តែមេអំបៅដែលកំពុងមានចរាចរណ៍នៅក្នុងទីផ្សារភេសជ្ជៈក្នុងស្រុក មិនថានៅតាមតូបកាហ្វេនៅតាមដងផ្លូវ នៅតាមបណ្តាភោជនីយដ្ឋាន ឬ បារធំៗនោះ មានពណ៌ស្រស់ឆើតទាក់ភ្នែកព្រមជាមួយរសជាតិផ្អែមឆ្ងាញ់ប្លែកមាត់បើយើងឆុងលាយជាមួយទឹកដោះគោស្រស់យកមកទទួលទាន។ ក្រៅពីរសជាតិពិសេសខុសប្លែកពីតែបៃតងនិងតែក្រហម វាក៏សម្បូរដោយអត្ថប្រយោជន៍ផ្នែកវេជ្ជសាស្រ្តរហូត៧យ៉ាងដែលលោកអ្នកច្បាស់ជាមិនទាន់បានដឹងនៅឡើយ:
១. ជួយបង្ការកុំឲ្យឆាប់ចាស់
អ្នកវិទ្យាសាស្រ្តបានរកឃើញថា នៅពេលដែលអេឡិចត្រុងក្នុងរាងកាយមនុស្សមិនត្រូវបានផ្គូរផ្គង ពួកវានឹងពន្លឿនភាពចាស់ជាងវ័យ ព្រមជាមួយបញ្ហាសុខភាពនានា ខណៈដែលសារធាតុប្រឆាំងអុកស៊ីតកម្មមានមុខងារទប់ស្កាត់បញ្ហានេះ។ អ្នកវិទ្យាសាស្រ្តបានសិក្សាបញ្ចូលផ្កាមេអំបៅ ឬ ផ្កាអញ្ជ័នទៅក្នុងផលិតផលថែរក្សាស្បែកដោយសារគុណសម្បត្តិពីធម្មជាតិរបស់វា។ ដូចនេះ ការទទួលទានភេសជ្ជធ្វើពីផ្កាមេអំបៅនេះក៏ជួយធ្វើឲ្យរាងកាយអ្នកវិវត្តសមស្របតាមដំណើរធម្មជាតិ មិនឆាប់ចាស់ជាងវ័យពេក។
២. ផ្តល់ជំនួយប្រឆាំងអុកស៊ីតកម្ម
រំបកគំហើញផ្នែកវិទ្យាសាស្រ្តបរទេសកាលពីឆ្នាំ២០១៩បានបង្ហាញឲ្យដឹងថាការទទួលទានតែផ្កាមេអំបៅផ្តល់ផលវិជ្ជមានចំពោះសកម្មភាពប្រឆាំងអុកស៊ីតកម្មដែលកើនឡើងនៅក្នុងរាងកាយរបស់យើង ហើយជាលទ្ធផល វានឹងផ្តល់អត្ថប្រយោជន៍ជាច្រើនចំពោះតួនាទីសុខភាព។
៣. ផ្ទុកសារធាតុ អង់តូស្យានីន
ផ្កាមេអំបៅសម្បូរសារធាតុអង់តូស្យានីនដែលជួយទ្រទ្រង់សុខុមាលភាពរាងកាយ។ វាចាប់ផ្តើមការពាររាងកាយយើងតាមរយៈសារធាតុគីមីធម្មជាតិឈ្មោះថា Flavonoid (ប្លាវ៉ូណូអ៊ីត) ដែលត្រូវបានរកឃើញក្នុងរុក្ខជាតិ ដូចជា ផ្កា បន្លែ និង ផ្លែឈើ។ ពពួកផ្លែឈើដូចសម្បូរសារធាតុចិញ្ចឹមមានពណ៌ឆើតស្រស់ដែលកើតពីសារធាតុខាងលើ ដូចជា ប្លូបឺរី និង គ្រែនបឺរី ជាដើម។ អង់តូស្យានីនដូចគ្នានេះដែរក៏ត្រូវបានរកឃើញក្នុងផ្កាមេអំបៅដែលទ្រទ្រង់សកម្មភាពប្រឆាំងអុកស៊ីតកម្មនិងជំនួយដល់អ្នកជំងឺបេះដូងផងដែរ។
៤. ជួយធ្វើឲ្យស្បែកភ្លឺរលោងស្អាត
