×

សកម្មភាព​អភិ​រក្ស​តម្បាញ​ក្រចៅ​នៅ​សហគមន៍​មួយ​នៃ​ខេត្ត​បាត់​ដំបង​

NEWS 4 months ago
 
 

           ​ដៃ​តម្បាញ​ ​ជា​ឈ្មោះ​ផេ​ក​ហ្វេសប៊ុក​មួយ​ដែល​កំពុង​ធ្វើ​ចរាចរណ៍​លក់​ផលិតផល​តម្បាញ​ធ្វើ​ពី​ក្រចៅ​ជាច្រើន​ប្រភេទ​ដែល​ជា​ស្នាដៃ​ពិតៗ​នៃ​ប្រជាជន​រស់នៅ​ក្នុង​ទឹកដី​ខេត្ត​បាត់​ដំបង​ដែល​ជា​តំបន់​ធ្លាប់​ល្បីឈ្មោះ​ខ្លាំង​លើ​ឧស្សាហកម្ម​តម្បាញ​ក្រចៅ​ ​រហូត​មាន​រោងចក្រ​កាល​ពីសម័យ​សង្គម​រា​ស្រ្ត​និយម​ដ៏​រុងរឿង​។​ ​ក្រុម​យុវជន​ “​ដៃ​តម្បាញ​” ​បាន​បង្កើត​ក្រុម​ខ្លួន​ឡើង​កាលពី​ឆ្នាំ​២​០​១​៨​ ​។​ ​មូលហេតុ​នៃ​ការ​បង្កើត​ឡើង​គឺ​ដោយសារ​មាន​អាណិកជន​អាមេរិក​ម្នាក់​បាន​មក​ជួបពិភាក្សា​ពី​វិធី​សា​ស្រ្ត​ក្នុង​ការ​ដាំ​និង​ផ​លិ​តខ្សែ​ក្រចៅ​ ​នៅ​ក្នុងស្រុក​ឯក​ភ្នំ​ ​ខេត្ត​បាត់​ដំបង​។​ ​អាណិកជន​នោះ​បាន​ពន្យល់​ថា​ក្រចៅ​មាន​សក្តានុពល​ច្រើនយ៉ាង​ ​តាំងពី​ស្លឹក​ ​និង​ដើម​ ​ព្រមទាំង​ផលិតផល​សម្រេច​ពាក់កណ្តាល​ ​ហើយ​អាមេរិក​ចង់​ស្វែងរក​ក្រចៅ​ដែល​មិន​ប្រើប្រាស់​សារធាតុ​គីមី​ ​ដោយសារ​មានការ​បញ្ជាទិញ​ច្រើន​ពី​ប្រទេស​ចិន​។​ ​ក្រោយមក​ ​ក្នុង​ខែ​មិថុនា​ ​ឆ្នាំ​២​០​២​០​ ​ទី​ផ្សារ​ក្រចៅ​របស់​អ្នកស្រុក​ឯក​ភ្នំ​ទៅកាន់​ប្រទេស​ថៃ​ត្រូវ​បាន​រាំង​ស្ទះ​ដោយសារ​វិបត្តិ​កូ​វី​ដ​១​៩​។​

