×

មាតិកា​ថ្មី​របស់​ ​ZERO​W​ ​អង្រួន​ចិត្ត​យុវជន​បន្ត​ការរស់នៅ​ដោយ​គ្មាន​កាកសំណល់​

NEWS a week ago
 
 

           ​ប្រិយ​មិត្ត​ដែល​និយម​ប្រើប្រាស់​ប្រព័ន្ធ​បណ្តាញ​សង្គម​ភាគច្រើន​ប្រាកដជា​បាន​ស្គាល់​នូវ​គណនី​ទំព័រ​ហ្វេសប៊ុក​ (​Face​book​ ​Page​) ​ឈ្មោះថា​ ​«​ZERO​W​»​ ​ដែល​តែងតែ​ចែករំលែក​នូវ​វីដេអូ​អប់រំ​ទាក់ទង​នឹង​ចំណេះ​ដឹង​ទូទៅ​ទាក់ទង​នឹង​ការ​ប្រើប្រាស់​សម្ភារ​ប្រចាំថ្ងៃ​ ​ការ​ចែករំលែក​នូវ​បទពិសោធន៍​ ​ក៏ដូចជា​ការសាកល្បង​ ​និង​កែច្នៃ​នូវ​វត្ថុធាតុដើម​ទៅជា​សម្ភារ​ប្រើប្រាស់​បន្ថែម​ផ្សេងទៀត​ដូចជា​៖​ ​ការ​ធ្វើ​ក្រែម​បន្ទន់​សក់​ដោយ​ប្រើប្រាស់​គ្រឿងទេស​ក្នុង​ផ្ទះបាយ​ ​ការ​ធ្វើ​ភេសជ្ជៈ​សម្រាប់​សុខភាព​ជាដើម​ផង​ដែរ​។​ ​ដោយមាន​ការ​គាំទ្រ​ពីសំណាក់​យុ​វ​វ​ជន​គ្រប់​មជ្ឈដ្ឋាន​បាន​ធ្វើឲ្យ​គណនី​ទំព័រ​ហ្វេសប៊ុក​ ​«​ZERO​W​»​ ​បង្កើត​មាតិកា​ថ្មី​បន្ថែម​ទៀត​ ​ដើម្បី​ជា​ផ្នែក​មួយ​ជំរុញ​ទឹកចិត្ត​យុវជន​បន្ត​សកម្មភាព​កាត់បន្ថយ​ការប្រើប្រាស់​សម្ភារ​ដែល​មានផល​ប៉ះពាល់​ដល់​បរិស្ថាន​ផង​ដែរ​។​

