​

           ជាចុងក្រោយ​ ​លោក​ឧកញ៉ា​បាន​ផ្តល់​ទស្សន​ទាន​ថា​ ​ប្រសិនបើ​យុវជន​ចង់​ក្លាយ​ជា​ទំពាំង​ស្នង​ប្ញស្សី​ពិតប្រាកដ​មែន​នោះ​ត្រូវ​កសាង​ខ្លួន​ឲ្យ​ក្លាយ​ជា​បុគ្គល​ជោគជ័យ​តាមរយៈ​ការ​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ​ ​និង​ ​មាន​សមត្ថភាព​ធ្វើការ​ជំនាញ​អ្វីមួយ​ឲ្យ​ពិតប្រាកដ​ ​និង​ ​ផ្តោត​ការ​យកចិត្តទុកដាក់​លើ​អ្វី​ដែល​យើង​កំពុង​ធ្វើ​តែមួយមុខ​ប្រសើរ​ជាង​ការចូលរួម​សិក្ខាសាលា​ឆ្ពោះទៅ​កាន់​ភាព​ជោគជ័យ​ដែល​គ្មាន​ការ​ត្រួតពិនិត្យ​ឯកភាព​ត្រឹមត្រូវ​ពី​ក្រសួង​ពាក់ព័ន្ធ​។​ ​ទន្ទឹម​នឹង​នេះ​ ​ក្រសួង​ពាក់ព័ន្ធ​គប្បី​បង្កើត​សាលា​បណ្តុះបណ្តាល​ជំនាញ​ប​ច្ចេ​ក​ ​ទេស​វិជ្ជាជីវៈ​ឲ្យបាន​ច្រើន​នៅ​ក្នុង​ប្រទេស​ព្រោះ​យុវជន​មិន​អាច​រំពឹង​តែ​លើ​សញ្ញាបត្រ​បរិញ្ញាបត្រ​ (​Bachelor​) ​មួយ​មុខ​ដូច​សព្វថ្ងៃ​នោះ​ទេ​។​ ​ម្យ៉ាង​វិញទៀត​ ​ក្រសួង​ក៏​គួរ​កាត់បន្ថយ​អត្រា​សិស្ស​ធ្លាក់​ដើម្បីឲ្យ​ពួកគេ​មានលទ្ធភាព​បន្ត​ការសិក្សា​ ​ហើយ​ទទួល​បាន​ប្រាក់ខែ​ទៅតាម​និទ្ទេស​ជាក់ស្តែង​ដែល​ពួកគេ​ទទួល​បាន​។​ ​ផ្ទុយទៅវិញ​ ​ប្រសិនបើ​សិស្ស​ប្រឡងធ្លាក់​ច្រើន​ ​នោះ​ពួកគេ​នឹង​ក្លាយ​ជា​ពលករ​ធ្វើ​ចំណាកស្រុក​កាន់តែ​ច្រើន​ជាក់​ជាមិនខាន​។​ ​ទោះបីជា​យ៉ាងណាក៏ដោយ​ ​ក្រសួង​ត្រូវ​បន្ត​ពង្រឹង​គុណភាព​អប់រំ​នៅ​តាម​គ្រឹះស្ថាន​អប់រំ​ក្នុងស្រុក​ឲ្យ​កាន់​ ​តែ​មាន​ប្រសិទ្ធ​ភាព​ “ ​Master​ ​ឲ្យ​ចំ​ ​Master​ ​P​h​D​ ​ឲ្យ​ចំ​ ​P​h​D​ ” ​៕​


SUGGESTIONS