ថ្ងៃសុក្រ ៩កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោងប្រមាណជាង៩ព្រឹក ប្រជាពលរដ្ឋខ្មែរក្មេងចាស់ប្រុសស្រីបានទទួលនូវដំណឹងមរណភាពដ៏ក្រៀមក្រំសោកសៅជាទីបំផុតតាមរយៈបណ្តាញសង្គមហ្វេសប៊ុកដោយលោកព្រឹទ្ធាចារ្យ ម៉ក់ កាណេន ឬ ទឹង វ៉ាន់ (ឈ្មោះសព្វថ្ងៃ) ដែលមហាជនទាំងឡាយស្គាល់ច្បាស់ថាជា “តាសាឡាត់” នោះបានលាចាក លោកនៅឯគេហដ្ឋានរបស់លោកនៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្នុងជន្មាយុ៨០ឆ្នាំដោយជំងឺរលាក សួត (មិនជាប់ពាក់ព័ន្ធនឹងជំងឺកូវីដ១៩) ដែលជាជំងឺប្រចាំកាយយូរឆ្នាំមកហើយ។
“យើងខ្ញុំទាំងអស់គ្នា សូមចូលរួមសម្តែងនូវសមានទុក្ខដ៏សែនក្រៀមក្រំនិងអាឡោះអាល័យជា មួយក្រុមគ្រួសារលោក ទឹង វ៉ាន់ ហៅ លោកតាសាឡាត់ ដែលបានបាត់បង់នូវជីតា ឪពុក ស្វាមី ជាទីគោរពស្រឡាញ់ប្រកបដោយព្រហ្មវិហារធម៌។ មរណភាពរបស់លោក ទឹង វ៉ាន់ ហៅ លោកតា សាឡាត់ គឺជាការបាត់បង់វីរសិល្បករដ៏ឆ្នើមមួយរូបធ្លាប់បានលើកស្ទួយវិស័យវប្បធម៌ខ្មែរ ជាពិសេសផ្នែកសិល្បៈចម្រៀងអាយ៉ៃ […]” នេះជាប្រសាសន៍របស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា ក្នុងលិខិត រំលែកទុក្ខជូនចំពោះលោកស្រី នូ សុភី ភរិយានៃសព ព្រមទាំងក្រុមគ្រួសារ។
Image Courtesy: ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
លោកតា សាឡាត់ កើតក្នុងឆ្នាំ១៩៤២ នៅឃុំកញ្ជ្រៀច ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង។ លោកជាកូនទី៦ ក្នុងចំណោមបងប្អូនបង្កើតសរុបចំនួន០៨នាក់។ ឪពុកមានឈ្មោះ ម៉ក់ មាស និង ម្តាយឈ្មោះ ហែម សឹម ជាកសិករទាំងពីរនាក់។ កាលពីនៅវ័យកុមារ លោកបានសិក្សានៅសាលាវត្តមហាលាភ ឃុំមហាលាភ ស្រុកកោះសូទិន ខេត្តកំពង់ចាម ហើយនិងបន្តការសិក្សាចូលវិទ្យាល័យព្រះសីហនុ ក្រុង កំពង់ចាម មុននឹងសម្រេចចិត្តឈប់រៀនហើយដើរតាមវិថីសិល្បៈក្នុងឆ្នាំ១៩៦៥។ លោកបានមកទីក្រុង ភ្នំពេញ ហើយចាប់ផ្តើមលេងអាយ៉ៃក្នុងក្រុមនាងសាទុំ អ្នកចម្រៀងអាយ៉ៃដ៏មានប្រជាប្រិយភាពមួយរូប នៅម្តុំទួលទំពូងកាលពីសម័យសង្គមរាស្រ្តនិយម។ លោកជាប់ឈ្មោះថាស្មៀនសាឡាត់ដោយសារតែ មហាជនទាំងឡាយល្បីថាលោកច្រៀងអាយ៉ៃមានទឹកដមសំឡេងស្រដៀងនឹងតាសាលួត តារាអាយ៉ៃ ជួរមុខមួយដួងកាលពីជំនាន់នោះ ទើបដាក់ឈ្មោះថា សាឡាត់ឲ្យជួននឹងតាសាលួតដែលជាសិល្បករ រៀមច្បងល្បីឈ្មោះរួចមកហើយ។