           ជំនួប​ជាមួយនឹង​ស្ថាបនិកា​ ​«​ZERO​W​»​ ​កញ្ញា​ ​ឪ​ក​ ​សុចិន្តា​ ​មាន​ការសិក្សា​បរិញ្ញា​ប័ត្រ​លើ​មុខជំនាញ​រដ្ឋបាល​អាជីវកម្ម​នៃ​សាកលវិទ្យាល័យ​ ​P​écs ​ប្រទេស​ហុង​គ្រី ​បាន​បង្ហាញ​បទពិសោធន៍​ផ្ទាល់​ ​និង​កត្តា​សំខាន់​ៗ​មួយ​ចំនួន​បណ្តាល​ចិត្ត​ឲ្យ​កញ្ញា​បង្កើត​ ​ZERO​W​ ​ក៏​ព្រោះតែ​កញ្ញា​រស់នៅ​ស្ថិត​ក្នុង​បរិ​បទ​ដែល​គ្មាន​កាកសំណល់​ហើយ​ដូច្នេះ​វា​ជា​ចំណុច​ចាប់ផ្តើម​របស់​កញ្ញា​ក្នុង​ការ​ចែករំលែក​វិធីសាស្ត្រ​ទាំងនោះ​មកកាន់​ប្រជាជន​ខ្មែរ​។​ ​ប្រមាណ​ជាង​ប៉ុន្មាន​ឆ្នាំ​កន្លងទៅ​ប្រជាជន​ខ្មែរ​ពុំ​ទាន់​បាន​ជ្រាប​ច្បាស់​ព័ត៌មាន​ ​ឬ​ចំណេះ​ដឹង​នានា​ទាក់ទង​នឹង​ការ​ថែរក្សា​ ​ឬ​ផល​ប៉ះពាល់​ដែល​កើត​ចេញពី​សកម្មភាព​ប្រចាំថ្ងៃ​របស់​ពួកគេ​នោះ​ទេ​ ​តួយ៉ាង​ ​កា​របោះ​ចោលសំរាម​ឥត​សណ្តាប់ធ្នាប់​ ​ឬ​ការប្រើប្រាស់​សម្ភារ​វេច​ខ្ចប់​អាហារ​ដោយ​ប្រើ​ប្លាស្ទិក​ ​ហើយ​នេះ​ជា​ផល​ប៉ះពាល់​ដល់​សោភ័ណ​ភាព​បរិស្ថាន​បំផុត​។​ ​ដោយ​សម្លឹង​ឃើញ​ថា​សកម្មភាព​ទាំងនេះ​បាន​បិទបាំង​សម្រស់​បរិស្ថាន​ ​ហើយ​ផ្គួប​ផ្សំ​ជាមួយនឹង​ការ​ស្រឡាញ់​ ​និង​ការរស់នៅ​ក្នុង​បរិ​បទ​ថ្មី​របស់​ ​កញ្ញា​ ​សុចិន្តា​ ​ចាប់ផ្តើម​ចែករំលែក​វីដេអូ​ដំបូង​ដែល​ស្តី​អំពី​ការរស់នៅ​ដោយ​គ្មាន​កាកសំណល់​នោះ​ក្នុង​លក្ខណៈ​ការ​ក​ម្សាន្ត​តែប៉ុណ្ណោះ​ ​ប៉ុន្តែ​សន្ទុះ​នៃ​ការ​គាំទ្រ​វីដេអូ​នោះ​ដែរ​ពិតជា​ទទួល​បានការ​គាំទ្រ​យ៉ាង​ខ្លាំង​ដែល​ជំរុញ​ទឹកចិត្ត​កញ្ញា​បន្ថែម​ទៀត​ក្នុង​ការ​ផលិត​មាតិកា​វីដេអូ​បន្ថែម​លើស​សប់​ដង​។​ ​សម្រាប់​មាតិកា​ដែល​ត្រូវ​បាន​បង្កើត​ឡើង​លើ​គណនី​ទំព័រ​ហ្វេសប៊ុក​បែង​ចែកចេញជា​ ​ការ​ផលិត​វីដេអូ​ ​ឬ​រូប​ភាពទូទៅ​ ​ការ​បង្ហាញ​ព័ត៌មាន​ដ្យា​ក្រាម​ (​in​f​o​graphic​) ​និង​ការផ្សាយ​ផ្ទាល់​ ​តួយ៉ាង​ ​សម្រាប់​ការ​បង្ហោះ​ផ្នែក​វីដេអូ​ផ្សាយ​លើ​បណ្តាញ​សង្គម​ជាទូទៅ​មាន​ចំនួន​ ​១​ វីដេអូ​ក្នុង​មួយ​ស​ប្តាហ៍ ​ការ​បង្ហាញ​ព័ត៌មាន​ដ្យា​ក្រាម​ (​in​f​o​graphic​) ​មាន​ចំនួន​២​ ​ក្នុង​មួយ​ខែ​ ​ការផ្សាយ​ផ្ទាល់​ចំនួន​១​ដង​ក្នុង​មួយ​ខែ​ ​និង​មាន​​​រូបភាព​ព័ត៌មាន​ដទៃផ្សេងៗ​ទៀត​ (​ស្ថិត​តាម​ស្ថានភាព​ជាក់ស្តែង​)​។​ ​«​ZERO​W​»​ ​ជា​ពាក្យកាត់​របស់​ភាសា​អង់គ្លេស​ ​Zero​ ​Waste​ ​បកប្រែ​ជា​ភាសាខ្មែរ​មានន័យ​ថា​ ​កាកសំណល់​សូន្យ​ ​ឬមួយ​បែប​ទៀត​ថា​ ​គ្មាន​កាកសំណល់​ ​បាន​បង្ហាញ​វត្តមាន​របស់​ខ្លួន​ប្រមាណ​ជាង​២​ឆ្នាំ​មក​ហើយ​គិត​មកដល់​សព្វថ្ងៃនេះ​។​ ​

