×

ឯកសារ​មាស​ស្តី​ពីក្បួន​រៀបចំ​ភោជនាហារ​ព្រះរាជ​និពន្ធ សម្តេច​ព្រះរាជកនិដ្ឋា នរោត្តម រស្មីសោភ័ណ្ឌ

NEWS a month ago
 
 

          ​សៀវភៅ​ស្តង់​ដារ​អន្តរជាតិ​មួយ​ក្បាល​ដែល​មាន​ក្រប​រឹង​តម្កល់​ក្នុង​ស្រោម​ប្រអប់​ពណ៌ទឹកប៊ិកអម​ដោយ​ការរចនា​អក្សរខ្មែរ​-​អង់គ្លេស​ពណ៌ទឹកប្រាក់​យ៉ាងល្អ​វិចិត្រ​ឆ្លុះបញ្ចាំង​ពី​គុណភាព​និង​ការ​ផ្តល់​កិត្តិយស​ដ៏​ខ្ពង់ខ្ពស់​ថ្វាយព្រះ​វិញ្ញាណក្ខន្ធ​សម្តេច​ព្រះរាជ​កនិដ្ឋា​ ​នរោត្តម​ ​រស្មី​សោ​ភ​័ណ្ឌ ​ដែល​ជា​ស្ថាបនិក​សៀវភៅ​ក្បួន​ភោ​ជា​ហារ​ពីសម័យ​ដើម​ទសវត្សរ៍​ឆ្នាំ​១​៩​៧​០​។​ ​សៀវភៅ​មួយ​ក្បាល​នេះ​មាន​ចំណងជើង​ថា​ “​T​h​e​ ​Culinary​ ​Art​ o​f​ ​Cam​bo​d​i​a​” ​ឬ​ “​តម្រា​ភោជនាហារ​” ​ដែល​ត្រូវ​បាន​បោះពុម្ពផ្សាយ​ជា​សាធារណៈ​ឡើងវិញ​ក្រោម​ការឧបត្ថម្ភ​របស់​សណ្ឋាគារ​ ​Temp​lat​ion​ ​An​g​kor ​Resort​ ​ខេត្ត​សៀមរាប​ ​តាម​លំនាំ​ច្បាប់ដើម​ ​ដោយមាន​បន្ថែម​រូបថត​ម្ហូបអាហារ​ទាំងនោះ​សាជាថ្មី​ក្រោយ​ឯកសារ​ដើម​ត្រូវ​បាន​បង្កើត​កាលពី​ជាង​កន្លះ​សតវត្សរ៍​មុន​ហើយក៏​ស្ទើរតែ​បាត់បង់​លែង​មាន​អ្នក​ស្គាល់​សោះ​ទៅ​ហើយ​។​

          ជា​សំណាងល្អ​ ​នៅ​ក្នុង​ឆ្នាំ​២​០​១​៩​ ​លោក​ ប៊ឺ​រណា​ដ​ ខូ​ហេ​ន​ (​Be​rn​ar​d​ ​Co​hen​) ​ស្ថាបនិក​គេហទំព័រ​វប្បធម៌​-​អរិយធម៌​អង្គរ​ ​An​g​kor ​D​at​abase​ ​រួម​ទាំង​សហការី​ ​បាន​ចំណាយ​ពេល​១​៨​ខែ​ ​ឬ​ ​ជាង​១​ឆ្នាំ​ក្នុង​បេសកកម្ម​ស្រាវជ្រាវ​ពី​មត៌ក​ឯកសារ​នេះ​ឡើងវិញ​ ​ព្រមទាំង​ជីវប្រវត្តិ​និង​ព្រះរាជ​សកម្មភាព​កាលពី​សម្តេច​ព្រះរាជ​កនិដ្ឋា​នៅ​មាន​ព្រះជន្ម​។​ “ ​វិជ្ជា​រៀបចំ​ភោជនាហារ​ទាំងនេះ​ពិតជា​ឆ្លុះបញ្ចាំង​ពី​ឱជារស​ព្រះស្ងោយ​ដែល​សម្តេច​ ​នរោត្តម​ ​សី​ហ​នុ (​ព្រះ​បរម​រត​ន​កោដ្ឋ​) ​ទ្រង់​សព្វព្រះទ័យ​ ​ទ្រង់​មិន​សព្វព្រះទ័យ​ចំពោះ​ព្រះស្ងោយ​ដែល​មាន​រសជាតិ​ហឹរ​មុត​ខ្លាំង​នោះ​ទេ​។​ ​ប៉ុន្តែ​នៅ​ពេល​និពន្ធ​សៀវភៅ​នេះ​ ​សម្តេច​ព្រះរាជ​កនិដ្ឋា​ក៏​យក​ព្រះទ័យ​ទុកដាក់​ទ្រង់​ព្រះរាជ​តម្រិះ​ចំពោះ​ទំនោរ​រសជាតិ​អាហារ​សម្រាប់​ប្រជាជន​ខ្មែរ​ទាំងមូល​ផង​ដែរ​ ” ​លោក​បាន​ពន្យល់​។​ ​លោក​បាន​បន្ថែម​ថា​ ​នៅ​ក្នុង​អំឡុង​ពេល​នៃ​ការស្រាវជ្រាវ​ខាងលើ​ ​ក្រុម​ការងារ​របស់​លោក​បាន​ប្រមូល​សាក្សី​រស់​ ​ប​ណ្ណ​សារ​ឯកសារ​​​ដែល​នៅ​សេសសល់​ ​ព្រមទាំង​រូបថត​ក​ម្រ​ៗ​ជាច្រើន​ពាក់ព័ន្ធ​នឹង​ប្រធាន​បទ​ខាងលើ​ ​ក្រោម​ការ​ជួយជ្រោមជ្រែង​ជាពិសេស​ពីសំណាក់​ឯកឧត្តម​ ហ្ស៊ូ​លី​អូ​ ហ្ស៊ែ​ល​ដ្រេស៍ (Ju​l​i​o J​e​l​d​r​e​s) ​ប្រវត្តិវិទូ​ដ៏​ឆ្នើម​ដែល​សរសេរ​អំពី​ព្រះរាជពង្សាវតារ​នៃ​ព្រះរាជវង្សានុវង្ស​ខ្មែរ​ក្នុង​ពេល​បច្ចុប្បន្ន​។​

