មិនថាអ្នកមានសក់ត្រង់ឬរួញ វាទាមទារឲ្យអ្នកយកចិត្តទុកដាក់ក្នុងការថែទាំដូចគ្នាជាប្រចាំ ដើម្បីឲ្យសក់រឹងមាំ និងមានសុខភាពល្អ។ បើនិយាយពីសក់រួញ ភាគច្រើនរមែងជួបប្រទះបញ្ហាញឹកញាប់ដូចជា ស្ងួត ផុយ បែកចុង ឆាប់ជំពាក់ ពិសេស ងាយនឹងសំពោងតែម្តង។ ហេតុដូច្នេះហើយទើបអ្នកមានសក់រួចទាំងឡាយគួរគប្បីយល់ដឹងពីវិធីថែទាំជាប្រចាំដូចខាងក្រោមនេះ៖
តើសាប៊ូកំពុងកក់ត្រឹមត្រូវនឹងប្រភេទសក់ហើយឬនៅ?
ជំហានដំបូងនៃការថែទាំសក់រួញពីធម្មជាតិគឺចាប់ផ្តើមពីការជ្រើសរើសសាប៊ូកក់សក់ដ៏ត្រឹមត្រូវមួយ។ ពិតប្រាកដណាស់ការជ្រើសរើសសាប៊ូកក់ពិតជាសំខាន់ អ្នកសក់រួញគួរប្រើសាប៊ូណាដែលមិនមានជាតិកាត់ខ្លាំង និងក្លិនខ្លាំង។ ដោយសារផលិតផលសាប៊ូកក់មានច្រើនប្រភេទដែលពិបាកក្នុងការសម្រេចចិត្តជ្រើសរើស អ្នកអាចពិនិត្យមើលសមាសធាតុផ្សំនៅលើដបសាប៊ូ ដោយជ្រើសរើសយកសាប៊ូណាដែលគ្មានសារធាតុគីមីមួយចំនួនដូចជា មានក្លិន(fragrance) សារធាតុធ្វើឲ្យសក់ផុយនិងរួញ (sulfate) សារធាតុធ្វើឲ្យស្ទះដំណើរការផ្តល់សារធាតុចិញ្ចឹមដល់សរសៃសក់ និងសារធាតុបង្កបញ្ហាស្បែកក្បាល(silicon) រួមនិងសារធាតុគីមី paraben ដែលធ្វើឲ្យសក់ខូចរយៈពេលវែង។
រើសបានសាប៊ូហើយ តើគួរកក់សក់យ៉ាងដូចម្តេច?
សក់រួញងាយនឹងស្ងួត ដូច្នេះគួរកាត់បន្ថយការកក់សក់។ កាលណាកក់សក់ញឹកញាប់ពេកវាបណ្តាលឲ្យបាត់បង់ជាតិប្រេងពីធម្មជាតិរបស់សក់។ ទន្ទឹមគ្នានេះគួរប្រើសាប៊ូណាដែលមានជាតិសំណើម និងក្នុងមួយសប្តាហ៍អាចកក់ត្រឹមតែ២ទៅ៣ដងបានហើយ។ ពេលកក់គួរប្រើទឹកត្រជាក់ជាជាងទឹកក្តៅ ព្រោះទឹកក្តៅអាចធ្វើឲ្យស្បែកក្បាលបើករន្ធរោមនាំឲ្យគល់ និងសរសៃសក់ងាយនឹងផុយជ្រុះ ថែមទាំងបែកចុង។
បន្ថែមការព្យាបាល និងថែបំប៉ន
វិធីមួយវិញទៀតគឺការព្យាបាលសក់មុនពេលកក់ វាអាចនឹងប្រើពេលបន្តិច តែនឹងធ្វើអ្នកទទួលបានលទ្ធផលគួរជាទីគាប់ចិត្ត។ គ្រាន់តែយកផលិតផលម៉ាសសក់ឬប្រេងជំនួយសក់មកលាបលើសក់ស្ងួត ហើយរុំដោយថង់គ្របសក់ ឬកន្សែងក៏បាន និងទុករយៈពេល២០នាទី សឹមកក់សក់ចេញធម្មតាជាការស្រេច។ យ៉ាងណាមិញ ចំពោះមុនពេលកក់សក់គួរសិតសក់ជាមុនសិនដោយប្រើក្រាសដែលមានចន្លោះធំៗ(ឬគេហៅថាក្រាសយក្ស) ហើយបន្ទាប់ពីកក់សក់រួចអាចប្រើត្រឹមតែម្រាមដៃទៅសិតជំនួសក្រាសវិញ ។ ដោយសារសក់មានសភាពរួញ កាលណាយកក្រាសមកសិតវានឹងធ្វើឲ្យសក់ឆាប់ជ្រុះ និងដាច់ជាដើម។ គួរចងចាំថាកុំសិតសក់នៅពេលសើមឲ្យសោះ។ វិធីព្យាបាលនិងថែបំប៉ននេះអាចជួយកាត់បន្ថយការជ្រុះសក់ និងទប់ស្កាត់មិនឲ្យសក់ឆាប់ស្កូវ។
កុំភ្លេចជំនួយការការពារ!!!