          ​ការយល់​ដឹង​ពី​តម្លៃ​នៃ​ក្រចៅ​ខ្មែរ​ ​គួបផ្សំ​នឹង​បញ្ហា​ប្រឈម​ជាក់ស្តែង​នៃ​ទី​ផ្សារ​ក្រចៅ​ក្នុង​តំបន់​បាន​ជំរុញ​ឲ្យ​យុវជន​ដៃ​តម្បាញ​សាកល្បង​បង្ហោះ​នូវ​អង្រឹង​ក្រចៅ​របស់​ដូន​ចាស់​ម្នាក់​ ​អាយុ​ ​៨​៩​ឆ្នាំ​ ​ក្នុង​គណនី​ផ្ទាល់ខ្លួន​ ​ដើម្បី​ជួយ​លក់​អង្រឹង​របស់​ដូន​ចាស់​នោះ​។​ ​ក្នុង​អំឡុង​ពេល​១​ស​ប្តាហ៍ ​មាន​ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន​បាន​ធ្វើការ​កុម្ម៉ង់​ ​និង​គាំទ្រ​លើទឹក​ដៃ​របស់​ដូន​ចាស់​រូប​នោះ​យ៉ាង​ច្រើន​ ​រហូតដល់​នាងខ្ញុំ​សម្រេច​ចិត្ត​បង្កើត​ទំព័រ​ហ្វេសប៊ុក​ដៃ​មួយ​ឡើង​ ​ដើម្បី​ស្វែងរក​ប្រាក់ចំណូល​បន្ថែម​ដល់​សមាជិក​សមាគម​មនុស្សចាស់​នៅ​ស្រុក​ឯក​ភ្នំ​។​ “​ដោយសារ​មាន​តម្រូវ​ការ​ច្រើន​ពី​អតិថិជន​ ​នាងខ្ញុំ​បាន​ស្វែងរក​អ្នក​ចាប់អារម្មណ៍​ចង់​ក្រង​អង្រឹង​ជាមួយ​នាងខ្ញុំ​ ​ដោយ​បាន​ជ្រើសរើស​យក​មនុស្សចាស់​ដែល​ចេះ​ពី​របៀប​ក្រង​អង្រឹង​ក្រចៅ​នេះ​ ​បាន​ចំនួន​ពីរ​វគ្គ​ ​មាន​ចំនួន​ ​២​៥​នាក់​ (​អាយុ​ចន្លោះ​៤​៥​ឆ្នាំ​ដល់​៩​០​ឆ្នាំ​)” ​។​ ​ភាគច្រើន​ពួកគាត់​ជា​មនុស្សចាស់​ ​ដែល​ឆ្លៀតពេល​ទំនេរ​ពី​ការ​ធ្វើ​ស្រែចំការ​ ​ដើម្បី​បង្កើន​ប្រាក់ចំណូល​ ​សាបព្រោះ​សក្តានុពល​ក្រចៅ​ក្នុងស្រុក​ ​និង​ ​រក្សា​ស្នាដៃ​កេរដំណែល​ដែល​ចាស់ៗ​បាន​បន្សល់ទុក​មក​ដើម្បីឲ្យ​មាន​ក្មេងៗ​ជំនាន់​ក្រោយ​បាន​បន្តវេន​និង​ស្គាល់​ផង​។​

          ​ចំពោះ​វត្ថុធាតុដើម​ ​អ្នកស្រុក​នោះ​ដាំ​ក្រចៅ​ជា​លក្ខណៈ​គ្រួសារ​ ​ដើម្បី​លក់​ទៅបរទេស​ ​និង​មួយ​ចំនួន​តូច​សម្រាប់​កែច្នៃ​ជា​សម្ភារ​ប្រើប្រាស់​តាម​គ្រួសារ​ ​ដូចជា​អង្រឹង​ ​និង​ខ្សែ​ចង​នំ​ ​ជាដើម​។​ ​ក្រចៅ​មាន​២​ប្រភេទ​ ​គឺ​ ​ក្រចៅ​កូត​ ​ឬ​ ​ក្រចៅ​រឹង​ ​ជា​ក្រចៅ​ដែល​បកសំបក​ពីដើម​រួច​កូត​ជាមួយ​កាំបិត​បូរាណ​ ​ហើយ​ហាលថ្ងៃ​ ​រយៈពេល​១​ស​ប្តាហ៍​ឬ​អាច​យូរ​ជាង​នេះ​ ​អាស្រ័យ​លើមេឃ​ក្តៅ​ ​ឬ​ភ្លៀង​។​ ​តម្លៃ​ចន្លោះ​ពី​ ​៥​០​០​០​៛ ​ទៅ​ ​១​២​០​០​០​៛ ​ទៅតាម​តម្លៃ​ទី​ផ្សារ​។​មួយទៀត​គឺ​ ​ក្រចៅ​បោក​ ​ឬ​ ​ក្រចៅ​ទន់​ ​ជា​ប្រភេទ​ដែលគេ​បកសំបក​រួច​ ​យកទៅ​ត្រាំទឹក​ទន្លេ​ ​រយៈពេល​ពី​១​០​ ​ថ្ងៃ​ ​ទៅ​ ​កន្លះ​ខែ​ ​រហូតដល់​សម្បក​វា​ជ្រុះចេញ​ពី​សរសៃ​ដូច​សូត្រ​ ​ទើប​គេ​យក​បោក​សំអាត​ ​និង​ហាលថ្ងៃ​រហូតដល់​ស្ងួត​ល្អ​ ​ទើប​គេ​រក្សាទុក​នៅ​ក្នុង​កន្លែង​ស្ងួត​ ​កុំឲ្យ​ឡើង​អាចម៍​អ​ណ្តើ​ក​។​ ​តម្លៃ​ចន្លោះ​ពី​ ​៣​៥​០​០​៛ ​ទៅ​ ​៧​០​០​០​៛ ​ទៅតាម​តម្លៃ​ទី​ផ្សារ​។​ ​ក្រចៅ​ទាំង​២​ប្រភេទ​ខាងលើ​មាន​គុណសម្បត្តិ​ជាច្រើន​ ​អាច​កែច្នៃ​បាន​គ្រប់​ទំរង់​ ​ទៅតាម​បច្ចេកទេស​ ​និង​តម្រូវ​ការ​របស់​អតិថិជន​។​

