×

លោកស្រី​សា​ស្រ្តាចារ្យ​ចម្រៀង​បុរាណ​ ​ហ៊ុន​ ​សារ៉ាត់​

NEWS 3 years ago
 
 

            លោកស្រី​សា​ស្រ្តាចារ្យ ​ហ៊ុន​ ​សារ៉ាត់​ ​ឯកទេស​ចម្រៀង​បុរាណ​ ​បច្ចុប្បន្ន​ទទួល​តួនាទី​ជា​ទីប្រឹក្សា​ ​នៃ​ក្រសួង​វប្បធម៌​ ​និង​វិចិត្រ​សិល្បៈ ​និង​ជា​សា​ស្រ្តាចារ្យ​បង្រៀន​នៅ​មហាវិទ្យាល័យ​តូរ្យ​ត​ន្រ្តី​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ ​និង​នៅ​សាលា​មធ្យម​វិចិត្រ​សិល្បៈ​។​ ​ទោះបី​សព្វថ្ងៃ​លោកស្រី​មាន​វ័យ​ជាង​៦​០​ឆ្នាំ​ ​ស្ថិត​ក្នុង​វ័យ​ចូលនិវត្តន៍​ទៅ​ហើយ​ ​ប៉ុន្តែ​ជានិច្ច​ជា​កាល​លោកស្រី​នៅតែ​ស​កម្មចំពោះ​ការងារ​ផ្ទេរ​ចំណេះ​ដឹង​ដែល​លោកស្រី​មាន​ទៅដល់​ក្មេងៗ​សិស្សានុសិស្ស​ជំនាន់​ក្រោយនេះ​មិន​គិត​ពី​ការនឿយហត់​កម្លាំង​កាយ​នោះ​ឡើយ​។​

            លោកស្រី​បាន​រំ​ព្ញ​ក​អំពី​ជីវប្រវត្តិ​ផ្ទាល់ខ្លួន​ថា​ ​លោកស្រី​កើត​នៅ​ឆ្នាំ​ ​១​៩​៥​២​ (​ឯកសារ​ផ្លូវការ​ ​កើត​នៅ​ឆ្នាំ​១​៩​៥​៥​) ​និង​មាន​ទីកន្លែង​កំណើត​នៅ​សង្កាត់​លេខ​៥​ ​ក្រុងភ្នំពេញ​ ​ម្តុំ​ស្ថានទូត​សាធារណរដ្ឋ​គុយបា​ជំនាន់​នោះ​។​ ​លោកស្រី​ជា​កូន​ទី​៣​ ​ក្នុងចំណោម​បងប្អូនបង្កើត​សរុប​ចំនួន​ ​០​៨​​នាក់​ ​ដែល​មាន​ឪពុក​ម្តាយ​​មិនមែន​ជា​អ្នក​សិល្បៈ​នោះ​ទេ​។​ ​ថ្វី​ដ្បិតតែ​ឪពុក​ម្តាយបង្កើត​មិនមែន​ជា​អ្នក​សិល្បៈ​មែន​ ​ប៉ុន្តែ​លោកស្រី​មាន​បង​ជីដូន​មួយម្នាក់​ជា​នាដកា​របាំ​ព្រះរាជទ្រព្យ​ ​ហើយ​ថែមទាំង​មាន​ជីតា​បង្កើត​ជា​ចាងហ្វាង​ភ្លេង​នៅ​ប្រចាំ​ ​ព្រះបរមរាជវាំង​ថែមទៀត​ផង​។​

