×

វិធី​លាប​ពណ៌​ក្រចក​ឲ្យ​ជាប់​បាន​យូរ​ដែល​ស្ត្រី​តែង​មើល​រំលង​

TRAVEL & LIVING a week ago
 
 

            ទើប​តែ​ចូល​ហាង​ក្រចក​ត្រឡប់មក​ផ្ទះ​មិនបាន​១​ឬ​២​ថ្ងៃ​ផង​ ​ក្រចក​ក៏​ចាប់ផ្តើម​ប្រេះ​រប​កខូច​ម៉ូដ​ខូច​ពណ៌​អស់រលីង​។​ ​ជឿជាក់​ថា​សុភាព​នារី​ទាំងឡាយ​សុទ្ធតែ​ធ្លាប់​ឆ្លងកាត់​អារម្មណ៍​មួយ​នេះ​ ​ព្រោះ​វា​មិន​ត្រឹមតែ​ធ្វើឲ្យ​ខាតបង់​លុយកាក់​ប៉ុណ្ណោះ​ទេ​ ​ថែមទាំង​ខាត​ពេលវេលា​ផង​ដែរ​។​ ​ករណី​របក​ក្រចក​អាចម​ក​ពី​កត្តា​មួយ​ចំនួន​ ​ដូចជា​ ​ការប្រើប្រាស់​ផលិតផល​ ​ការ​ផ្តល់​ការ​ការពារ​មិនបាន​គ្រប់គ្រាន់​ ​ពិសេស​ការ​មមាញឹក​ជាមួយ​សកម្មភាព​ប្រចាំថ្ងៃ​ជាដើម​។​ ​បើ​ទោះ​មុននឹង​ក្រោយ​ពណ៌​ក្រចក​នឹង​នៅតែ​របក​ ​យ៉ាងណាមិញ​ស្ត្រី​គ្រប់រូប​សុទ្ធតែ​ចង់ឲ្យ​វា​នៅ​ជាប់​បាន​យូរ​សម​ទៅ​នឹង​តម្លៃ​ក៏ដូចជា​ពេលវេលា​។​ ​ដូច្នេះ​ខាងក្រោម​នេះ​ ​សូវ​រី​ន​ ​នឹង​បង្ហាញ​អំពី​ក្បួន​ក្នុង​កា​រលាប​ក៏ដូចជា​រក្សា​ពណ៌​ក្រចក​ឲ្យ​ជាប់​បាន​យូរ​សមតា​ម​បំណង​។​

            • ​កាត់ក្រចក ​និង​រូស​ឲ្យបាន​ត្រឹមត្រូវ​
​ជំហាន​ដំបូង​ ​ប្រសិនបើ​ចង់ឲ្យ​ពណ៌​ក្រចក​ជាប់​បាន​យូរ​ ​អ្នក​ត្រូវ​កាត់តម្រឹម​ក្រចក​ឲ្យ​ខ្លី​ខ្លះ​ ​និង​រូស​ឲ្យ​ស្មើ​សាច់​ដើម្បី​ប្រាកដ​ថា​ចុង​ក្រចក​មិន​រដិបរដុប​ឬ​ឆែប​ដែល​បង្ក​ឲ្យ​ថ្នាំលាប​ឆាប់​របើក​។​ ​ក្រចក​វែង​ពិតជា​ងាយ​បាក់​ជាមួយ​សកម្មភាព​ប្រចាំថ្ងៃ​ ​ជាពិសេស​អ្នក​ដែល​មមាញឹក​ការងារ​ផ្ទះ​ដូចជា​ ​បោក​គក់​ឬ​លាងចាន​។​

            • ​ស​ម្ងួ​ត​ក្រចក​មុន​ពេល​លាបថ្នាំ​
​អ្នក​ត្រូវ​លាង​ស​ម្អា​តដៃ​ជាមួយ​សាប៊ូ​ ​និង​ស​ម្ងួ​ត​សិន​មុន​ពេល​ចាប់ផ្តើម​លាប​ក្រចក​។​ ​អ្នកជំនាញ​បាន​លើកឡើង​ថា​ ​ក្រចក​នៅ​ពេល​ត្រូវ​ទឹក​វា​នឹង​ចាប់ផ្តើម​រួម​ទំហំ​ហើយ​លូត​ប្រវែង​ ​កាលណា​យើង​លាប​វា​ពេល​កំពុង​មាន​សំណើម​ ​នៅ​ពេល​ស្ងួត​យើង​នឹង​ឃើញ​ថ្នាំ​ចាប់ផ្តើម​ប្រេះ​ដែល​ជា​ករណី​ធ្វើឲ្យឆាប់​របក​។​ ​ដូច្នេះ​មុន​ពេល​លាប​ពណ៌​ ​ជៀសវាង​មាន​សំណើម​ឬ​ប្រេង​នៅ​លើ​ក្រចក​ ​ដោយ​អាច​ធ្វើការ​ជូត​ស​ម្ងួ​ត​ឲ្យ​ស្ងួត​ ​ឬ​ស​ម្អា​ត​ជា​មួយទឹក​អាកុល​ជូត​ក្រចក​គុណភាព​ខ្ពស់​។​

