×

ស្ត្រីជន​ជាតិ​ស៊ុ​យ​អែ​ត​ម្នាក់​សម្រេច​ក្តី​ស្រមៃ​លើកស្ទួយ​សូត្រ​ខ្មែរ​ទៅកាន់​ទី​ផ្សារ​អន្តរជាតិ

TRAVEL & LIVING 3 years ago
 
 

            ​សូត្រ​បាន​ដើរតួ​យ៉ាងសំខាន់​នៅ​ក្នុង​វាយ​ភណ្ឌ​ជាតិ​រួម​មាន​ ​សំពត់ហូល​ ​សំពត់ផាមួង។​ ​បើ​និយាយ​អំពី​ឧស្សាហកម្ម​តម្បាញ​សូត្រ​ខ្មែរ​ពីដើម​ ​គឺ​បាន​ចាប់កំណើត​ឡើង​តាំងពី​កំឡុង​សតវត្សរ៍​ទី​១​៣​នា​សម័យ​អាណាចក្រ​ខ្មែរ​។​ ​តម្បាញ​សូត្រ​មាន​ភាព​រីក​ចម្រើន​ខ្លាំង​ចាប់ពី​សតវត្សរ៍​ទី​១​៩​ ​រហូតដល់​ទសវត្សរ៍​ទី​៧​០​ ​តែ​ត្រូវ​បាន​ធ្លាក់ចុះ​ស្ទើរតែ​បាត់បង់​ទាំងស្រុង​នៅ​ក្រោយ​សម័យ​ខ្មែរក្រហម​។​ ​យ៉ាងណាមិញ​ ​ដោយមាន​ការ​ជួយ​អន្តរាគមន៍​ពី​អន្តរជាតិ​ ​និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ ​តម្បាញ​សូត្រ​បាន​ចាប់ផ្តើម​រស់រាន​ឡើងវិញ​តាំងពី​ឆ្នាំ​ ​២​០​០​០​មក​។​ ​ដើម្បី​ជា​ចំណែក​មួយ​លើកស្ទួយ​តម្បាញ​សូត្រ​នៅ​កម្ពុជា​ ​ស្ត្រី​ជា​ជនជាតិ​ស៊ុ​យ​អែ​ត​ម្នាក់​បាន​សហការ​ជាមួយ​អ្នក​តម្បាញ​ក្នុងស្រុក​ ​ដោយធ្វើ​ការ​ផលិត​ផលិតផល​ពី​ក្រណាត់​សូត្រ​ដោយ​ប្រើ​បច្ចេកទេស​តាម​ប្រពៃណី​ដើម​ ​រួម​បញ្ចូលជាមួយ​គំនិត​ច្នៃ​ម៉ូដ​បែប​ទំនើប​ទាន់សម័យ​។​

            ​4​Heart​s ​គឺជា​ឈ្មោះ​ម៉ាក​ផលិតផល​ប្រណីត​មួយ​បង្កើត​ឡើង​ដោយ​ស្ត្រី​អ្នក​ច្នៃ​ម៉ូដ​ជនជាតិ​ស៊ុ​យ​អែ​ត​គឺ​អ្នកស្រី​ S​i​grid​ ​Horn​ ​a​f​ ​Am​inn​e​។​ ​អ្នកស្រី​បាន​ផ្លាស់មក​រស់នៅ​ប្រទេស​កម្ពុជា​នៅ​ក្នុង​ឆ្នាំ​ ​២​០​១​៣​ ​ដែល​អំឡុង​នេះ​ក៏​ជា​ពេល​ដែល​អាជីវកម្ម​ម៉ាក​ផលិតផល​ 4​Heart​s ​បាន​ចាប់កំណើត​ឡើង​តាម​ក្តី​ស្រមៃ​ដែល​អ្នកស្រី​ធ្លាប់តែ​ប៉ងប្រាថ្នា​ផង​ដែរ​។​ ​ដោយ​មានចិត្ត​ប្រតិ​ព័ទ្ធ​ទៅលើ​សូត្រ​ខ្មែរ​ជា​អនេ​ក​ ​និង​ចង់​រួម​ជា​ចំណែក​មួយ​លើកស្ទួយ​ទី​ផ្សារ​សូត្រ​ខ្មែរ​ទៅកាន់​អន្តរជាតិ​ ​អ្នកស្រី​បាន​សហការ​រួមដៃគ្នា​ជាមួយ​គ្រួសារ​តម្បាញ​នៅ​ឯ​ខេត្ត​តាកែវ​ ​និង​សិល្បករ​ក្នុងស្រុក​បង្កើត​ជា​ផលិតផល​ធ្វើ​ពី​សូត្រ​ដោយ​ប្រកាន់ខ្ជាប់​បច្ចេកទេស​តាម​ប្រពៃណី​បុ​រាណ​ ​ពោល​ធ្វើ​ដោយដៃ​ ​និង​ធ្វើការ​ជ្រលក់​ពណ៌​បែប​ធម្មជាតិ​សុទ្ធសាធ​។​

