×

កែវ​ ​សេង​រដ្ឋា​ ​ម្ចាស់​ជ័យ​លា​ភី​ប្រលោមលោក​ខ្លី​ពានរង្វាន់​ព្រះនាង​ឥ​ន្រ្ទ​ទេវី​

NEWS 3 years ago
 
 

​          លទ្ធផល​ជា​ផ្លូវការ​នៃ​កម្មវិធី​ប្រឡង​ជ្រើសរើស​ស្នាដៃ​តែង​និពន្ធ​ប្រលោមលោក​ខ្លី​ក្រោម​ប្រធាន​បទ​សេរី​ ​ឆ្នាំ​២​០​២​០​ ​ដែល​បាន​ចេញផ្សាយ​និង​មាន​ការរៀបចំ​ពិធី​ប្រគល់​ពានរង្វាន់​ពី​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ​កាលពីដើម​ឆ្នាំ​២​០​២​១​កន្លងទៅ​ថ្មីៗ​នេះ​ ​បាន​រំលេច​ឈ្មោះ​បេក្ខជន​ ​កែវ​ ​សេង​រដ្ឋា​ ​ម្ចាស់​ស្នាដៃ​អក្សរ​សិល្ប៍​រឿង​ “​ឧត្តមគតិ​” ​ដែល​ជាប់​ចំណាត់ថ្នាក់​លេខ​១​។​ ​តើ​បេក្ខជន​ជ័យ​លា​ភី​លេខ​១​រូប​នេះ​មាន​ជីវប្រវត្តិ​និង​ស្នាដៃ​បែប​ណាខ្លះ​មុននឹង​ឈាន​មក​សម្រេច​ជោគជ័យ​ផ្នែក​អក្សរ​សិល្ប៍​ពី​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ?