ជាក់ស្តែង​ ​ថ្មីៗ​នេះ​នៅ​លើ​បណ្តាញ​សង្គម​របស់​ ​ZERO​W​ ​បាន​ចែករំលែក​វិធីសាស្ត្រ​នៃ​ការ​ដាំដំណាំ​សុវត្ថិភាព​ដោយខ្លួនឯង​ពុំ​ចាំបាច់​ប្លាស្ទិក​ ​វិធីសាស្ត្រ​ក្នុង​ការ​កែច្នៃ​វត្ថុធាតុដើម​ទៅជា​ផលិតផល​ថែរក្សា​សម្រស់​ដូចជា​៖​ ​ការ​ធ្វើ​ម៉ាស់​សន្លឹក​​បិទ​មុខ​ ​ឬ​ការ​ធ្វើ​សាប៊ូ​កក់សក់​ ​និង​ការផ្សាយ​ផ្ទាល់​សំណេះសំណាល​ជាមួយនឹង​វាគ្មិន​ដទៃ​ផ្សេងទៀត​ក្នុង​ការពិភាក្សា​វែកញែក​ប្រធាន​បទ​ ​និង​ចំណេះ​ដឹង​ទូទៅ​បន្ថែម​ផង​ដែរ​។​

           ​ថ្វី​ដ្បិតតែ​ការ​កាត់បន្ថយ​ប្រើប្រាស់​ប្លាស្ទិក​របស់​ប្រជាជន​ខ្មែរ​នៅ​មាន​ក​ម្រិ​ត​ក៏ដោយ​ ​ប៉ុន្តែ​ប្រសិនបើ​យើង​ប្រៀប​ធៀប​ពី​អតីតភាព​នោះ​ ​បច្ចុប្បន្ន​ប្រជាជន​ខ្មែរ​បាន​យល់ច្បាស់​ពី​អវិជ្ជមាន​ភាព​របស់​ការប្រើប្រាស់​ប្លាស្ទិក​កាន់តែ​ទូលាយ​ ​និង​មានការ​អនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន​ជាង​មុន​ទៅទៀត​។​ ​ជាពិសេស​ ​ការចូលរួម​ទប់​ស្កាត់​របស់​យុវជន​ជំនាន់​ក្រោយ​ ​ការ​ច្នៃ​ប្រតិដ្ឋ​លើ​សម្ភារ​ប្រើប្រាស់​មិន​ប៉ះពាល់​បរិស្ថាន​ដូចជា​៖​ ទុ​យោ​ដែក​ ​ដប​ទឹក​ដែក​ ​កា​រវេច​ខ្ចប់​ប​អាហារ​ដោយ​ប្រើប្រាស់​ស្លឹក​ឈូក​ ​ការ​ប្រើ​ថង់​ក្រណាត់​ជំនួស​ដោយ​ការ​ប្រើ​ថង់​ប្លាស្ទិក​ដូច្នេះ​ដែរ​។​ ​ជាចុងក្រោយ​ ​កញ្ញា​ ​សុចិន្តា​ ​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​របស់​ខ្លួន​យ៉ាងដូច​នេះ​ថា​ ​«​ការ​ចូល​របស់យើង​ទាំងអស់គ្នា​ជា​ចំណែក​មួយ​ដែល​បាន​សង្គ្រោះ​ពិភពលោក​ទាំងមូល​ផង​ដែរ​ ​ម៉្យាងវិញទៀត​នោះ​ ​ការ​កែច្នៃ​សម្ភារ​ឡើង​ ​វិញ​ក៏​ជា​ចំណែក​មួយ​ដែល​ជួយ​សន្សំសំចៃ​ប្រាក់កាក់​យើង​ផង​ដែរ​ ​ដូច្នេះ​សង្ឃឹម​ថា​ប្រជាជន​ខ្មែរ​នៅ​បន្ត​អនុវត្តន៍​និង​បន្ត​ការប្រើប្រាស់​សម្ភារ​ដែល​មាន​ឲ្យអស់​ពី​លទ្ធភាព​តាមដែល​អាច​ធ្វើ​ទៅ​បាន»​!​៕​

​Article​ ​by​ ​Pan​ S​i​v​l​y​


 


SUGGESTIONS