គាស់កកាយជីវប្រវត្តិនិងស្នាដៃសិល្បៈសហសម័យរបស់ស្ថាបនិកអង្គការហ្វារពន្លឺសិល្បៈ
NEWS 2 years agoយោងតាមការប្រកាសជាផ្លូវការនៅលើទំព័រហ្វេសប៊ុករបស់អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ កាលពីយប់ថ្ងៃទី០៤ ខែសីហា កន្លងទៅនេះ លោកសាស្ត្រាចារ្យ ស្រី បណ្ដូល សហស្ថាបនិក របស់អង្គការ ហ្វារពន្លឺសិល្បៈ (Phare Ponleu Selpak) បានទទួលមរណភាពហើយនៅល្ងាចថ្ងៃទី ៤ ខែសីហា ឆ្នាំ២០២១ ដោយសារជំងឺកូវីដ-១៩។ យើងខ្ញុំពិតជាមានសេចក្ដីសោកស្ដាយយ៉ាងខ្លាំងចំពោះការបាត់បង់លោកសាស្ត្រាចារ្យ និងសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយគ្រួសាររបស់លោកសាស្រ្តាចារ្យ។សូមវិញ្ញាណក្ខន្ធរបស់លោកបានទៅកាន់សុគតិភព ។ ខាងក្រោមនេះជាជីវប្រវត្តិនិងស្នាដៃគួរឲ្យកត់សម្គាល់មួយចំនួនរបស់លោកក្នុងបេសសកកម្មលើកស្ទួយវិស័យសិល្បៈសហសម័យនៅកម្ពុជានាពេលកន្លងមក:
លោក ស្រី បណ្តូល កើតនៅក្នុងឆ្នាំ១៩៧៣ នៅស្រុកថ្មគោល ទឹកដីខេត្តបាត់ដំបង។ ផ្តើមចេញពីការធំដឹង ក្តីចម្រើនវ័យនៅជំរំឯនាយព្រំដែនថៃ កុមារ បណ្តូល បានទទួលការអប់រំផ្នែកសិល្បៈគំនូរពីគ្រូជនជាតិបារាំងឈ្មោះ Veronique Decrop ដែលបម្រើការស្ម័គ្រចិត្តនៅជំរំជនភៀសខ្លួនខ្មែរនៅលើទឹកដីប្រទេសថៃក្នុងទ.វ.ឆ្នាំ១៩៨០-១៩៩០។ ដោយសារមានអនុស្សាវរីយ៍ជាមួយនឹងសិល្បៈគំនូរនៅជំរំតាំងពីកុមារភាព លោករួមជាមួយគ្រូបារាំង នោះនិងមិត្តភក្តិប្រាំបីនាក់ទៀតបានមូលមតិគ្នាសម្រេចចិត្តបង្កើតអង្គការ “ហ្វារពន្លឺសិល្បៈ” នៅក្នុងទីរួមខេត្តបាត់ដំបងដែលជាស្រុកកំណើតរបស់លោក នៅចុងឆ្នាំ១៩៩៣ បន្ទាប់ពីជំរំត្រូវបានបិទទ្វារ។ ក្នុងរយៈពេលជាងម្ភៃ ឆ្នាំលើវិស័យសិល្បៈគំនូរ វិចិត្រកររូបនេះធ្លាប់បានចេញទៅធ្វើទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ា(ឆ្នាំ២០០០) និង នៅប្រទេសបារាំង (ឆ្នាំ២០០៣)។ យើងអាចនិយាយបានថា លោកជាទាយាទស្នងគំនូរសហសម័យដែលមានប្រវត្តិហូរចូលមកក្នុងប្រទេសកម្ពុជាតាំងពីសម័យសង្គមរាស្រ្តនិយមដែលមានវិចិត្រករល្បីៗដូចជា លោក ញឹក ឌឹម និង លោក ប៉ាន់ ត្រា ជាដើម ប៉ុន្តែត្រូវបានសាបរលាបទៅវិញដោយសាររបបខ្មែរក្រហម។
Image courtesy: Phare Ponleu Selpak