          ​លក្ខណៈ​ពិសេស​នៃ​សៀវភៅ​ខាងលើ​នេះ​គឺជា​សៀវភៅ​ស្នា​ព្រះ​ហ​ស្ថ​ព្រះ​រាជនិពន្ធ​ក​ម្រាស់​១​៨​៤​ទំព័រ​របស់​សម្តេច​ព្រះរាជ​កនិដ្ឋា​ ​នរោត្តម​ ​រស្មី​សោ​ភ័ណ្ឌ ​ដែល​ត្រូវជា​បិតុច្ឆា​ (​ម្តាយមីង​) ​របស់​ព្រះ​បរម​រត​ន​កោដ្ឋ​ ​និង​ត្រូវជា​ព្រះ​អយ្យកា​បិតុច្ឆា​ (​ជីដូនមីង​) ​របស់​ព្រះករុណា​ ​ព្រះបាទ​សម្តេច​ ​បរមនាថ​ ​នរោត្តម​សី​ហ​មុនី​។​ ​សៀវភៅ​នេះ​មាន​បង្ហាញ​ពី​សេចក្តី​ផ្តើម​ផ្នែក​ប្រវត្តិ​សា​ស្រ្ត ​ច្បាប់​បោះពុម្ពផ្សាយ​ជា​ភាសា​អង់គ្លេស​ពី​ទសវត្សរ៍​ឆ្នាំ​១​៩​៦​០​ពេញលេញ​ទាំងស្រុង​អម​ដោយ​ក្បួន​ម្ហូប​ចំនួន​៣​០​០​មុខ​ ​វិធី​ច​ម្អិ​ន​ម្ហូប​ជា​ភាសាខ្មែរ​ចំនួន​១​៧​០​មុខ​ដែល​ទ្រង់​ជ្រើសរើស​បោះពុម្ព​ក្នុង​ព្រឹត្តិ​ប​ត្រ​រាជវង្ស​ពី​ឆ្នាំ​១​៩​៧​០​ ​កម្រង​រូបថត​ឯកសារ​ចាស់​ថ្មី​ចំនួន​២​០​០​សន្លឹក​​និង​ មឺ​នុយ​អាហារ​៣​មុខ​ចំនួន​ប្រាំ​ឈុត​ដែល​ត្រូវ​បាន​សម្រិតសម្រាំង​ដោយ​នារី​ខ្មែរ​បី​រូប​ដែល​កំពុង​បម្រើ​ការងារ​ពាក់ព័ន្ធ​នឹង​វិ​ស័​យ​វប្បធម៌​បេតិកភណ្ឌ​ខ្មែរ​។​

          ​សូម​បញ្ជាក់​ជូន​មហាជន​ទាំងឡាយ​ឲ្យបាន​ជ្រាប​ថា​ ​សៀវភៅ​នេះ​មាន​តម្លៃ​២​១​ដុល្លារ​ក្នុង​មួយ​ក្បាល​ ​ដែល​ប្រាក់ចំណេញ​ពី​កា​រលក់​ទាំងអស់​នឹង​ត្រូវ​បរិច្ចាគ​ទៅកាន់​សមាគម​មូលនិធិ​ស្រ្តី​សម្តេច​រស្មី​សោភ័ណ​ដែល​មាន​ព្រះអង្គម្ចាស់ក្សត្រី​យ៍ ​នរោត្តម​ ​ម៉ា​រី​ ​ជា​ព្រះ​ប្រធាន​ ​និង​ទៅកាន់វត្តរស្មីសោភណារាម​នៅ​ក្នុង​ខេត្ត​កណ្តាល​ ​ដែល​យកឈ្មោះ​តាម​ព្រះនាម​សម្តេច​ព្រះរាជ​កនិដ្ឋា​។​ ​ប្រសិនបើ​មាន​ចំណាប់អារម្មណ៍​ ​អស់លោក​ ​លោកស្រី​ ​អ្នកនាង​ ​កញ្ញា​ ​អាច​ទាក់ទង​ជាវ​តាមរយៈ​ហាង​កាហ្វេ​ ​White Man​s​ion​ ​Ca​f​é (​ភ្នំពេញ​) ​បណ្ណាគារ​ ​M​y​ ​Book​shop​ ​Cam​bo​d​i​a​ (​ភ្នំពេញ​) ​សណ្ឋាគារ​ ​Temp​lat​ion​ ​An​g​kor ​Resort​ (​សៀមរាប​) ​សណ្ឋាគារ​ ​L​e​ R​e​l​a​i​s ​d​e​ C​h​h​long​ (​ក្រចេះ​) ​រី​សត​ ​Amber​ ​Resort​ (​កំពត​) ​និង​ ​នៅ​តាម​បណ្តា​ទីតាំង​ជាច្រើន​ទៀត​ដូច​មាន​ចែង​នៅ​ក្នុង​តំណ​ភ្ជាប់​ខាងក្រោម​នេះ៖

https://www.livingcambodia.asia/blog/


SUGGESTIONS