×

ផលិតផល​ធ្វើ​ពី​ទ្រាំង​ ​អត្តសញ្ញាណ​សិប្បកម្ម​ថ្មី​របស់​អតីត​ដែនដី​ខេត្ត​ម្លូព្រៃ​

TRAVEL & LIVING 4 weeks ago
 
 

            ​ស្រុក​ឆែប​ ​ជា​ស្រុក​មួយ​ដែល​បច្ចុប្បន្ន​ស្ថិត​ក្នុង​ភូមិ​សា​ស្រ្ត​រដ្ឋបាល​របស់​ខេត្ត​ព្រះវិហារ​ដែល​ទឹកដី​នេះ​ ​ពី​ដើមឡើយ​ត្រូវ​បាន​អ្នក​សិក្សា​ប្រវត្តិ​សា​ស្រ្ត​ស្គាល់​ថា​ជា​ស្ថា​នី​យ៍​បុរេប្រវត្តិ​ម្លូព្រៃ​ ​ឬ​អតីត​ខេត្ត​ម្លូព្រៃ​ក្នុង​សម័យ​អាណានិគម​ ​បារាំង​។​ ​ទឹកដី​នេះ​ត្រូវ​បាន​ប្រវត្តិវិទូ​ជាតិ​និង​អន្តរជាតិ​រក​ឃើញ​ថា​ជា​កន្លែង​ផលិត​ដែក​ខ្មែរ​បុរាណ​ ​ប៉ុន្តែ​សព្វថ្ងៃនេះ​ប្រជាជន​សហគមន៍​ក្នុង​ឃុំ​សង្កែ​មួយ​ ​និង​ឃុំ​សង្កែ​ពីរ​ ​នៃ​ស្រុក​ឆែប​នេះ​បាន​បង្កើត​ប្រវត្តិ​សា​ស្រ្ត​ថ្មី​គឺ​ ​ផលិតផល​កែច្នៃ​ពី​រុក្ខជាតិ​ទ្រាំង​ក្នុង​ទ្រង់ទ្រាយ​ជា​សិប្បកម្ម​បែប​សហគមន៍​ដែល​មិនធ្លាប់​មាន​សោះ​ពីមុន​មក​។​

            ​លោក​ ម៉េ​ន​ ​សុខ​ហេង​ ​បុគ្គលិក​អង្គការ​ N​T​F​P​-​E​P​ (​Non-​Timber​ ​Forest​ ​Product​s - ​Exchange​ ​Program​me​) ​ដែល​ជា​អង្គការ​អន្តរជាតិ​ចុះ​មក​បណ្តុះបណ្តាល​សហគមន៍​ឆែប​ ​បាន​ផ្តល់​បទសម្ភាសន៍​តាម​ទូរសព្ទ​ប្រាប់​សូវ​រី​ន​ថា​ ​អង្គការ​នេះ​មាន​ទីស្នាក់ការ​ធំ​នៅ​ទីក្រុង​ម៉ានីល​ ​ប្រទេស​ហ្វីលីពីន​ ​ហើយ​ពួកគេ​បាន​ចុះ​មក​សិក្សា​ពី​សក្តានុពល​ដើម​ទ្រាំង​នៅ​ក្នុង​ខេត្ត​ព្រះវិហារ​នេះ​កាលពី​ឆ្នាំ​២​០​១​៧​ ​ហើយ​បាន​ចាប់ផ្តើម​អនុវត្ត​គម្រោង​ផលិត​ចង្កឹះ​ទ្រាំង​ក្នុង​ឆ្នាំ​២​០​១​៨​ ​ដោយ​ ​សារ​តំបន់​នេះ​សម្បូរ​រុក្ខជាតិ​ទ្រាំង​ដុះ​តាម​តំបន់​ព្រៃ​ភ្នំ​ ​ហើយ​ប្រជាជន​ក៏មាន​ប្រពៃណី​បិត​ចង្កឹះ​ទ្រាំង​ប្រើ​ជា​លក្ខណៈ​គ្រួសារ​ត​ពី​ដូនតា​យ៉ាង​ប៉ិនប្រសប់​រហូតមកដល់​សព្វថ្ងៃ​។​ ​ដោយសារ​សម្លឹង​ឃើញ​សក្តានុពល​អភិវឌ្ឍន៍​បែប​នេះ​ ​ហើយ​ទើប​អង្គការ​បាន​ប្រមែប្រមូល​ប្រជា​សហគមន៍​ឲ្យ​មក​ទទួលការ​បណ្តុះបណ្តាល​បច្ចេកទេស​បន្ថែម​ដើម្បី​កែច្នៃ​ឲ្យ​ផលិត​ ​ផល​ឲ្យ​កាន់តែ​សម្បូរ​បែប​និង​មាន​លក្ខណៈ​គុណភាព​ស្តង់​ដារ​បម្រើ​តម្រូវ​ការ​ទី​ផ្សារ​បច្ចុប្បន្ន​ ​និង​ក្នុង​គោលបំណង​ដើម្បី​ទប់​ស្កាត់​សកម្មភាព​កាប់​ធាង​ទ្រាំង​បែប​អនាធិបតេយ្យ​យកទៅ​លក់​ឲ្យ​ប្រទេសជិតខាង​។​

