×

​ហាង​កាហ្វេ​ទំនើប​អម​ដោយ​ទេសភាព​ធម្មជាតិ​ត្រជាក់​ភ្នែក​នៃ​ស្រុក​ល្វា​ឯម​

TRAVEL & LIVING a month ago
 
 

​          តំបន់​អរិយ​ក្សត្រ​ ​ត្រើយម្ខាង​ទន្លេមេគង្គ​ ​រាជធានី​ភ្នំពេញ​ ​កំពុង​ក្លាយ​ជា​តំបន់​ទេសចរណ៍​ក្នុងស្រុក​ដ៏​ពេញ​និយម​មួយ​ដែល​អ្នក​រស់នៅ​ភ្នំពេញ​និយម​ទៅលេង​ក​ម្សាន្ត ​ជាពិសេស​ក្រុម​អ្នក​ជិះកង់​ ​ព្រោះ​ទីនេះ​មាន​ចម្ងាយ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ទីក្រុង​ ​ងាយស្រួល​ធ្វើដំណើរ​ត្រាច់ចរ​រុករក​ទីតាំង​ទាក់ទាញ​នានា​ដែល​លាក់ខ្លួន​ក្នុង​តំបន់​នោះ​។​ ​ដោយសារ​លក្ខណៈ​អំណោយផល​ល្អ​នៃ​តំបន់​នេះ​ ​គួបផ្សំ​នឹង​កំណើន​ភ្ញៀវ​ទេសចរ​មក​ពីគ្រប់ទិស​ទី​ផង​នោះ​ ​សហគ្រិន​វ័យក្មេង​មួយ​ក្រុម​បាន​ចាប់ដៃ​គ្នា​បើក​អាជីវកម្ម​ហាង​កាហ្វេ​បែប​ទំនើប​មួយ​កន្លែងនៅ​លើទឹក​ដី​ស្រុក​ល្វា​ឯម​នេះ​។​

          ​«​ស្រយាល​កាហ្វេ​»​ ​ត្រូវ​បាន​ស្ថាបនា​ឡើង​ដោយក្រុម​យុវជន​ខ្មែរ​មួយ​ក្រុម​ដែល​ជា​មិត្តភក្តិ​នឹងគ្នា​ចំនួន​៥​ ​រូប​ ​គឺ​ អេ​ល​ ​ថា​វ៉ាន់​នី​, ​ឈឺ​ន​ ​ចាន់​បូ​រិន​, ​ឈឹម​ ​ទិត្យ​អម​តៈ, ​ហេង​ ​ដា​និ​ត​ ​និង​ ​ខេន​ ​សុផា​រ៉ា​។​ ​បើ​តាម​ការ​អះអាង​របស់​ស្ថាបនិក​ហាង​ផ្ទាល់​ ​ហាង​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​គោលបំណង​ដើម្បីឲ្យ​វា​ក្លាយ​ជាគោល​ដៅ​មួយ​ក្នុងចំណោម​គោលដៅ​ទេសចរណ៍​ធំ​ៗ​ប្រចាំ​តំបន់​។​ ​ការ​តុបតែង​លម្អ​ហាង​កាហ្វេ​និង​បានីយដ្ឋាន​មួយ​នេះ​អាច​ពណ៌នា​បាន​ថា​ ​ត្រូវ​បាន​សម្រិតសម្រាំង​ឡើង​តាម​លំនាំ​រចនាបថ​ស្ថាបត្យកម្ម​បែប​ ​Modern​ ​Minimal​i​s​m​ ​មានន័យ​ថា​ ​«​បែប​តិច​និយម​ទំនើប​»​ ​ដែល​មាន​លក្ខណៈ​សាមញ្ញ​បំផុត​ ​តែ​ស្អាត​ទូលាយ​ស្រឡះ​ភ្នែក​ ​ដើម្បី​រំលេច​បរិស្ថានធម្មជាតិ​ជុំវិញ​នោះ​ឲ្យ​លេចធ្លោ​ឡើងជា​ធំ​ ​ព្រមទាំង​ផ្ទេរ​គំនិត​ក្នុង​ការ​រៀប​ហាង​ផ្តោត​លើ​បរិយាកាស​ខាងក្រៅ​តាម​សម័យនិយម​ (​Chic​ ​Outdoor​) ​ដែល​កំពុង​ល្បី​តាម​ហាង​នានា​នៅ​ទីក្រុង​មក​ប្រើប្រាស់​លើ​ទីតាំង​ដែល​ឆ្ងាយ​ពី​ក្រុង​បន្តិច​វិញ​។​

