×

មូលហេតុ​ដែល​ជំរុញ​ឲ្យ​កញ្ញា​ ហុ​ក​ ​សា​រិ​តុលា​ ​ក្លាយ​ជា​ជ័យ​លា​ភី​ ​Miss​ ​Wisdom​ ​Cam​bo​d​i​a​

NEWS 3 years ago
 
 

          ​ដើម្បី​ទទួល​បាន​ជ័យ​លា​ភី​ក្នុង​ការប្រកួតប្រជែង​កម្មវិធី​នីមួយៗ​ ​ជាពិសេស​ ​កម្មវិធី​កញ្ញាឯក​ ​មិនមែន​ជា​រឿង​ងាយស្រួល​នោះ​ទេ​ ​ទាល់តែ​បេក្ខជន​ ​ឬ​ ​បេ​ក្ខ​នារី​ម្នាក់​តស៊ូ​ស្វិតស្វាញ​បង្ហាញ​ចំណុច​ខ្លាំង​លេចធ្លោ​របស់​ខ្លួន​ទាំងអស់​ដោយ​បើកចំហ​ ​រួម​ទាំង​វិធី​សា​ស្រ្ត​ផ្ទាល់ខ្លួន​គួបផ្សំ​ជាច្រើន​ទៀត​។​ ​យ៉ាងណាមិញ​ ​កាលពី​ថ្ងៃ​ទី​១​ ​ខែ​សីហា​ ​ឆ្នាំ​២​០​២​១​ ​កន្លងមក​នេះ​ ​កញ្ញា​ ហុ​ក​ ​សា​រិ​តុលា​ ​បេ​ក្ខ​នារី​មកពី​ខេត្ត​បាត់​ដំបង​ ​បាន​ក្លាយ​ជា​ម្ចាស់​មកុដ​ជ័យ​លា​ភី​ ​ក្រោយ​ពី​បាន​ឆ្លងកាត់​ការ​ប្រកួត​យ៉ាង​ស្វិតស្វាញ​អស់​ជាច្រើន​វគ្គ​នៅ​ក្នុង​កម្មវិធី​ប្រកួត​បវរកញ្ញា​ឆ្លាតវៃ​ ​ឬ​ ​Miss​ ​Wisdom​ ​Cam​bo​d​i​a​ 2021 ​ដែល​ជា​កម្មវិធី​ទទួល​សិទ្ធិ​ពី​កម្មវិធី​ប្រកួត​បវរកញ្ញា​អន្តរជាតិ​ធំ​មួយ​ឈ្មោះ​ ​Miss​ ​Wisdom​ ​World​ 2021​។​ ​តើ​កញ្ញា​មាន​ចំណុច​ពិសេស​អ្វីខ្លះ​? ​ធ្វើ​បាន​ដោយសារអ្វី​?

          ​​សំនួរ​ដែល​កញ្ញា​បាន​ឆ្លើយ​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​បាន​ធ្វើឲ្យ​គណៈកម្មការ​ ​និង​ ​ទស្សនិកជន​ដែល​ទន្ទឹង​រង់ចាំ​ទស្សនា​ពិតជា​រំភើប​រំជួលចិត្ត​ ​ព្រោះ​ការ​ឆ្លើយ​គឺ​ពោរពេញ​ដោយ​អត្ថន័យ​និង​មាន​ភាព​រលូន​ប្រកបដោយ​ភាព​ជឿជាក់​ ​គួបផ្សំ​នឹង​ទឹកមុខ​ញញឹមញញែម​ស្រស់ស្រាយ​ថែមទៀត​ផង​។​ ​ឆ្លើយតបនឹង​សំនួរ​ថា​ “​តើ​កញ្ញា​អាច​ធ្វើឲ្យ​ទស្សនិកជន​ជឿ​ថា​កញ្ញា​ពិតជា​ស័ក្តិសម​នឹង​ឈ្នះ​ក្នុង​កម្មវិធី​យប់​នេះ​បាន​យ៉ាងដូចម្តេច​?” ​កញ្ញា​បាន​លើកឡើង​ថា​ “​ខ្ញុំ​ជឿជាក់​ថា​សម្រាប់​យប់​នេះ​ ​មិន​មែន​​ត្រឹម​ដឹង​ថា​និយាយ​ភាសា​អង់គ្លេស​បាន​ស្ទាត់​ ​និង​ ​មាន​ចម្លើយ​ដ៏​ល្អ​នោះ​ទេ​។​ ​ប៉ុន្តែ​សរុប​មក​ ​សម្រាប់​អ្នក​(​បេ​ក្ខ​នារី​) ​ណា​ម្នាក់​ដែល​អាច​បញ្ជាក់​ថា​នាង​ស័ក្តិសម​នឹង​ឈ្នះ​ ​គឺ​នាង​គួរតែ​មាន​បេះដូង​ស្តាប់​អ្នកដទៃ​ ​ហើយ​ប្រើប្រាស់​សំឡេង​របស់​នាង​ក្នុង​ការ​បញ្ជ្រាប​ការយល់​ដឹង​ដើម្បី​ជួយ​ចំពោះ​បុព្វហេតុ​ណាមួយ​ដែល​នាង​ជឿ​លើ​វា​។​ ​ប្រសិនបើ​ខ្ញុំ​ជាប់​រាត្រី​នេះ​ ​ខ្ញុំ​នឹង​លូកដៃ​ចូល​ជួយ​បន្លឺ​សំឡេង​ស្តីពី​អ្វី​ដែល​ដក់ជាប់​ក្នុង​បេះដូង​របស់​ខ្ញុំ​ដែល​នោះ​គឺ​សិទ្ធិ​ស្មើភាព​ក្នុង​ការ​ទទួល​បាន​ការអប់រំ​។​ ​ហើយ​សម្រាប់​វិ​ស័យ​អប់រំ​នេះឯង​ ​វា​ជា​សំបុត្រ​របស់យើង​ឆ្ពោះទៅ​រក​អនាគត​កាន់តែ​ប្រសើរ​ ”​។​

