×

ម្ហូប​ខ្មែរ​ស្នាដៃ​អ្នក​ខេត្ត​ពោធិ៍សាត់​ធ្លាប់​ជាប់​ជ័យ​លា​ភី​លេខ​១​ថ្នាក់​ជាតិ​

TRAVEL & LIVING 4 weeks ago

            ខេត្ត​ពោធិ៍សាត់​ជា​ដែនដី​បុរាណ​ខ្មែរ​យូរលង់​ណាស់​មក​ហើយដែល​មាន​ផ្សារភ្ជាប់​នឹង​វប្បធម៌​-​ប្រវត្តិ​សា​ស្រ្ត​ជាច្រើន​នៃ​ព្រះរាជាណាចក្រកម្ពុជា​ដែល​លោកអ្នក​បាន​ជ្រាប​រួចមក​ហើយ​ ​ដូចជា​ ​អ្នកតា​ឃ្លាំងមឿង​ ​អតីត​ព្រំប្រទល់​ខ្មែរ​-​សៀម​ត្រង់​ស្វាយ​ដូន​កែវ​ (​ស្រុក​បា​កា​ន​ ​សព្វថ្ងៃ​) ​និង​ប្រវត្តិ​ឈ្មោះ​វត្ត​បា​កា​ន​ ​ជាដើម​។​ ​ក្រៅពី​រឿងរ៉ាវ​ប្រវត្តិ​សា​ស្រ្ត​ដ៏​សម្បូរ​បែប​ខាងលើ​ ​ខេត្ត​ទឹកដី​ពាយ័ព្យ​ប្រទេស​នេះ​ក៏មាន​ស្នាដៃ​ពាក់ព័ន្ធ​នៃ​សិល្បៈ​ច​ម្អិ​ន​ម្ហូបអាហារ​តាម​រូបមន្ត​និង​ថ្វីដៃ​ពិសេស​ប្រចាំ​តំបន់​រហូត​ទទួល​បាន​លទ្ធផល​ក្នុង​កម្មវិធី​ប្រឡងប្រជែង​ថ្នាក់​ជាតិ​មួយ​កាលពី​ប៉ុន្មាន​ឆ្នាំ​កន្លងទៅ​ជា​សក្ខីភាព​។​

            យោង​តាម​លទ្ធផល​ជ័យ​លា​ភី​មហោស្រព​ដ​ណ្តាំ​ស្ល​ម្ហូបអាហារ​ខ្មែរលើ​ក​ទី​១​៩​ ​ឆ្នាំ​២​០​១​៨​ ​ដែល​បាន​ចេញផ្សាយ​ជា​ផ្លូវការ​ ​ប្រកាស​ដោយ​លោកស្រី​ នេ​ត​ ​ភូ​ម៉ា​រី​ ​ប្រធានគណៈកម្មការ​មេប្រយោគ​មហោស្រព​ ​នៅ​ថ្ងៃ​ទី​២​៣​ ​ខែកញ្ញា​ ​ឆ្នាំ​២​០​១​៨​ ​ខេត្ត​ជាប់​ចំណាត់ថ្នាក់​លេខ​១​ ​ជ័យ​លា​ភី​ដ​ណ្តាំ​ស្ល​ម្ហូប​ខ្មែរ​ ​ប្រចាំ​ឆ្នាំ​២​០​១​៨​ ​រួម​មាន​ ​ខេត្ត​ពោធិ៍សាត់​ ​ជាប់​ចំណាត់​លើ​ម្ហូប​សម្លម្ជូរ​ដើមចេក​, ​ខេត្ត​បន្ទាយ​មានជ័យ​ជាប់​ចំណាត់ថ្នាក់​លើ​ម្ហូប​ពិសេស​ប្រចាំ​តំបន់​, ​និង​ខេត្ត​តាកែវ​ ​ជាប់​ចំណាត់​លើ​បង្អែម​ចេកខ្ទិះ​ក្រោម​ការ​វាយ​តម្លៃ​យ៉ាង​សុ​ក្រិត​ប្រកបដោយ​សុភវិនិច្ឆ័យ​ពីសំណាក់​សមាសភាព​គណៈកម្មការ​មេប្រយោគ​មហោស្រព​ដ​ណ្តាំ​ស្ល​ម្ហូបអាហារ​ខ្មែរ​នៃ​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ​។​