            ដោយសារ​មាន​ឈាមជ័រ​ជា​អ្នក​សិល្បៈ​យ៉ាង​ច្បាស់លាស់​ពី​អតីតកាល​មក​រួមផ្សំ​នឹង​ចំណង់​ចំណូល​ ​ចិត្ត​ផ្នែក​សិល្បៈ​តាំង​ពីក្មេង​វ័យ​មក​ ​កុមារី​ ​ហ៊ុន​ ​សា​រ៉ា់ត់ ​បាន​ចាប់ផ្តើម​ចូល​ហាត់​រៀន​សិល្បៈ​ដំបូង​តាមរយៈ​ការហាត់​តួ​នាង​ (​តួ​ស្រី​) ​ក្នុង​ទម្រង់​របាំ​ព្រះរាជទ្រព្យ​នៅ​ឯ​ព្រះបរមរាជវាំង​ ​ហើយ​ក្រោយមក​ ​ដោយសារ​ ​លូត​ក​ម្ពស់​ខ្ពស់​ ​គាត់​ក៏​ត្រូវ​បាន​គ្រូបង្ហាត់​ផ្ទេរ​មក​ឲ្យ​ហាត់​ជា​តួ​នាយ​រោង​វិញ​។​ ​ក្រោយមក​ទៀត​ ​ដោយសារ​គ្រូ​សម្លឹង​ឃើញ​នូវ​លក្ខណៈ​សម្បត្តិ​ពិសេស​របស់​ក្មេងស្រី​រូប​នេះ​ខុសប្លែក​ពី​សិស្ស​ដទៃ​ ​អ្នក​គ្រូក៏​បាន​ផ្លាស់ប្តូរ​ឲ្យ​មក​ហាត់​ច្រៀង​ចម្រៀង​បុរាណ​វិញ​។​ ​គ្រូ​ធំ​ទីមួយ​ដែល​បាន​បង្ហាត់បង្រៀន​ជំនាញ​ច្រៀង​នេះ​ដល់​គាត់​ ​គឺ​ ​អ្នក​គ្រូ​ ​ព្រំ​ ​សុខុម​ ​ដែល​ជា​គ្រូ​ចម្រៀង​បុរាណ​ជើងចាស់​ប្រចាំ​ព្រះបរមរាជវាំង​។​ ​បន្ទាប់មក​ ​គឺ​ ​អ្នក​គ្រូ​ ​ឯម​ ​ធា​យ​ ​ជា​គ្រូ​ទីពីរ​ ​ដែល​នៅ​មាន​ព្រះជន្ម​នៅឡើយ​និង​មាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​ជាប់​រហូតដល់​សព្វថ្ងៃ​។​