            ​ឈ្មោះថា​ 4​Heart​s ​ស​ម្តៅ​ទៅលើ​ក្តី​ស្រឡាញ់​ទាំង​៤​ ​គឺ​ក្តី​ស្រឡាញ់​នៃ​ប្រណីតភាព​ ​ក្តី​ស្រឡាញ់​នៃ​ភាព​ស្រស់​ស្អាត​ ​ក្តី​ស្រឡាញ់​នៃ​ប្រពៃណី​ ​និង​ក្តី​ស្រឡាញ់​នៃ​មនុស្ស​។​ ​ជាក់ស្តែង​ ​រាល់​ផលិតផល​របស់​ 4​Heart​s ​រាប់​តាំងពី​ជំហាន​ចាប់ផ្តើម​ធ្វើ​រហូតដល់​សមិទ្ធផល​សម្រេច​សុទ្ធ​សឹង​កើត​ចេញពី​ក្តី​ស្រឡាញ់​ទាំងអស់​។​ ​ផលិតផល​ធ្វើ​ពី​សូត្រ​របស់​ 4​Heart​s ​មាន​ដូចជា​ ​កន្សែងបង់ក​ ​អាវ​ ​កាបូប​ដៃ​ ​និង​កាបូប​ស្ពាយ​ស្មា​ជាដើម​។​ ​ក្រណាត់​ពណ៌​ចម្រុះ​ឆ្លុះ​ស្អាត​ប្រៀប​បាន​ក្រណាត់​បោះពុម្ព​ ​បង្កើត​បានជា​ភាព​ប្រណីត​គ្មាន​ពីរ​សម្រាប់​ផលិតផល​នីមួយៗ​។​ ​តាម​ការ​បរិយាយ​របស់​អ្នកស្រី​ S​i​grid​ ​ការ​ជ្រលក់​ពណ៌​ក្រណាត់​ត្រូវ​បាន​ធ្វើឡើង​តាម​ប្រពៃណី​បុរាណ​មួយ​ហៅថា​ ​ស៊ី​ប៊ូ​រី​ (S​h​i​b​our​i​) ​ដែល​ជា​បច្ចេកទេស​ជ្រលក់​ពណ៌​របស់​ជប៉ុន​មាន​តាំងពី​សតវត្សរ៍​ទី​៨​។​

            ​“​នៅ​ពេល​ចាប់ផ្តើម​ស្វែងយល់​ពី​បច្ចេកទេស​ជ្រលក់​ពណ៌​ S​h​i​b​our​i​ ​យើង​មាន​ភាព​ដក់​ចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​បច្ចេកទេស​នេះ​ដែល​វា​ជា​ចំណែក​ដ៏​អស្ចារ្យ​មួយ​នៃ​ប្រវត្តិសាស្ត្រ​ ​និង​ភាព​ស្រស់​ស្អាត​។​ ​មាន​វិធី​ច្រើនយ៉ាង​ក្នុង​ការ​ប្រើ​បច្ចេកទេស​ជ្រលក់​ពណ៌​បែប​ S​h​i​b​our​i​ ​ដូចជា​ ​មូរ​ ​ចង​ ​បត់​ ​សង្កត់​ ​ដើម្បី​បាន​ក្រឡា​ពណ៌លាត​លើ​ក្រណាត់​បង្កើត​ម៉ូដ​ប្លែកៗពីគ្នា​។​ ​អាច​និយាយ​បាន​ថា​ម៉ូដ​ពណ៌​លើ​ក្រណាត់​ទាំងអស់​គឺ​មាន​ភាព​ ​Unique​ ​ឬ​ម៉ូដ​តែមួយ​គ្មាន​ពីរ។​” ​អ្នកស្រី​ S​i​grid​ ​លើកឡើង​។​