ចំពោះស្នាដៃការងារវិញ លោកធ្លាប់បានបណ្ណសរសើរចំនួនពីរកាលពីសម័យសង្គមរាស្រ្តនិយម ក្នុងនោះរួមមាន មួយសន្លឹកជាព្រះរាជទានរបស់សម្តេចព្រះប្រមុខរដ្ឋ នរោត្តម សីហនុ (ព្រះបរមរតន កោដ្ឋ) និង មួយសន្លឹកទៀតទទួលបានពីក្រសួងមហាផ្ទៃ។ ចាប់តាំងពីក្រោយរបបខ្មែរក្រហម ១៩៧៩ រហូតមកដល់ពេលបច្ចុប្បន្ន ក៏លោកធ្លាប់ទទួលបានបណ្ណសរសើរនិងមេដាយការងារជាច្រើនដងដែរពី រាជរដ្ឋាភិបាលកម្ពុជាក្នុងនាមជាវរសិល្បករផ្នែកអាយ៉ៃ។ អ្វីដែលសំខាន់ជាងគេនោះ គឺ រឿងវីដេអូកំប្លែង ដែលមានចំណងជើងថា “តាភោគ” ថតក្នុងអំឡុងទសវត្សរ៍ឆ្នាំ១៩៩០ ធ្វើឲ្យកេរ្តិ៍ឈ្មោះរបស់លោក ផ្ទុះកក្រើកជាថ្មីម្តងទៀត ហើយជាប់ឈ្មោះជា “តាភោគ” តួអង្គសេដ្ឋីកំណាញ់ក្រៅតម្រា ដែលប្រជាពល រដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេសចងចាំជាប់រហូតមកដល់សព្វថ្ងៃ។ មិនត្រឹមតែប៉ុណ្ណោះ ជាញឹកញាប់ លោកតែងតែត្រូវបានអ្នកដឹកនាំកម្មវិធីទូរទស្សន៍នានាអញ្ជើញឡើងសម្តែងអាយ៉ៃចាប់ដៃគូជាមួយតារា អាយ៉ៃជើងចាស់ផ្នែកស្រ្តីដែលនៅរស់រានមានជីវិត រួមមាន លោកស្រី នួន សារី ហៅ យាយយ៉យ លោកស្រី សួស សំអឿន ហៅយាយអឿន និង លោកស្រី អ៊ុក សុផា ជាដើម។
បើតាមការបញ្ជាក់របស់ក្រុមគ្រួសាររបស់លោក សពរបស់លោកនឹងត្រូវដង្ហែចេញពីគេហដ្ឋាន របស់លោកនៅវេលាម៉ោង៧ព្រឹកទៅបូជាតាមប្រពៃណីនៅថ្ងៃអាទិត្យ ទី២០ ខែមិថុនា នេះ នៅឈាបន ដ្ឋានវត្តអង្គតាមិញ ភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ រីឯពិធី បុណ្យគម្រប់៧ថ្ងៃនឹងត្រូវប្រារព្ធធ្វើនៅអាសយដ្ឋានផ្ទះលេខ១៣៧ ផ្លូវលេខ១១B ភូមិត្រពាំងឈូក សង្កាត់ ទឹកថ្លា ខណ្ឌសែនសុខ នៅថ្ងៃពុធ ទី២៤ ខែមិថុនា ឆ្នាំ២០២១ ខាងមុខនេះ វេលាម៉ោង ៣ រសៀល ជួបជុំ ពុទ្ធបរិស័ទញាតិមិត្តជិតឆ្ងាយ សូត្រមន្ត សំដែងធម៌ទេសនា។ លុះព្រឹកឡើងថ្ងៃព្រហស្បត្តិ៍ ទី២៤ ខែ មិថុនា ម៉ោង ០៩ព្រឹក ដារឆ្លងជាកិច្ចបង្ហើយបុណ្យ៕
Article by SRIN SOKMEAN
Image Courtesy: ក្រុមគ្រួសារលោក ទឹង វ៉ាន់