          ​យុវជន​ ​កែវ​ ​សេង​រដ្ឋា​ ​អាយុ​ ​៣​០​ឆ្នាំ​ ​បាន​បញ្ចប់​ថ្នាក់​មធ្យមសិក្សា​ទុតិយ​ភូមិ​មកពី​វិទ្យាល័យ​ព្រះបាទ​សុរា​ម្រឹត​ ​ខេត្ត​កំពង់ឆ្នាំង​ ​ក្នុង​ឆ្នាំ​២​០​០​៩​ ​។​ ​បន្ទាប់មក​ ​លោក​ក៏បាន​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​អក្សរសាស្ត្រ​អង់គ្លេស​ពី​សាកលវិទ្យាល័យ​ពុទ្ធិ​សាស្ត្រ​ក្នុង​ឆ្នាំ​ ​២​០​១​៥​ ​និង​បញ្ចប់​ថ្នាក់​វេជ្ជបណ្ឌិត​ឯកទេស​វះកាត់​ទូទៅ​និង​ប្រព័ន្ធ​រំលាយអាហារ​ពី​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​ក្នុង​ឆ្នាំ​២​០​១​៩​។​ ​បច្ចុប្បន្ន​ ​លោក​​​មាន​ពហុ​អាជីព​ជា​វេជ្ជបណ្ឌិត​ ​គ្រូបង្រៀន​ ​និង​ជា​អ្នកនិពន្ធ​។​ ​មុននឹង​ឈាន​មកដល់​ការ​ប្រឡង​ពានរង្វាន់​មួយ​នេះ​ ​លោក​បាន​ឆ្លងកាត់​បទពិសោធន៍​ជា​សមាជិក​មួយ​រូប​នៃ​សមាគម​អ្នកនិពន្ធ​ខ្មែរ​។​ ​ក្រៅពី​នេះ​ ​លោក​ក៏​ជា​សមាជិក​នៃ​ក្លឹប​អ្នកនិពន្ធ​ខ្មែរ​ប៉ាកកា​មាស​របស់​អ្នក​គ្រូ​ ​ពាន់​ ​ភួង​បុប្ផា​ ​ដែល​ជា​អ្នកនិពន្ធ​និង​ផលិតករ​ភាពយន្ត​ជើងចាស់​មួយ​រូប​នៃ​ប្រទេស​កម្ពុជា​ ​និង​ជា​អ្នកនិពន្ធ​សៀវភៅ​លើកទឹកចិត្ត​ ​រឿង​ខ្លី​ ​និង​កំណាព្យ​ផង​ដែរ​។​ ​បទពិសោធន៍​ក្នុង​ការ​សរសេរ​របស់​លោក​និង​ការដែល​ធ្លាប់​ចូលរួម​ប្រកួត​កន្លងមក​អាច​ធ្វើឲ្យ​លោក​ដឹង​ថា​ ​លោក​គួរ​យក​សាច់រឿង​បែប​ណា​ទៅ​ដាក់​ប្រកួត​ហើយ​គួរតែ​ប្រើ​សិល្ប៍​វិធី​របៀបណា​ក្នុង​ការ​សរសេរ​ស្នាដៃ​នោះ​ឲ្យ​មាន​វិសេសភាព​។​ ​តាមពិត​ទៅ​ ​រយៈពេល​ការ​សរសេរ​ស្នាដៃ​ប្រកួត​មិន​ជា​យូរប៉ុន្មាន​ទេ​ ​ប៉ុន្តែ​បេក្ខជន​រូប​នេះ​បាន​ចំណាយ​ពេល​ជាង​បី​ខែ​ក្នុង​ការ​គិត​ពី​គំនិត​រឿង​ដែល​ត្រូវ​សរសេរ​និង​ដំឡើង​ឆ្អឹង​រឿង​ “​ខ្ញុំ​ចូលរួម​ប្រឡង​ពានរង្វាន់​នេះ​ ​ព្រោះ​ខ្ញុំ​ចង់​សាកល្បង​សមត្ថភាព​តែង​និពន្ធ​របស់​ខ្លួនឯង​ ​ចង់​ដឹង​ថា​ ​សមត្ថភាព​និពន្ធ​របស់​ខ្ញុំ​ស្ថិតនៅ​ក​ម្រិ​ត​ណា​ ​ហើយ​ការប្រកួតប្រជែង​នេះ​ក៏​ជា​កត្តា​ជំរុញចិត្ត​យើង​ឱ្យ​ខិតខំ​ប្រឹងប្រែង​សម្រិតសម្រាំង​ស្នាដៃ​ឱ្យ​កាន់តែ​បាន​ល្អ​​​ជាង​មុន​បន្ថែម​ទៀត​ដែរ​” ​លោក​បាន​លើកឡើង​។​