            តាម​ប្រភព​ដដែល​ ​យើង​បាន​ដឹង​ថា​ ​ម្ហូប​សម្លម្ជូរ​ដើមចេក​មកពី​ខេត្ត​ពោធិ៍សាត់​ដែល​ជាប់​ចំណាត់ថ្នាក់​លេខ​១​ ​លើ​វិញ្ញាសា​ដ​ណ្តាំ​ស្ល​ម្ហូប​ខ្មែរ​ក្នុង​កម្មវិធី​នេះ​មានឈ្មោះ​ថា​ “​ម្ជូរ​ដើមចេក​ប្រឡែង​មច្ឆា​តម្រា​សំពៅ​មាស​” ​ខណៈ​ដែល​ខេត្ត​ស្វាយរៀង​ ​ចំណាត់ថ្នាក់​លេខ​២​ ​មានឈ្មោះ​ថា​ “​ម្ជូរ​ដើមចេក​ត្រី​រ៉ស់​ស្រណោះ​ត្នោត​ទេ​រមាត់​បឹង​” ​និង​ ​ខេត្ត​កោះ​កុង​ ​ចំណាត់ថ្នាក់​លេខ​៣​ ​មានឈ្មោះ​ថា​ “​ម្ជូរ​ដើមចេក​ព្រែក​ស្វាយ​ម្លប់​ស្នេហ៍​ត្រពាំង​រូង​” ​។​ ​គណៈកម្មការ​មេប្រយោគ​នៃ​កម្មវិធី​នេះ​បានឲ្យ​ដឹង​ថា​ ​លក្ខណៈ​វិនិច្ឆ័យ​ផ្អែក​ទៅលើ​រសជាតិ​ឆ្ងាញ់​ពិសា​ ​សោភ័ណ​ភាព​ដែល​មាន​ការរៀបចំ​មុខម្ហូប​បាន​យ៉ាងល្អ​ប្រណិត​គួរឲ្យ​ចង់​ទទួលទាន​ ​រួម​ទាំង​សិល្បៈ​ដ​ណ្តាំ​ស្ល​ដែល​មាន​ភាព​ប៉ិនប្រសប់​និង​ប្រកបដោយ​អនាម័យ​ខ្ពស់​។​

            លោកស្រី​ ង៉ោ ​ឡាង​ ​ជា​ម្ចាស់​ភោជនីយដ្ឋាន​ខ្លាឃ្មុំ​ ​ដែល​មាន​ប្រវត្តិ​អាជីវកម្ម​២​៦​ឆ្នាំ​មក​ហើយ​ ​ស្ថិត​ជាប់​ផ្លូវជាតិ​លេខ​៥​ ​ក្នុង​ភូមិ​ឈើទាល​ខ្ពស់​ ​ឃុំ​ក្បាល​ត្រាច​ ​ស្រុក​ក្រគរ​ ​ខេត្ត​ពោធិ៍សាត់​ ​ជា​ម្ចាស់​ជ័យ​លា​ភី​លេខ​១​បាន​សម្តែង​ក្តី​សោមនស្ស​យ៉ាង​ខ្លាំង​ចំពោះ​លទ្ធផល​ចំណាត់ថ្នាក់​ដែល​ទទួល​បានខាង​ ​លើ​នេះ​។​ ​លោកស្រី​បាន​បញ្ជាក់​ថា​ ​ចំពោះ​ការប្រកួតប្រជែង​នេះ​ ​គឺ​ខាង​មន្ទីរ​វប្បធម៌​ជា​អ្នក​អញ្ជើញ​រូប​គាត់​ឲ្យ​ចូលរួម​ ​ហើយ​ក្រុម​ការងារ​តំណាង​ខេត្ត​ពោធិ៍សាត់​មាន​សរុប​ចំនួន​៣​នាក់​គឺ​អ្នក​ដាំ​ស្ល​ ​និង​ ​អ្នក​រៀបចំ​តុបតែង​លម្អ​ស្តង់​តំណាង​ខេត្ត​។​ ​នៅ​ថ្ងៃ​ប្រកួត​ ​បេក្ខជន​ចូលរួម​តំណាង​ខេត្ត​នីមួយៗ​ត្រូវ​បាន​បែងចែក​សម្ភារ​ដាំ​ស្ល​ពី​ក្រសួង​វប្បធម៌​ហើយ​ច​ម្អិ​ន​ម្ហូប​នៅ​ទីតាំង​ក្រសួង​ផ្ទាល់​ក្នុងរយៈពេល​កំណត់​មួយ​។​ ​បន្ទាប់មក​ ​ត្រូវ​ដឹកជញ្ជូន​ម្ហូប​ដែល​ច​ម្អិ​ន​រួចស្រេច​នោះ​ទៅកាន់​មជ្ឈមណ្ឌល​ពិព័រណ៍​កោះ​ពេជ្រ​ដែល​ជា​ទីតាំង​តាំង​បង្ហាញ​ស្នាដៃ​ជូន​គណៈកម្មការ​ជំនាញ​ភ្លក់​និង​ដាក់​ពិន្ទុ​។​

