×

​យុវជន​ជ័យ​លា​ភី​លេខ​១​ផ្នែក​បកស្រាយ​អក្សរ​សិល្ប៍​នៃ​ទិវា​ជាតិ​អំណាន​លើក​ទី​៦​ ​ឆ្នាំ​២​០​២​១​

NEWS 4 months ago
 
 

          ​លទ្ធផល​ជា​ផ្លូវការ​នៃ​កម្មវិធី​ប្រឡងប្រណាំង​បកស្រាយ​ស្នាដៃ​អក្សរ​សិល្ប៍​ក្រោម​ប្រធាន​បទ​ “​តម្លៃ​អក្សរ​សិល្ប៍​នៃ​រឿង​រាមកេរ្តិ៍​នៅ​ក្នុង​សង្គម​ខ្មែរ​” ​ដែល​បាន​ចេញផ្សាយ​កាលពី​ខែ​មីនា​កន្លងទៅ​ថ្មីៗ​នេះ​ដោយ​ប្រធានគណៈកម្មការ​វាយ​តម្លៃ​ ​បណ្ឌិតសភា​ចារ្យ ​ណា​ត​ ​ប៊ុន​រឿន​ ​បាន​រំលេច​ឈ្មោះ​បេក្ខជន​ ​ជក់​ ​សុភា​ ​គ្រូបង្រៀន​មកពី​សាលា​ជំនាន់​ថ្មី​វិទ្យាល័យ​ព្រែក​លៀប​ ​រាជធានី​ភ្នំពេញ​ ​ដែល​ជាប់​ចំណាត់ថ្នាក់​លេខ​១​។​ ​តើ​បេក្ខជន​ជ័យ​លា​ភី​លេខ​១​រូប​នេះ​មាន​ជីវប្រវត្តិ​ ​និង​ ​ស្នាដៃ​​បែប​ណាខ្លះ​មុននឹង​ឈាន​មក​សម្រេច​ជោគជ័យ​ផ្នែក​អក្សរ​សិល្ប៍​ពី​ក្រសួង​អប់រំ​ ​យុវជន​ ​និង​កីឡា​ ​ប្រចាំ​ឆ្នាំ​២​០​២​១​នេះ​?

          ​​ស្ថិត​ក្នុង​អាយុ​២​៥​ឆ្នាំ​ ​យុវជន​ ​ជក់​ ​សុភា​ ​បាន​បញ្ចប់​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជំនាញ​អក្សរសាស្ត្រ​ខ្មែរ​ ​ពី​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​និង​កំពុង​បន្ត​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​អក្សរសាស្ត្រ​ខ្មែរ​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ដដែល​នេះ​រហូតដល់​បច្ចុប្បន្ន​។​ ​សុភា​ ​បាន​បញ្ជាក់​ថា​ ​ក្នុង​អំឡុង​ពេល​ថ្នាក់​បរិញ្ញាបត្រ​ឆ្នាំ​ទី​២​ ​គេ​បាន​ប្រឡងជាប់​អាហារូបករណ៍​ផ្លាស់ប្ដូរ​និស្សិត​ទៅ​រៀន​នៅ​សាកលវិទ្យាល័យ​ ​To​k​y​o ​University​ O​f​ ​Foreign​ ​stud​i​e​s ​ប្រទេស​ជប៉ុន​ ​រយៈពេល​មួយ​ឆ្នាំ​។​ ​ក្រោយមក​ទៀត​ ​ក្នុង​ឆ្នាំ​២​០​១​៨​ ​ក្នុង​អំឡុង​ពេល​សិក្សា​ថ្នាក់​បរិញ្ញា​ ​ប​ត្រ​ជាន់ខ្ពស់​ ​គេ​ក៏បាន​ទទួល​អាហារូបករណ៍​ផ្លាស់ប្ដូរ​វប្បធម៌​ភាសា​នៃ​ប្រទេស​កម្ពុជា​ ​ឡាវ​ ​ភូមា​ ​ទៅ​សាកលវិទ្យាល័យ​ជប៉ុន​ដដែល​នេះ​ម្ដងទៀត​។​

