×

បង្អួត​សម្រស់​នា​វស្សានរដូវ​នៅ​ទំនប់​ម្លេ​ច​ជាមួយ​កញ្ញា​ ​ឈុន​ ​រក្សា​

NEWS 3 years ago
 
 

​​​          ​ខែកញ្ញា​សូម​លំឱនកាយ​គោរព​ស្វាគមន៍​ប្រិយ​មិត្ត​អ្នកអាន​ទស្សនាវដ្តី​សូវ​រី​ន​ទាំងឡាយ​! ​ពិធី​បុណ្យកាន់បិណ្ឌ​ដ៏​សំខាន់​ប្រចាំខែ​ភទ្របទ​បាន​ចូល​មកដល់​មិន​ខុសប្លែក​ពី​បណ្តា​ឆ្នាំ​កន្លងទៅ​នោះ​ទេ​ ​។​ ​នេះ​ហើយ​ជា​កម្លាំង​ច​លក​រ​ជំរុញ​ឲ្យ​សូវ​រី​ន​ព្យាយាម​ខិតខំ​ស្វែងរក​មាតិកា​បង្ហាញ​អំពី​អត្តសញ្ញាណ​វប្បធម៌​ខ្មែរ​ចេញផ្សាយ​ក្នុង​អំឡុង​ខែ​ដ៏​ពិសេស​នេះ​ ​ផ្សារភ្ជាប់​វិ​ស័យ​ហ្វេ​ហ្សិ​ន​ដ៏​ស៊ីវិល័យ​របស់​ក្រុម​ការងារ​សូវ​រី​ន​ដែល​យើង​មិន​អាច​រំលង​បាន​អម​ដោយ​បរិយាកាស​មាត់​បឹង​ដ៏​ធំ​ល្វឹងល្វើយ​ស្រស់បំព្រង​នៅ​លើទឹក​ដី​ខេត្ត​កំពត​ ​ភាគ​និរតី​នៃ​ប្រទេស​កម្ពុជា​។​

​​​          ​ជាមួយគ្នា​នេះ​ដែរ​ ​យើង​នឹង​បង្វែរ​ខ្សែ​ចក្ខុ​របស់​មហាជន​ប្រុស​ស្រី​ឲ្យបាន​ស្គាល់​នូវ​ផលិតផល​គ្រឿងអលង្ការ​ដ៏​ល្អ​វិចិត្រ​ច្នៃ​ឡើង​ដោយ​ទឹក​ដៃ​ដ៏​ប៉ិនប្រសប់​របស់​ក្រុម​យុ​វ​សិប្បករ​ខ្មែរ​ជំនាន់​ថ្មី​នេះ​ក្រោម​ស្លាកយីហោ​ ​A​LANK​A​ ​បែប​ ​ស្តង់​ដារ​អន្តរជាតិ​ ​ព្រមទាំង​ពាំ​នាំ​នូវ​ទស្សន​ទាន​ហ្វេ​ហ្សិ​ន​ដែល​ផ្តល់​នូវ​និរន្តរភាព​បរិស្ថាន​ចែក​ជូន​អស់លោក​ ​លោកស្រី​ ​អ្នកនាង​ ​កញ្ញា​ ​ទុក​គ្រាន់​ជា​ចំណេះ​ដឹង​ល្អ​សម្រាប់​ផ្នែក​បរិស្ថាន​ក្នុង​បរិ​បទ​សហ​សម័យនេះ​។​ ​លើស​ពីនេះទៅ​ទៀត​ ​លោកអ្នក​ក៏​នឹងបាន​ស្គាល់​ជីវប្រវត្តិ​ ​និង​ស្នាដៃ​ស្រាវជ្រាវ​ដ៏​មាន​តម្លៃ​កាត់ថ្លៃ​ពុំបាន​ស្តីពី​កេរដំណែល​ស្ថាបត្យកម្ម​លំនៅឋាន​ប្រពៃណី​ឬ​ផ្ទះ​បុរាណ​ខ្មែរ​ ​របស់​ស្ថាបត្យករ​ដ៏​ឆ្នើម​មួយ​រូប​គឺ​ ​លោក​ ហុ​ក​ សុកុ​ល​ ​ដែល​និស្សិត​ស្ថាបត្យកម្ម​ក្នុងស្រុក​ជាច្រើន​ពិតជា​ធ្លាប់​បានឃើញ​ឈ្មោះ​របស់​លោក​នៅ​ក្នុង​កម្រង​អត្ថបទ​ស្រាវជ្រាវ​មួយ​ចំនួន​កន្លងមក​រួចមក​ហើយ​ ​អម​ជាមួយនឹង​វត្តមាន​សិល្បករ​ក្នុង​ជំនាញ​ផ្សេងៗ​ទៀត​ដូចជា​ ​ភាពយន្ត​ ​និង​ ​នាដ​សា​ស្រ្ត ​ជាដើម​ ​នៅ​លើ​ទំព័រ​បន្តបន្ទាប់​។​