          ​ការ​ផលិត​ខាងលើ​មាន​ជួប​បញ្ហា​ប្រឈម​ជាច្រើន​ ​តួយ៉ាង​ ​ខ្វះ​ធនធានមនុស្ស​ដែល​អាច​ផលិត​សំភារៈ​ថ្មីៗ​ទៅតាម​តម្រូវ​ការ​ទី​ផ្សារ​ ​ខ្វះ​សម្ភារ​កែច្នៃ​បម្រើ​សង្វាក់​ផលិតកម្ម​ ​ខ្វះ​ដើមទុន​ ​ខ្វះ​ការ​គាំទ្រ​ប​ចេ្ច​ក​ទេស​ ​និង​ការ​គាំទ្រ​ផលិតផល​ ​ភាព​យឺតយ៉ាវ​នៃ​ការ​ត្បាញ​ ​ទី​ផ្សារ​ចង្អៀត​ ​និង​ ​បញ្ហា​អតិថិជន​ (​ប្តូរ​ចិត្ត​មិន​ទទួលយក​ផលិតផល​ដែល​ក្រង​រួច​)​។​ ​ទោះបីជា​យ៉ាងណាក៏ដោយ​ ​ក៏​ក្រុម​អ្នក​ផលិត​នៅតែ​តស៊ូ​ ​ព្រោះ​ពួកគាត់​រីករាយ​នឹង​អ្វី​ដែល​ពួកគាត់​បាន​។​ ​ពួកគាត់​អាច​​​រកចំណូល​បន្ថែម​ ​អាច​មើល​ផ្ទះសម្បែង​ពួកគាត់​ ​ដោយ​មិនបាច់​ធ្វើ​ចំណាកស្រុក​ទៅ​ឆ្ងាយ​ពី​ភូមិ​ស្រុក​ ​។​

          ​ផលិតផល​ដែល​ផលិត​បាន​ភាគច្រើន​លក់​តាម​ការ​បញ្ជាទិញ​តាម​អន​ឡា​ញ​ ​និង​ដាក់​លក់​នៅ​ក្នុង​អាហារដ្ឋាន​ ​ភូមិ​អាហារ​ ​ដ៏​តូច​មួយ​ក្នុង​ខេត្ត​បាត់​ដំបង​។​ ​អតិថិជន​ដែល​បាន​គាំទ្រ​មាន​ពី​បណ្តា​ខេត្ត​ក្រុង​នានា​ ​ដូចជា​ ​ខេត្ត​កណ្តាល​ ​រត​ន​គី​រី​ ​ព្រះវិហារ​ ​សៀមរាប​ ​កំពត​ ​ភ្នំពេញ​ ​កំពង់ឆ្នាំង​ ​ពោធិ៍សាត់​ ​និង​បាត់​ដំបង​ ​ហើយ​ ​ក៏មាន​ក្រុម​យុវជន​ដែល​កំពុង​រៀនសូត្រ​នៅ​មហាវិទ្យាល័យ​យក​លក់​បន្ត​ដើម្បី​រក​ប្រាក់ចំណូល​ខ្លះ​ៗ​ផង​ដែរ​។​ ​សម្រាប់​អនាគត​ ​ដៃ​តម្បាញ​មាន​ផែនការ​ពង្រឹង​គុណភាព​សម្ភារ​ដើម្បី​ឆ្លើយតប​ទៅ​នឹង​តម្រូវ​ការ​ទៅ​ផ្សារ​ ​បើក​វគ្គ​បណ្តុះបណ្តាល​បន្ថែម​លើ​ការ​កែច្នៃ​ (​ព្រំ​ ​ក​ម្រា​ល​ ​កាបូប​ ​អង្រឹង​ ...) ​ចងក្រង​ជា​ខ្សែ​វីដេអូ​ស្តីពី​ការ​ដាំ​ដុះ​ ​ការ​ប្រមូល​ផល​ ​និង​ការ​កែច្នៃ​ ​ដំណាំ​ក្រចៅ​សម្រាប់​ផ្សព្វផ្សាយ​ទៅ​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​ ​បង្កើត​សកម្មភាព​ ​ក​សិ​ទេសចរណ៍​ ​និង​ពង្រីក​ទី​ផ្សារ​បន្ថែម​៕​

Article by SRINSOKMEAN


SUGGESTIONS