            ​ខូឡិ​ក​ហ្សិ​ន​ក្រណាត់​ពណ៌​ត្រូវ​បាន​សម្រិតសម្រាំង​ជ្រលក់​ពណ៌​ដោយដៃ​យ៉ាង​យកចិត្តទុកដាក់​បំផុត​ទៅតាម​គំរូ​ពណ៌​ដែល​ 4​Heart​s ​បាន​កំណត់​។​ ​ដើម្បី​ទទួល​បាន​ផលិតផល​មួយ​អាច​ចំណាយ​ពេល​យ៉ាងហោចណាស់​ ​៤​-​៥​ម៉ោង​ ​ដោយ​ឆ្លងកាត់​ទាំង​ការ​ជ្រលក់​ពណ៌​ ​ទាំង​ការ​កាត់​ដេរ​ ​ក្រោម​ថ្វីដៃ​លម្អិត​ល្អិតល្អន់​របស់​អ្នកជំនាញ​ដើម្បី​បង្កើត​សមិទ្ធផល​មួយ​ដែល​ពិសេស​បំផុត​។​ “​ពួកយើង​មាន​កន្សែងបង់ក​ធ្វើ​ពី​សូត្រ​ពណ៌​ចម្រុះ​ជាច្រើន​ដែល​ជ្រលក់​ពណ៌​ដោយដៃ​ ​និង​ធ្វើឡើង​ដោយ​ក្តី​ស្រឡាញ់​។​ ​នៅ​ 4​Heart​s ​យើង​ធ្វើការ​ដោយដៃ​ជាមួយ​អ្នក​តម្បាញ​ដែល​ប្រកាន់ខ្ជាប់​របៀប​ធ្វើតាម​ប្រពៃណី​ដើម​ ​ប្រើ​កី​ឈើ​ ​មិន​ប្រើ​អគ្គិសនី​ ​និង​ជា​បច្ចេកទេស​ដែល​មិន​ប៉ះពាល់​ដល់​បរិស្ថាន​។​” ​ជា​ក្រណាត់​ធ្វើឡើង​ពី​សូត្រ​ខ្មែរ​គុណភាព​ខ្ពស់​១​០​០​ភាគរយ​ ​រាល់​កន្សែងបង់ក​របស់​ 4​Heart​s ​មាន​ច្រើន​ទំហំ​ជាមួយ​ស្ទា​យ៌​ត្រួត​ពីរ​ជាន់​ផ្តល់​នូវ​ផាសុកភាព​ក្នុង​ការ​ដណ្តប់​លើ​រាងកាយ​ ​ហើយក៏​បង្កើន​ជា​ស្ទា​យ៌​លេងខ្លួន​កាន់តែ​ស៊ីវិល័យ​ផង​ដែរ​។​

            ​4​Heart​s ​មិនមែន​មានតែ​ផលិតផល​ក្រណាត់​សូត្រ​ប៉ុណ្ណោះ​ទេ​ ​ជាមួយគ្នា​នេះ​ក៏មាន​ផលិតផល​គ្រឿងអលង្ការ​ផង​ដែរ​។​ ​ក្រវិល​ ​ចិញ្ចៀន​ ​ខ្សែដៃ​ ​ម៉ូដ​ទំនើប​ ​សាមញ្ញ​និយម​ ​លាយឡំ​ភាព​អេ​ឡេ​ហ្គិ​ន​ទាំងប៉ុន្មាន​ ​ត្រូវ​បាន​ផុសគំនិត​ឡើង​ចេញពី​ការធ្វើដំណើរ​ក​ម្សាន្ត​ជួប​មនុស្ស​នានា​ផង​ ​និង​ការ​ទទួល​បានការ​ចែករំលែក​ពី​វប្បធម៌​ផង​របស់​អ្នកស្រី​ S​i​grid​។​ ​អ្នកស្រី​បាន​ដាក់​ទាំង​ចិត្ត​ទាំង​កាយ​ក្នុង​ការ​បង្កើត​គ្រឿង​តាក់តែង​កាយ​ពោរពេញ​ដោយ​ភាព​ស្រស់​ស្អាត​។​ “​គ្រឿងអលង្ការ​របស់​ 4​Heart​s ​គឺជា​ការ​ច្របាច់​បញ្ចូល​គ្នា​រវាង​ ​ភាព​ស្អាត​ សិល្បៈ​បែប​ទំនើប​ ​ជាមួយ​ហត្ថកម្ម​ប្រពៃណី​ ​និង​ភាព​ទាក់ទាញ​លម្អិត​។​” ​ភាព​ប្រណីត​នៃ​គ្រឿងអលង្ការ​របស់​ 4​Heart​s ​ត្រូវ​បាន​ធ្វើឡើង​ពី​មាស​ ​និង​ប្រាក់​ដែល​មានគុណ​ភាព​ខ្ពស់​ ​ព្រម​ជាមួយ​ត្បូង​ធម្មជាតិ​និង​រ៉ែ​ថ្ម​ដូចជា​ ​ត្បូងទទឹម​ ​ត្បូងកណ្តៀង​ ​ត្បូង​មរកត​ ​ត្បូង​ម៉ូ​រា​ខៀវ​ ​ត្បូង​ជី​លិ​ន​ឈូក​ ​និង​ត្បូង​ ​pre​h​n​it​e​ ​ដែល​មាននៅ​ក្នុង​ប្រទេស​កម្ពុជា​។​ “​យើង​សម្រាំង​ជ្រើសរើស​ត្បូង​ដែល​មានគុណ​ភាព​ខ្ពស់​ ​និង​ទឹក​ល្អ​ ​ហើយ​ធ្វើការ​ច្នៃ​ម៉ូដ​ដែល​អាច​ពាក់​ត​ជំនាន់​បាន​។​ ​សិប្បករ​នៅ​ទី​ក្រុងភ្នំពេញ​របស់យើង​ស្រឡាញ់​ការ​ធ្វើ​ក្រវិល​ ​និង​ខ្សែដៃ​ដោយដៃ​ណាស់​។​”

