×

វិធីសាស្ត្រ​សំខាន់​ៗ​ថែទាំ​សុខភាព​សក់​ត្រឹមត្រូវ​នៅ​ក្នុង​រដូវវស្សា​

TRAVEL & LIVING 2 weeks ago
 
 

           ​មកដល់​វស្សានរដូវ​ ​ការ​ថែរក្សា​សក់​ជា​ចំណុច​មួយ​ដែល​ស្ត្រី​ភាគច្រើន​តែង​មើល​រំលង​។​ ​ជាក់ស្តែង​ក្នុង​រដូវ​នេះ​ ​ស្បែក​ក្បាល​ងាយ​ប្រឈម​បញ្ហា​ដូចជា​ ​ឡើង​អង្គែ​ ​ជ្រុះសក់​ ​និង​បញ្ហា​ផ្សេងទៀត​ ​ដោយសារតែ​កត្តា​នៃ​អាកាសធាតុ​ខ្យល់​មូសុង​ពោរពេញ​ទៅ​ដោយ​សំណើម​។​ ​ខាងក្រោម​នេះ​ជា​គន្លឹះ​ទាំង​៥​ក្នុង​ការថែទាំ​សក់​នៅ​ក្នុង​រដូវភ្លៀង​ធ្លាក់​នេះ​

• ​ស​ម្ងួ​ត​សក់​

           ​​ជាទូទៅ​ទឹកភ្លៀង​អាច​មាន​ភាព​កខ្វក់​ ​និង​ជាតិ​អាស៊ី​ត​(​មាន​p​H​ប្រហែល​៥​.​៦​)​ដែល​វា​ធ្វើឲ្យ​ប៉ះពាល់​ខ្លាំង​ដល់​សក់​របស់​អ្នក​បាន​។​ ​ដូចនេះ​រាល់​ពេល​ដែល​សក់​ត្រូវ​ទឹកភ្លៀង​ ​អ្នក​គួរ​ប្រញាប់​ស​ម្ងួ​ត​សក់​ឲ្យ​ស្ងួត​ ​ដោយ​ប្រើ​កន្សែង​ដែល​មាន​លក្ខណៈ​ទន់​ ​និង​ស្រូប​ទឹកបាន​លឿន​។​ ​ការ​ជូត​សក់​គប្បី​ធ្វើ​ទៅ​ថ្ម​ម​ៗ​ដើម្បី​កាត់បន្ថយ​នូវ​ការ​កកិត​ ​ព្រោះ​កាលណា​យក​កន្សែង​មក​ញី​ជាមួយ​សក់​ខ្លាំង​វា​អាច​បណ្តាលឲ្យ​សក់​ដាច់​ ​ឬ​ជ្រុះ​បាន​យ៉ាង​ងាយ​។​ ​ម្យ៉ាងទៀត​អ្នក​មិនគួរ​សិតសក់​នៅពេលដែល​សក់​កំពុង​សើម​នោះ​ទេ​ ​ពិសេស​ក្រាស​ដែល​អ្នក​គួរ​ជ្រើសរើស​នោះ​គឺ​ក្រាស​ដែល​មាន​ចន្លោះ​ធំ​ៗ​ ​ឬ​ហៅ​ម្យ៉ាងទៀត​ថា​ក្រាស​យក្ស​។​

• ​ប្រើ​ប្រេងដូង​ 

           ​ប្រេងដូង​មិន​ត្រឹមតែ​ល្អ​សម្រាប់​ស្បែក​នោះ​ទេ​ ​តែ​វា​ក៏មាន​អត្ថប្រយោជន៍​ជាច្រើន​សម្រាប់​សក់​ផង​ដែរ​។​ ​ការ​លាបប្រេង​ដូង​១​៥​នាទី​នៅ​លើស​ក់​មុន​ពេល​កក់សក់​ ​អាច​ជួយ​ឲ្យ​សក់​មាន​ជាតិ​ប្រេង​ ​ជួយ​ជួស​ជុ​ស​សក់​ដែល​ខូចខាត​ឲ្យ​មានសភាពល្អ​ឡើងវិញ​ ​ជាពិសេស​ធ្វើឲ្យស​ក់​ទន់​មិនសូវ​ជំពាក់​បន្ទាប់ពី​កក់សក់​រួច​។​

• ​ផ្តល់​អាហារ​បំប៉ន​ដល់​សក់​

           ​​របប​អាហារ​មាន​តួនាទី​យ៉ាងសំខាន់​ក្នុង​ការ​ធ្វើឲ្យស​ក់​របស់​អ្នកមាន​សុខភាព​ល្អ​។​ ​ដូច្នេះ​អ្នក​គួរ​បញ្ចូល​អាហារ​មួយ​ចំនួន​ដែល​សម្បូរទៅដោយ​ប្រូតេអ៊ីន​ទៅ​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​ ​ដែល​មាន​ដូចជា​ ​ស៊ុត​ ​គ្រាប់​ធញ្ញជាតិ​ ​ផលិតផល​ធ្វើ​ពី​ទឹកដោះគោ​ ​និង​បន្លែ​បៃតង​ ​ដែល​ទាំងនេះ​សុទ្ធតែ​ជួយ​ឲ្យ​សក់​របស់​អ្នក​ទន់​ភ្លឺ​រលោង​។​ ​ប្រសិនបើ​ចង់ឲ្យ​សក់​កាន់តែ​ឆាប់​លូតលាស់​បាន​ល្អ​ ​និង​ដុះ​លឿន​ផង​នោះ​ ​អ្នក​អាច​ទទួលទាន​ផ្លែ​ប៊ឺ​រី​ ​ស្ពៃ​ពុ​យ​ឡេង​ ​និង​ដំឡូងជ្វា​ជាដើម​។​

