ពិតជាច្នៃប្រតិដ្ឋមែន! អាហារសម្រន់រៀបចំក្នុងប្រអប់ក្រោមថ្វីដៃកូនខ្មែរ
TRAVEL & LIVING 3 years ago វេចខ្ចប់ក្នុងប្រអប់បួនជ្រុងតុបតែងពោរពេញទៅដោយ សាច់ បន្លែ ផ្លែឈើ គ្រាប់ធញ្ញាជាតិ លម្អដោយផ្កាចម្រុះ ហាក់ត្រូវបានរៀបចំយ៉ាងយកចិត្តទុកដាក់ និងប្រកបដោយក្តីស្រឡាញ់បំផុត។ ប្រណីតភាពនៃសិល្បៈតុបតែងបានធ្វើឲ្យអាហារមួយប្រអប់ប្រៀបបាននឹងកាដូ ហើយក៏ជាអាហារសម្រន់ក្លែមស្រាដ៏ពិសេសមួយសម្រាប់ការជួបជុំ។ ពិតប្រាកដណាស់ នេះជាភាពល្អឯកមួយរបស់ លីឃ៊័រ & សូស្យល អាហ្វហ្វ៊ែរ (Liquor & Social Affairs) ដែលជាអ្នកឯកទេសខាងសិល្បៈរៀបចំភេសជ្ជៈនិងអាហារជប់លៀង។
ផ្តួចផ្តើមឡើងដោយស្ថាបនិកស្ត្រីខ្មែរវ័យក្មេងមួយរូប Liquor & Social Affairs គឺជាគម្រោងពោរពេញដោយក្តីស្រឡាញ់ដែលបានចាប់ផ្តើមកាលពីខែតុលាឆ្នាំទៅមិញ។ គំនិតនៃការរៀបចំអាហារក្នុងប្រអប់នេះ ស្ថាបនិកបានផុសគំនិតឡើងពីក្តីស្រឡាញ់នៃការជួបជុំ និងការជប់លៀងសម្រាប់ក្រុមគ្រួសារ និងមិត្តភក្តិ។ “ យើងជឿជាក់ថាការជួបជុំ និងជប់លៀងគួរតែសប្បាយរីករាយទាំងអស់គ្នា ពេលខ្លះការរៀបចំអាហារអាចមានភាពស្មុគស្មាញ ដូច្នេះពួកយើងនឹងផ្តល់ភាពងាយស្រួលហើយធ្វើវាសម្រាប់អ្នក ដោយសម្រាំងជ្រើសរើសផលិតផលដែលមានអ្វីៗគ្រប់យ៉ាងសម្រាប់បែបបទនៃការទទួលទាន និងភេសជ្ជៈ។”
ប្រអប់អាហារនេះមិនត្រឹមតែជាវិធីធ្វើឲ្យយើងបានជួបជុំគ្នាប៉ុណ្ណោះទេ ថែមទាំងជាកាដូពិសេសសម្រាប់ការជួបជុំផងដែរ។ នៅខណៈនេះ Liquor & Social Affairs មានទទួលរៀបចំទាំង អាហារប្រអប់ ស្រា ភេសជ្ជៈជំនួយកុំឲ្យស្រវឹង និងគ្រឿងផ្សំរៀបចំអាហារផ្សេងៗមានគុណភាពខ្ពស់។ សម្រាប់អាហារប្រអប់ទាំងអស់គឺរៀបចំតម្រូវទៅតាមចំណង់ចំណូលចិត្តអតិថិជន និងព្យាយាមរៀបចំក្នុងតម្លៃសមរម្យមួយដែលអាចទទួលយកបាន។
ការរៀបចំក្នុងប្រអប់ ស្ថាបនិក Liquor & Social Affairs បានឲ្យដឹងថា “យើងព្យាយាមប្រើផលិតផលក្នុងស្រុក និងផលិតផលដែលមានទៅតាមរដូវកាល។ ជាក់ស្តែងដូចជា ផ្លែមនឬ mulberry យកពីខេត្តបាត់ដំបង និងទឹកឃ្មុំយកពីខេត្តព្រះវិហារជាដើម។ យើងសង្ឃឹមថានៅពេលខាងមុខ យើងនឹងអាចនាំយកជម្រើសផលិតផលក្នុងស្រុកឲ្យកាន់តែច្រើនជាងនេះ។ ចំពោះអាហារបរទេសវិញ ដូចជា ឈីស និងសាច់កាត់បន្ទះពពួក Coldcut រួមនឹងគ្រឿងផ្សេងៗទៀត យើងនាំចូលពីអឺរ៉ុប។” ស្ថាបនិកបញ្ជាក់ទៀតថា « កន្លែងរៀបចំអាហាររបស់យើងបានផ្តោតចម្បងទៅលើអនាម័យ ក្រុមការងារយើងធ្វើការលាងសម្អាតដៃត្រឹមត្រូវ ប្រើស្រោមដៃ និងរក្សាអនាម័យកន្លែងរៀបចំជានិច្ច ជាពិសេស កន្លែងទុកដាក់អាហារកក។
បច្ចុប្បន្ន Liquor & Social Affairs បានកំពុងសហការជាមួយដៃគូមួយចំនួនដើម្បីជ្រើសរើសប្រភេទស្រាពិសេសៗ និងមានគុណភាពខ្ពស់។ មិនតែប៉ុណ្ណោះ Liquor & Social Affairs ក៏គម្រោងផលិតស្រាផ្ទាល់ខ្លួនផងដែរ ដែលនឹងលេចរូបរាងនាពេលខាងមុខ។
រាល់ប្រអប់នីមួយៗមុនពេលបញ្ចូនទៅកាន់អតិថិជន Liquor & Social Affairs យកចិត្តទុកដាក់បំផុតទៅលើគុណភាពគ្រឿងផ្សំ ដោយត្រូវប្រាកដថាពេលដល់ដៃអតិថិជននឹងនៅតែស្រស់ៗហើយឆ្ងាញ់។ ដូច្នេះនៅពេលកុម្មង់ភ្លាមនឹងចាប់ផ្តើមធ្វើឲ្យភ្លែត ហើយដឹកជញ្ចូនទៅកាន់អតិថិជនឆាប់រហ័សបំផុត។ «យើងសង្ឃឹមថាអតិថិជននឹងទទួលបានការស្រឡាញ់ និងការថ្នាក់ថ្នមដែលយើងបានដាក់នៅក្នុងប្រអប់នេះ»។ ប្រអប់អាហារសម្រន់របស់ Liquor & Social Affairs មានតម្លៃចាប់ពី ២៥ដុល្លារឡើងទៅ។ សម្រាប់ការបញ្ជាទិញអ្នកអាចចូលទៅកាន់ផេក Facebook និង Instagram: Liquor and Social Affairs ៕
Article by HEM SOKKHIM
Image Courtesy: Liquor & Social Affairs