សុភាពនារីសក់រួញគួរមិនភ្លេចផងដែរជាមួយនឹងការការពារសក់ពីកម្តៅ ដូចជាកម្តៅពីការប្រើម៉ាស៊ីនផ្លុំសក់ មូរ និងកិបគាបជាដើម។ កម្តៅក្តៅពីឧបករណ៍ទាំងនេះអាចធ្វើឲ្យសក់បាត់បង់សំណើម ស្ងួតគ្មានទម្ងន់ ផុយ និងបែកចុង។ បើទម្លាប់ប្រើខានមិនបានអ្នកអាចប្រើម៉ាស៊ីនក្នុងកម្តៅទាប ឬបើអាចមានស្ព្រៃយ៍បាញ់ការពារមុនពេលធ្វើម៉ូដកាន់តែប្រសើរ។ បន្ថែមពីនេះអ្នកអាចជ្រើសរើសការកាត់តម្រឹមចុងសក់នៅរៀងរាល់៦ទៅ៨សប្តាហ៍ម្តង ដើម្បីចៀសវាងការបែកចុង និងសក់ខូច។
បើមានពេលសាកល្បងរូបមន្តបែបធម្មជាតិទាំងនេះមើល៍!
ងាកមកវិធីបែបធម្មជាតិមួយនេះវិញ ធានាថាអ្នកប្រាកដជាជាប់ចិត្តជាក់ជាមិនខានបន្ទាប់ពីអនុវត្តរួច។ គ្រាន់តែយកប្រេងអូលីវ ស៊ុត ទឹកខ្មេះ និងម៉ាយូណេស មកលាយបញ្ចូលគ្នាឲ្យសព្វ ហើយយកមកលាបលើសក់ទុកចោលរយៈពេល៣០នាទី រួចកក់សក់ចេញជាការស្រេច។ រីឯរូបមន្តមួយទៀតគឺ យកផ្លែប័រកិនឲ្យម៉ដ្ឋលាយជាមួយទឹកឃ្មុំ១ស្លាបព្រាបាយ និងប្រេងអូលីវ២ស្លាបព្រាបាយ កូរចូលគ្នា រួចយកមកលាបឲ្យសព្វសរសៃសក់ទុករយៈពេល៣០នាទីកក់សក់ធម្មតាជាការស្រេច។
ផ្តល់ការថ្នាក់ថ្នមកុំបីខានណា៎
ក្រឡេកមកតិកនិចចុងក្រោយនេះគឺការប្រើប្រេងធម្មជាតិដើម្បីបន្ថែមសំណើមដល់សក់។ យកប្រេងដូងមកលាបលើសក់ដោយប្រើចុងម្រាមដៃអ្នក និងម៉ាស្សាថ្មមៗលើស្បែកក្បាលទុករយៈពេល១ម៉ោង ឬអាចទុកដល់មួយយប់ចាំកក់សក់។ បើគ្មានប្រេងដូងអ្នកក៏អាចប្រើប្រេងអូលីវជំនួស ដោយយក២ទៅ៣ស្លាបព្រាបាយដាក់កម្តៅ១នាទី រួចយកមកលាបឲ្យសព្វសក់ និងយកកន្សែងពូតទឹកក្តៅឧណ្ហៗមករុំទុករយៈពេល៤៥នាទីទៅ១ម៉ោង។ ក្រៅពីនេះក៏មានប្រេងផ្សេងទៀតដែលអ្នកអាចប្រើបានដូចជាប្រេងល្ហុង ប្រេងJojoba ប្រេងអាល់មុនផ្អែម ប្រេងArgan ប្រេងទំពាំងបាយជូរ ប្រេងផ្លែប័រ និងប្រេងផ្កាកុលាប ដែលបេ្រងទាំងនេះសុទ្ធសឹងមានអត្ថប្រយោជន៍ច្រើនចំពោះសក់៕
សង្ឃឹមថាអត្ថបទនេះអាចជាជំនួយមួយផ្នែកទៀតក្នុងការថែរក្សាសម្រស់ដល់សុភាពនារីសក់រួញទាំងឡាយ។ លើសពីការថែទាំពីខាងក្រៅ គួរមិនភ្លេចផងដែរជាមួយការថែទាំពីខាងក្នុងដោយទម្លាប់ផឹកទឹកឲ្យបានច្រើន ទទួលទានបន្លែផ្លែឈើដែលមានជីវជាតិ រួមទាំងគេងឲ្យបានគ្រប់គ្រាន់ដើម្បីល្អទាំងសុខភាព និងទាំងសម្រស់ទៅទាំងព្រម៕
Article by SOUNG SOKSAN