          ​តើ​លោក​យល់ថា​អ្វីខ្លះ​ជា​ចំណុច​ខ្លាំង​របស់​លោក​ដែល​អាច​ឈាន​យកឈ្នះ​ដៃគូ​ប្រកួតប្រជែង​ក្នុង​កម្មវិធី​នេះ​ប្រកបដោយជោគជ័យ​? ​ឆ្លើយតបនឹង​សំនួរ​ខាងលើ​នេះ​ ​ម្ចាស់​ពានរង្វាន់​បាន​បកស្រាយ​ថា​ “​ខ្ញុំ​គិតថា​ ​បេក្ខជន​ម្នាក់ៗ​មាន​ចំណុច​ខ្លាំង​រៀងៗខ្លួន​ ​ប៉ុន្តែ​ខ្ញុំ​អាច​ទទួល​បាន​ជ័យ​លា​ភី​លេខមួយ​ផ្នែក​ប្រលោមលោក​ពានរង្វាន់​ព្រះនាង​ឥន្ទ្រ​ទេវី​ឆ្នាំ​ ​២​០​២​០​ ​ប្រហែល​ដោយសារតែ​គំនិត​រឿង​របស់​ខ្ញុំ​មាន​ទម្ងន់​ ​បង្កប់​ន័យ​អប់រំ​ជាស​កល​ ​មាន​ភាព​ប្រាកដនិយម​ ​ឆ្លុះបញ្ចាំង​ពី​បញ្ហា​សង្គម​ ​និង​មាន​វិសេសភាព​ដាច់ដោយឡែក​” ​។​ ​នៅ​ពេល​ទទួល​ជ័យ​លា​ភី​ ​លោក​​​មាន​អារម្មណ៍​រំភើប​សប្បាយចិត្ត​ណាស់​ហើយ​មិន​នឹកស្មាន​ថា​នឹងបាន​ទទួល​ជ័យ​ ​លា​ភី​នេះ​ទេ​។​ ​អ្វី​ដែល​លោក​ចង់និយាយ​ទៅកាន់​មនុស្ស​ជុំវិញ​នៅ​ពេលនេះ​គឺ​អរគុណ​ទៅកាន់​មនុស្ស​គ្រប់គ្នា​ដែល​តែងតែ​គាំទ្រ​ស្នាដៃ​របស់​លោក​នា​ពេល​កន្លងមក​ ​ដែល​ជា​កត្តា​ជំរុញ​ទឹកចិត្ត​របស់​លោក​មិន​ឲ្យ​បោះបង់​ការ​សរសេរ​រហូត​មកដល់ពេលនេះ​ ​ជាពិសេស​គឺ​ប៉ា​ម៉ាក់​របស់​លោក​ដែល​ពេញចិត្ត​នូវ​អ្វី​ដែល​លោក​កំពុងតែ​ធ្វើ​ក្នុង​វិ​ស​័​យ​តែង​និពន្ធ​នេះ​។​ ងាក​មក​ស្នាដៃ​ជ័យ​លា​ភី​ដែល​លោក​និពន្ធ​វិញ​ ​វណ្ណកម្ម​ប្រលោមលោក​រឿង​“​ឧត្តមគតិ​” ​ជា​ប្រលោម​ ​លោក​ដែល​និយាយ​អំពី​គូ​ស្វាមីភរិយា​មួយគូ​ដែល​មានស្មារតី​ស្រឡាញ់​ការងារ​ ​មានមនសិការ​ក្នុង​វិជ្ជាជីវៈ​ ​ទោះ​ជា​ស្ថិតនៅ​ក្នុង​កាលៈទេសៈ​ណា​ក៏ដោយ​។​ ​ពួកគេ​បាន​ជួបគ្នា​នៅ​ឯ​ជំរំ​ជាយដែន​ខេត្ត​ព្រះវិហារ​កាលពី​ឆ្នាំ​ ​២​០​០​៨​ ​ដែល​ជម្លោះ​ព្រំដែន​ខ្មែរ​ថៃ​នៅ​តំបន់​ជុំវិញ​ប្រាសាទ​ព្រះវិហារ​មានការ​ផ្ទុះឡើង​ ​ដែល​កាលនោះ​បុរស​ជា​ប្ដី​ជា​ទាហាន​ការពារ​ព្រំដែន​ទប់ទល់​​​នឹង​ទាហាន​ថៃ​ហើយ​ស្ត្រី​ជា​ភរិយា​ជា​គ្រូពេទ្យ​ស្ម័គ្រចិត្ត​។​ ​តម្លៃ​អប់រំ​របស់​រឿង​ ​គឺ​ពលរដ្ឋ​គ្រប់រូប​ត្រូវ​មានមនសិការ​លើ​វិជ្ជាជីវៈ​របស់​ខ្លួន​ ​ធ្វើការ​បម្រើ​ប្រជាជន​ ​មិនមែន​បម្រើ​ប្រយោជន៍​បុគ្គល​នោះ​ទេ​។​

