ម្ចាស់ពានរង្វាន់ «តួសម្តែងប្រុសល្អផ្តាច់» ពីមហោស្រពភាពយន្តលំដាប់ពិភពលោកនៃប្រទេសអុីតាលី
NEWS 3 years agoតាមរយៈការបង្ហោះជាបន្តបន្ទាប់នៅលើហ្វេសប៊ុករបស់លោក ជូ ដាវី (Chou Davy) ផលិតករភាព យន្តនិងជាសហស្ថាបនិកផលិតកម្ម Anti-Archive យើងបានដឹងថាភាពយន្តរឿង «ប៊ូឌិញស» (The White Building) ដែលជាស្នាដៃដឹកនាំរឿងរបស់ លោក នាង កាវិច (Kavich Neang) ត្រូវបានជ្រើសរើសឲ្យចូលរួម ប្រកួតប្រជែងដណ្តើមរង្វាន់នៅក្នុងមហោស្រពភាពយន្តទីក្រុងVenice លើកទី ៧៨ នៅប្រទេសអ៊ីតាលី។ វាជាមោទនភាពដ៏ធំធេងសម្រាប់ប្រជាជាតិកម្ពុជា ដែលជាលទ្ធផល ភាពយន្តខ្មែរមួយរឿងនេះជាភាពយន្តជាតិដំបូងបង្អស់ដែលបានចូលរួមក្នុងមហោស្រពអន្តរជាតិដ៏ធំសម្បើមនេះ ហើយថែមទាំងបានឈ្នះពានរង្វាន់ តួសម្តែងប្រុសល្អផ្តាច់ (Best Actor Award) ដែលមានយុវជន ឈួន ពិសិដ្ឋ ជាតួឯកប្រុស(តួសម្តែងភាពយន្តថ្មី) សឹងតែមិនគួរឲ្យជឿ។ កម្មវិធីប្រគល់ពានរង្វាន់ប្រព្រឹត្តទៅកាលពីថ្ងៃទី១២ ខែកញ្ញា ដែលមានផលិតករ នាង កាវិច ជាអ្នកទទួលពានរង្វាន់ជំនួសជាផ្លូវការ។
ឈួន ពិសិដ្ឋ ឬ Piseth Chhun វ័យ២៥ឆ្នាំ ម្ចាស់ពានរង្វាន់ផ្ទាល់បានសម្តែងចំណាប់អារម្មណ៍ថា «នេះពិតជារឿងដ៏អស្ចារ្យស្ទើរមិនគួរឲ្យជឿ ហើយខ្ញុំពិតជារំភើបណាស់ចំពោះលទ្ធផលនេះ»។ «សម្រាប់ទៅកាន់ក្រុមការងារ ជាពិសេសទៅកាន់ បង កាវិច ដែលជា director រឿងហ្នឹង បើសិនជាអត់មាន Story (សាច់រឿង) ដ៏ល្អរបស់គាត់ ខ្ញុំប្រហែលជាអត់មានឱកាសដូចថ្ងៃនេះទេ! ហើយសម្រាប់បង លីន (មាស ស្រីលីនជំនួយការដឹកនាំ) ក៏ដូចគ្នា បើសិនជាអត់មាន training (ការបង្វឹក) របស់គាត់រយៈពេល៦ខែហ្នឹងទេ ខ្ញុំអត់ដឹងថាអ្វីទៅដែលជាការសម្តែង ឬក៏ «know the rule, play the game» ទេ។ អ៊ីចឹងពាក្យហ្នឹង inspire (ជំរុញទឹកចិត្ត) ខ្ញុំខ្លាំងណាស់»។ យុវជនរូបនេះបានបន្ថែមឲ្យដឹងទៀតថាសមាសភាពក្រុមការងារទាំងអស់មកពីបណ្តាប្រទេសផ្សេងៗចម្រុះគ្នា ប៉ុន្តែព្យាយាមរួមគ្នាបង្កើតស្នាដៃជាភាសាខ្មែរ ទោះបីជាមានជួបបញ្ហាស្មុគស្មាញក្នុងទំនាក់ទំនងពាក្យសម្តីក្នុងពេលបំពេញការងាររួមគ្នាខ្លះក៏ដោយ។
អ្វីខ្លះជាឧបសគ្គនៃការសម្តែងភាពយន្តមួយនេះសម្រាប់ពិសិដ្ឋផ្ទាល់? ម្ចាស់ពានបានបកស្រាយថា ចំពោះការសម្តែងតួអង្គ«សំណាង»ក្នុងរឿងប៊ូឌិញសនេះ គឺទទួលសម្ពាធច្រើន ព្រោះតួអង្គនេះបាត់បង់មិត្ត ភក្តិដែលមានក្តីស្រមៃរួមគ្នា ត្រូវរស់នៅក្នុងសង្គមដែលផ្តល់គំនាបតម្រូវឲ្យតួអង្គត្រូវរើលំនៅ ហើយមិនអាចបន្តបំពេញសុបិនផ្ទាល់ខ្លួនគាត់ដោយសារកត្តាគ្រួសារ។ រីឯការសម្តែងទៀតសោត ក៏ជួបការលំបាកជាច្រើនដែរ តួយ៉ាង ការដាក់អារម្មណ៍ឲ្យមានសម្ពាធដូចតួអង្គដែលត្រូវសម្តែងពិតៗ និង ការជួបគ្រោះថ្នាក់ប៉ះពាល់ ជង្គង់ ព្រោះតួអង្គនេះត្រូវរាំច្រើន ជាពិសេសចំពោះឈុតដែលតួត្រូវហ្វឹកហាត់ចូលរួមប្រកួតកម្មវិធីរាំធំត្រូវបញ្ចេញក្បាច់រាំឲ្យអស់ពេញទំហឹង ប៉ុន្តែដោយសារបញ្ហាជង្គង់ វាបានបង្កើតជាក្តីកង្វល់សម្រាប់ក្រុមការងារទាំងមូល។
