គង់ ញ៉េ សិស្សចាប៉ីដងវែងលេចធ្លោម្នាក់របស់ព្រឹទ្ធាចារ្យ គង់ ណៃ ដែលអាចច្រៀងលាយភាសាបរទេស
NEWS 3 years agoចាប៉ីដងវែងជាទម្រង់សិល្បៈវប្បធម៌អរូបីបុរាណដែលមានប្រវត្តិយូរលង់ណាស់មកហើយនៅក្នុង ប្រទេសក្ពុជា។ ពាក្យថា ចាប៉ី ក្លាយមកពីពាក្យសំស្រ្កឹតថា ចក្ឆប៉ី ហើយត្រូវបានបុព្វបុរសខ្មែរយើងប្រើ ប្រាស់ប្រគំក្នុងវង់ភ្លេងមួយចំនួន រួមមាន វង់ភ្លេងការបុរាណ វង់ភ្លេងអារក្ស និង វង់ភ្លេងមហោរី ជាដើម។ ដោយសារតែឧបករណ៍តន្រ្តីមួយនេះផ្សារភ្ជាប់ទៅនឹងជីវិតរស់នៅ ទំនៀមទម្លាប់ប្រពៃណី និង ជំនឿ សាសនារបស់ខ្មែរយើង បម្រើទាំងការកម្សាន្ត ការផ្ទេរចំណេះដឹង និង ទំនាក់ទំនងសង្គមយ៉ាងសម្បូរបែប ប្រកបដោយគុណតម្លៃខ្ពស់បែបនេះហើយ ទើបចាប៉ីដងវែងខ្មែរត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌអរូបី ពិភពលោកដែលត្រូវការការអភិរក្សបន្ទាន់សម្រាប់មនុស្សជាតិជំនាន់ក្រោយនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ ២០១៦ ដោយអង្គការយូណេស្កូ (UNESCO)។ សិល្បករផ្នែកចាប៉ីដងវែងនៅកម្ពុជាដែលល្បីឈ្មោះតាំងពី សម័យមុននិងសម័យក្រោយៗមកមានតិចតួចណាស់ ជាអាទិ៍រួមមាន លោកព្រឹទ្ធាចារ្យ ប្រាជ្ញ ឈួន លោកព្រឹទ្ធាចារ្យ ម៉ម សុន លោកព្រឹទ្ធាចារ្យ គង់ ណៃ លោកព្រឹទ្ធាចារ្យ ឯល បៀន (លោកតាកំពូលពេជ្រ) ស្មៀន នេត ប៉េ ស្មៀន យស សាត ។ល។ ដោយឡែក លោកគង់ ញ៉េ ជាយុវជនខ្មែរជំនាន់ក្រោយម្នាក់ ដែលបាននិងកំពុងចំណាយពេលវេលាអភិវឌ្ឍសមត្ថភាពក្នុងទម្រង់ឯកទេសសិល្បៈចាប៉ីដងវែងស្នង តំណែងព្រឹទ្ធាចារ្យល្បីមុនៗដែលខ្លះបានបាត់បង់ជីវិតទៅហើយហើយខ្លះទៀតក៏ជរាទ្រុឌទ្រោមតាម អាយុកាលផងដែរ។
សម្ភាសន៍តាមទូរសព្ទជាមួយក្រុមការងារសូវរីន លោក គង់ ញ៉េ បានរំព្ញកពីប្រវត្តិរូបត្រួសៗប្រាប់ សូវរីនថា លោកមានស្រុកកំណើតនៅភូមិជប់ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។ កាល ពីក្មេង លោកមានចំណង់ចំណូលចិត្តខាងផ្នែកចាប៉ីដងវែងនេះតាំងពីនៅឯស្រុកកំណើតម្ល៉េះ។ លោក បានសិក្សារហូតដល់បញ្ចប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិក្នុងឆ្នាំ២០១០។ ក្នុងអំឡុងឆ្នាំ២០១១ នៅ ពេលលោកកំពុងសិក្សាជំនាញទេសចរណ៍និងបដិសណ្ឋារកិច្ចនៅសាកលវិទ្យាល័យជាតិគ្រប់គ្រង នោះឯង ដែលលោកទទួលបានដំណឹងពីមិត្តភក្តិទាក់ទងនឹងការសិក្សាផ្នែកចាប៉ីដងវែងនៅអង្គការសិល្បៈខ្មែរអមតៈ (Cambodian Living Arts) ហើយលោកក៏បានចុះឈ្មោះចូលរៀននៅទីនោះដោយសារតែលោក មានទឹកចិត្តស្រឡាញ់ជំនាញនេះតាំងពីដើមរៀងមក។ លោកបានបន្តទៀតថា ដំបូងឡើយ លោកចាប់ ផ្តើមរៀនដោយមានលោកព្រឹទ្ធាចារ្យ គង់ ណៃ ជាគ្រូបណ្តុះបណ្តាលជំនាញចាប៉ីដងវែងនៅទីនោះជាអ្នក បង្រៀនឲ្យលោករៀនដេញចាប៉ីឲ្យត្រូវតាមដៃរបស់គាត់អស់រយៈពេលកន្លះឆ្នាំ។ ក្រោយមកទៀត លោក បានបន្តការសិក្សានៅទីនោះដដែលជាមួយលោកគ្រូ ពេជ្រ សារ៉ាត់ ដែលជាគ្រូបង្រៀនចាប៉ីមួយរូបទៀត ប្រចាំអង្គការនោះ។ លោកចំណាយពេលសិក្សាឈ្វេងយល់ពីចាប៉ីដងវែងតាមសៀវភៅដែលសាលាបានចងក្រងជាមួយលោកគ្រូទីពីរនេះអស់រយៈពេល៤ឆ្នាំបន្ថែមទៀត។
តើការសិក្សាជំនាញចាប៉ីដងវែងងាយស្រួលដែរឬទេ? លោកបានឆ្លើយតបថា ការហ្វឹកហាត់ច្រៀង ចាប៉ីមិនមែនជារឿងស្រួលនោះទេ។ លោកបានចាំថា កាលលោកចូលរៀនដំបូង មានសិស្សរួមជំនាន់ ប្រហែល ៤-៥នាក់ ប៉ុន្តែក្រោយមកពួកគេជាច្រើនបានសម្រេចចិត្តបោះបង់ជំនាញបុរាណនេះចោលព្រោះអ្នកខ្លះរៀនចេះដេញ តែពួកគេមិនចេះច្រៀង ខណៈដែលសិល្បករចាប៉ីដងវែង ខុសពីតន្រ្តីករលេង ឧបករណ៍បុរាណផ្សេងៗ ពោលគឺ ត្រូវតែចេះលេងចាប៉ីនិងច្រៀងជាមួយគ្នាតែម្តង។ លោកបានបន្ថែមថា បញ្ហាប្រឈមសម្រាប់ការរៀនចាប៉ី គឺ សិល្បករត្រូវចំណាយពេលសិក្សាស្រាវជ្រាវពីក្បួនខ្នាតកំណាព្យ និង ស្រាវជ្រាវពីប្រធានបទផ្សេងៗឲ្យបាន។ ដើម្បីក្លាយខ្លួនជាសិល្បករចាប៉ីដងវែងដ៏ចំណានម្នាក់ លុះ ត្រាតែបុគ្គលនោះមានអំណោយផលសំឡេងពីធម្មជាតិ រៀនហាត់ពត់លើកដាក់សំឡេង មានចំណេះដឹង ទូទៅទូលំទូលាយ ជាពិសេសពូកែខាងកំណាព្យឃ្លោងឃ្លារណ្តំណែងណង។ អ្វីដែលសំខាន់មួយទៀត នោះគឺ ត្រូវចេះមានវិន័យគោរពពេលវេលាទើបម្ចាស់កម្មវិធីមានទំនុកចំពោះការងាររបស់យើង និងត្រូវ ចេះរៀបចំខ្លួនប្រាណតាមបែបផែនបុរាណឲ្យបានសមរម្យប្រកបដោយវិជ្ជាជីវៈ តួយ៉ាង ពាក់អាវពណ៌ស អាវកត្រង់ ឬ អាវហូលផាមួង ជាដើម ទើបជាទីគាប់ភ្នែកនៃមហាជន។