          “​នៅពេលដែល​យើង​ព្រាង​គំនិត​បើក​ហាង​កាហ្វេ​និង​គំនិត​ឌី​ហ្សា​ញ​ ​យើង​សង្កេតឃើញ​ថា​ ​តំបន់​អរិយ​ក្សត្រ​ (​ក្នុង​ខេត្ត​កណ្តាល​) ​ដែល​មាន​ចម្ងាយ​ត្រឹមតែ​ជិះ​សាឡាង​មួយភ្លែត​ពី​ភ្នំពេញ​នោះ​ ​គឺជា​ដង្ហើម​នៃ​ខ្យល់អាកាស​បរិសុទ្ធ​ចាក​ផុត​ពី​ទីក្រុង​ដ៏​មមាញឹក​ ​ហើយ​បាន​ក្លាយ​ជា​ចំណុច​ដែល​កាន់តែ​ល្បី​សម្រាប់​ការ​សម្រាក​លម្ហែ​រយៈពេល​ខ្លី​ ​ជាពិសេស​ក្នុងចំណោម​ក្រុម​ជិះកង់​និង​អ្នក​ដែល​ស្រឡាញ់​ការ​បើកបរ​ជុំវិញ​ក្រុង​” ​តំណាង​ស្ថាបនិក​ហាង​មួយ​រូប​បាន​លើកឡើង​ ​។​ ​ម្យ៉ាង​វិញទៀត​ ​សហ​ស្ថាបនិក​ទាំងអស់​យល់ឃើញ​ថា​ ​ទោះបីជា​តំបន់​នេះ​មានការ​អភិវឌ្ឍ​ក៏​ពិតមែន​ ​ប៉ុន្តែ​ទីតាំង​សម្រាប់​ឈប់​សម្រាក​មិនសូវ​មាន​ច្រើន​នៅ​លើ​ផែន​ទីប៉ុន្មាន​ទេ​ ​ហើយ​សម្រាប់​អ្នក​ដែល​ចង់​ទទួលទាន​កាហ្វេ​ឆ្ងាញ់​មានគុណ​ភាព​ក៏​ពិបាក​រក​ណាស់​ដែរ​នៅ​ទីនោះ​។​

