ពីអនុស្សាវរីយ៍ជិះស៊ីក្លូកាលវ័យកុមារក្លាយជាចលនាសង្គមជួយអ្នកធាក់ស៊ីក្លូ
NEWS 3 years agoLocal4Local (លូខលហ្វរលូខល) ដែលជាភាសាខ្មែរមានន័យថា ប្រជាជនក្នុងស្រុកដើម្បីប្រជាជន ក្នុងស្រុកគឺជាគម្រោងសប្បុរសធម៌ជួយសង្គមក្នុងទម្រង់ថ្មីមួយដែលមិនធ្លាប់មានពីមុនមកនៅក្នុងប្រ ទេសកម្ពុជា។ គម្រោងនេះត្រូវបានផ្តួចផ្តើមគំនិតនិងអនុវត្តនៅក្នុងទីក្រុងភ្នំពេញក្នុងអំឡុងពេលបិទខ្ទប់នៃ ការរាតត្បាតនៃជំងឺកូវីដ១៩ដោយយុវជនខ្មែរមួយរូបឈ្មោះ តាំង ហ៊ួងហាវ វ័យ២១ឆ្នាំ ជានិស្សិតឆ្នាំទី ៣ នៃសាកលវិទ្យាល័យមួយនៅសហរដ្ឋអាមេរិក។
ជួបសម្ភាសតាមប្រព័ន្ធអេឡិកត្រូនិកជាមួយសូវរីន យុវស្ថាបនិកគម្រោងរូបនេះបានណែនាំខ្លួនថា រូបគេមានដើមកំណើតនៅរាជធានីភ្នំពេញប៉ុន្តែបានបន្តការសិក្សាជំនាញខ្សែសង្វាក់ផ្គត់ផ្គង់និងគ្រប់គ្រងប្រតិបត្តិការ (Supply Chain and Operations Management) នៅឯសាកលវិទ្យាល័យ St. Thomas។ ដំបូងឡើយ គេគ្រាន់តែមានបំណងមកលេងក្រុមគ្រួសារនៅស្រុកខ្មែររយៈពេលបីខែតែប៉ុណ្ណោះប៉ុន្តែ ដោយសារតែការផ្ទុះឡើងនៃវិបត្តិកូវីដ១៩ គេក៏បានជាប់នៅទីនេះហើយសម្រេចចិត្ត ព្យាយាមស្វែង រកគម្រោងការងារសង្គមខ្លះដើម្បីធ្វើក្នុងអន្តរកាលនេះ។ ជាជំហានដំបូង មុននឹងឈានដល់គម្រោង Local4Local ដែលផ្ទុះខ្លាំងក្នុងបណ្តាញសង្គមក្នុងពេលថ្មីៗនេះ យុវជនរូបនេះបានចាប់ផ្តើមគម្រោង មួយដែលមានឈ្មោះថា Christmas for Cyclo ក្នុងអំឡុងខែធ្នូ ឆ្នាំ២០២០ ដែលអាចរៃអង្គាសថវិកា ជូនអ្នកធាក់ស៊ីក្លូនៅភ្នំពេញបានជិត៥០០០ដុល្លារក្នុងរយៈពេលត្រឹមតែមួយខែប៉ុណ្ណោះ។
“ហេតុផលដែលជម្រុញគឺជាការចងចាំមួយដែលខ្ញុំចាំជាមួយលោកយាយរបស់ខ្ញុំដែលបានខូច កាលពីបីឆ្នាំមុន។ ពេលដែលនៅក្មេងជិះស៊ីក្លូទៅទិញនំគ្រក់ ជិះស៊ីក្លូទៅមាត់ទន្លេរាំជាមួយគាត់ អ៊ីចឹង ទៅក្លាយជាការចងចាំដែលដក់ជាប់។ (ក្រោយមក) ខ្ញុំបានជួបនឹងតាស៊ីក្លូម្នាក់ឈ្មោះ តាសាន់ ដែលរត់ ស៊ីក្លូនៅតាមមាត់ទន្លេ ដោយសារសមាគមស៊ីក្លូ […] ខ្ញុំក៏ចាប់អារម្មណ៍” លោកបានបកស្រាយអំពីមូលហេតុដែលញ៉ាំងឲ្យលោកមាននិស្ស័យជាមួយនឹងស៊ីក្លូ។ បន្ទាប់ពីបានឈ្វេងយល់ពីជីវិតរស់នៅជាក់ស្តែងរបស់លោកតាស៊ីក្លូម្នាក់នោះរួចមក ហ៊ួងហាវក៏ទាក់ទងស្នើខាងសមាគមស៊ីក្លូបង្កើតគម្រោងផ្សេងៗជាបន្តបន្ទាប់ចាប់តាំងពីពេលនោះមក។
ដោយឡែកចំពោះយុទ្ធនាការចែកស្បៀងអាហារ Local4Local ស្ថាបនិកដដែលបានបញ្ជាក់ថា លោកធ្លាប់ឃើញរថយន្តដឹកអាហារនៅមហាវិទ្យាល័យនៅសហរដ្ឋអាមេរិក ហើយលោកក៏មានគំនិតចង់យកវាមកសាកល្បងប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា។ លោកហាក់ដូចជាមានការស្ទាក់ស្ទើរខ្លះដែរនៅ ក្នុងជំហានដំបូងពីព្រោះពុំទាន់ដឹងថាធ្វើវាឲ្យលេចជារូបរាងដោយរបៀបណា។ ទោះបីជាយ៉ាងណា