          ​​ការ​ឆ្លើយ​ជា​ភាសា​អង់គ្លេស​ដោយ​គ្មាន​ស្ទាក់ស្ទើរ​នៅ​លើ​ឆាក​បែប​នេះ​មិនមែន​ជា​រឿង​ចៃដន្យ​នោះ​ទេ​។​ ​ម្ចាស់​ជ័យ​លា​ភី​ ​វ័យ​១​៩​ឆ្នាំ​ ​សិស្ស​ថ្នាក់ទី១​២​ ​នៃ​វិទ្យាល័យ​នេ​ត​យ៉​ង់ ​ក្រុង​បាត់​ដំបង​ ​រូប​នេះ​បាន​បង្ហើប​ប្រាប់​ពី​អាថ៌កំបាំង​ថា​ “​ការដែល​ខ្ញុំ​និយាយ​ភាសា​អង់គ្លេស​បាន​បែប​នេះ​ ​គឺជា​ការ​ហ្វឹកហាត់​គួបផ្សំ​ពី​ខាងក្រៅ​។​ ​ខ្ញុំ​គិតថា​វា​គ្រាន់តែ​ជា​សំនួរ​។​ ​សំនួរ​គេ​សួរ​ចង់ឲ្យ​យើង​ឆ្លើយ​ចេញ​ពីចិត្ត​។​ ​អ៊ីចឹង​ ​ខ្ញុំ​ដាក់​អារម្មណ៍​ខ្លួនឯង​ថា​ ​សំនួរ​ហ្នឹង​គេ​សួរ​ពី​អ្វី​ ​ហើយ​ខ្ញុំ​ត្រូវ​ឆ្លើយ​អ្វី​ទៅ​គេ​វិញ​ ”​។​ ​កញ្ញា​បាន​ប្រាប់​បន្ថែម​ថា​ ​តាមពិត​ទៅ​ ​កញ្ញា​ក៏មាន​ភាព​ភិតភ័យ​នៅ​លើ​ឆាក​ពេល​ឆ្លើយ​សំនួរ​ខ្លះ​ដែរ​ ​តែ​កញ្ញា​ព្យាយាម​ប្រើ​វិធី​សា​ស្រ្ត​ផ្ទាល់ខ្លួន​ក្នុង​ការ​គ្រប់គ្រង​អារម្មណ៍​ ​ពោល​គឺ​ ​កញ្ញា​ត្រូវ​គិតថា​ ​នៅ​លើ​ឆាក​គឺ​មាន​តែម្នាក់ឯង​ ​ហើយនិង​ឪពុក​ម្តាយ​ដែល​ចូល​មក​ទស្សនា​គាំទ្រ​ផ្តល់​កម្លាំងចិត្ត​ ​ទើប​អាច​ឈ្នះ​អារម្មណ៍​ភ័យ​នៅ​ពេល​មាន​ទស្សនិកជន​ច្រើន​នៅ​ជុំ​វ​ញ​ខ្លួន​បាន​។​ ​ទន្ទឹម​នឹង​នេះ​ ​កញ្ញា​ចេះ​គិតទុក​នូវ​ចម្លើយ​ចំពោះ​សំនួរ​ដែល​អាច​នឹង​ចេញ​នៅ​ក្នុង​កម្មវិធី​ ​គួបផ្សំ​នឹង​ការ​ឈ្វេងយល់​គន្លឹះ​នៃ​ការ​ឆ្លើយ​សំនួរ​របស់​ជ័យ​លា​ភី​បវរកញ្ញា​ជំនាន់​មុន​ៗ​ទៀត​ផង​។​ ​លើស​ពីនេះទៅ​ទៀត​ ​កញ្ញា​ឆ្លៀតពេល​អនុវត្ត​ការ​និយាយ​ភាសា​អង់គ្លេស​ជាមួយ​បងថ្លៃ​ដែល​ជា​ជនជាតិ​បរទេស​ស្រាប់​ៗ​ ​ស្តាប់​បទ​ចម្រៀង​ ​និង​ទស្សនា​ភាពយន្ត​បរទេស​ជា​ញឹកញាប់​ ​ទើប​ធ្វើឲ្យ​បាន​លទ្ធផល​ល្អ​ដូច​អ្វី​ដែល​ទស្សនិកជន​បានឃើញ​នេះឯង​។​