          ​ក្រោយ​ពី​ជាប់​ជ័យ​លា​ភី​នេះ​ហើយ​ ​លោក​​​មានបំណង​នៅតែ​បន្ត​កិច្ចការ​តែង​និពន្ធ​នេះ​ ​បង្កើត​ស្នាដៃ​និពន្ធ​ថ្មីៗ​បន្ថែម​ទៀត​ ​ដើម្បី​ចូល​រួមចំណែក​អភិ​រក្ស​និង​អភិវឌ្ឍ​អក្សរសាស្ត្រ​និង​អក្សរ​សិល្ប៍​ខ្មែរ​ឲ្យបាន​គង់វង្ស​ ​និង​រីក​ចម្រើន​ទៅមុខ​បន្ត​ទៀត​។​ ​ដើម្បី​ជា​សារ​ចែករំលែក​ដល់​សិក្ខាកាម​ជន​ជំនាន់​ថ្មី​ ​លោក​បាន​ផ្តល់​ដំបូន្មាន​ថា​ ​ដើម្បី​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ប្រឡង​ពានរង្វាន់​អក្សរ​សិល្ប៍​នានា​ ​ត្រូវ​ពិនិត្យមើល​លើ​លក្ខខណ្ឌ​នៃ​ការ​ប្រកួត​របស់​កម្មវិធី​នីមួយៗ​ឲ្យបាន​ច្បាស់​។​ ​បើ​គេ​តម្រូវ​ឱ្យ​សរសេរ​តាម​ប្រធាន​បទ​ដែល​បាន​កំណត់​ ​ត្រូវ​សរសេរ​ដោយ​ផ្ដោ​ត​លើ​ប្រធាន​បទ​ឲ្យ​ចំ​ ​ហើយ​បើ​ប្រធាន​បទ​សេរី​វិញ​ ​គប្បី​យក​បញ្ហា​ថ្មីៗ​ដែល​បាន​កើតឡើង​ក្នុង​សង្គម​បច្ចុប្បន្ន​។​ ​ន័យ​អប់រំ​ត្រូវតែ​សកល​សម្រាប់​មហាជន​ជាជាង​សម្រាប់​តែ​បុគ្គល​មួយ​ក្រុម​។​សាច់រឿង​ទៀតសោត​ត្រូវតែ​មាន​ទម្ងន់​ ​ហើយ​បទនិពន្ធ​ត្រូវ​មាន​វិសេសភាព​ដែល​អាច​កំណត់​បាន​ភាព​លេចធ្លោ​របស់​អ្នក​ ​និពន្ធ​។​ ​បន្ថែម​ពី​នេះ​ ​ត្រូវ​ពិនិត្យ​អក្ខរាវិរុទ្ធ​ឲ្យបាន​ដិតដល់​ជាទីបំផុត​ ​ធ្វើ​យ៉ាងណា​ឲ្យ​មាន​កំហុស​តិចតួច​បំផុត​ ​ព្រោះ​បើ​ក្នុង​ករណី​ស្នាដៃ​ប្រកួត​មាន​ច្រើន​ ​ពិន្ទុ​អាច​ប្រកិត​គ្នា​ខ្លាំង​។​ ​ដូច្នេះ​បើ​យើង​មាន​កំហុស​ច្រើនជាង​គេ​ ​យើង​អាច​ប្រឈម​នឹង​បរាជ័យ​។​ ​ជាចុងក្រោយ​ ​លោក​សូមជូនពរ​ឲ្យ​បេក្ខជន​ប្រកួត​ទាំងអស់​ទទួល​បាន​ជោគជ័យ​លើ​ការ​ប្រឡង​ពានរង្វាន់​អក្សរ​សិល្ប៍​នានា​ “​បើ​លើក​នេះ​ ​ជ័យ​លា​ភី​មិនបាន​មក​យើង​ ​យើង​ត្រូវ​ប្រឹង​សម្រាប់​ឱកាស​ក្រោយ​ទៀត​” ​។​

Article by SRINSOKMEAN


SUGGESTIONS