          ​​សុភា​ ​បាន​ប្រាប់​ពី​មូលហេតុ​ដែល​ជំរុញ​ឲ្យ​គេ​ចូលរួម​កម្មវិធី​ខាងលើ​ថា​គឺ​បណ្តាលមកពី​ចំណង់ចំណូលចិត្ត​ចំពោះ​រឿង​រាមកេរ្តិ៍​ “​អ្វី​ដែល​ពិសេស​នោះ​គឺ​សិល្បៈ​នៃ​ការ​តុប​តែងខ្លួន​តាមរយៈ​រឿង​រាមកេរ្តិ៍​។​ ​វា​ពិត​ជាពិសេស​ដែល​តារា​បាន​ចូលរួម​ក្នុង​ការ​ផ្សព្វផ្សាយ​ពី​តួអង្គ​នៃ​រឿង​នេះ​ដល់​យុវវ័យ​ឲ្យ​កាន់តែ​ស្គាល់​រឿង​នេះ​ទ្វេ​ដង​” ​។​ ​រូបគេ​បាន​ស្គាល់​រឿង​នេះ​តាមរយៈ​ទម្រង់​សិល្បៈ​ហើយ​វា​នៅតែ​ដក់ជាប់​នៅ​ក្នុង​ចិត្ត​រហូតមក​ ​ដូចជា​នៅ​ក្នុង​ទម្រង់​ល្ខោន​ព្រះរាជទ្រព្យ​ ​ល្ខោន​ខោល​​ ​ល្ខោន​ស្បែក​ធំ​ ​ចម្លាក់​ ​គំនូរ​ ​ចម្រៀង​ ​។​ល​។​ ​លើស​ពីនេះទៅ​ទៀត​ ​គេ​ក៏​ធ្លាប់​ស្ដាប់​បទសម្ភាសន៍​របស់​លោក​បណ្ឌិត​ ​កេង​ ​វ៉ាន់​សាក់​ ​និង​ ​បទ​បង្ហាញ​របស់​អ្នកស្រី​បណ្ឌិត​ ​ពៅ​ ​សាវ​រស​ ​ជា​ញឹកញាប់​ ​ដែល​សុទ្ធ​ជា​ទុន​ដ៏​ល្អ​សម្រាប់​ការ​សរសេរ​សិក្សា​កថា​ដាក់​ប្រកួត​។​ ​ជាមួយគ្នា​នេះ​ដែរ​ ​យុវជន​ ​ជក់​ ​សុភា​ ​ក៏​ជា​សមាជិក​មួយ​រូប​នៃ​សមាគម​អ្នក​អក្សរ​សិល្ប៍​កម្ពុជា​។​ ​តាមរយៈ​សមាគម​ ​គេ​បាន​ទទួល​ឱវាទ​ល្អ​ៗ​ពី​ឯកឧត្តម​បណ្ឌិតសភា​ចារ្យ ​ស៊ុំ​ ​ឈុំ​ប៊ុន​ ​និង​ ​ឯកឧត្តម​បណ្ឌិតសភា​ចារ្យ ​សោម​ សុ​មុនី​ ​ដែល​ជា​អ្នកចាស់​ទុំ​ផ្នែក​អក្សរ​សិល្ប៍​ខ្មែរ​ ​និង​ការណែនាំ​ពី​ឯកឧត្តម​បណ្ឌិត​ ​ស៊ុំ​ ​ឈុំ​ឡុង​។​ ​សមាគម​ក៏បាន​ជួយ​ផ្តល់​ឯកសារ​ជាច្រើន​ដែល​ជា​ជំនួយ​ដល់​ការ​ប្រមូល​ទិន្នន័យ​យកទៅ​សរសេរ​សិក្សា​កថា​នេះ​ដែរ​។​