          ​ទោះបីជា​អតិថិជន​គោលដៅ​ចំបង​របស់​ហាង​ស្រយាល​កាហ្វេ​គឺជា​ក្រុម​អ្នក​ជិះកង់​និង​មិត្ត​យុវវ័យ​ក៏ដោយ​ ​ក៏​ស្រយាល​កាហ្វេ​នៅតែ​រង់ចាំ​ទទួលស្វាគមន៍​ភ្ញៀវ​ប្រុស​ស្រី​គ្រប់​វ័យ​មកពី​គ្រប់​មជ្ឈដ្ឋាន​ ​មិនថា​អ្នក​មកពី​ទីក្រុង​ ​ឬ​ប្រជាពលរដ្ឋ​ដែល​មាន​ទីលំនៅ​នៅ​អរិយ​ក្សត្រ​នោះ​ទេ​ ​ពោល​គឺ​ឲ្យតែ​មានបំណង​មក​សម្រាក​លម្ហែ​កាយ​នៅ​ទីនេះ​ក្រោម​បរិយាកាស​ធម្មជាតិ​គ្មាន​ឧស្ម័ន​កា​បូ​និ​ច​ប្រប​តាម​បណ្តោយ​ដងទន្លេ​ជាយក្រុង​។​ ​ដោយឡែក​ ​ចំពោះមុខ​ម្ហូប​និង​ភេសជ្ជៈ​វិញ​ ​ទីនេះ​មាន​ភេសជ្ជៈ​ប្រចាំ​ត្រកូល​ឈ្មោះថា​ ​«​ស្រយាល​កាហ្វេ​»​ (S​royal​ ​Coffee​) ​ដែល​ជា​ភេសជ្ជៈ​បែប​កូនកាត់​រវាង​រសជាតិ​កាហ្វេ​អាយ​ឡាតេ​និង​កាហ្វេ​ទឹក​គោ​ខាប់​បែប​បុរាណ​។​ ​រីឯ​ក្នុង​បញ្ជី​រាយ​ឈ្មោះ​ម្ហូប​ ​អាហារ​ភាគច្រើន​ជា​អាហារ​ក្លាយមកពី​ថៃ​ ​ជាពិសេស​ក្នុង​នោះ​រួម​មាន​ ​ផាត់​ថៃ​បង្គា​ ​និង​ ​បាយ​ឆា​ម្រះព្រៅ​ ​ដែល​លក់ដាច់​ជាងគេ​ជាទីបំផុត​។​ ​ម្ចាស់​ហាង​ក៏បាន​បង្ហើប​ប្រាប់​សូវ​រី​ន​ថា​ ​ពួកគេ​កំពុង​បន្ថែម​អាហារ​និង​ភេសជ្ជៈ​បញ្ចូល​ក្នុង​មឺ​នុយ​ដើម្បី​បង្កើន​ជម្រើស​សម្រាប់​ភ្ញៀវ​ ​និង​ ​ត្រៀម​បើក​ដំណើរការ​បានីយដ្ឋាន​S​royal​ ​Pub​ ​ក្នុងពេលឆាប់ៗខាងមុខនេះ​។​

          អាសយដ្ឋាន​ហាង​ ​ស្ថិតនៅ​ភូមិ​ក្តី​កណ្តាល​ ​ឃុំ​សារិកាកែវ​ ​ស្រុក​ល្វា​ឯម​ ​ខេត្ត​កណ្តាល​។​ ​ដើម្បី​ទៅដល់​ ​លោកអ្នក​ត្រូវ​ឆ្លង​សាឡាង​អរិយ​ក្សត្រ​ ​ហើយ​បន្ត​ដំណើរ​ប្រមាណ​២​គីឡូម៉ែត្រ​ ទើ​បបត់​ស្តាំ​ត្រង់​ចំណុច​វត្ត​ពេជ្រ​ម្កុ​ដ​ ​រួច​ជិះ​តាមផ្លូវ​នោះ​ចម្ងាយ​៦​គីឡូម៉ែត្រ​កាត់​វត្ត​សុវណ្ណ​តេជោ ​ឆ្លងស្ពាន​បេតុង​មួយ​នោះ​លោកអ្នក​នឹង​ឃើញ​ហាង​ស្រយាល​កាហ្វេ​នៅ​ខាងស្តាំ​ដៃ​ ​ដែល​មាន​ផ្ទះ​ដើមឈើ​ខ្ពស់​គួរឲ្យ​ចាប់អារម្មណ៍​ជា​សម្គាល់​។​ ​ហាង​នេះ​បើក​ដំណើរការ​ជា​រៀងរាល់ថ្ងៃ​ ​ចាប់ពី​ម៉ោង​៧​ព្រឹក​រហូតដល់​ម៉ោង​៦​ល្ងាច​៕​

Article by SRINSOKMEAN



SUGGESTIONS