×

មួយ​ជំហាន​ទៀត​ទៅកាន់​អានុភាព​ហ្វេហ្សិន​ជាមួយ​ ​កញ្ញា​ ​ពក​ ​ស្រីល័ក្ខ

NEWS 3 weeks ago
 
 

            ខែកញ្ញា​បាន​កន្លង​ផុត​តែមួយ​ប៉ប្រិច​ភ្នែក​ ​ហើយ​ខែ​បន្ទាប់​ក៏​ចូល​មក​ជំនួស​តាម​ប្រក្រតិទិន​សុរិយគតិ​។​ ​ខែ​តុលា​ឆ្នាំនេះ​ដែល​ត្រូវនឹង​ខែ​ភទ្របទ​ក្នុង​ចន្ទគតិ​នោះ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំង​ពិភពលោក​សុទ្ធតែ​បាន​ដឹង​ថា​ជា​រដូវ​កាល​នៃ​បុណ្យ​ប្រពៃណី​ជាតិ​ចំបង​របស់​ខ្មែរយើង​គឺ​ ​ពិធី​កាន់បិណ្ឌ​ ​កាន់បិណ្ឌ​ដែល​ប្រជាជាតិ​យើង​តែងតែ​ប្រារព្ធ​ធ្វើជា​រៀងរាល់​ឆ្នាំ​គ្រប់​រាជធានី​-​ខេត្ត​ទូទាំង​ផ្ទៃ​ប្រទេស​។​ ​ចំពោះ​ហ្វេ​ហ្សិ​ន​របស់​សូវ​រី​ន​សម្រាប់​ខែ​នេះ​យើង​ជ្រើសរើស​យក​ពណ៌​ស​ជាគោល​ដើម្បី​ឆ្លុះបញ្ចាំង​ពី​ពណ៌​ដែល​ផ្សារភ្ជាប់​នឹង​ពិធីបុណ្យ​បែប​សាសនា​នៅ​ក្នុង​វប្បធម៌​ខ្មែរ​ ​ប៉ុន្តែ​យើង​ច្នៃ​ចេញ​ជា​ឈុត​បែប​ទំនើប​ទាន់សម័យ​ប្រកបដោយ​ប្រណីតភាព​ប្រៀប​បីដូច​ជា​វឌ្ឍនភាព​នៃ​ប្រជាជាតិ​កម្ពុជា​ក្នុង​សតវត្សរ៍​ទី​២​១​នេះ​ដែរ​។​

            តែ​ទោះបីជា​យ៉ាងនេះ​ក្តី​ក៏​មិន​មានន័យ​ថា​យើង​នឹង​រំលង​ចោល​នូវ​វប្បធម៌​បែប​បុរាណ​ដ៏​ថ្លៃថ្លា​ឲ្យ​ផុត​ពី​ច​ក្ខិន្រ្ទី​យារ​ម្មណ៍​របស់​ប្រិយ​មិត្ត​អ្នកអាន​របស់យើង​នោះ​ដែរ​។​ ​តាមរយៈ​ទំព័រ​ទស្សនាវដ្តី​សូវ​រី​ន​ខែ​ភទ្របទ​នេះ​ ​អស់លោក​ ​លោកស្រី​ ​អ្នកនាង​ ​កញ្ញា​ ​ទាំងឡាយ​នឹងបាន​ឈ្វេងយល់​ឲ្យ​កាន់តែ​ជាក់ច្បាស់​អំពី​វិធានការ​នៃ​ការ​ប្រារព្ធ​ពិធីបុណ្យ​ ​កាន់បិណ្ឌ​ ​ភ្ជុំបិណ្ឌ​ ​ក្នុង​គន្លង​បរិ​បទ​កូ​វី​ដ​១​៩​ ​តាម​សេចក្តីប្រកាស​របស់​​​ក្រសួងធម្មការ​ ​និង​សាសនា​ ​ព្រមទាំង​ចំណាប់អារម្មណ៍​របស់​មហាជន​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ ​ព្រមទាំង​សម្មតិកម្ម​ផ្សេងៗ​ស្តីពី​មូលហេតុ​ដែល​ខ្មែរ​មាន​ទម្លាប់​ប្រើ​ស្បៃ​ ​ឬ​កន្សែង​ពានា​ទៅ​វត្ត​ក្នុង​កម្មវិធី​បុណ្យ​នានា​ដែល​យើង​នៅ​ឃើញ​រហូតមកដល់​សព្វថ្ងៃនេះ​។​ ​អ្វី​ដែល​ពិសេស​បំផុត​នោះ​គឺ​ ​វត្តមាន​របស់​លោក​ព្រឹទ្ធាចារ្យ​ ពៀ​ក​ ចា​ប៉ិច​ ​ម​ត៌​កមនុស្ស​រស់​នៃ​ព្រះរាជាណាចក្រកម្ពុជា​ ​ឯកទេស​ល្ខោនបាសាក់​ទោល​ ​ឬ​ផ្នែក​និទានរឿង​ ​ដែល​មានតែ​មួយ​គត់​នៅ​ក្នុង​ប្រទេស​យើង​។​

            ជាចុងក្រោយ​ ​លោកអ្នក​នឹងបាន​អាន​នូវ​អត្ថបទ​ពណ៌នា​អំពី​គោលដៅ​អារាម​សាសនា​ដ៏​ពិសិដ្ឋ​ចំនួន​ ​៧​ទីតាំង​ណែនាំ​ដោយក្រុម​ការងារ​សូវ​រី​ន​សម្រាប់​ដំណើរ​ក​ម្សាន្ត​រដូវ​បុណ្យ​ភ្ជុំ​របស់​លោកអ្នក​ក្នុង​ឆ្នាំ​ថ្មី​នេះ​ ​ព្រមទាំង​ជម្រើស​ភោជនីយដ្ឋាន​ ​និង​ហាង​កាហ្វេ​ដែល​មាន​លក្ខណៈ​ពិសេស​ទាក់​ភ្នែក​សម្រាប់​មិត្ត​យុវវ័យ​ ​ព្រមទាំង​អត្ថបទ​ល្អ​ៗ​ជាច្រើន​ទៀត​ដែល​លោកអ្នក​ពិតជា​ជក់ចិត្តដិតអារម្មណ៍​ជាក់​ជាមិនខាន​៕​

សូម​ចុច​លើ​តំណ​ភ្ជាប់​នេះ​ ​ដើម្បី​ចូល​ទស្សនា​មាតិកា​ទស្សនាវដ្តី​ឌី​ជី​ថល​


SUGGESTIONS