          ​​អ្វីខ្លះ​ទៅជា​ចំណុច​ខ្លាំង​ដែល​ញ៉ាំង​ឲ្យ​សុភា​អាច​​​យកឈ្នះ​ដៃគូ​ប្រកួតប្រជែង​ក្នុង​កម្មវិធី​នោះ​បាន​ប្រកប​ដោយ​ជោគជ័យ​? “​រឿង​រាមកេរ្តិ៍​នេះ​ជា​រឿង​មួយ​ដ៏​ធំ​ហើយ​សិក្សា​បាន​គ្រប់​សណ្ឋាន​។​ ​ដូច្នេះ​ការសិក្សា​ទៅលើ​ឥទ្ធិពល​នៃ​រឿង​រាមកេរ្តិ៍​ក្នុង​សង្គម​ខ្មែរ​នេះ​ពិតជា​ពុំបាន​គ្រប់ជ្រុងជ្រោយ​នៅឡើយ​ទេ​។​ ​តែ​យ៉ាងណា​មិញ​ ​អ្វី​ដែល​ខ្ញុំ​គិតថា​ជា​ចំណុច​ខ្លាំង​មួយ​របស់​ខ្ញុំ​គឺ​ការស្វែងរក​ទិន្នន័យ​ថ្មី​មួយ​ចំនួន​ ​ការ​វិភាគ​ទៅលើ​ឥទ្ធិពល​រឿង​ដែល​មាន​ចាប់ពី​ព្រះមហាក្សត្រ​ ​រាជ​រដ្ឋា​ភិបាល​ ​រហូតដល់​ប្រជារាស្ត្រ​ ​ដែល​នៅតែ​និយម​គាំទ្រ​បន្តម​ក​ដល់​បច្ចុប្បន្ន​ ​និង​ ​ការ​រើស​យក​អំណះអំណាង​ដែល​មាន​ប្រភព​គួរ​ឱ្យ​ទុកចិត្ត​បាន​” ​សាមីខ្លួន​បាន​បកស្រាយ​។​

          ​នេះ​មិនមែន​ជា​លើកទីមួយ​ដែល​សុភា​ចូលរួម​ប្រកួតប្រជែង​ហើយ​ទទួល​បាន​ចំណាត់ថ្នាក់​ជ័យ​លា​ភី​ ​នោះ​ទេ​។​ ​យុវជន​រូប​នេះ​ធ្លាប់​ទទួល​បាន​ចំណាត់ថ្នាក់​លេខ​២​ខាង​និពន្ធ​កំណាព្យ​ខ្លី​ ​ពានរង្វាន់​ពុទ្ធសាសនបណ្ឌិត្យ​កាលពី​ឆ្នាំ​២​០​២​០​ម្តង​រួចមក​ហើយ​។​ ​ប៉ុន្តែ​ជោគជ័យ​លើក​នេះ​រឹត​តែ​ធ្វើឲ្យ​ម្ចាស់​ជ័យ​លា​ភី​សប្បាយចិត្ត​យ៉ាង​ខ្លាំង​ “​ខ្ញុំ​រត់ទៅ​ឱប​ម៉ែ​នៅ​ពេល​ដែល​​ដឹង​ថា​ខ្លួនឯង​ទទួល​បាន​ចំណាត់ថ្នាក់​លេខ​១​នេះ​។​ ​សម្រាប់​ខ្ញុំ​ ​ខ្ញុំ​ពិតជា​អរគុណ​ដំបូង​ចំពោះ​ម៉ែ​។​ ​មែនទែន​ទៅ​រយៈ​​ពេល​ប្រហែល​មួយ​អាទិត្យ​ជាង​ដែល​ខ្ញុំ​ខំ​សរសេរ​វា​ ​ខ្ញុំ​មិនបាន​ជួយ​កិច្ចការ​ផ្ទះ​គាត់​បន្តិច​ទេ​។​គាត់​ចាស់ហើយ​តែ​គាត់​នៅ​តែ​​យល់​ពី​ខ្ញុំ​ ​ហើយ​ឲ្យ​ខ្ញុំ​ធ្វើ​កិច្ចការ​ងារ​នេះ​រហូត​ ​សម្រេច​។​ទន្ទឹម​នឹង​នេះ​ក៏​សូម​ថ្លែង​អំណរគុណ​ចំពោះ​លោកគ្រូ​ ​សិស្ស​ច្បង​ ​និង​បង​ៗ​នៅ​នាយកដ្ឋាន​អភិវឌ្ឍន៍​កម្មវិធីសិក្សា​ដែល​ជួយ​ខ្ញុំ​រហូតដល់​សម្រេចការ​ងារ​នេះ​ ” ​។​

