ទោះបីជាមានកំណែទម្រង់ឈ្មោះរដ្ឋបាលខេត្តព្រះសីហនុដែលជាខេត្តភូមិភាគនិរតីមួយក្នុងចំណោមខេត្តទាំងបួននៃតំបន់មាត់សមុទ្រប្រទេសកម្ពុជាជាច្រើនដងមកហើយក៏ដោយ ក៏ខេត្តនេះនៅតែត្រូវបានប្រជាជនខ្មែរក្មេងចាស់ប្រុសស្រីទូទាំងប្រទេសនិយមហៅទូទៅថា “កំពង់សោម” ជាប់ជាដរាបតរៀងមកឥតប្រែប្រួលឡើយ។ ហេតុអ្វីបានជាយើងនាំគ្នាហៅខេត្តមួយនេះថា “កំពង់សោម” រហូតមក? ហើយពាក្យថា “កំពង់សោម” មានអត្ថន័យខ្លឹមសារយ៉ាងដូចម្តេច?
តាមរយៈឈ្មោះថា “កំពង់សោម” យើងដឹងថាវាជានាមផ្សំរវាងពាក្យចំនួនពីរគឺ “កំពង់” និង “សោម” ។ យោងតាមវចនានុក្រមខ្មែរ សម្តេចព្រះសង្ឃរាជ ជួនណាត បោះពុម្ពផ្សាយលើកទី៥ ដោយវិទ្យាស្ថានពុទ្ធសា សនបណ្ឌិត្យ គ.ស. ១៩៦៧ ពាក្យថា “កំពង់” មានន័យថា ទីកន្លែងនៅមាត់ទឹកដែលជនានុជនចុះឡើង ឬចតទូកជាដើម។ ឧទាហរណ៍៖ កំពង់ទូក, កំពង់កប៉ាល់, កំពង់ទឹក។ ល។ រីឯពាក្យថា “សោម” សំដៅលើ ឈ្មោះផ្តៅមួយប្រភេទដើមធំវែងច្រើនដុះនៅព្រៃភ្នំ, គេកាត់យកចុងមកសកប្រើជាបន្លែឬស្រុសធ្វើរបោយ : ផ្តៅសោម, សម្លចុងសោម ។
យោងតាមប្រសាសន៍របស់លោក សាន សុមែន អតីតគ្រូពុទ្ធិបឋមសិក្សាវត្តឥន្ទញាណ ហៅវត្តក្រោម ក្រុងព្រះសីហនុ (ខេត្តព្រះសីហនុ) ដែលធ្លាប់បានសាកសួរលោកតាអាចារ្យ ម៉ុល សុខ ចាស់ព្រឹទ្ធាចារ្យមួយរូបធ្លាប់រស់នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ ហើយចេះចាំអំពីប្រវត្តិតំណាលតៗគ្នាពីចាស់ៗជំនាន់មុនមក ចំពោះមូលហេតុដែលបណ្តាលឲ្យគេចេះតែនាំគ្នាហៅតំបន់នេះថា “កំពង់សោម” នោះ គឺដោយសារតែ កាលពីដើមឡើយ កំពង់សោម មានពីរ គឺ កំពង់សោមលើ ស្ថិតក្នុងភូមិចំប៉ា ស្រុកកំពង់សីលា (សព្វថ្ងៃជាស្រុកមួយនៃខេត្តព្រះសីហនុ) និង កំពង់សោមក្រោម ស្ថិតក្នុងស្រុកស្រែអំបិល (សព្វថ្ងៃជាស្រុកមួយក្នុងខេត្តកោះកុង)។
កាលពីជំនាន់មុន ស្រុកស្រែអំបិល មានឈូងសមុទ្រមួយលាតសន្ធឹងពីស្រុកស្រែអំបិលរហូតមកដល់ក្រុងព្រះសីហនុបច្ចុប្បន្ន ដែលទីនោះគ្របដណ្តប់ដោយព្រៃកោងកាង និង ព្រៃឈើគ្រប់ប្រភេទ ហើយសម្បូរទៅដោយផ្តៅសោម ព្រមទាំងសត្វម្រឹគកាចសាហាវយ៉ាងច្រើនដូចជា សត្វខ្លា ដំរី ជាដើម។ រីឯប្រជាជនដែលរស់នៅទីនោះជំនាន់នោះមានចំនួនតិចតួចណាស់ដោយប្រកបរបរចិញ្ចឹមជីវិតពឹងផ្អែកលើការឡើងភ្នំរកអនុផលព្រៃឈើ និង ចុះសមុទ្រនេសាទ។ ក្រៅពីរបរនេសាទជលផល ប្រជានេសាទក៏បានទៅកាប់ផ្តៅសោមអូសបណ្តែតទឹកហើយឡើងនៅកំពង់ផែត្រពាំង (ឃុំស្រែអំបិលបច្ចុប្បន្ន) ។