            ​គិត​មកដល់​សព្វថ្ងៃ​ ​ក្រុម​កែច្នៃ​ផលិតផល​ពីដើម​ទ្រាំង​ស្រុក​ឆែប​មាន​សមាជិក​ផលិត​រហូតដល់​ ​៤​៥​នាក់​ ​ដែល​មកពី​ភូមិ​ចំនួន​ប្រាំ​នៃ​ស្រុក​ឆែប​ ​រួម​មាន​ ​ភូមិ​សង្កែ​ ​និង​ ​ភូមិ​ស្រអែម​ ​នៃ​ឃុំ​សង្កែ​មួយ​ ​និង​ ​ភូមិ​ឆែប​លិច​ ​ភូមិ​ឆែប​កើត​ ​និង​ ​ភូមិ​ក្រសាំង​នៃ​ឃុំ​សង្កែ​ពីរ​។​ ​ផលិតផល​ស្នូល​គឺ​ចង្កឹះ​ទ្រាំង​ ​ដែល​ពួកគាត់​អាច​ផលិត​បាន​ចំនួន​៥​០​ដុំ​ក្នុង​មួយ​ក្រុមក្នុង​ ​រយៈពេល​មួយ​ស​ប្តាហ៍ (​អ្នក​ផលិត​ទាំងអស់​មាន​១​០​ក្រុម​ ​ហើយ​ម​ន្រ្តី​សហគមន៍​ម្នាក់​គ្រប់គ្រង​សា​ម​ជិ​ក​៥​ក្រុម​)​។​ ​តាម​ការ​អះអាង​របស់​ម​ន្រ្តី​ជំនាញ​ ​ចង្កឹះ​ទ្រាំង​មាន​លក្ខណៈ​ពិសេស​ខុស​ពី​ចង្កឹះ​ធ្វើ​ពី​រុក្ខជាតិ​ដទៃ​ត្រង់ថា​ ​វា​មិន​ជ្រាប​ទឹក​ ​គុណភាព​ល្អ​មាំ​ប្រើបានយូរ​មិន​ឆាប់​ពុក​ផុយ​ ​មាន​ពណ៌​ស្រស់​ស្អាត​ ​និង​ ​បិត​ដោយ​ស្នាដៃ​ប្រជា​សហគមន៍​ផ្ទាល់​ពិតៗ​។​ ​ក្រៅពី​ផលិតផល​ចង្កឹះ​ដែល​ជា​ផលិតផល​ប្រពៃណី​ស្ថិត​ក្នុង​ស្តង់​ដារ​គុណភាព​ថ្មី​របស់​អង្គការ​ខាងលើ​ ​សហគមន៍​នេះ​ក៏មាន​ផលិត​ផលិតផល​ផ្សេងៗ​ទៀត​រួម​មាន​ ​វែក​ឆា​ ​វែក​បាយ​ វែ​កកូរ​បាយ​ ​សម​ ​ស្លាបព្រា​ ​ឈើច្រត់​ ​និង​ ​ដាវ​ ​ដែល​សុទ្ធសឹងតែ​កែច្នៃ​ចេញពី​ទ្រាំង​សុទ្ធសាធ​។​