            • ​លាបថ្នាំ​ការពារ​ទាំង​ស្រទាប់​លើ​ក្រោម​
​ការ​រក្សា​ពណ៌​ក្រចក​ជាប់​បាន​យូរ​ ​គួរ​មិន​រំលង​ឡើយ​ជាមួយ​ការ​លាបថ្នាំ​រលោង​ការពារ​ទាំង​ក្រចក​ ​និង​ពណ៌​ថ្នាំ​ក្រចក​។​ ​ទឹក​ថ្នាំ​ការពារ​ក្រចក​គឺ​សម្រាប់​លាប​មុនគេ​បង្អស់​ ​វា​ជួយ​បណ្តុះ​ ​ជួយ​ឲ្យ​ក្រចក​រឹង​ល្អ​ ​និង​រក្សា​ពណ៌​លាប​ពីលើ​ជាប់​បាន​យូរ​។​ ​ចំណែក​ថ្នាំលាប​ការពារ​ពណ៌​ក្រចក​មាន​ជម្រើស​ជា​ប្រភេទ​រលោង​និង​ស្ងួត​។​ ​វា​ប្រើ​សម្រាប់​លាប​នៅ​ជំហាន​ចុងក្រោយ​ពីលើ​ពណ៌​ក្រចក​ដែល​ភាគច្រើន​ទឹក​ថ្នាំ​ប្រភេទ​នេះ​មក​ជាមួយ​រូបមន្ត​ ​ការពារ​ពណ៌​ ​ការពារ​របក​ ​និង​ធ្វើឲ្យ​រឹង​មាំ​ល្អ​។​ ​គួរ​ចងចាំ​ថា​កា​រលាប​ពណ៌​ក្រចក​តាម​ក្បួន​ត្រឹមត្រូវ​ ​ត្រូវ​អនុវត្ត​៣​ដំណាក់កាល​ឬ​៣​ជាន់​គឺ​ ​ទី​១​ ​លាប​ទឹក​ការពារ​ក្រចក​ ​ទី​២​ ​លាបថ្នាំ​ក្រចក​ ​និង​ទី​៣​ ​លាប​ទឹក​ការពារ​ថ្នាំ​ក្រចក​។​

            • ​ទុកឲ្យ​ថ្នាំ​ស្ងួត​ល្អ​
​ក្រោយពេល​លាប​ក្រចក​ ​អ្នក​​​ចាំបាច់​ទុក​វា​ឲ្យ​ស្ងួត​សិន​មុន​ពេល​ចាប់ផ្តើម​ធ្វើអ្វី​មួយ​។​ ​ប៉ុន្តែ​អ្នកដឹង​ទេ​ថា​ ​ទឹក​ថ្នាំ​ក្រចក​មួយ​ចំនួន​ពេល​លាប​រួច​រយៈពេល​ជិត​មួយម៉ោង​ក៏​នៅតែ​មិន​ស្ងួត​? ​ពិតប្រាកដ​ណាស់​ ​វា​ពិតជា​មាន​មែន​ ​បើ​ទោះ​អ្នកមាន​អារម្មណ៍​ស្ងួត​ប៉ុន្តែ​វា​មិនទាន់​ស្ងួត​ទាំងស្រុង​ឡើយ​ ​ដូច្នេះ​ចាំបាច់​ត្រួតពិនិត្យ​ឲ្យ​ច្បាស់លាស់​សិន​ ​ឬ​ប្រើ​ម៉ាស៊ីន​ស​ម្ងួ​ត​ឲ្យបាន​ស្ងួត​ល្អ​សិន​ទើប​ប្រសើរ​។​ ​សម្រាប់​ការ​ស​ម្ងួ​ត​ដាច់ខាត​ត្រូវ​ប្រើ​ខ្យល់​ត្រជាក់​។​

            • ​លាបថ្នាំ​តែ​លើ​ក្រចក​
​វា​អាច​ជា​ចំណុច​តូចតាច​ ​តែ​ក៏​អាច​ជា​កំហុស​ធ្វើឲ្យខូច​ពណ៌​ក្រចក​ទាំងស្រុង​ដែរ​។​ ​ត្រូវ​លាបថ្នាំ​តែ​លើ​សាច់​ក្រចក​ប៉ុណ្ណោះ​ ​ជៀសវាង​លាប​ហៀរ​មក​លើ​ស្បែក​ជុំវិញ​រង្វង់​ក្រចក​ ​និង​គែម​ចុង​ក្រចក​ ​ព្រោះ​នៅ​ពេល​ស្ងួត​អាច​ធ្វើឲ្យ​របើក​ពី​កន្លែង​ទាំងនោះ​ហើយ​របក​រហូតដល់​ពណ៌​លើ​សាច់​ក្រចក​។​

