×

គួរ​ធ្វើ​បែប​ណា​នៅ​ពេល​អាហារ​ផ្សំ​គ្រឿង​ប្រៃ​ជ្រុល​?

TRAVEL & LIVING 3 years ago
 
 

          ​នៅ​ក្នុង​ការ​ច​ម្អិ​ន​ ​មិនថា​អ្នក​ច​ម្អិ​ន​តាម​ផ្ទះ​ ​ឬ​កំពូល​ចុងភៅ​នោះ​ទេ​ ​យូរៗម្តង​រមែងតែ​ជ្រុលដៃ​ ​ដាក់គ្រឿង​ផ្សំ​លើស​ ​ជាពិសេស​គឺ​បង់អំបិល​ជ្រុល​តែម្តង​។​ ​ដូច​យើង​ដឹង​ស្រាប់​ ​ម្ហូប​មាន​រសជាតិ​ប្រៃ​គឺ​ពិបាក​ទទួលទាន​ ​ហើយ​ថែមទាំង​ប៉ះពាល់​ដល់​សុខភាព​ទៀត​ផង​។​ ​ដូច្នេះ​ ​បើ​ជ្រុលដៃ​បង់​គ្រឿង​ប្រៃ​ជ្រុល​ ​តើ​គួរ​កែខៃ​ដោយ​វិធី​ណា​? តោះ! ​ថ្ងៃនេះ​សូវ​រី​ន​នឹង​ចែករំលែក​ពី​វិធី​ងាយ​ៗ​ក្នុង​ការ​កាត់បន្ថយ​ជាតិ​ប្រៃ​នៅ​ក្នុង​ម្ហូប​ដល់​ស្រ្តី​មេផ្ទះ​ទាំងអស់គ្នា​។​

​១​.​ដំឡូងបារាំង​៖​ ​ការ​យក​ដំឡូង​មក​ប្រើ​ជា​វិធី​ដោះស្រាយ​សម្រាប់​មុខម្ហូប​ប្រភេទ​ ​ស៊ុប​ ​ឬ​សម្ល​ទឹក​។​ ​អ្នក​គ្រាន់តែ​យក​ដំឡូង​ឆៅ​មក​ចិត​សម្បក​ចេញ​ ​រួច​ចិត​ជា​បន្ទះ​ៗ​ ​ដាក់​ចូល​ទៅ​ត្រាំ​ក្នុង​បាតឆ្នាំង​ដោយ​ទុក​រហូតដល់​សាច់​ដំឡូង​ប្រែ​ទៅជា​ថ្លា​ ​បន្ទាប់មក​ស្រង់​ដំឡូង​នោះ​ចេញ​ជាការស្រេច​។​ ​ការ​ធ្វើ​បែប​នេះ​គឺ​ដើម្បីឲ្យ​ដំឡូង​បឺត​យកជាតិ​ប្រៃ​ចេញពី​ស៊ុប​។​

​២​.​ស្ករស​៖​ ​ប្រសិនបើ​អ្នក​គ្មាន​ដំឡូង​ទេ​ ​អ្នក​អាច​ជ្រើសរើស​យក​ស្ករស​មក​ជំនួស​បាន​។​ ​ដួស​ស្ករស​មួយ​ស្លាបព្រា​(​តិច​ច្រើន​អាស្រ័យ​ទៅតាម​បរិមាណ​នៃ​សម្ល​)​ដាក់​ចូលក្នុង​ឆ្នាំង​ ​បន្ទាប់មក​ទុកឲ្យ​រលាយ​ជាការស្រេច​។​

​៣​.​បន្ទះ​នំបុ័ង​៖​ ​អ្នក​គ្រាន់តែ​យក​បន្ទះ​នំបុ័ង​៣​ទៅ​៤​ចំណិត​(​ទៅតាម​បរិមាណ​នៃ​សម្ល​)​ដាក់​ត្រាំ​ក្នុង​សម្ល​២​ទៅ​៣​នាទី​ ​ដើម្បីឲ្យ​បន្ទះ​នំបុ័ង​ស្រូប​យកជាតិ​ប្រៃ​។​ ​ក្រោយមក​យក​បន្ទះ​នំបុ័ង​នោះ​ចេញ​ជាការស្រេច​។​

​៤​.​បន្ថែម​ទឹក​៖​ ​ចំពោះ​ម្ហូប​ឆា​ ​ឬ​ចំហុយ​វិញ​ ​អ្នក​គ្រាន់តែ​បន្ថែម​ច្រូច​ទឹក​បន្តិច​ ​ឬ​បើ​ប្រៃ​ខ្លាំង​អាច​បន្ថែម​តាម​សម​ល្មម​ ​បន្ទាប់មក​ទុក​មួយសន្ទុះ​ ​រួច​សម្រិតទឹក​នោះ​ចេញ​វិញ​ដែល​វា​អាច​កាត់បន្ថយ​ជាតិ​ប្រៃ​បាន​មួយ​ក​ម្រិ​ត​។​ ​ថ្វីបើ​ធ្វើ​បែប​នេះ​សាច់​ ​ឬ​បន្លែ​អាច​ឆ្អិន​ជ្រុល​បន្តិច​ ​តែ​វាក​៏​អាច​ប្តូរ​រសជាតិ​ពី​ប្រៃ​មក​រសជាតិ​ល្មម​អាច​បរិភោគ​បាន​។​