            ​ចំពោះ​ទី​ផ្សារ​លក់​ ​សព្វថ្ងៃ​ក្រុម​សហគមន៍​មាន​ស្តង់​តាំង​លក់​ផលិតផល​មួយ​កន្លែង​ ​ស្ថិត​ក្នុង​ភូមិ​សង្កែ​ ​ឃុំ​សង្កែ​មួយ​ ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦​៤​ (​ផ្លូវ​ព្រះវិហារ​-​ស្ទឹង​ត្រែង​) ​ចន្លោះ​ក្រុង​ត្បែង​មានជ័យ​ (​ទីរួមខេត្ត​) ​និង​ ​ទី​រួម​ស្រុក​ ​ឆែប​ ​និង​មាន​តំណាង​ចែកចាយ​លក់​នៅ​រាជធានី​ភ្នំពេញ​ ​នៅ​ហាង​ ​Nature​ ​Wild​ ​ម្តុំ​ផ្សារ​ដើម​ថ្កូវ​។​ ​កន្លងមក​ ​ផលិតផល​ទាំងនេះ​ធ្លាប់​មាន​អ្នកបញ្ជា​ទិញ​ទៅដល់​ភ្នំពេញ​ ​សៀមរាប​ ​ក្រចេះ​ ​និង​ ​ខេត្ត​ព្រះ​សី​ហ​នុ ​ក្នុង​តម្លៃ​បោះ​ដុំ​ ​៦​៥​០​០​រៀល​/ ​មួយ​ដុំ​ (​ចាប់ពី​២​០​ដុំ​ឡើង​ទៅ​) ​និង​តម្លៃ​លក់រាយ​ ​១​០​០​០​០​រៀល​/ ​មួយ​ដុំ​ (​១​ដុំ​មាន​ចង្កឹះ​១​០​គូ​)​។​ ​គួរ​សម្គាល់​ថា​ ​ចង្កឹះ​ទ្រាំង​មាន​ពីរ​ប្រភេទ​សម្រាប់​ជ្រើសរើស​ ​គឺ​ ​ចង្កឹះ​មូល​ ​និង​ ​ចង្កឹះ​ជ្រុង​ ​ដែល​មាន​ខ្នាត​ស្តង់​ដារ​ ​២​៦​ ​សង់ទីម៉ែត្រ​ដូចគ្នា​។​

            ​សិប្បកម្ម​ផលិត​ផលិតផល​ទ្រាំង​ទ្រង់ទ្រាយ​សហគមន៍​នេះ​ពិតជា​ផ្តល់​អត្ថប្រយោជន៍​ច្រើន​ណាស់​សម្រាប់​ ​ប្រជាជន​ក្នុង​តំបន់​នេះ​បើ​តាម​ការ​ពន្យល់​របស់​ម​ន្រ្តី​សហគមន៍​ ​ពីព្រោះ​បើ​ធៀប​នឹង​របរ​ធ្វើ​ស្រែចំការ​ ​ការ​កែច្នៃ​ផលិត​ ​ផល​ទ្រាំង​ផ្តល់​ប្រាក់ចំណូល​បាន​ច្រើនជាង​ ​និង​មាន​ភាព​ងាយស្រួល​ជាង​។​ ​ជាក់ស្តែង​ ​ប្រជាជន​ធ្វើស្រែ​បានតែ​មួយ​ ​រដូវ​ទេ​ក្នុង​មួយ​ឆ្នាំ​នៅ​ក្នុង​តំបន់​សហគមន៍​នេះ​ដែល​អាច​ផ្តល់​ប្រាក់ចំណូល​បាន​ប្រមាណ​២​-​៤​លាន​រៀល​ ​ប៉ុន្តែ​ពួកគាត់​អាច​​​រកចំណូល​បាន​២​-​៣​លាន​រៀល​ក្នុង​មួយ​ខែ​ពី​ការ​កែច្នៃ​ទ្រាំង​។​ ​ទោះបីជា​យ៉ាងណា​ ​មាន​ប្រជាជន​ខ្លះ​ចាត់​ទុក​ការងារ​នេះ​ជា​ការងារ​បន្ទាប់បន្សំ​នៅ​ពេលទំនេរ​ ​ហើយក៏​មាន​ប្រជាជន​ខ្លះ​ចាត់​ទុក​វា​ជា​របរ​ស្នូល​របស់​ពួកគាត់​ដែរ​។​