          ​​សព្វថ្ងៃនេះ​ ​ក្រោយ​ពី​ទទួល​បាន​ជ័យ​លា​ភី​លេខ​១​រួចមក​ យុ​វ​និស្សិត​បរិញ្ញាបត្រ​ជាន់ខ្ពស់​អក្សរសាស្ត្រ​ខ្មែរ​រូប​នេះ​ក៏​នៅតែ​មមាញឹក​ជាមួយ​ការងារ​ទាក់ទង​នឹង​អក្សរ​សិល្ប៍​ខ្មែរ​ជាបន្តបន្ទាប់​ ​តួយ៉ាង​ ​ការ​ធ្វើ​វិវេចនា​អក្សរ​សិល្ប៍ (​វិភាគ​អក្សរ​សិល្ប៍) ​នានា​បង្ហោះ​ចូល​ផេ​ក​សមាគម​អ្នក​អក្សរ​សិល្ប៍​កម្ពុជា​ដើម្បី​ជា​គតិ​សម្រាប់​អ្នក​សិក្សា​ទាំងឡាយ​។​ ​ គិត​មកដល់​បច្ចុប្បន្ន​ ​គេ​ក៏បាន​រៀបចំ​និក្ខេបបទ​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​អក្សរសាស្ត្រ​ខ្មែរ​ដោយ​លើកយក​ប្រធាន​បទ​ “​ទស្សនវិជ្ជា​ខ្មែរ​តាមរយៈ​សាស្ត្រាល្បែង​” ​មក​សរសេរ​និង​ព​ន្លេ​ច​ពី​ពិពិធ​ភាព​នៃ​ការអប់រំ​ចរិយាសាស្ត្រ​ខ្មែរ​តាមរយៈ​សាស្ត្រា​រឿងសម័យ​មុន​។​

          ​​ម្ចាស់​ជ័យ​លា​ភី​បាន​លើកទឹកចិត្ត​ដល់​ប្អូន​ៗ​ដែល​មានបំណង​ចង់​ចូល​វិ​ស័​យ​អក្សរ​សា​ស្រ្ត​ខ្មែរ​នេះ​ឲ្យ​តាំងចិត្ត​គត់​​មត់​ ​ព្រោះ​មុខវិជ្ជា​មិន​ងាយស្រួល​ដូច​ការ​គិត​នោះ​ទេ​។​ ​សម្រាប់​អ្នក​ដែល​មានបំណង​ដាក់​ការប្រកួតប្រជែង​នេះ​គប្បី​ខិតខំ​អាន​ស្រាវជ្រាវ​ឲ្យបាន​ច្រើន​ទៅលើ​ផ្នែក​អក្សរសាស្ត្រ​-​អក្សរ​សិល្ប៍​។​ ​លើស​ពី​នេះ​ ​ត្រូវ​អាន​សេចក្ដីណែនាំ​និង​ប្រធាន​បទ​ឲ្យបាន​ច្បាស់លាស់​ជាមុន​ក្រែង​ចាកប្រធាន​ ​និង​រៀបចំ​គំនិត​ទៅតាម​លំដាប់លំដោយ​ឲ្យ​មាន​សោ​ភណ្ឌ​ក្នុង​ការ​សរសេរ​ ​ព្រម​ជាមួយ​កា​រដាក់​ប្រភព​ឯកសារ​យោង​ព្រោះ​វា​ជា​អំណះអំ​ណ​ង​មួយ​ដែល​អ្នក​អាច​ជជែក​តវ៉ា​ឬ​ជា​ភស្តុតាង​មួយ​នៃ​ទឡ្ហីករ​ណ៍​របស់​អ្នក​។​ចំណុច​ចុងក្រោយ​នោះ​គឺ​អ្នក​ត្រូវ​មានទំនុក​ចិត្ត​ខ្ពស់​ក្នុង​ការ​សរសេរ​និង​ការ​បកស្រាយ​ដ្បិត​ការ​វាយ​តម្លៃ​ក៏​បូក​ផ្សំ​ទៅ​នឹង​ភាព​ក្លាហាន​ ​និង​បច្ចេកទេស​និយាយ​បកស្រាយ​ចំពោះមុខ​គណៈកម្មការ​ផង​ដែរ​៕

Article by SRIN SOKMEAN


SUGGESTIONS