×

កែច្នៃ​ប្រទាល​កន្ទុយក្រពើ​តាម​តម្រូវ​ការ​របស់​អ្នក​យ៉ាង​ងាយស្រួល​

TRAVEL & LIVING 3 years ago
 
 

           ​ប្រទាល​កន្ទុយក្រពើ​ត្រូវ​បាន​គេ​ប្រើប្រាស់​យ៉ាង​ទូលំទូលាយ​តាំងពី​សម័យ​បុរាណ​មក​ម្ល៉េះ​។​ ​រុក្ខជាតិ​សាច់​ជែ​ល​សម្បក​បៃតង​ខ្ចី​នេះ​ ​មាន​ផ្ទុក​ទៅ​ដោយ​សមាសធាតុ​ជី​វ​សា​ស្រ្ត​សកម្ម​ជាង​២​០​០​ ​រួម​មាន​អាស៊ី​ត​អា​មី​ណូ​១​៨​(18 ​amino acid​s) ​វីតាមីន​ ​A​, B1, B3, B6, C ​និង​E​ ​ហើយ​វា​ក៏មាន​ផ្ទុក​សារធាតុ​រ៉ែ​ដូចជា​ ប៉ូ​តា​ស្យូ​ម​ ​កាល់​ស្យូ​ម​ ផូស្វ័​រ​ ​ម៉ា​ញេស្យូ​ម​ ​និង​ក្ល​រ​ជាដើម​។​ ​មែនទែន​ទៅ​ ​ប្រទាល​នេះ​មិន​ត្រឹមតែ​អាច​ដាំ​ជា​រុក្ខជាតិ​លម្អ​ប៉ុណ្ណោះ​ទេ​ ​វា​ថែមទាំង​អាច​​​យកមក​ច្នៃ​ជា​គ្រឿងផ្សំ​ច្រើន​បែប​រាប់​តាំងពី​ ​ភេសជ្ជៈ​ ​បង្អែម​ ​គ្រឿង​ថែរក្សា​សម្រស់​ ​រហូតដល់​ប្រើ​ជា​ឱសថ​កែរោគ​ផ្សេងៗ​ផង​ដែរ​។​

ភេសជ្ជៈ​សុខភាព​: ​ជា​ការពិត​យើង​អាច​​​យក​ប្រទាល​កន្ទុយក្រពើ​ធ្វើជា​ភេសជ្ជៈ​បាន​ ​ដែល​វា​មាន​រស​ឆ្ងាញ់​ហើយ​ល្អ​ចំពោះ​សុខភាព​ទៀត​ផង​។​ ​សម្រាប់​វិធី​ធ្វើ​ ​ងាយ​ៗ​យើង​គ្រាន់តែ​ដាំទឹកឲ្យពុះ​ ​ដាក់​ស្លឹក​តើយ​១​សន្លឹក​ចូល​ ​ដាក់​ស្ករស​២​៥​០​ក្រាម​ ​ដាក់​អំបិល​មួយ​ចុង​ស្លាបព្រា​ ​និង​ដាក់​ប្រទាល​កន្ទុយក្រពើ​៥​ធាង​(​យក​តែ​សាច់​ជែ​លលា​ង​ឲ្យ​ស្អាត​ហាន់​ស្តើង​ៗ​)​។​ ​ទុកឲ្យ​ពុះ​មួយសន្ទុះ​ ​រួច​បន្ថែម​ចាក់​ទឹកឃ្មុំ​បន្តិច​ ​និង​ក្រូចឆ្មារ​១​-​២​តំណក់​ជាការស្រេច​។​ ​ភេសជ្ជៈ​នេះ​យើង​អាច​ទទួលទាន​ក្តៅ​ក៏បាន​ ​ឬ​ក្លា​សេ​ឲ្យ​ត្រជាក់​កាន់តែ​ឆ្ងាញ់​។​ ​ភេសជ្ជៈ​នេះ​មាន​អត្ថប្រយោជន៍​ចំពោះ​សុខភាព​ដូចជា​ ​ប្រឆាំង​ទៅ​នឹង​ការ​រលាក​ ​ធ្វើឲ្យ​ស្បែក​ភ្លឺ​ថ្លា​ ​ជួយ​ដល់​ការរំលាយអាហារ​ ​ជាពិសេស​កាត់បន្ថយ​ជាតិ​ខ្លាញ់​លើស​ក្នុង​សរសៃឈាម​ ​និង​ហា​និ​ភ័យ​ជំងឺបេះដូង​។​

