ការស្នាក់នៅផ្សារភ្ជាប់នឹងធម្មជាតិបៃតងនិងបរិយាកាសជនបទនៅសៀមរាប
TRAVEL & LIVING 3 years ago សណ្ឋាគារ Phum Khmer Lodge ត្រូវបានវិនិយោគ និងបង្កើតឡើងដោយវិនិយោគិនជនជាតិខ្មែរសុទ្ធសាធកាលពីដើមឆ្នាំ២០២១ថ្មីៗនេះ។ សណ្ឋាគារដ៏ត្រកាលថ្មីសន្លាងនេះមានទីតាំងស្ថិតនៅចំកណ្តាលទីរួមខេត្តសៀមរាបតែម្តង។ ទីតាំងស្នាក់នៅបែបប្រពៃណីខ្មែរនេះផ្តល់ជូនអតិថិជនចម្រុះជាតិសាសន៍មកពីគ្រប់ទិសទីនូវសេវាកម្មប្រកបដោយគុណភាពគួរជាទីទំនុកចិត្តស្របតាមតម្រូវការជាក់ស្តែងរបស់អតិថិជនគ្រប់រូបអមដោយមន្តស្នេហ៍ស្ថាបត្យកម្មផ្ទះឈើបុរាណយ៉ាងស្រស់ស្អាត ព្រមជាមួយការតុបតែងលម្អស្ថាបត្យកម្មដោយប្រើផលិតផលសិប្បកម្មក្នុងស្រុកដ៏ប្រណិត រំលេចចេញជាផ្ទាំងទស្សនីយភាពគាប់ភ្នែកទាក់អារម្មណ៍អ្នកដែលបានមកដល់ឲ្យសប្បាយរីករាយក្នុងអំឡុងពេលនៃការស្នាក់នៅរបស់ពួកគាត់។ ជាងនេះទៅទៀត បើលោកអ្នកចំណាយពេលដើរទស្សនាបរិស្ថានជុំវិញផ្ទះស្នាក់នៅ លោកអ្នកច្បាស់ជាត្រជាក់ចិត្តនឹងទេស ភាពផ្សារភ្ជាប់នឹងធម្មជាតិបៃតងស្រស់បែបត្រូពិកដូចជាបរិយាកាសភូមិកំណើតដ៏សុខដុមរមនារបស់អ្នកនៅតាមទីជនបទស្រុកស្រែចម្ការក្នុងបណ្តាខេត្តនានានៃប្រទេសកម្ពុជា។
សណ្ឋាគារនេះប្រៀបដូចជាភូមិឋានមួយកន្លែងដែលកើតឡើងពីបន្សំរវាងផ្ទះឈើចំនួន៦ ដាច់ដោយឡែកពីគ្នាប្រកបដោយឯកជនភាពល្អបំផុតសម្រាប់ការស្នាក់នៅដ៏ស្ងប់សុខដែលមនុស្សជាច្រើនប្រាថ្នាចង់បាន រួមទាំងអាងហែលទឹកយ៉ាងធំទូលាយមានការចែកដាច់សម្រាប់មនុស្សពេញវ័យ និងកុមារ កន្លែងក្មេងលេងប្រកដោយបរិក្ខារក្មេងលេងយ៉ាងទាន់សម័យ ស្ពានឈើ ស្រះចិញ្ចឹមត្រី សួនបន្លែសរីរាង្គ ផ្ទះបាយរួម និង ផ្ទះបាយឯកជនដាច់ដោយឡែក។ បើនិយាយលម្អិតអំពីផ្ទះនីមួយៗវិញ ផ្ទះដែលត្រូវបានដំឡើងសង់ក្នុងបរិវេណភូមិដ្ឋានស្នាក់នៅមួយនេះ គឺ ផ្ទះភាគច្រើនជាប្រភេទផ្ទះបុរាណខ្មែរម្យ៉ាងហៅថា ផ្ទះរោង ឬ អ្នកខ្លះនិយមហៅថា ផ្ទះកន្តាំង មានបង្គុំស្លាបដំបូលពីរសងខាង ដែលមានការពេញនិយមខ្លាំងកាលពីចុងសតវត្សរ៍ទី១៩ ជាពិសេសពីសំណាក់គ្រួសារអភិជនខ្មែរនិងអ្នកជំនួញជនជាតិចិននិងជ្វាដែលមករកស៊ីនៅស្រុកខ្មែរ។
ផ្ទះនីមួយៗមានឈ្មោះពីរោះៗបែបជាខ្មែររៀងៗខ្លួន ដែលក្នុងនោះ រួមមាន ផ្ទះទី១ គឺ ផ្ទះសិរីមង្គល (បន្ទប់គេងចំនួន២ សម្រាប់គូស្វាមីភរិយា ឬ ក្រុមសមាជិក៤នាក់) ផ្ទះទី២ គឺ ផ្ទះសុខសាន្ត (គ្រែគេងចំនួន២ សម្រាប់ក្រុមសមាជិក៣នាក់) ផ្ទះទី៣ គឺ ផ្ទះរតនៈ (បន្ទប់គេងចំនួន៣ សម្រាប់ក្រុមសមាជិក៦នាក់) ផ្ទះទី៤ គឺផ្ទះឧត្តុង្គឧត្តម (បន្ទប់គេងចំនួន២ សម្រាប់ក្រុមសមាជិក៤នាក់) ផ្ទះទី៥ គឺ ផ្ទះប៉ិត (គ្រែគេងចំនួន២ សម្រាប់ក្រុមសមាជិក៤នាក់) និងផ្ទះទី៦ គឺ ផ្ទះសៀមរាប (គ្រែគេងចំនួន២ សម្រាប់ក្រុមសមាជិក៤នាក់)។ ចំណែកការតុបតែងលម្អផ្នែកខាងក្នុងផ្ទះគឺពោរពេញដោយការរៀបចំសម្រិតសម្រាំងយ៉ាងល្អឥតខ្ចោះហួសពីការរំពឹងទុកជាក់ស្តែង ដូចជា ការបំពាក់គ្រឿងសង្ហារិមជាទូរបែបបុរាណ ការរចនាបន្ទប់ទឹកដោយប្រើវត្ថុធាតុដើមស្រាប់ក្នុងស្រុក និង ការតុបតែងតុនិងផ្ទៃជញ្ជាំងដោយប្រើគ្រឿងសិប្បកម្មតំណាងវប្បធម៌កម្ពុជា ។ល។
Article by SRIN SOKMEAN