            ​លោកស្រី​បាន​បន្ត​ទៀត​ថា​ ​ក្នុង​អំឡុង​ទសវត្សរ៍​ទី​៦​០​ ​លោកស្រី​មានឱកាស​បាន​ចូលរួម​ប្រឡង​ចម្រៀង​ក្នុង​កម្មវិធី​សមាជជាតិ​ប្រចាំ​ឆ្នាំ​នៅ​វាល​ព្រះមេ​រុ ​ក្រុងភ្នំពេញ​ ​ហើយ​ទទួល​បាន​ជ័យ​លា​ភី​ចំណាត់ថ្នាក់​លេខ​២​ ​តាមរយៈ​ចម្រៀង​សម័យ​បែប​មនោសញ្ចេតនា​មួយ​បទ​ក្រោម​ចំណងជើង​ថា​ “​ដៃសមុទ្រ​ត្រពាំង​រូង​” ​គួរ​ជាទី​មោទកភាព​នឹកស្មាន​មិនដល់​ក្នុង​វ័យ​ជំទង់​មាន​អាយុ​ត្រឹមតែ​ ​១​២​-​១​៣​ឆ្នាំ​ ​ប៉ុណ្ណោះ​។​ ​គួរ​បញ្ជាក់​ដែរ​ថា​ ​តាម​ការ​អះអាង​របស់​លោកស្រី​ ​ការ​ប្រលង​ចម្រៀង​សមាជជាតិ​ឆ្នាំ​នោះ​ ​ហើយដែល​អ្នក​ចម្រៀង​ ​ពេជ្រ​ ​សា​មឿន​ ​បេក្ខជន​មកពី​ខេត្ត​សៀមរាប​ ​ទទួល​បាន​ជ័យ​លា​ភី​ចំណាត់ថ្នាក់​​លេខ​១​ ​ផ្នែក​បុរស​។​ ​ទោះបីជា​ជាប់​ជ័យ​លា​ភី​ផ្នែក​ចម្រៀង​សម័យ​ចំណាត់ថ្នាក់​លេខ​២​ ​រហូតដល់​ក្រសួងឃោសនាការ​ជំនាន់​នោះ​បាន​ស្នើ​សុំអញ្ជើញ​លោកស្រី​ឲ្យ​មក​ធ្វើ​អ្នក​ចម្រៀង​ក្នុង​ក្របខណ្ឌ​ក្រសួងឃោសនាការ​ ​ច្រៀង​ផ្សាយ​តាម​វិទ្យុជាតិ​ថែមទៀត​ផង​ក្តី​ ​ក៏​លោកស្រី​បាន​បដិសេធ​ឱកាស​នេះ​ ​ដោយសារតែ​លោកស្រី​ជាប់​ភារកិច្ច​ការងារ​ជា​អ្នក​ចម្រៀង​នៅ​ព្រះបរមរាជវាំង​ទៅ​ហើយ​។​ ​នៅ​ក្នុង​របប​សង្គម​រា​ស្រ្ត​និយម​ ​លោកស្រី​មាន​កិត្តិយស​ធ្លាប់​បាន​ចូលរួម​ច្រៀង​រួម​ជាមួយ​អធិរាជ​សំឡេង​មាស​ ​ស៊ី​ន​ ​ស៊ី​សា​មុត​ ​នៅ​ក្នុង​កម្មវិធី​ព្រះបរមរាជវាំង​ ​និង​កម្មវិធី​ប្រគំភ្លេង​ថ្វាយ​បារមី​វត្តភ្នំ​ដើម្បី​បួងសួង​សុំ​ទឹកភ្លៀង​។​

            លោកស្រី​ត្រូវ​ផ្លាស់​ទៅ​រស់នៅ​ជាមួយ​ស្វាមី​នៅ​ឯ​ក្រុង​កំពង់សោម​ពី​ឆ្នាំ​១​៩​៧​០ ​រហូតដល់​ឆ្នាំ​១​៩​៧​៥​។​ ​ក្នុង​ព្រឹត្តិការណ៍​ ​១​៧​ ​មេសា​ ​១​៩​៧​៥​ ​លោកស្រី​ និង​ក្រុម​គ្រួសារ​ទាំងអស់​ដែល​ទៅ​រស់នៅ​ក្រុង​កំពង់សោម​នោះ​ត្រូវ​បាន​ជម្លៀស​ចេញ​ទៅកាន់​តំបន់ជនបទ​មួយ​ក្នុង​ខេត្ត​តាកែវ​។​ ​ក្រោយ​ថ្ងៃ​រំដោះ​ ​៧​ ​មករា​ ​១​៩​៧​៩​ ​ឪពុក​មា​របស់​លោកស្រី​ម្នាក់​នៅ​រស់រាន​មានជីវិត​រស់នៅ​ក្រុង​តាខ្មៅ​ ​ខេត្ត​កណ្តាល​ ​បាន​ទទួល​ដំណឹង​ពី​អ្នកស្រី​ក៏​មក​យក​គាត់​ចេញពី​ខេត្ត​តាកែវ​។​ ​បន្ទាប់មក​ ​បងប្រុស​បង្កើត​របស់​លោកស្រី​ជាត​ន្រ្តី​ករ​ពី​ជំនាន់​មុន​ដែល​បាន​រួចជីវិត​ពីរ​ប​ប​ប៉ុ​ល​ព​ត​ដែរ​នោះ​បាន​មក​យក​គាត់​ពី​ឪពុក​មា​នោះ​ទៅ​ស្នាក់​នៅ​អគារ​ប៊ូ​ឌិ​ញ​ប្រផេះ​ ​ក្រុងភ្នំពេញ​។​ ​តាមរយៈ​នេះ​ហើយ​ទើប​លោកស្រី​មានវាសនា​បាន​វិល​ចូល​មក​បន្ត​បម្រើ​វិ​ស័​យ​សិល្បៈ​ចម្រៀង​បុរាណ​ជាថ្មី​ឡើងវិញ​បន្ទាប់​ឃ្លាតពី​សង្វៀន​នេះ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​កន្លងមក​នោះ​។​