          ​​ចំណុច​ខ្លាំង​ដែល​កញ្ញា​យល់ថា​អាច​​​យកឈ្នះ​បេ​ក្ខ​នារី​ផ្សេងទៀត​បាន​នោះ​គឺ​ដោយសារតែ​ ​កញ្ញា​ជា​មនុស្ស​ហ៊ាន​ទទួលស្គាល់​ការពិត​ ​យល់ថា​សម្រស់​មួយ​មុខ​មិន​អាច​ធ្វើឲ្យ​ទទួល​បាន​ជោគជ័យ​ឡើយ​ ​គឺ​ត្រូវ​គួបផ្សំ​នឹង​ចំណេះ​ដឹង​ ​អត្តចរិត​ ​និង​កត្តា​ជាច្រើន​ទៀត​។​ ​ចាប់តាំង​ពី​ពេល​ទទួល​បាន​តំណែង​ជា​ម្ចាស់​ជ័យ​លា​ភី​បវរកញ្ញា​វៃ​ឆ្លាត​កម្ពុជា​ ​ឬ​ ​Miss​ ​Wisdom​ ​Cam​bo​d​i​a​ ​នេះ​មក​ ​កញ្ញា​យល់ថា​ខ្លួនឯង​មាន​ការផ្លាស់ប្តូរ​ច្រើន​ ​ជាពិសេស​ឥរិយាបថ​ ​ដើរ​ ​ដេក​ ​ឈរ​ ​អង្គុយ​ ​និង​ ​វិធី​សា​ស្រ្ត​ទំនាក់ទំនង​ ​ព្រមទាំង​ទទួល​បាន​នូវ​ការ​គាំទ្រ​យ៉ាង​សម្បើម​ពី​មហាជន​ជុំវិញ​ចំពោះ​ទេពកោសល្យ​យ៉ាងល្អ​បែប​នេះ​។​

          ​ឆ្លៀត​ក្នុង​ខណៈនេះ​ ​កញ្ញា​ក៏​ចង់​ចែករំលែក​វិធី​សា​ស្រ្ត​ថែ​សម្រស់​ងាយ​ៗ​សម្រាប់​មិត្ត​នារី​យើង​អនុវត្ត​ប្រចាំថ្ងៃ​។​ ​សុភាព​នារី​ទាំងឡាយ​អាច​ចំណាយ​ពេល​ម៉ា​ស្សា​មុខ​ ​និង​ ​បិត​ម៉ា​ស​ខ្លះ​ ​ប្រើ​ក្រែម​ការពារ​ក​ម្តៅ​ថ្ងៃ​ពេល​ចេញក្រៅ​ជាប្រចាំ​ ​ហើយ​កុំ​ភ្លេច​គេង​ឲ្យបាន​ទៀត​ទាត់​និង​ទទួលទានទឹក​ឲ្យបាន​ច្រើន​ដើម្បី​សុខភាព​ព្រោះ​បើ​យើង​មិន​ថែទាំ​សុខភាព​ជាប្រចាំ​ ​សម្រស់​ក៏​ធ្លាក់ចុះ​ទៅតាម​នោះ​ដែរ​។​

          ​ជាចុងក្រោយ​ ​ក្នុងនាម​ជា​បវរកញ្ញា​តំណាង​កម្ពុជា​មួយ​រូប​ ​កញ្ញា​ប្តេជ្ញា​ថា​នឹង​ហ្វឹកហាត់​បន្ថែម​ដើម្បី​អភិវឌ្ឍ​ខ្លួន​ឈាន​ទៅកាន់​តំណែង​បន្ទាប់​នៅ​ក្នុង​កម្មវិធី​ដែល​នឹង​ប្រារព្ធ​ធ្វើឡើង​នៅ​ប្រទេស​វៀតណាម​ក្នុង​ពេល​ចុង​ឆ្នាំនេះ​ ​និង​យក​ឲ្យបាន​នូវ​កេរ្តិ៍ឈ្មោះ​ល្អ​ជូន​ប្រទេស​យើង​មិន​ឲ្យ​អ្នកគាំទ្រ​ខក​បំណង​ឡើយ​។​ ​ជាមួយគ្នា​នេះ​ដែរ​ ​កញ្ញា​ក៏​មិន​ភ្លេច​នូវ​ក្រុម​គ្រួសារ​ដែរ​ ​គឺ​នឹង​បន្ត​ធ្វើឲ្យ​អ្នកមានគុណ​មាន​មោទកភាព​ចំពោះ​កញ្ញា​ទៅមុខ​ទៀត​៕​


SUGGESTIONS