ចំណុចសំខាន់មួយទៀតនោះគឺត្រង់ថាជីវិតតួអង្គសំណាងនៅក្នុងរឿងនិងជីវិតពិតរបស់ពិសិដ្ឋគឺមានក្តីស្រមៃធំទាក់ទងនឹងក្បាច់រាំដូចគ្នា ព្រោះពិសិដ្ឋចូលប្រឡូកសិល្បៈដំបូងតាមរយៈការងារជាអ្នករាំនេះឯង។ ត្រង់ចំណុចនេះ ពិសិដ្ឋបានបង្ហាញអារម្មណ៍ពិតថា «ខ្ញុំពិតជាចាប់អារម្មណ៍នៅពេលអានសាច់រឿងនេះ។ សំណាងនិងជីវិតខ្ញុំរាល់ថ្ងៃហ្នឹងគឺដើរប្រហាក់ប្រហែលគ្នា!សំណាងចង់បង្កើតក្តីស្រមៃរបស់គាត់នៅក្នុងការប្រកួតរាំ រីឯក្រុមរបស់ពួកខ្ញុំរាល់ថ្ងៃ ចង់ឲ្យប្រជាជនទូទៅឬសិល្បករខ្មែរឲ្យតម្លៃលើការបង្កើតថ្មីជាទម្រង់សិល្បៈរបស់យើងជាជាងការ Cover ឬ យករបស់គេ។ (ជីវិត)ទាំងពីរនេះគឺ touch (ប៉ះ)អារម្មណ៍របស់ខ្ញុំមែនទែនដោយសារយើងនៅក្នុងឧស្សាហកម្មដែលធ្វើអ្វីជារបស់ខ្លួនឯង[…]»។
Credit The White Building
ត្រឡប់ទៅអតីតកាល ឈួន ពិសិដ្ឋ មានប្រភពមកពីអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល។ ពិសិដ្ឋជាអតីតនិស្សិតផ្នែកមេកានិក ហើយក្រោយមកបានផ្លាស់មកសិក្សាផ្នែកអក្សរសាស្រ្តអង់គ្លេស នៅសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU)។ ពិសិដ្ឋបានផ្អាកការសិក្សានៅអំឡុងឆ្នាំ២០១៦-២០១៧ ហើយឈោងចាប់យកអាជីពសិល្បៈផ្នែកក្បាច់រាំសហសម័យទាំងស្រុង។ ស្នាដៃសិល្បៈលេចធ្លោជាងគេគឺ បទ«ខូចចិត្ត» បទ «My Way» និងក្បាច់រាំបទ«ឆឺតៗបុណ្យភូមិ»។ ដោយឡែក សម្រាប់ផ្នែកសម្តែង នៅអំឡុងពេលមួយដែលលោកកំពុងហាត់ក្បាច់រាំជាមួយក្រុមក្មេងខ្មែរនោះ មានគេទាក់ទងមកឲ្យលោកសាកល្បងសម្តែងនៅក្នុងស្ទូឌីយ៉ូ ហើយផលិតករ នាង កាវិច ជាមនុស្សដែលបានផ្តល់ឱកាសឲ្យពិសិដ្ឋសម្តែងក្នុងភាពយន្តខ្លីជាលើកដំបូងនៅក្នុងភាពយន្តរបស់គាត់គឺរឿង«ដីថ្មីផ្លូវខូច» (New Land Broken Road) (២០១៨)។ តែសម្រាប់ការសម្តែងភាពយន្តខ្នាតវែងប្រភេទ Feature Film រឿង«ប៊ូឌិញស»ជាស្នាដៃដំបូងរបស់ពិសិដ្ឋតែម្តង ដោយអ្នកដឹកនាំរឿងដដែលនេះ។
នៅពេលអនាគត ពិសិដ្ឋនៅតែចង់បន្តការងារស្នូលរបស់គេ គឺការបញ្ចេញក្បាច់រាំថ្មីៗ ប៉ុន្តែគេមើលឃើញថា ការសម្តែងក៏ជាឱកាសល្អសម្រាប់រូបគេអាចបញ្ចេញក្បាច់រាំនៅក្នុងនោះដែរ។ ដូចនេះសិល្បៈទាំងពីរទម្រង់គួរតែនៅជាមួយគ្នា។ជាចុងក្រោយ អ្វីដែលតួសម្តែងឆ្នើមរូបនេះចង់និយាយទៅកាន់ទស្សនិកជនកម្ពុជានោះគឺ សូមចូលរួមថែរក្សាសុខភាព ចៀសផុតពីកូវីដទាំងអស់ គ្នាហើយសង្ឃឹមថានឹងមានឱកាសយកភាពយន្តជាប់ពានខាងលើនេះមកបញ្ចាំងជូនពួកយើងបានទស្សនាឲ្យបានយល់ដឹងពីសាច់ រឿងដែលផ្សារភ្ជាប់នឹងអគារប្រវត្តិសាស្រ្តរបស់ជាតិយើង៕
Article by SRINSOKMEAN