            ធ្វើការ​នៅ​ទីនោះ​ប្រមាណ​១​០​ឆ្នាំ​ ​ទើប​លោកស្រី​បាន​ចេញទៅ​សម្តែង​នៅ​ប្រទេស​អង់គ្លេស​ក្នុង​ ​ឆ្នាំ​១​៩​៩​០​ ​រយៈពេល​មួយ​ខែ​កន្លះ​ ​ដែល​ជាលើកដំបូង​ក្នុង​ឆាក​ជីវិត​របស់​លោកស្រី​ក្នុង​ការ​បំពេញបេសកកម្ម​ការងារ​នៅ​បរទេស​។​ “​អូ​! ​អស្ចារ្យ​ណាស់​កូន​អើយ​ ​ទៅដល់​គេ​ ​Present​é (​ធ្វើ​បទ​បង្ហាញ​) ​ដល់​រាំ​ចប់​ ​អ៊ីចឹង​ ​គេ​ទះដៃ​ពេល​ (​យើង​) ​ចេញចូល​ ​ចេញ​មក​ ​ពីរបី​សារ​ ! ​ដែលគេ​មិនដែល​ឃើញ​។​ ​កាលនោះ​ ​បាន​លុយ​ច្រើន​ណាស់​ ​១​៧​០​០​ផោ​ន​ […] ” ​លោកស្រី​បាន​រៀបរាប់​ពី​ជោគជ័យ​ការងារ​នៅ​ក្រៅ​ប្រទេស​។​ ​នៅ​ឆ្នាំ​ ​១​៩​៩​៣​ ​លោកស្រី​បាន​ចេញទៅ​សម្តែង​នៅ​ប្រទេស​បារាំង​ជាលើកដំបូង​។​ ​ក្រោយមក​ ​លោកស្រី​ធ្លាប់​បាន​ធ្វើដំណើរ​ទៅកាន់​ប្រទេស​ជាច្រើន​ ​ទៀត​ ​ដួច​ជា​ ​ប្រទេស​ស្វីស​ ​ប្រទេស​អាល្លឺម៉ង់​ ​ប្រទេស​ប៊េ​ល​ហ្ស៊ិ​ក​ ​ប្រទេស​អ៊ីតាលី​ ​សហរដ្ឋអាមេរិក​ ​សាធារណរដ្ឋ​អា​រ៉ាប់​ ​ប្រទេស​បារាំង​ (​ចំនួន​០​៣​លើក​ទៀត​) ​ប្រទេស​ជប៉ុន​ ​ប្រទេស​ចិន​ ​ប្រទេស​សិង្ហបុរី​ ​ប្រទេស​ថៃ​ ​ប្រទេស​ឡាវ​ ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ ​ប្រទេស​ម៉ាឡេស៊ី​ ​និង​ ​ប្រទេស​វៀតណាម​ ​ជាដើម​ ​ដែល​សរុបទៅ​​​ជាង​២​០​ប្រទេស​។​