​​​          ​​ដោយឡែក​ ​ចំពោះ​ទំព័រ​ទស្សនាចរ​ណ៍ ​ប្រិយ​មិត្ត​ទាំងអស់​នឹង​រំភើប​ភ្នែក​ដោយសារ​អច្ឆរិយភាព​នៃ​ក្រុម​ប្រាសាទ​សាងសង់​ក្នុង​សម័យ​អង្គរ​ ​ឬ​ហៅថា​ ​រចនាបថ​សម័យ​អង្គរ​ ​បន្ត​ពី​បណ្តា​ប្រាសាទ​រចនាបថ​បុ​រេ​អង្គរ​ដែល​ទស្សនាវដ្តី​យើងខ្ញុំ​ធ្លាប់​បាន​ផ្សាយ​នៅ​ក្នុង​លេខ​ចេញផ្សាយ​កាលពី​ខែ​កក្កដា​កន្លងមក​។​ ​រចនាបថ​គូលែន​ ​រចនាបថ​ព្រះ​គោ​ ​រចនាបថ​ ​បាខែង​ ​និង​ ​រចនាបថ​កោះ​កែ​រ​ ​នឹង​ញ៉ាំង​ទឹកចិត្ត​របស់​លោកអ្នក​ឲ្យ​នឹកស្រមៃ​ដល់​ភាព​រុងរឿង​ត្រចះត្រចង់​នៃ​រឿងរ៉ាវ​ប្រវត្តិ​សា​ស្រ្ត​ខ្មែរ​កាលពី​ជាង​១​០​០​០​ឆ្នាំមុន​នៃ​ចក្រភព​អង្គរ​ដ៏បវរ​ពិសិដ្ឋ​លើសលប់​។​ ​ទន្ទឹម​នឹង​ប្រាសាទ​ទាំងអស់​នោះ​ ​វត្តមាន​នៃ​សណ្ឋាគារ​ “​ភូមិ​ខ្មែរ​” ​នៅ​ខេត្ត​សៀមរាប​ ​ក៏ដូចជា​ ​ភោជនីយដ្ឋាន​ ​L​a​ Cu​i​sin​e​ K​h​m​èr​e​ ​នៅ​ភ្នំពេញ​ ​សុទ្ធសឹងតែ​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​គោលបំណង​ចូល​រួមចំណែក​ផ្សព្វផ្សាយ​ជ្រុង​មួយ​នៃ​វប្បធម៌​ខ្មែរ​ឲ្យ​ពិភពលោក​បាន​ស្គាល់​កាន់តែ​ច្បាស់​បន្ថែម​ទៀត​៕​

សូម​ចុច​លើ​តំណ​ភ្ជាប់​នេះ​ ​ដើម្បី​ចូល​ទស្សនា​មាតិកា​ទស្សនាវដ្តី​ឌី​ជី​ថល​


SUGGESTIONS