            ​និយាយរួម​មក​ ​ការងារ​ទាំងប៉ុន្មាន​អ្នកស្រី​ S​i​grid​ ​បាន​បញ្ចូល​ប្រពៃណី​ធ្វើដែល​មាន​ជា​យូរលង់​ជាមួយនឹង​ការ​ច្នៃ​ម៉ូដ​បែប​ទំនើប​របស់​ខ្លួន​។​ ​ការ​ធ្វើការ​ជា​សហគ្រាស​ខ្នាត​តូច​លក្ខណៈ​គ្រួសារ​នៅ​កម្ពុជា​ ​បាន​ធ្វើឲ្យ​ក្តី​ស្រមៃ​របស់​អ្នកស្រី​ក្លាយ​ជា​ការពិត​។​ ​អ្នកស្រី​បាន​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​បុគ្គលិក​ទាំងអស់​ដើម្បី​ប្រាកដ​ថា​ ​ស្ថានភាព​ការងារ​មាន​ភាព​យុត្តិធម៌​ ​ហើយ​អាជីវកម្ម​បង្ក​ផល​វិជ្ជមាន​ចំពោះ​បរិស្ថាន​ក៏ដូចជា​ភព​​​ផែនដី​។​

អ្នកស្រី​ S​i​grid​ ​Horn​ ​a​f​ ​Am​inn​e​

            ​លើស​ពី​អា​ជី​កម្ម​ 4​Hearts ​បាន​សហការ​ជាមួយ​អង្គការ​ ​School​2​School​ ​និង​​អង្គការ​ ​World​ ​Assistance​ ​for​ ​Cambodia​ ​ដែល​អង្គការ​មិន​ស្វែងរក​ប្រាក់ចំណេញ​ទាំងពីរ​នេះ​បាន​ផ្តល់​ការអប់រំ​ទៅកាន់​ក្មេងៗ​ ​និង​បង្កើត​ឱកាស​ដល់​យុវជន​វ័យក្មេង​ ​ក៏ដូចជា​សិស្ស​ក្រីក្រ​នៅ​តាម​ទី​ជនបទ​ផង​ដែរ​។​ ​ដូច្នេះ​ ​សម្រាប់​ការ​ជាវ​ផលិតផល​ខ្សែដៃ​ពី​ 4​Heart​s ​អ្នក​នឹងបាន​បរិច្ចាគ​ទៅកាន់​អង្គការ​ទាំងពីរ​ខាងលើ​។​ ​ដើម្បី​ជាវ​ផលិតផល​ 4​Heart​s ​លោកអ្នក​អាច​ចូល​ទៅកាន់​វេ​ប​សាយ​ ​w​w​w​.4-​heart​s.​co​m​៕​

Article​ ​by​ ​HEM​ ​SO​KK​HIM​

Image Courtesy: 4Hearts


SUGGESTIONS