• ​ស្លឹក​ស្តៅ​ឬ​ម្សៅរមៀត​

           ​ជាទូទៅ​ស្លឹក​ស្តៅ​យើង​ច្រើន​យក​ធ្វើ​អន្លក់​ ​តែ​ជាមួយគ្នា​នេះ​យើង​ក៏​អាច​​​យក​វា​មក​ធ្វើ​រូបមន្ត​ថែរក្សា​សក់​ឲ្យ​ស្រស់​ស្អាត​ផង​ដែរ​។​ ​រុក្ខជាតិ​ដែល​មាន​រសល្វីង​ប្រភេទ​នេះ​គឺ​សម្បូរទៅដោយ​អាស៊ី​ត​ខ្លាញ់​ ​វីតាមីន​ ​និង​សារធាតុ​រ៉ែ​ដែល​ល្អ​ចំពោះ​សក់​។​ ​អ្នក​គ្រាន់តែ​យក​ស្លឹក​ស្តៅ​ទៅ​កិន​ឲ្យ​ម៉ដ្ឋ​ ​រួច​ច្របាច់​យក​តែ​ទឹក​ ​បន្ទាប់មក​លាប​លើស​ក់​ទុក​រយៈពេល​មួយ​យប់​ ​និង​លាង​សក់​ចេញ​នៅ​ពេលព្រឹក​ជាការស្រេច​។​ ​ធ្វើ​បែប​នេះ​អាច​ជួយ​កាត់បន្ថយ​ការ​បញ្ហា​អង្គែ​ ​ការ​ជ្រុះសក់​ ​ជួយ​ជំរុញ​សក់​ឆាប់​ដុះ​ ​ថែមទាំង​មិន​ធ្វើឲ្យស​ក់​ឆាប់​ស្កូវ​ទៀត​ផង​។​ ​អ្នក​អាច​អនុវត្ត​២​ដង​ក្នុង​មួយ​ស​ប្តាហ៍​នឹង​ឃើញ​លទ្ធផលជាក់​ស្តែង​។

           ​ដោយ​ឡែក​ចំពោះ​ម្សៅរមៀត​ ​វា​មាន​អត្ថប្រយោជន៍​ច្រើនយ៉ាង​សម្រាប់​សក់​ ​ដូចជា​ជួយ​ក​ម្ចាត់​អង្គែ​ ​ប្រឆាំង​នឹង​ការ​រលាក​ ​ផ្តល់​នូវ​សារធាតុ​ប្រឆាំង​អុក​ស៊ី​ត​កម្ម​ ​ជួយ​ដល់​សុខភាព​សក់​ ​និង​ស្បែក​ក្បាលរឹង​មាំ​។​ ​សម្រាប់​វិធី​ប្រើ​ ​អ្នក​គ្រាន់តែ​យក​ម្សៅរមៀត​២​ស្លាបព្រា​បាយ​ម​កលា​យ​ជាមួយនឹង​ប្រេង​អូ​លីវ​ចំនួន​២​ស្លាបព្រា​បាយ​ ​កូរ​ចូលគ្នា​ឲ្យ​សព្វ​ ​បន្ទាប់មក​យកមក​លាប​លើស​ក់ ​ជាពិសេស​គល់​សក់​ ​ទុកចោល​រយៈពេល​៤​៥​នាទី​ ​រួច​លាង​ជម្រះ​ ​និង​កក់សក់​ចេញ​ជាការស្រេច​។​ ​អ្នក​អាច​អនុវត្ត​មួយ​ស​ប្តាហ៍​ម្តង​ដើម្បី​ទទួល​បាន​លទ្ធផល​គាប់ចិត្ត​។​

• ​កាត់សក់​

           ​​អ្នក​គួរ​កាត់សក់​ចេញ​ខ្លះ​ដែល​វា​អាច​ជួយ​ដោះស្រាយបញ្ហា​សក់​បាន​ច្រើនយ៉ាង​។​ ​ការ​កាត់សក់​ខ្លី​ ​ឬ​កាត់ចេញ​ខ្លះ​គឺជា​វិធី​មួយ​ដែល​អាច​ជួយ​កាត់បន្ថយ​បញ្ហា​សក់​ជ្រុះ​បាន​ផង​ដែរ​។​ ​ម្យ៉ាង​វាក​៏​ជួយ​មិន​ធ្វើឲ្យស​ក់​ជំពាក់​ ​ងាយស្រួល​សិត​ ​និង​ជម្រុះ​ចោលការ​បែក​ចុង​ទៀត​ផង​។​

           ​​សង្ឃឹម​ថា​ ​វិធីសាស្ត្រ​ងាយ​ៗ​ខាងលើ​អាច​ជា​គន្លឹះ​មួយ​បន្ថែម​ទៀត​សម្រាប់​មិត្ត​ៗ​នារី​យកទៅ​អនុវត្ត​ ​ដើម្បី​ថែទាំ​និង​ការពារ​សក់​នៅ​រដូវភ្លៀង​នេះ​។​ ​ហើយដែល​សំខាន់​ ​ក្រៅពី​សម្រស់​កុំ​ភ្លេច​ថែទាំ​សុខភាព​ព្រមគ្នា​ដោយ​ ញុំា​ទឹក​ឲ្យបាន​ច្រើន​ ​ហូប​អាហារ​ច​ម្អិ​ន​ក្តៅ​ៗ​ ​ហាត់ប្រាណ​ជាប្រចាំ​ ​ពិសេស​ជៀសវាង​ត្រូវ​ទឹកភ្លៀង​ដែល​ងាយ​ប្រឈម​កើតជំងឺ​ផ្តាសាយ​៕​

​Article​ ​by​ ​SO​UN​G​ ​SO​KS​AN​
 


SUGGESTIONS