បង្អែម​: ​ក្រៅពី​ធ្វើជា​ភេសជ្ជៈ​ ​ជាមួយគ្នា​នេះ​យើង​ក៏​អាច​​​យក​ប្រទាល​កន្ទុយក្រពើ​ទៅ​ច្នៃ​ធ្វើជា​បង្អែម​បាន​ផង​ដែរ​។​ ​ការ​ធ្វើ​បង្អែម​ប្រទាល​កន្ទុយក្រពើ​ ​យើង​ត្រូវ​មាន​គ្រឿងផ្សំ​ដូចជា​៖​ ​ប្រទាល​កន្ទុយក្រពើ​ចំនួន​៤​ធាង​(​យក​តែ​សាច់​ជែ​លលា​ង​ទឹក​ឲ្យ​ស្អាត​ហាន់​ស្តើង​ៗ​) ​ស្លឹក​តើយ​ ​អំបិល​មួយ​ចុង​ស្លាបព្រា​កាហ្វេ​ ​គ្រាប់​សាគូ​កន្លះ​ចានចង្កឹះ​(​ត្រាំទឹក​ឲ្យ​រីក​) ​ខ្ទិះដូង​ចុង​៧​៥​០​ម​.​ល​ ​ខ្ទិះដូង​ដើម​១​ចានចង្កឹះ​ ​សាច់ដូង​ខ្ចី​១​ចានចង្កឹះ​(​ហាន់​ចំណិត​ស្តើង​ៗ​) ​និង​ស្ករស​២​៥​០​ក្រាម​។​ ​ចាប់ផ្តើម​ច​ម្អិ​ន​ដោយ​យក​ខ្ទិះដូង​ចុង​មក​ដាំ​ឲ្យ​ពុះ​ ​ដាក់​ស្លឹក​តើយ​ ​គ្រាប់​សាគូ​ ​សាច់ដូង​ខ្ចី​ ​ប្រទាល​កន្ទុយក្រពើ​ ​ស្ករស​ ​និង​អំបិល​ ​ទុក​ពុះ​មួយសន្ទុះ​យក​ខ្ទិះដូង​ដើម​មក​ចាក់​បង្ហើយ​ជាការស្រេច​។

គ្រឿង​ថែរក្សា​សម្រស់​: ​ប្រទាល​កន្ទុយក្រពើ​ផ្ទុក​ទៅ​ដោយ​វីតាមីន​A​,C,​E​ ​និង​ B12​ដែល​វា​មាន​អត្ថប្រយោជន៍​ចំពោះ​ស្បែក​របស់យើង​។​ ​យើង​អាច​ប្រើ​វា​ជា​ម៉ា​ស​មុខ​ជួយ​ឲ្យ​ស្បែក​ភ្លឺ​រលោង​ ​និង​មាន​សំណើម​ ​ដោយ​គ្រាន់តែ​តែ​យក​សាច់​ប្រទាល​២​ស្លាបព្រា​បាយ​ ​លាយ​ជាមួយ​ទឹកឃ្មុំ​២​ស្លាបព្រា​បាយ​ ​រួច​លាប​នៅ​លើ​ផ្ទៃមុខ​ទុកចោល​រយៈពេល​១​០​-​១​៥​នាទី​ ​ហើយ​លាង​ជម្រះ​ចេញ​ជាការស្រេច​។​ ​អនុវត្ត​ ​៥​ដង​ក្នុង​មួយ​ស​ប្តាហ៍ ​ឬ​រៀងរាល់ថ្ងៃ​នឹង​ឃើញ​លទ្ធផល​ជា​ទីគាប់ចិត្ត​។​ ​ម៉ា​ស​នេះ​យើង​ក៏​អាច​ប្រើលើ​ខ្លួន​បាន​ផង​ដែរ​។​

​ប្រយោជន៍​ផ្សេងៗ​​លើស​ពី​ធ្វើជា​ភេសជ្ជៈ​ ​បង្អែម​ ​និង​គ្រឿង​ថែរក្សា​សម្រស់​ ​ប្រទាល​កន្ទុយក្រពើ​អាច​ប្រើ​ជា​ប្រយោជន៍​ផ្សេងទៀត​ដូចជា​ព្យាបាល​របួស​ ​ការ​រលាក​ ​សូម្បីតែ​សម្បក​ក៏​អាច​​​យក​ធ្វើជា​ជីរ​សម្រាប់​ដំណាំ​បាន​ផង​ដែរ​៕​

​Article​ ​by​ ​So​un​g​ ​So​ks​an​


SUGGESTIONS