តាមប្រសាសន៍របស់លោកតាអាចារ្យដដែលបានឲ្យដឹងទៀតថា ទីនោះសម្បូរផ្តៅសោមណាស់ ទើបគេនាំគ្នាទៅកាប់យកស្លឹកវាមកប្រក់ផ្ទះសម្បែងបស់ពួកគេ។ ឯការអូសផ្តៅសោមមកចតនៅមាត់កំពង់នេះជារៀងរាល់ពេលទៅ ទើបគេហៅទីនេះថា កំពង់ផ្តៅសោម។ ទាំងអ្នកនេសាទ និង អ្នកដែលទៅកាប់ផ្តៅនៅទីនោះ គេតែងតែហៅតំបន់នេះថា “កំពង់ផ្តៅសោម” ហើយក្រោយមក ហៅកាត់ក្លាយមកថា “កំពង់សោម” ជាប់តរៀងមក។ ចំណែកអ្នកនៅស្រុកខាងកើតនោះ ដូចជា ខាងខេត្តកំពង់ស្ពឺ ជាដើម ពីដើមបើកាលណាចង់មកស្រុកខាងលិច គេតែងនិយាយថា “យើងនាំគ្នាទៅកំពង់សោមៗ (ក្នុងស្រុកស្រែអំបិលនេះឯង)”។
លោក សុន សុមែន បានបញ្ជាក់ផងដែរថា អ្នកស្រុកនេះពីជំនាន់មុនបានឲ្យដឹងថា ទីនេះ (កំពង់សោម) ពីមុន គេហៅថា តំបន់ភ្នំថ្មរាប ឬ តំបន់កោះពស់។ សម័យដែលគេហៅថា តំបន់ភ្នំថ្មរាប ឬ កោះពស់ នេះ គឺជាសម័យដែលទឹកដីខេត្តកោះកុង និង កំពង់សោម ស្ថិតក្រោមការគ្រប់គ្រងរបស់ខេត្តកំពត។ ដោយឡែក បើយោងតាមឯកសារស្រាវជ្រាវមួយចំនួនបាននលើកឡើងនូវអំណះអំណាងផ្សេងថាការដាក់ឈ្មោះតំបន់នេះបែបនេះគឺយកឈ្មោះតាម “ឆកសមុទ្រកំពង់សោម” តែម្តង។
នៅក្នុងសម័យអាណានិគមបារាំង ឆ្នាំ១៩២៣ កំពង់សោម ត្រូវបានប្រែក្លាយជាឈ្មោះខណ្ឌមួយក្នុងស្រុកកំពត ខេត្តកំពត ។ លុះដល់ឆ្នាំ១៩៣៥ នៅពេលគេលុបបំបាត់ខណ្ឌចេញ កំពង់សោមបានក្លាយជាស្រុកកំពង់សោម ខេត្តកំពត ហើយផ្នែកខ្លះនៃកំពង់សោមសព្វថ្ងៃ (រាម វាលរេញ ជាដើម) ស្ថិតក្នុងដែនដីរដ្ឋបាលស្រុកកំពត ខេត្តកំពត។ ក្រុងកំពង់សោមត្រូវបានបង្កើតឡើងជាផ្លូវការក្នុងឆ្នាំ១៩៥៧ ដោយព្រះករុណាព្រះបាទនរោត្តមសុរាម្រិត ក្រោយការចាប់ផ្តើមស្ថាបនាកំពង់ផែសមុទ្រនៅតំបន់កោះពស់ (អតីតឃុំរាម ខណ្ឌព្រៃនប់ ស្រុកកំពត ខេត្តកំពត) ឆ្នាំ១៩៥៦។ ក្រោយមកនៅថ្ងៃទី២២ ខែមករា ឆ្នាំ១៩៥៩ មានការបង្កើតទីក្រុមមឿងហៅថា “ក្រុងព្រះសីហនុ” នៅឃុំរាម ក្នុងតំបន់ផែកំពង់សោម ដោយក្រុងកំពង់សោមត្រូវប្តូរឈ្មោះទៅជា “ក្រុងព្រះសីហនុ” វិញ។ ប៉ុន្តែក្រោយមកទៀត ក្នុងសម័យសាធារណរដ្ឋខ្មែរ សម័យកម្ពុជាប្រជាធិបតេយ្យសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា រហូតមកដល់សម័យរដ្ឋកម្ពុជា ក្រុងនេះត្រូវបានប្តូរឈ្មោះដើមទៅជា “កំពង់សោម” ដដែលវិញ៕
Article by SRIN SOKMEAN