            ឆ្លងកាត់​ការហាត់​រៀន​ជាច្រើន​សម័យកាល​រហូតមកដល់​សព្វថ្ងៃនេះ​ ​លោកស្រី​សា​ស្រ្តាចារ្យ ​ហ៊ុន​ ​សារ៉ាត់​ ​មាន​សមត្ថភាព​ច្រៀង​ទាំង​ចម្រៀង​របាំ​បុរាណ​ ​ចម្រៀង​របាំ​ដកស្រង់​ចេញពី​ឈុត​រឿងបុរាណ​ ​និង​ ​ចម្រៀង​មហោរី​ ​សរុបទៅ​ប្រមាណ​ខ្ទង់​រយ​បទ​ទៅ​ហើយ​ ​ដែល​ក្នុង​នោះ​លោកស្រី​បាន​ចងក្រង​បាន​ ​ចម្រៀង​បុរាណ​ចំនួន​ ​២​៩​ ​រឿង​ ​ដែល​មាន​បញ្ចូល​ចម្រៀង​អម​ចំនួន​ ​១​២​៩​​បទ​ ​តួយ៉ាង​ ​រឿង​ព្រះចន្ទ​ ​គោរព​ ​និង​​រឿង​​ម៉ាក់​ថឺ​ង​ ​ជាដើម​។​ ​ចំណែក​របាំ​ ​លោកស្រី​ និង​ក្រុម​ការងារ​នៃ​ក្រសួង​វប្បធម៌​បាន​ស្រាវ​ ​ជ្រាវ​ចងក្រង​បាន​ ​៣​៨​​របាំ​ ​ហើយ​បន្ថែម​ចុងក្រោយ​ចំនួន​ ​០​៧​​របាំ​ទៀត​ ​ដែល​មាន​ចារទុក​ក្នុង​ក្រាំង​ ​តែ​មិនទាន់​បាន​ដំឡើង​ជា​របាំ​នៅឡើយ​។​ ​ទន្ទឹម​នឹង​នេះ​ ​នៅ​មាន​របាំ​ចំនួន​ ​០​៧​ទៀត​ ​ជា​របាំ​ថ្មី​ដែល​ ​បាន​ដំឡើង​ចន្លោះ​ពី​ឆ្នាំ​១​៩​៩​១​ ​រហូតដល់​ឆ្នាំ​២​០​២​០​នេះ​។​

            លោកស្រី​សា​ស្រ្តាចារ្យ​បាន​ជួយ​បណ្តុះបណ្តាល​សិល្បករ​ ​សិល្ប​ការិនី​ផ្នែក​ចម្រៀង​បុរាណ​ជាច្រើន​រូប​ច្រើន​ជំនាន់​ឲ្យ​មាន​កេរ្តិ៍ឈ្មោះ​បោះ​សំឡេង​រួចមក​ហើយ​ ​ជាអាទិ៍​រួម​មាន​ ​កញ្ញា​​ពេជ្រ​ ​ចរិយា​ ​លោក​​ឯក​ ​ស៊ី​ដេ ​លោក​ម៉េង​ ​ប៊ុន​លី​ ​ជាដើម​។​ ​លើស​ពី​នេះ​ ​លោកស្រី​មាន​សមត្ថភាព​យ៉ាង​ប៉ិនប្រសប់​រហូតដល់​អាច​បណ្តុះបណ្តាល​ជនជាតិ​បរទេស​ឲ្យ​ច្រៀង​ចម្រៀង​បុរាណ​របស់​កម្ពុជា​យើង​បាន​ថែមទៀត​ផង​តាមរយៈ​ការ​កត់ត្រា​សំ​ណូ​រ​ពាក្យពេចន៍​ទំនុកច្រៀង​ខ្មែរ​ជា​អក្សរ​ឡាតាំង​ឲ្យ​ពួកគេ​ហាត់​ច្រៀង​តាម​។​ ​សមត្ថភាព​ពិសេស​មួយទៀត​នោះ​គឺ​ ​លោកស្រី​អាច​ប្រើ​សំឡេង​ធម្មជាតិ​ច្រៀង​គ្នា​តែ​ពីរ​នាក់​ឲ្យ​លាន់រំពង​ពេញ​សាល​មហោស្រព​នៅ​ក្រៅ​ប្រទេស​ដោយ​មិន​ចាំបាច់​បាច់​ប្រើ​មីក្រូ​ហ្វូ​ន​ជា​ជំនួយ​ឡើយ​ ​គ្មាន​សិល្ប​ការិនី​ជំនាន់​ក្រោយ​ណា​ម្នាក់​អាច​ធ្វើ​បាន​ដូច​នៅឡើយ​ទេ​តាំង​ពីក្រោយ​ឆ្នាំ​១​៩​៧​៩​មក​។​