លោកបានចាប់ផ្តើមបង្រៀនផ្នែកគំនូរនៅអង្គការហ្វារតាំងពីឆ្នាំ១៩៩៥។ នៅក្នុងអង្គការ“ហ្វារពន្លឺសិល្បៈ” របស់លោក គំនូរអរូបី ឬ គំនូរសហសម័យនេះបានចាប់ផ្តើមលេចឡើងក្នុងអំឡុងឆ្នាំ២០០០ ដោយ សារលោកបានមើលឃើញភាពរីកចម្រើននៃគំនូរប្រភេទនេះនៅបរទេស ហើយលោកមានបំណងចង់ឲ្យកូនខ្មែរចេះជំនាញថ្មីបន្ថែមលើចំណេះដឹងសិល្បៈគំនូរមើលឃើញ។ មិនត្រឹមតែប៉ុណ្ណោះ លោកធ្លាប់មានបទពិសោធន៍តាំងពិព័រណ៍ស្នាដៃសិល្បៈរបស់លោកទាំងនៅក្នុងប្រទេស និង នៅលើឆាកអន្តរជាតិ ជាអាទិ៍រួមមាន ប្រទេសណ័រវ៉េស៍ ប្រទេសហ្វីលីពីន ប្រទេសថៃ ប្រទេសអូស្រ្តាលី ប្រទេសសិង្ហបុរី ប្រទេសអង់គ្លេសសហរដ្ឋអាមេរិក ប្រទេសអ៊ីស្តាន់ប៊ូល និង ប្រទេសមីយ៉ាន់ម៉ា។ លោកថែមទាំងធ្លាប់ចេញផ្សាយស្នាដៃបោះពុម្ពសៀវភៅចំនួនពីរចំណងជើងគឺសៀវភៅ Looking at Angkor និងសៀវភៅ The Land of the Elephants។
“ […] សម្រាប់ខ្ញុំ សិល្បៈគឺជាជីវិត។ ជីវិតដែលគ្មានសិល្បៈគឺប្រៀបដូចជារាត្រីដែលគ្មានដួងខែ។ គ្រប់ វិស័យត្រូវការសិល្បៈ។ ខ្ញុំគិតថាសិល្បៈជួយខ្ញុំបានច្រើន ពីព្រោះខ្ញុំកើតក្នុងពេលសង្រ្គាម។ អ្វីដែលខ្ញុំបានឃើញគឺមានតែការកាប់សម្លាប់។ ទោះបីជាយ៉ាងណាក៏ដោយ ក៏ខ្ញុំអាចបង្ហាញភាពជាខ្លួនឯង និង ព្យាបាលវិបត្តិផ្លូវចិត្តរបស់ខ្ញុំតាមរយៈការគូរ។ ឯសិស្សមួយចំនួនរបស់ហ្វារក៏មានសក្តានុពលដ៏អស្ចារ្យ ហើយខ្លះក៏បានក្លាយទៅជាសិល្បករពោរពេញដោយទេពកោសល្យសម្រាប់ជាតិ” លោកបានបង្ហាញទស្សនៈពាក់ព័ន្ធនឹងសិល្បៈ កាលនៅមានជីវិត។
Image courtesy: Phare Ponleu Selpak
ស្នាដៃដឹកនាំពិសេសចុងក្រោយគឺ កាលពីថ្ងៃទី០៧-០៨ ខែមីនា កន្លងទៅ អង្គការហ្វារពន្លឺសិល្បៈបានបង្កើតព្រឹត្តិការណ៍ប្រវត្តិសាស្រ្តសម្រាប់ខ្លួនតាមរយៈការសម្តែងសៀកដោយមានការចូលរួមពីសិល្បករចំនួន៩០នាក់ក្នុងរយៈពេលពេញ២៤ម៉ោងផ្សាយផ្ទាល់ចេញពីក្រុងបាត់ដំបងហើយមានអ្នកទស្សនាអនឡាញរហូតដល់កន្លះលាននាក់។ នេះជាការប្រឹងប្រែងបំបែកកំណត់ត្រាពិភពលោកGuinnes World Record ដែលត្រូវបានរៀបចំធ្វើឡើងក្នុងគោលបំណងរៃអង្គាសថវិកាទ្រទ្រង់អង្គកាសិល្បៈក្រៅរដ្ឋាភិបាលមួយនេះក្នុងអំឡុងពេលនៃការរាតត្បាតនៃជំងឺកូវីដ១៩។ ជាលទ្ធផល កម្មវិធីនេះបានប្រព្រឹត្តទៅប្រកបដោយជោគ ជ័យយ៉ាងត្រចះត្រចង់ ហើយថែមទាំងទទួលបានពានរង្វាន់អន្តរជាតិរហូតដល់ទៅបី គឺពានរង្វាន់មាស និងពានរង្វាន់ប្រាក់ក្នុងប្រភេទពានរង្វាន់ Asia-Pacific Stevie Awards និង ពានរង្វាន់មាសមួយគ្រឿងទៀត ក្នុងប្រភេទពានរង្វាន់ Hermes Creative Awards៕
Article by Srin Sokmean
Image courtesy: Phare Ponleu Selpak