ក៏លោកនៅតែសាកល្បងទាក់ទងស្នើគម្រោងនេះទៅកាន់សមាគមស៊ីក្លូ ហើយទទួលបាននូវលទ្ធផល វិជ្ជមានតបមកវិញ។ លោកបានធ្វើរឿងនេះឡើងមួយថ្ងៃមុនថ្ងៃខួបកំណើតរបស់លោកផ្ទាល់ក្នុងអំឡុង ដើមខែមេសា ផ្តើមចេញពីការបំផុសក្រុមតូចមួយដែលស្គាល់គ្នាហើយចែករំលែកនៅលើ Instagram មុននឹងឈានដល់ការបង្ហោះជាបន្តបន្ទាប់នៅលើបណ្តាញសង្គមហ្វេសប៊ុកដូចសព្វថ្ងៃ។ តាមរយៈតែបណ្តាញ Instagram មួយមុខ ជាជំហានដំបូងនោះ លោកបានរៃអង្គាសបានថវិការហូតជាង១ម៉ឺន ដុល្លារដើម្បីយកទៅផ្គត់ផ្គង់ជាស្បៀងអាហារជូនអ្នកធាក់ស៊ីក្លូដែលជួបប្រទះនូវការខ្វះខាតក្នុងអំឡុង ពេលអាសន្នអន្ធក្រនេះ។ ពេលនោះលោកបានចែករំលែកម្ហូបអាហារប្រមាណ៣០០-៤០០កញ្ចប់ក្នុង មួយថ្ងៃទៅកាន់តំបន់ចំនួន៨ដែលបានកំណត់។
លោកបានសម្តែងនូវក្តីរំភើបឥតឧបមា “វាលើសពីអ្វីដែលខ្ញុំរំពឹងទុក។ ខ្ញុំធ្លាប់រំពឹងថាវានឹងក្លាយជា គម្រោងរយៈពេលវែងដែរ តែមិនមែនទ្រង់ទ្រាយធំដុំនោះទេ”។ ផ្តើមចេញពីការផ្តោតសំខាន់លើកម្មករស៊ីក្លូ គម្រោងនេះបានពង្រីកវិសាលភាពរបស់ខ្លួនទៅដល់ការជួយចំពោះអ្នករស់នៅតំបន់ក្រហម (តំបន់ បិទខ្ទប់) ជនអនាថារស់នៅតាមចិញ្ចើមផ្លូវ និង ជនក្រីក្រនៅតាមបណ្តាខេត្តមួយចំនួនផងដែរ។ បច្ចុប្បន្ន លោក កំពុងទាក់ទងខាងស្ថាប័នផ្សេងៗដើម្បីក្លាយជាដៃគូសហការបង្កើតគម្រោងជួយសង្គមថ្មីៗ តួយ៉ាង ក្រុមហ៊ុន Prudential Cambodia ជាដើម ក្នុងគោលបំណងលើកស្ទួយសហគមន៍ស៊ីក្លូនៅកម្ពុជា។ លោក កំពុងត្រៀមខ្លួនអនុវត្តគម្រោងចំនួន៥ក្នុងនោះរួមមាន Cyclo Pantry (ទូរចែកអាហារដែលពង្រីកដល់១០ទីតាំង), Food Coupon (បណ្ណទទួលអាហារ), Futuristic Cyclo Competition (កម្មវិធីប្រកួតស៊ីក្លូឆ្ពោះទៅ កាន់អនាគត), ហាងស្តុកចែកចាយអាហារ និង កម្មវិធីស្ម័គ្រចិត្តចូលរួមពីខាងសំណាក់សិស្សសាលា។
ជាចុងក្រោយ លោកសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមិត្តភក្តិ និង សប្បុរសជនជិត ឆ្ងាយទាំងអស់ដែលបានចូលរួមចំណែកក្នុងយុទ្ធនាការជួយសង្គមទាំងអស់គ្នាប្រកបដោយទំនុកចិត្ត “នៅពេលដែលមនុស្សមានចិត្តសប្បុរស នោះពិភពលោកនឹងកាន់តែប្រសើរ”។ ឆ្លៀតក្នុងខណៈនេះដែរ លោកក៏សុំអភ័យទោសពីសំណាក់ពុកម៉ែបងប្អូនសប្បុរសជនទាំងឡាយចំពោះរាល់ចំណុចខ្វះខាត ពីព្រោះលោកនៅជានិស្សិតនៅឡើយ។ លោកត្រូវចំណាយពេលរៀនពេញម៉ោង មមាញឹកនឹងការងារ សាលាច្រើន ហើយម្យ៉ាងទៀត ពេលវេលានៅកម្ពុជានិងនៅសហរដ្ឋអាមេរិកខុសគ្នាដែលធ្វើឲ្យពិបាក ក្នុងការសម្របជាមួយពេលវេលា។ ដូចនេះ សូមឲ្យអ្នកទាំងអស់គ្នាមេត្តារក្សាសុខភាពផ្លូវចិត្តឲ្យបានរឹងមាំព្រោះវាជាការពិតដែលយើងម្នាក់ឯងមិនអាចជួយមនុស្សបានគ្រប់គ្នាទាំងអស់នោះទេ។ យើងគ្រាន់តែ ព្យាយាមជួយតាមលទ្ធភាពផ្ទាល់ខ្លួនតែប៉ុណ្ណោះ៕
Article by SRIN SOKMEAN