ចំពោះកត្តាទីផ្សារការងារ ដូចដែលលោកអ្នកជ្រាបស្រាប់មកហើយ ទីផ្សារសិល្បករបុរាណនៅ មានកម្រិតនៅឡើយ។ សព្វថ្ងៃនេះ លោក គង់ ញ៉េ កំពុងបម្រើការនៅក្នុងអគ្គនាយកដ្ឋាននយោបាយ និង ការបរទេសនៃក្រសួងការពារជាតិ។ នៅពេលទំនេរពីការងារ ទើបលោកមានពេលឆ្លៀតទៅសម្តែងចាប៉ីដងវែងឲ្យកម្មវិធីទូរទស្សន៍ ឬ បុណ្យទានផ្សេងៗតាមគេអញ្ជើញម្តងម្កាល។ លោកបានអះអាងថា ក្នុង មួយខែ លោកទទួលបានការងារតែពីរឬបីរោងតែប៉ុណ្ណោះ។ កម្មវិធីដែលសិល្បករចាប៉ីដូចជារូបលោក អាចត្រូវបានគេជួលទៅច្រៀងមានដូចជា បុណ្យផ្កា បុណ្យកឋិនទាន បុណ្យឆ្លងព្រះវិហារ ឬ សមិទ្ធផល សាសនាផ្សេងៗ និង ពិធីបុណ្យជាតិនានាតាមរដូវកាល។ ប៉ុន្តែជាទូទៅ លោកច្រើនតែទៅសម្តែងពេល ល្ងាចបន្ទាប់ពីចេញពីធ្វើការ ឬ ទៅសម្តែងនៅតាមខេត្តម្តងម្កាល ជាពិសេសនៅខេត្តស្វាយរៀង ដែលជា ស្រុកកំណើត ហើយមានអ្នកស្គាល់គាំទ្រច្រើនជាងគេ។ ទីផ្សារសំខាន់ជាងគេសម្រាប់លោកនោះ គឺ ជនជាតិបរទេស ព្រោះលោកចេះច្រៀងចាប៉ីលាយជាមួយភាសាអង់គ្លេសដែលពីមុនមកមិនមានសិល្ប កររៀមច្បងណាម្នាក់ច្រៀងបានដូចនេះឡើយ។ ដូចនេះហើយ ទើបលោកមានឱកាសច្រៀងឲ្យបរទេស ស្តាប់តាំងតែពីជំនាន់នៅរៀននៅអង្គការសិល្បៈខ្មែរអមតៈរហូតមកដល់បច្ចុប្បន្ននេះ។
ជាចុងក្រោយ លោកបានបញ្ចេញយោបល់ផ្ទាល់ខ្លួនថា ថ្វីដ្បិតតែសព្វថ្ងៃនេះយុវជនខ្មែរយើងមិន សូវមានទំនោរ ចាប់ អារម្មណ៍ខ្លាំងចំពោះទម្រង់សិល្បៈបុរាណតួយ៉ាងចាប៉ីដងវែងក៏ពិតមែន តែវាមិនមែន ជាបញ្ហាចោទនោះទេព្រោះមនុស្សម្នាក់ៗមានចំណង់ចំណូលចិត្តរៀងៗខ្លួនតែក៏នៅមានអ្នកដែលស្រឡាញ់ហើយកំពុងបន្តសកម្មភាពអភិរក្សដែរ។ ទន្ទឹមនឹងនេះ លោកក៏មិនមានមហិច្ឆតាចង់បើកសាលាបណ្តុះ បណ្តាលជំនាញនេះឲ្យធំដុំអ្វីដែរ តែបើមានសិស្សណាទាក់ទងមកចង់រៀនសូត្រពីលោកលោកក៏នឹង ទទួលស្វាគមន៍។ ឆ្លៀតក្នុងឱកាសនេះ លោកសូមថ្លែងអំណរគុណចំពោះទស្សនាវដ្តីសូវរីនដែលបាន អញ្ជើញលោកផ្តល់បទសម្ភាសន៍ឲ្យមហាជនបានស្គាល់ ហើយអ្វីដែលលោករំពឹងទុកគឺ សិល្បករចាប៉ី ក្មេងៗជំនាន់ក្រោយទាំងអស់មានពហុជំនាញដែលអាចរក្សាជីវភាពរបស់ខ្លួនឲ្យបានកាន់តែប្រសើរ៕
Article by SRINSOKMEAN