×

ពី​អតីត​ព្រះរាជដំណាក់​ក្លាយ​ជា​បារនីយដ្ឋាន​នៃ​សណ្ឋាគារ​ផ្កាយ​ប្រាំ​អន្តរជាតិ​ប្រចាំ​ក្រុង​ភ្នំពេញ

NEWS a month ago
 
 

            ស្ថិត​នៅ​តាម​បណ្តោយ​វិថីព្រះអង្គមគ្គវណ្ណ ឬ​ផ្លូវលេខ​១៧៨ អគារ​រចនាបថ​សម័យ​អាណានិគមបារាំង​ត្រូវ​បាន​ជួសជុល​កែលម្អ​យ៉ាង​ស្រស់​ប្រណិត ហើយ​ក្លាយ​ជា​ទី​តាំង​បារនីយដ្ឋាន​ដ៏​ទាន់​សម័យ​មួយ​ឈ្មោះ​ថា “The Attic” (ឌិអាតទិក) របស់​សណ្ឋាគារ Hyatt Regency ដែល​ជា​សណ្ឋាគារ​ផ្កាយ​ប្រាំ​លំដាប់​អន្តរជាតិ​ឈាន​មុខ​គេ​ថ្មី​ចុង​ក្រោយ​បង្អស់​ប្រចាំ​រាជធានីភ្នំពេញ។ ប្រតិស្ឋាន​ឡើង​ក្រោម​ដំបូល​ក្បឿង​ប៉ិត​ប្រពៃណី​នៃ​ស្ថាបត្យកម្ម​អគារ​បុរាណ​ដែល​មាន​ហោណាំងលយ​មក​មុខ​អម​ដោយ​ពន្លឺ​ភ្លើង​ស្រាល​ស្រទន់​ចាំង​ចិញ្ចែង The Attic បាន​ក្លាយ​ជា​ឋានសួគ៌​នៃ​បទពិសោធន៍​ទទួល​ទាន​រសជាតិ​សុរា និង​ចំណី​អាហារ​បែប​បស្ចិម​ប្រទេស​សម្រាប់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ក្នុង​បរិយាកាស​ដ៏​សែន​មាន​ន័យ​ជា​ទីបំផុត។​

            គ្រឿង​បង្គុំ​សំណង់​ឈើ​ផ្នែក​ខាង​លើ​ភ្ជាប់​ដោយ​អំពូល​ចង​ទម្លាក់​រំយោល​ពី​ពិតាន​មក​ចំផ្ទៃ​កណ្តាល​​ដែល​ជា​តុមូល​ធំ​​សម្រាប់​បម្រើ​ភេសជ្ជៈ ព័ទ្ធ​ជុំវិញ​ដោយ​ឈុត​សាឡុង​ពណ៌​ខ្មៅ​បែប​ក្លាស៊ីក​ជា​ច្រើន​ងាយ​ស្រួល​សម្រាប់​ភ្ញៀវ​ជ្រើសរើស​ទីតាំង​អង្គុយ​តាម​ចំណង់​ចំណូល​ចិត្ត។ នៅ​តាម​ជញ្ជាំង មាន​តម្កល់​ទូរ​កញ្ចក់​ខ្ពស់​ដាក់​តាំង​សៀវភៅ​អាន ព្រម​ទាំង​វត្ថុ​ប្រើប្រាស់​បែប​​បុរាណ​ជា​ច្រើន​ប្រភេទ​គួរ​ឲ្យ​ដើរ​គយគន់ ឬ ​ប្រើ​ជា​ផ្ទាំង​សម្រាប់​ថត​ជា​អនុស្សាវរីយ៍​មុន ឬ​ក្រោយ​ពេល​ទទួល​ទាន​ភោជនាហារ​ដ៏​សែន​មនោរម្យ​រួច។  ក្រៅ​ពី​បរិយាកាស​ដ៏​សែន​កក់ក្តៅ គួបផ្សំ​នឹង​ការ​រៀបចំ​កន្លែង​អង្គុយ​យ៉ាង​ប្រណិត​ហើយ​នោះ បារនីយដ្ឋាន​លំដាប់​ផ្កាយ​នេះ​មាន​បម្រើ​សេវាកម្ម​ស្រាក្រឡុក​ពោរពេញ​ដោយ​ឱជារស​ឆ្ងាញ់​ពិសា​ដែល​ជា​ថ្វី​ដៃ​របស់​បុគ្គលិក​ក្រឡុក​ស្រា​ជំនាញ​មិន​ធ្វើ​ឲ្យ​លោក​អ្នក​ខក​បំណង​ឡើយ។

            ចំណុច​ពិសេស​នៃ​ស្រាក្រឡុក​នៅ​ទី​នេះ​នោះ​គឺ ស្រា​ក្រឡុក​ប្រភេទ bespoke cocktail មាន​ន័យ​ថា​ ស្រាក្រឡុក​ដែល​តម្រូវ​រសជាតិ​ជូន​អតិថិជន​ម្នាក់ៗ។ ទន្ទឹម​នឹង​នេះ ក៏​នៅ​មាន​ជម្រើស​ស្រា​កម្រិត​ជាតិ​អាល់​កុល​ខ្ពស់​ដែល​ផលិត​ដោយ​ផ្ទាល់​ដៃ (hand-crafted spirits) ប្រភេទ​ស្រា​ក្រហម​ដែល​ត្រូវ​បាន​សម្រិត​សម្រាំង​ប្រកប​ដោយ​គុណភាព​ខ្ពស់ គួបផ្សំ​នឹង​ឈុត​អាហារ​ផ្សំ​ពី​សាច់​ក្លាស្សេ​ ឈីស និង​អាហារ​សម្រន់​ឆ្ងាញ់ៗ​ជា​ច្រើន​មុខ​ទៀត។ អ្វី​ដែល​មិន​អាច​បំភ្លេច​បាន​នោះ​គឺ​កម្មវិធី​ប្រគំ​តន្រ្តី​ឈ្មោះ​ថា “ JAZZ NIGHTS ” ដោយ​តារា​ចម្រៀង​ចង្វាក់​ហ្សាស​ល្បី​ឈ្មោះ Intan និង​ក្រុម​តន្រ្តី​របស់​នាង។ សូម​ចូល​មក​ទី​នេះ​ដើម្បី​ស្តាប់​តន្រ្តី​កំដរ​អារម្មណ៍​ក្នុង​ពេល​រាត្រី​ព្រម​ទាំង​ទទួល​ទាន​ភេសជ្ជៈ​តាម​តម្រូវ​ការ​បង្កើត​បាន​ជា​ព្រឹត្តិការណ៍​ផ្ទាល់​ខ្លួន​ពិសេស​គួរ​ចងចាំ។ កម្មវិធី​នេះ​មាន​ដំណើរ​ការ​ជា​រៀង​រាល់​ថ្ងៃព្រហស្បត្តិ៍ និង​ថ្ងៃសុក្រ ចាប់​ពី​ម៉ោង​ ៧:៣០យប់ ដល់​ម៉ោង ១០:៣០យប់៕  

Article by SRIN SOKMEAN

Image Courtesy: Hyatt Regency


SUGGESTIONS