ហ៊ុន សុខហៀង សិល្បករគំនូរលើដងខ្លួនដ៏មានទេពកោសល្យបង្ហាញស្នាដៃពីតថភាពសង្គមជាក់ស្តែង
NEWS 3 years agoបច្ចុប្បន្ន ប្រជាជនខ្មែរចាប់ផ្តើមឲ្យតម្លៃទៅលើសិល្បៈបែបច្នៃប្រតិដ្ឋកាន់តែខ្លាំងឡើង។ តួយ៉ាង យុវជនខ្មែរជាច្រើនបានងាកមកលើកស្ទួយ និងផ្តល់តម្លៃទៅលើសិល្បៈខ្មែរសឹងគ្រប់ទម្រង់ ខ្លះរំលេចស្នាដៃជាគំនូរសិល្បៈបែបសហសម័យ ខ្លះតុបតែងខ្លួនក្នុងឈុតសម្លៀកបំពាក់ប្រពៃណី ឯខ្លះទៀតមានជាការសម្តែងរបាំជាដើម។
ហ៊ុន សុខហៀង មានឈ្មោះហៅក្រៅថា Jesub Dolibop ជាសិស្សកំពុងសិក្សាថ្នាក់ទី១២នៅវិទ្យាល័យប៊ែលធីអន្តរជាតិភ្នំពេញ។ វ័យទើបតែ១៩ឆ្នាំ Jesub មានជំនាញទាំងការផាត់មុខ និងការគូរគំនូរ ដែលជំនាញទាំងពីនេះហើយបានរួមបញ្ចូលគ្នាបង្កើតជាសិល្បៈផាត់មុខបែបគំនូរមួយបែបទៀតប្រកបដោយភាពទាក់ទាញ។ តាមការលើកឡើងរបស់ យុវជនរូបនេះ លោកបានដឹងពីសមត្ថភាពរបស់ខ្លួនតាំងពីកុមារភាពមកម៉្លេះ។ គ្រានោះ Jesub មានអាយុទើបតែ៣ឆ្នាំតែប៉ុណ្ណោះ តែមានសមត្ថភាពអាចចាប់កាន់ប៊ិកគូររូបសត្វផ្សេងៗនៅលើក្រដាសដោយខ្លួនឯង។ ពេលវេលាដើរទៅមុខរហ័ស មួយប៉ប្រិចភ្នែកមកដល់ឆ្នាំ ២០១៦ Jesub បានចាប់ផ្តើមជំនាញមួយបន្ថែមទៀតដែលជាចំណង់ចំណូលចិត្តរបស់ខ្លួននោះគឺការផាត់មុខ។ នៅចន្លោះឆ្នាំ ២០១៦ ដល់ឆ្នាំ ២០១៧ Jesub បានផ្តោតយ៉ាងខ្លាំងទៅលើជំនាញផាត់មុខ ដែលជាកត្តាមួយជំរុញឲ្យយុវជនរូបនេះចាប់ផ្តើមសិក្សាគន្លឹះនានាទាក់ទងនឹងការផាត់មុខប្លែកៗទៅតាមទំនោររបស់ខ្លួន។ លុះរយៈក្រោយមក Jesub ក៏បានដឹងពីសមត្ថភាពពិតរបស់ខ្លួនទាំងលើការផាត់មុខ និងការគូរគំនូរ ទើប Jesub សម្រេចចិត្តយកជំនាញទាំងពីរនេះមករួមបញ្ចូលគ្នាបង្កើតជាសិល្បៈគំនូរលើដងខ្លួនតុបតែងក្នុងទម្រង់ផ្សេងៗ ផ្តល់ជារូបភាពសារផ្សេងៗ ទទួលបានការចាប់អារម្មណ៍យ៉ាងច្រើនប្រមាណជាប្រាំឆ្នាំមកហើយមកដល់សព្វថ្ងៃ។
ថ្វីដ្បិតការធ្វើសិល្បៈគំនូរលើដងខ្លួនមិនទទួលបានការលើកទឹកចិត្តពីសំណាក់ក្រុមគ្រួសារ និងមិត្តភក្តិមួយចំនួនក្តី ប៉ុន្តែ យុវជន Jesub នៅតែបន្តព្យាយាមអនុវត្តលើជំនាញរបស់ខ្លួនពីមួយថ្ងៃទៅមួយថ្ងៃឥតឈប់ឈរ។ ជាក់ស្តែងគំនិតច្នៃប្រតិដ្ឋប្លែកៗចេះតែបង្ហាញជាបន្តបន្ទាប់នៅលើបណ្តាញសង្គមនានាដែលជឿជាក់ថាប្រិយមិត្តមួយចំនួនធំប្រាកដជាធ្លាប់បានឃើញផងដែរ។ កន្លងមកស្នាដៃសិល្បៈគំនូររបស់ Jesub តែងជ្រើសរើសនិមិត្តរូបតំណាងសំខាន់ៗដែលមាននៅក្នុងទម្រង់សិល្បៈ ក៏ដូចជាពិធីបុណ្យប្រពៃណីជាតិខ្មែរ។ ជាអាទិ៍ ពិធីបុណ្យអុំទូកប្រពៃណីជាតិខ្មែរ ត្រូវបានអ្នកជំនាញរូបនេះគូរបរិយាយលើដងខ្លួន និងមុខ បង្កើតជាភាពប្លែកភ្នែកគួរឲ្យស្ងើចសរសើរ។ លើសពីនេះទៅទៀត ពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ដែលកន្លងផុតទៅពុំបានប្រារព្ធកុះករដូចសព្វដងដោយសារតែការរីករាលដាលនៃជំងឺកូវីដ ១៩ Jesub ក៏បានបង្ហាញគំនិតច្នៃប្រតិដ្ឋរបស់ខ្លួនដោយមានការតុបតែង ការផាត់មុខ ការគូរគំនូរដែលជាការបញ្ជាក់អត្ថន័យដ៏សំខាន់នៃទំនៀមទម្លាប់ការទទួលទេវតាឆ្នាំថ្មីដែលជានិមិត្តរូបនៃភាពត្រជាក់ត្រជំសម្រាប់ប្រជាជនខ្មែរគ្រប់ទិសទី។ គំនូរចេញមកយើងអាចមើលត្រឹមតែមួយភ្លែត តែទម្រាំតុបតែងរួចរាល់មួយៗមិនមែនជារឿងងាយស្រួលប៉ុន្មានឡើយ ជាមួយគ្នានេះ Jesub ក៏បាននិយាយដូច្នេះថា “ការគូរគំនូរនៅលើដងខ្លួនពិតជាមានភាពពិបាកខ្លាំង ហើយជាទូទៅដើម្បីសម្រេចគំនូរមួយត្រូវចំណាយពេលចន្លោះពី ៣ម៉ោង ទៅ ៥ម៉ោង ទៅតាមប្រភេទគំនូរទាំងនោះ។” Jesub រៀបរាប់បន្ថែមថា “មុននឹងចាប់ផ្តើមគូរលើខ្លួននិងមុខ ខ្ញុំត្រូវគូររូបដែលខ្ញុំចង់គូរហ្នឹងនៅលើក្រដាសជាមុន ដើម្បីព្រៀងទុកថាវាខុសត្រង់ណាខ្លះឬអត់? ឬគួរបន្ថែមចំណុចខ្វះខាតអ្វីខ្លះ? បន្ទាប់ពីខ្ញុំគូរសម្រេចលើក្រដាសអស់ហើយ ទើបខ្ញុំចាប់ផ្តើមធ្វើការផាត់មុខ រួចចាប់ផ្តើមគូររូបដែលខ្ញុំបានត្រៀមបន្តិចម្តងៗ ដែលជាទូទៅចំណុចគោលដែលខ្ញុំចាប់ផ្តើមគូរគឺត្រង់ក្បាលពីមុខរហូតចុះមកខាងក្រោមរហូតទល់តែពេញលក្ខណៈចេញជារូបសម្រេច។” Jesub ថាជាទូទៅការគូរគំនូរលើដងខ្លួននេះគឺមានផលិតផលសម្រាប់ប្រើដែលពុំមានផលប៉ះពាល់ដល់ស្បែកឡើយ។ វាត្រូវបានគេស្គាល់ថាជា Face Painting ដែលវាមានភាពងាយស្រួលក្នុងការលាងសម្អាត ជាប់ពណ៌ល្អ និងបានយូរ។
ជាចុងក្រោយ តាមរយៈសូវរីន សិល្បករគំនូរលើដងខ្លួន Jesub Dolibop បានមានមតិផ្តាំផ្ញើទៅកាន់អ្នកដែលស្រឡាញ់ការផាត់មុខបែបសិល្បៈជំនាន់ក្រោយឲ្យព្យាយាមហ្វឹកហាត់ទៅលើអ្វីមួយដែលខ្លួនស្រឡាញ់ កុំគិតពីគំនិតអវិជ្ជមានដែលជារនាំងរាំងស្ទះគោលដៅរបស់ខ្លួនផងដែរ៕
Article by PAN SIVLY