ខេត្តនៃប្រទេសកម្ពុជាសុទ្ធសឹងតែមានសក្តានុពលទាក់ទាញខុសប្លែកផ្សេងៗពីគ្នាដែលជាកត្តាជំរុញឲ្យជនជាតិបរទេសព្រមទាំងសិល្បករជំនាញពួតដៃគ្នាបង្កើតបានជាកម្មវិធីសិល្បៈដែលសិល្បករបង្កើតស្នាដៃការងារនៅតាមទីតាំងដែលកំណត់ដោយផ្ទាល់ (Artists-in-Residence) នៅតាមបណ្តារីសតប្រណីតៗទូទាំងប្រទេស។ បេសក កម្មសិល្បៈខាងលើនេះជាវេទិកាអភិវឌ្ឍន៍គំនិតច្នៃប្រតិដ្ឋរបស់សិល្បករ សិល្បការិនី ទាំងឡាយ គួបផ្សំនឹងការចូល រួមចំណែករបស់ប្រជាសហគមន៍ប្រចាំតំបន់នោះផ្ទាល់។ ព្រឹត្តិការណ៍នេះត្រូវបានប្រារព្ធឡើងពីថ្ងៃទី១២ ដល់ថ្ងៃ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ។
១. សិល្បករ ទៀង បូរិន (DinArt)
លោកបង្កើតស្នាដៃគូរគំនូរអប្សរាបែបសហសម័យថ្មីជាច្រើនផ្ទាំងដែលជាអត្តសញ្ញាណការងាររបស់លោក ផ្ទាល់មានរចនាបថល្អមួយបែបខុសប្លែកពីរូបគំនូរអប្សរាធម្មតាដែលវិចិត្រករនានាធ្លាប់បានគូរ។ ការងារ ដ៏រស់រវើកនេះត្រូវបានធ្វើឡើងនៅទីតាំងសណ្ឋាគារ Navutu Dreams Resort ខេត្តសៀមរាប។
២. សិល្បការិនី MB Baty និង លោក សុវណ្ណ ភីឡុង
ពួកគេទាំងពីរនាក់បានបំពេញបេសកកម្មសិល្បៈដែលឆ្លុះបញ្ចាំងពីដំណើររបកគំហើញឡើងវិញនូវ ទន្លេមេគង្គលើក្នុងទឹកដីស្រុកឆ្លូង ខេត្តក្រចេះ ដោយមានវត្តមានចូលរួមពីសំណាក់សិស្សានុសិស្សតាមរយៈការគូរគំនូរនិងថតរូបផ្សេងៗ នៅទីតាំងសណ្ឋាគារ Le Relais de Chhlong ស្រុកឆ្លូង ខេត្តក្រចេះ។
៣. សិល្បការិនី ឡេង គឹមស្រ៊ាង (KS Blu)
កញ្ញាបានដឹកនាំកុមារក្នុងសហគមន៍នៃខេត្តបាត់ដំបងឲ្យបង្កើតស្នាដៃសិល្បៈកែច្នៃក្រដាសកាកសំណល់ ដូចជា ក្រដាសកាសែតចាស់ៗ ជាដើម ឲ្យទៅផ្ទាំងគំនូរយ៉ាងស្រស់ស្អាតប្រកបដោយអត្ថន័យនៅឯទីតាំង សណ្ឋាគារ Maisons Wat Kor សង្កាត់វត្តគរ ក្រុងបាត់ដំបង។
៤.សិល្បការិនី តាន់ វត្តី
កញ្ញាបានដឹកនាំសិស្សសាលា យុវជន និង ភ្ញៀវទេសចរបរទេសឲ្យចូលរួមសកម្មភាពគូរគំនូរលើក្រដាស គូរគំនូរលើអាវ និង ឆ្លាក់រូបលើប្ញស្សី ជាដើម ក្រោមប្រធានបទដែលមានចំណងជើងថា អច្ឆរិយៈធម្មជាតិ នៃស្ទឹងតាតៃ នៅក្នុងបរិវេណរីសត 4 Rivers Lodge ដ៏ល្បីឈ្មោះស្ថិតនៅប្របតាមដងស្ទឹងតាតៃ ក្នុងទឹក ដីខេត្តកោះកុង។
៥.សិល្បការិនី នាក់ សុផល
កញ្ញាជាជាងថតរូបដែលមានបទពិសោធន៍ និងមានកេរ្តិ៍ឈ្មោះមួយរូបរស់នៅក្រុងភ្នំពេញ។ ក្នុងព្រឹត្តិការណ៍ នេះ កញ្ញាបានពាំនាំនូវបច្ចេកសិល្បៈថតរូបមនុស្ស (Photo-portrait) ព្រមទាំងបច្ចេកទេសផ្តិតរូបឲ្យដូច រូបថតបុរាណ (Vintage-looking) ដ៏ពិសេសមួយបែបនៅឯទីតាំងរីសត Knai Bang Chatt ខេត្តកែប៕
Article by SRIN SOKMEAN