​៥​.​បន្ថែម​បន្លែ​ ​ផ្លែឈើ​ ​ឬ​គ្រី​ម​(​Cream​)​៖​ ​កា​រដាក់​បន្ថែម​ ​បន្លែ​ ​ផ្លែឈើ​ ​ឬ​គ្រី​ម​ ​ទៅ​ក្នុង​ម្ហូប​ក៏​ជា​វិធី​មួយទៀត​អាច​ដោះស្រាយ​បាន​ផង​ដែរ​។​ ​អ្នក​អាច​ដាក់​ម្តង​បន្តិច​រហូត​បាន​រសជាតិ​ដែល​អាច​ទទួលយក​បាន​។​ ​និយាយទៅ​ ​វិធី​នេះ​អាច​ប្រើ​ចំពោះមុខ​ម្ហូប​ណា​ដែល​ប្រើ​គ្រឿងផ្សំ​ជាមួយ​បន្លែ​ផ្លែឈើ​ ​ឬ​គ្រី​ម​ប៉ុណ្ណោះ​។​

​៦​.​បន្ថែម​គ្រឿងផ្សំ​ផ្សេងទៀត​៖​ ​ដោយឡែក​វិធី​នេះ​ក៏​អាច​ជួយ​អ្នក​បាន​មួយ​ចំណែក​ផង​ដែរ​។​ ​ប្រសិនបើ​អ្នកមាន​គ្រឿងផ្សំ​គ្រប់គ្រាន់​អ្នក​អាច​បន្ថែមចំនួន​ទ្វេ​ដង​ទៅ​ក្នុង​ម្ហូប​ដែល​ប្រៃ​នោះ​។​ ​ឧទាហរណ៍​ដូចជា​ ​ការ​បន្ថែម​ខ្ទិះដូង​ ​ក្រូចឆ្មារ​ ​ឬ​ទឹកខ្មេះ​ជាដើម​។​ ​គួរ​ចងចាំ​ថា​ ​គួរ​កុំ​បន្ថែម​គ្រឿងផ្សំ​ណា​ដែល​ធ្វើឲ្យខូច​រសជាតិ​ ​ឬ​ដាក់​ជ្រុល​ពេក​។​

​៧​.​ដាក់​ម្សៅ​៖​ ​មុខម្ហូប​ខ្លះ​អាច​ប្រើ​គ្រឿងផ្សំ​ជា​ប្រភេទ​ម្សៅ​មក​បន្សាប​បាន​ដូចជា​ម្សៅពោត​ ​ម្សៅ​អង្ករ​ ​ម្សៅ​ដំឡូង​ ​ម្សៅ​ឆា​ ​ឬ​ម្សៅ​បំពង​ជាដើម​។​ ​ដោយសារ​ម្សៅ​ទាំងនេះ​មាន​រសជាតិ​សាប​ ​ដូច្នេះ​បើ​មុខម្ហូប​ប្រៃ​អ្នក​អាច​ជ្រើសរើស​យក​ម្សៅ​ណាមួយ​ក្នុងចំណោម​ម្សៅ​ខាងលើ​មក​បន្ថែម​ក្នុង​ម្ហូប​ទៅតាម​ប្រភេទ​ម្ហូប​ដែល​ស៊ីមេទ្រី​នឹង​ម្សៅ​ទាំងនោះ​។​ ​ឧទាហរណ៍​ដូចជា​ ​ម្ហូប​ឆា​ ​ឬ​ស៊ុប​ក្តាម​ ​យើង​អាច​ជ្រើសរើស​យក​ម្សៅ​ឆា​មក​ប្រើ​ (​ម្សៅ​ឆា​ធ្វើឲ្យ​ម្ហូប​មាន​លក្ខណៈ​ខាប់​តិចៗ​)​។​ ​យើង​គ្រាន់តែ​យក​ម្សៅ​ឆា​១​ស្លាបព្រា​បាយ​ម​កលា​យ​ជា​មួយទឹក​ធម្មតា​កន្លះ​ចានចង្កឹះ​កូរ​ឲ្យ​រលាយ​ ​បន្ទាប់មក​ចាក់​ចូល​ឆា​ ​ឬ​សម្ល​ស៊ុប​ ​បើកភ្លើង​តិចៗ​កូរ​ឲ្យ​សព្វ​ជាការស្រេច​។​

          ​សង្ឃឹម​ថា​វិធី​សា​ស្រ្ត​ខាងលើ​នេះ​ ​អាច​ជា​ចំណេះ​ដឹង​តូច​មួយ​បន្ថែម​ទៀត​សម្រាប់​ស្ត្រី​មេផ្ទះ​គ្រប់រូប​។​ ​ការពិត​ណាស់​ ​ការ​ទទួលទាន​អាហារ​ប្រៃ​វា​មិន​ល្អ​ឡើយ​ចំពោះ​សុខភាព​ ​ព្រោះ​វា​អាចឲ្យ​យើង​ប្រឈម​ជំងឺ​សម្ពាធ​ឈាម​ ​មហារីក​ក្រពះ​ ​ស្តុក​ជាតិ​ទឹក​ធ្វើឲ្យ​ហើម​រាងកាយ​ ​និង​ជំងឺបេះដូង​ជាដើម​។​ ​សូម្បីតែ​អាហារ​ខ្លាញ់​ច្រើន​ ​និង​ហឹរ​ជ្រុល​ក៏​ត្រូវ​បាន​រាប់បញ្ចូល​ផង​ដែរ​៕​

Article by: SOUNG SOKSAN


SUGGESTIONS