            • ​ជៀសវាង​ក្រឡុក​ដប​ថ្នាំ​
​បើ​ធ្វើ​នៅ​ហាង​ក្រចក​អ្នកជំនាញ​គាត់​អាច​នឹង​ដឹង​ច្បាស់​ ​តែ​បើ​លាប​ដោយខ្លួនឯង​អ្នក​គួរតែ​ស្វែងយល់​អំពី​វិធី​នេះ​។​ ​ការក្រ​ឡុក​ដប​ថ្នាំ​ក្រចក​មុន​ពេល​ប្រើ​ ​អាច​បង្កើត​ជា​ពពុះ​ដោយ​នៅ​ពេល​យកមក​លាប​វា​មិនសូវ​ទាម​ជាប់​ប៉ុន្មាន​នោះ​ទេ​ ​ជាហេតុ​ធ្វើឲ្យ​ពណ៌​ឆាប់​របក​។​ ​ជំនួស​ការក្រ​ឡុក​អ្នក​អាច​អនុវត្ត​បែប​យក​បាតដៃ​សងខាង​លញ់​ដប​ចុះឡើង​ថ្ម​ម​ៗ​ដែល​វា​នឹង​មិន​ធ្វើឲ្យ​ឡើងពពុះ​។​

            • ​ប្រើ​ស្រោមដៃ​
​ដើម្បីឲ្យ​ថ្នាំ​ក្រចក​ជាប់​បាន​យូរ​ ​អ្នក​​​ចាំបាច់​ជៀសវាង​ដៃ​ពី​ការ​ត្រូវ​ទឹក​តាមដែល​អាច​ធ្វើ​ទៅ​បាន​ ​ជៀសវាង​ប៉ះពាល់​ជាមួយ​ផលិតផល​ស​ម្អា​ត​ក្នុង​ផ្ទះ​ ​និង​ការ​ធ្វើការងារ​ធ្ងន់​។​ ​វិធីការ​ពារ​ដ៏​ល្អ​ក្នុង​ពេល​កំពុង​ធ្វើការងារ​នៅផ្ទះ​គឺ​ពាក់​ស្រោមដៃ​ជ័រ​ក្រាស់​ៗ​ដែល​អាច​ការពារ​បាន​ពី​ជម្រាប​ទឹក​ ​និង​ការ​កកិត​ប៉ះទង្គិច​។​

            • ​ជៀសវាង​ទឹកក្តៅ​
​ប្រសិនបើ​អ្នក​និយម​ចូលចិត្ត​ត្រាំទឹក​ក្តៅ​ឬ​ងូត​ទឹកក្តៅ​គួរតែ​ផ្អាក​ក្នុង​កំឡុង​ពេ​លលេង​ពណ៌​ក្រចក​។​ ​នៅ​ពេល​ក្រចក​ត្រូវ​ទឹកក្តៅ​រយៈពេល​យូរ​ ​អាច​ធ្វើឲ្យ​សំណើម​ជ្រាបចូល​ដល់​ស្រទាប់​ក្រចក​ធ្វើឲ្យ​ថ្នាំ​ក្រចក​ចាប់ផ្តើម​ទន់​ហើយ​របក​។​

            • ​ជ្រើសរើស​ពណ៌​
​ការ​ជ្រើសរើស​ពណ៌​ថ្នាំ​ក្រចក​ស្តាប់​ទៅ​ហាក់​បីដូច​មិន​ពាក់ព័ន្ធ​គ្នា​ ​តែ​វាក​៏​ជំនួយ​បាន​មួយ​ផ្នែក​ផង​ដែរ​។​ ​កា​រលាប​ពណ៌​ស្រស់​ដិត​និង​ពណ៌​ក្រមៅ​អាច​ធ្វើឲ្យ​ឃើញច្បាស់​នៅ​ពេល​ក្រចក​ចាប់ផ្តើម​ដុះ​ ​និង​ពេល​ពណ៌​ថ្នាំ​ចាប់ផ្តើម​ប្រេះ​ឬ​របក​ ​តែ​បើ​លាប​ពណ៌​ស្រាល​ៗ​ស្តើង​ៗ​វា​អាច​ជំនួយ​មិនសូវ​ឲ្យ​មើល​ដឹង​ឡើយ​។​ ​អ្នក​អាច​ជ្រើសរើស​ពណ៌​ស្រទន់​បែប​ស្រទាប់ផ្កា​ ​ពពួក​ពណ៌​សាច់​ ​និង​ម៉ូដ​លាប​ពណ៌​ស​ចុង​៕​

Article​ ​by​ HEM SOKKHIM


SUGGESTIONS