            ​លោក​ ម៉េ​ន​ ​សុខ​ហេង​ ​បាន​សង្កត់ធ្ងន់​ថា​ ​សព្វថ្ងៃ​ ​ការ​ប្រមូល​ផល​ទ្រាំង​ក៏​កំពុង​ជួបប្រទះ​នឹង​បញ្ហា​ប្រឈម​ធំ​មួយ​ផង​ដែរ​ ​គឺ​បណ្តាលមកពី​សកម្មភាព​កាប់​រាន​ដីធ្លី​ដែល​ធ្វើឲ្យ​ដើម​ទ្រាំង​បាត់បង់​ ​និង​ការ​ដើរ​ប្រមូល​ទិញ​បណ្តូល​ទ្រាំង​ពីសំណាក់​ឈ្មួញ​យកទៅ​លក់​នៅ​ខាងក្រៅ​ដោយ​មិន​គិត​ពី​និរន្តរភាព​នៃ​ធនធាន​ទ្រាំង​។​ ​ដោយឡែក​ ​ការ​ប្រមូល​ផល​ទ្រាំង​របស់​សហគមន៍​ដែល​ទទួលការ​បណ្តុះបណ្តាល​ពី​អង្គការ​ N​T​F​P​-​E​P​ ​ជា​ការ​ប្រមូល​ផល​តែ​ចំពោះ​ទ្រាំង​គ្រប់​អាយុ​ ​តាមរយៈ​បច្ចេកទេស​ដកហូត​ប្រកបដោយ​និរន្តរភាព​ត្រឹមត្រូវ​។​ ​សម្រាប់​ទៅ​ថ្ងៃ​អនាគត​ ​អង្គការ​មាន​គម្រោង​ពង្រឹង​ការ​អភិ​រក្ស​ធនធាន​ទ្រាំង​ក្នុង​តំបន់​ ​ជជែក​ពិភាក្សា​ជាមួយ​សហគមន៍​និង​ម​ន្រ្តី​អជ្ញាធរ​ពាក់ព័ន្ធ​ ​ដាំ​កូន​ទ្រាំង​ឡើងវិញ​ ​ស្វែងរក​បច្ចេកវិទ្យា​ថ្មី​សម្រួល​ដល់​សង្វាក់​ផលិតកម្ម​ ​និង​ ​ពង្រីក​ទី​ផ្សារ​ឲ្យបាន​ទូទាំង​ប្រទេស​និង​ទៅក្រៅ​ប្រទេស​។​ ​ប្រសិនបើ​លោកអ្នក​ចាប់អារម្មណ៍​ចង់​គាំទ្រ​ជាវ​ផលិតផល​ខាងលើ​ ​សូម​ទាក់ទង​ទៅកាន់​ ​លោក​ ​មាស​ ហឿ ​ប្រធាន​ក្រុម​កែច្នៃ​ទ្រាំង​នៅ​ភូមិ​សង្កែ​ ​តាមរយៈ​លេខទូរសព្ទ​ ​០​៩​៧​ ​២​៧​ ​៩​៧​ ​២​៩​៣​៕​

Article​ ​by​ ​SRIN SOKMEAN​

Image Courtesy: N​T​F​P​-​E​P


SUGGESTIONS