            អ្វី​ទៅជា​ចំណុច​ពិសេស​នៃ​ម្ជូរ​ដើមចេក​ជ័យ​លា​ភី​របស់​ខេត្ត​ពោធិ៍សាត់​នេះ​? ​ម្ចាស់​ស្នាដៃ​បាន​អះអាង​ថា​ ​ដើម្បី​ស្ង​ម្ជូរ​ដើមចេក​ឆ្ងាញ់​ ​ត្រូវ​ជ្រើសរើស​ប្រើ​តែ​ដើម​ចេកជ្វា​ ​ព្រោះ​ដើម​ចេកជ្វា​មាន​លក្ខណៈ​ស្រួយ​ ​រសជាតិ​ផ្អែម​ ​មិន​ចត់​ ​ហើយ​ពេល​ស្ល​ឆ្អិន​ ​មិន​ប្រែ​ពណ៌​ខ្មៅ​ ​ដូចដើម​ចេកណាំវ៉ា​នោះ​ឡើយ​។​ ​ចំពោះ​សាច់​ដែល​ត្រូវ​ស្ល​ ​អ្នកស្រី​ប្រើ​កូន​ត្រី​ស្រែ​តូច​ៗ​ដែល​មាន​រសជាតិ​ត្រូវនឹង​រសជាតិ​ដើមចេក​នោះ​តែម្តង​។​ ​លើស​ពីនេះទៅ​ទៀត​ ​ស្តង់​ម្ហូប​ប្រចាំ​ខេត្ត​ពោធិ៍សាត់​ ​មាន​រៀបចំ​តុបតែង​ដោយ​ប្រើ​ដើមចេក​ ​និង​ ​គ្រឿង​ចានឆ្នាំង​បែប​បុរាណ​ខ្មែរ​ចំ​តែម្តង​គួរឲ្យ​ទាក់​ទាញចិត្ត​គណៈកម្មការ​ ​និង​ ​ទស្សនិកជន​។​

            ចាប់តាំង​ពី​ម្ហូប​ “​ម្ជូរ​ដើមចេក​ប្រឡែង​មច្ឆា​តម្រា​សំពៅ​មាស​” ​ស្រុក​ក្រគរ​ ​ខេត្ត​ពោធិ៍សាត់​ ​ដែល​អ្នកស្រី​បាន​ច​ម្អិ​ន​ចូលរួម​ប្រកួត​នោះ​ទទួល​បាន​ចំណាត់ថ្នាក់​លេខ​១​ថ្នាក់​ជាតិ​មក​រហូតមកដល់​បច្ចុប្បន្ន​ ​អ្នកដំណើរ​ជិត​ឆ្ងាយ​គ្រប់ទិសទី​ជាច្រើន​និយម​កុម្ម៉ង់​ម្ហូបមួយមុខ​នេះ​ដែល​គ្រប់គ្នា​ចាត់ទុកជា​ម្ហូប​ប្រចាំ​ត្រកូល​សម្រាប់​ហាង​នេះ​ជាហូរហែ​មិនចេះដាច់​។​ ​ក្រៅពី​ម្ហូប​ម្ជូរ​ដើមចេក​ ​ហាង​របស់​អ្នកស្រី​មាន​បម្រើ​ម្ហូប​ខ្មែរ​ជា​ច្រើនមុខ​ទៀត​ ​រួម​ទាំង​ម្ហូប​បន្លែ​តាម​រដូវ​កាល​ថែមទៀត​ផង​។​ ​ជាចុងក្រោយ​ ​លោកស្រី​មានប្រសាសន៍ថា​ ​ប្រសិនបើ​ខាង​មន្ទីរ​វប្បធម៌​ខេត្ត​ចុះ​មក​ទាក់ទង​អញ្ជើញ​រូប​គាត់​ឲ្យ​ចូលរួម​ប្រកួតប្រជែង​ ​ឬ​ ​តាំង​ពិព័រណ៍​ម្ហូប​ក្នុង​កម្មវិធី​នានា​ ​លោកស្រី​នៅតែ​ពេញ​ចិត្តរីករាយ​ក្នុង​ការចូលរួម​ជានិច្ច​៕​

​Article​ ​by​ SRIN SOKMEAN


SUGGESTIONS