            “​ខ្ញុំ​ចង់​បន្ត​ការងារ​នេះ​រហូតដល់​ស្រែក​លែង​រួច​” ​ជា​ការ​ប្តេជ្ញា​ចិត្ត​របស់​សា​ស្រ្តាចារ្យ​ចម្រៀង​បុរាណ​ខាងលើ​។​ ​លោកស្រី​និយាយ​ថា​ ​ការងារ​នេះ​ពិតជា​ធ្វើឲ្យ​លោកស្រី​មាន​មោទនភាព​ណាស់​ ​ព្រោះ​មាន​ ​ឈ្មោះ​ជា​សិល្បករ​តំណាង​ជាតិ​ចេញទៅ​សម្តែង​លើឆាកអន្តរជាតិ​មាន​គេ​ទទួលស្គាល់​ ​និង​បាន​ធ្វើដំណើរ​ ​ជុំវិញ​ពិភពលោក​ ​រហូត​មាន​ជនបរទេស​សុំ​ហត្ថលេខា​ថែមទៀត​ផង​។​ ​ទន្ទឹម​នឹង​នេះ​ ​លោកស្រី​ក៏បាន​សម្តែង​នូវ​ក្តី​ព្រួយបារម្ភ​ចំពោះ​អនាគត​វិ​ស័​យ​ចម្រៀង​បុរាណ​ខ្មែរ​ដែរ​ ​ព្រោះ​លោកស្រី​សង្កេតឃើញ​ជាក់​ ​ស្តែង​ថា​ ​សិល្បករ​ជំនាន់​ក្រោយ​ច្រើនតែ​មាន​ទឹកដម​សំឡេង​ខ្សាវៗ​ ​មិនសូវ​ធ្ងន់​លះ​ល្អ​ដូច​អ្នក​ចម្រៀង​សម័យមុនៗ​។​ ​លោកស្រី​ចង់ឲ្យ​សិល្បករ​ផ្នែក​នេះ​ជំនាន់​ក្រោយ​យកចិត្តទុកដាក់​ព្យាយាម​ចងចាំ​បទ​ ​ចម្រៀង​បុរាណ​ឲ្យបាន​ច្រើន​ ​ហើយ​ហ្វឹកហាត់​ជាប្រចាំ​ឲ្យបាន​ខ្ជាប់ខ្ជួន​ ​និង​ ​គួរតែ​តម​ចំណីអាហារ​ណា​ ​ដែល​អាច​បណ្តាលឲ្យ​ប៉ះពាល់​ទឹកដម​សំឡេង​ ​ដូចជា​ ​គ្រឿង​ផ្អាប់​ ​ទឹកកក​ ​និង​ ​សុរា​ ​ជាដើម​ ​។​ ​ជាចុងក្រោយ​លោកស្រី​បាន​ផ្តាំ​ថា​ ​ប្រសិនបើ​ក្មេងៗ​ទាំងឡាយ​ណា​ដែល​មាននិស្ស័យនឹង​សិល្បៈ​ចម្រៀង​បុរាណ​ដូចជា​រូប​គាត់​នោះ​ ​ចូរ​ព្យាយាម​ខំប្រឹង​ឲ្យអស់​ពី​សមត្ថភាព​របស់​ខ្លួន​ ​ហើយ​អ្នក​គ្រូ​នៅតែ​រង់ចាំ​ទទួល​បង្ហាត់បង្ហាញ​ជានិច្ច​មិន​លាក់​ចំណេះ​ដឹង​នោះ​ទេ​ ​ឲ្យតែ​កូនសិស្ស​មាន​មូលដ្ឋាន​គ្រឹះ​ចេះ​ស្គាល់​ចង្វាក់​ភ្លេង​បាន​ច្បាស់​ហើយ​ជាមុន​សិន​នោះ​៕​

Article by​ SRIN SOKMEAN


SUGGESTIONS