ផ្កាមេអំបៅត្រូវបានគេចាប់អារម្មណ៍យកមកប្រើក្នុងផលិតផលថែរក្សាស្បែកដោយសារវាមានសមត្ថភាពទ្រទ្រង់ទប់ស្កាត់ជរាភាព។ ស្របពេលដែលផ្កានិងរុក្ខជាតិឱសថបុរាណមួយចំនួនបង្កផលប៉ះពាល់ដល់ស្បែក សមាសធាតុក្នុងរុក្ខជាតិផ្កាមេអំបៅពីប្ញសរហូតដល់ផ្កាអាចចម្រាញ់យកមកធ្វើជាគ្រឿងបម្រុងស្បែកត្រូពិកបានទាំងអស់។ ការស្រាវជ្រាវបរទេសមួយបានលើកឡើងថា ផ្កាមេអំបៅជួយបង្រ្កាបបញ្ហាស្បែកប្រកបដោយប្រសិទ្ធភាព ហើយនៅពេលលោកអ្នកទទួលទានតែមេអំបៅ សុខភាពស្បែកនឹងស្រស់ស្អាតចេញពីខាងក្នុងពិតៗ។
៥. មានផ្ទុកសារធាតុ Catechin ដែលមានពហុប្រយោជន៍
សារធាតុ Epigallocatechin gallate ហៅកាត់ថា EGCG គឺស្ថិតក្នុងអម្បូរសារធាតុ catechin ដែលត្រូវបានរកឃើញក្នុងតែបៃតង មានមុខងារប្រឆាំងអុកស៊ីតកម្មយ៉ាងសកម្ម។ EGCG ត្រូវបានគេដឹងថា មានតួនាទីជួយសុខភាពរាងកាយមនុស្ស ក្នុងនោះរួមមាន ជួយរក្សាទម្ងន់ និង ជួយលើបញ្ហាសុខភាពបេះដូងថែមទៀតផង។ ការទទួលទានតែបៃតង ឬ តែមេអំបៅ ដែលមានផ្ទុក EGCC ដូចគ្នាចំនួនពីរកែវក្នុងមួយថ្ងៃជួយបញ្ចុះជាតិខ្លាញ់ គ្រប់គ្រងទម្ងន់រាងកាយបានល្អប្រសើរ។
៦. ជំនួយខួរក្បាល
ការសិក្សាជាច្រើនត្រូវបានធ្វើឡើងក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះដើម្បីស្រាវជ្រារកគុណប្រយោជន៍ផ្នែកសុខភាពនៃផ្កាមេអំបៅ។ ពិសោធន៍មួយចំនួនទៅលើសត្វក្នុងចំណោមការសិក្សាស្រាវជ្រាវទាំងអស់នោះផ្តល់ចម្លើយវិជ្ជមាន។ ការសិក្សានៅមិនទានពេញលេញទាំងស្រុងនៅឡើយទេប៉ុន្តែការស្រាវ ជ្រាវជំហានដំបូងៗមានតម្រុយល្អពាក់ព័ន្ធនឹងទំនាក់ទំនងវេជ្ជសាស្រ្តរវាងតែផ្កាមេអំបៅនិងសមត្ថភាពខួរ ក្បាល។
៧. លុបបំបាត់ស្រ្តេសម្តងម្កាល
ផ្កាមេអំបៅគឺជាប្រភេទរុក្ខជាតិឱសថពពួក Adaptogenic Herb ដែលអាចជួយលុបបំបាត់អាការៈ ស្រ្តេសដែលកើតមានម្តងម្កាល។ អ្នកវិទ្យាសាស្រ្តជនជាតិរុស្ស៊ីឈ្មោះ N.V. Lazarez ជាអ្នករកឃើញប្រភេទរុក្ខជាតិប្រភេទ Adaptogenic នេះក្នុងឆ្នាំ ១៩៤៧ ហើយអ្នកវិទ្យាសាស្រ្តរុស៊្សីម្នាក់ទៀតឈ្មោះ Dr. Israel Brekhman បានចំណាយពេលជាង៤០ឆ្នាំក្នុងការស្រាវជ្រាវអំពីផលប្រយោជន៍សុខភាពរបស់វា ហើយបានកំណត់ថា រុក្ខជាតិឱសថប្រភេទនេះមានលក្ខណៈសម្បត្តិចំនួនបីយ៉ាងគឺ គ្មានជាតិពុលប៉ះពាល់ដល់សុខភាព គ្រប់គ្រងស្រ្តេសតាមរយៈការជួយធ្វើឲ្យរាងកាយស៊ាំនឹងវា ហើយនិងផ្តល់ផលវិជ្ជមានចំពោះរាងកាយមនុស្ស។ ដូចនេះ ផ្កាមេអំបៅក៏មានគុណសម្បត្តិទាំងបីចំណុចនេះដែរ៕
Article by SRIN SOKMEAN