×

ក្យូស​លម្ហែ​កាយ​ខាង​ស្រុក​ស្អាង​ជាប់​មាត់ទន្លេ​ដែល​កំពុង​ពេញ​និយម​

TRAVEL & LIVING 2 years ago
 
 

            ​ប្រសិនបើ​លោកអ្នក​ធ្វើដំណើរ​ចេញពី​ក្រុងតាខ្មៅ​ទៅ​ត្បូង​ ​ទិសដៅ​ស្អាង​-​កោះ​ធំ​ ​លោកអ្នក​ច្បាស់ជា​ដឹង​ហើយ​ថា​សឹងតែ​គ្មាន​ភោជនីយដ្ឋាន​ ​ឬ​អាហារដ្ឋាន​សមរម្យ​សម្រាប់​ភ្ញៀវ​ទេសចរ​ជិត​ឆ្ងាយ​ឡើយ​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ២១។​ ​ប៉ុន្តែ​ឥឡូវ​សូម​លោកអ្នក​កុំ​ព្រួយ​ពី​បញ្ហា​នេះ​ ​ព្រោះ​មាន​ភោជនីយដ្ឋាន​លក្ខណៈ​សួន​កម្សាន្ត​តូច​មួយ​ដែល​បាន​ដំណើរការ​ទើប​តែ​១​-​២ឆ្នាំ​ចុងក្រោយ​នេះ​ ​ហើយ​កំពុង​ទទួល​បាន​ប្រជាប្រិយភាព​គួរឲ្យ​ចាប់អារម្មណ៍​ពីសំណាក់​អ្នកដំណើរ​ជិត​ឆ្ងាយ​ ​ជាពិសេស​ ​ភ្ញៀវ​មកពី​ភ្នំពេញ​ ​និង​តាខ្មៅ​តែម្តង។​

            ​​សួន​កម្សាន្ត​ និង​ភោជនីយដ្ឋាន​នេះ​មាន​ឈ្មោះ​ជា​ផ្លូវការ​ថា​ ​«រមណីយដ្ឋាន​បងប្អូន​សិត្បូ»។​ ​ទីនេះ​ជា​ប្រភេទ​រមណីយដ្ឋាន​កែច្នៃ​ដែល​មាន​លក្ខណៈ​អំណោយ​ផល​ពី​ធម្មជាតិ​ ​ដោយសារ​ស្ថិតនៅ​ជាប់​មាត់ទន្លេ​បាសាក់​ត្រើយ​ខាងលិច​តែម្តង​ ​ដែល​ពោរពេញ​ខ្យល់អាកាស​បរិសុទ្ធ​ពី​ផ្ទៃ​ទន្លេ​ ​អម​ដោយ​ការ​រៀបចំ​សួន​ផ្កា​ចម្រុះ​ពណ៌​ស្រស់​ស្អាត​ទាក់​ ​ភ្នែក​តម្រូវ​ចិត្ត​ភ្ញៀវ​ទាំងឡាយ។​ ​រមណីយដ្ឋាន​នេះ​មាន​ខ្ចុះ​ប្រក់​​ក្យូសជាប់មាត់​ទឹក​ប្រហែល​២០​សម្រាប់​ភ្ញៀវ​សម្រាក​ ​លម្ហែ​កាយ​យក​កម្លាំង​ ​និង​ទទួលទាន​អាហារ​បែប​ស្រុកស្រែ​ឆ្ងាញ់ៗ។​ ​ជាពិសេស​ ​មាន​កន្លែង​ស្ទួច​ត្រី​កម្សាន្ត ​ព្រមទាំង​អាងហែលទឹក​សម្រាប់​មនុស្ស​ធំ​ ​និង​កូនក្មេង​ថែមទៀត​ផង។​ ​វា​ជា​សួន​កម្សាន្ត​ដ៏​ស័ក្តិសម​សម្រាប់​ទេសចរ​លក្ខណៈ​គ្រួសារ​ ​និង​ជួបជុំ​មិត្តភក្តិ​ក្នុង​ថ្ងៃខួបកំណើត​ ​ឬ​ជប់លៀង​ផ្សេងៗ​បែប​ដំណើរ​កម្សាន្ត​ជាយក្រុង​ជិតៗ។​

            ​​ចំពោះ​ម្ហូប​នៅ​ទីនេះ​ ​មាន​រសជាតិ​ឈ្ងុយឆ្ងាញ់​អាច​ទទួលយក​បាន​ ​ហើយ​តម្លៃ​ក៏​មិន​ថ្លៃ​ហួសហេតុ​ពេក​ដែរ​ ​ត្រឹម​ជាង​ ​២-៣ម៉ឺនរៀល​ (លើកលែង​មាន់​ដុត​ទាំងមូល) ​ប្រហាក់ប្រហែល​នឹង​រមណីយដ្ឋាន​សួន​កម្សាន្ត​ផ្សេងៗ​ទៀត​ដែរ។​ ​ជម្រើស​ម្ហូប​ចែកចេញជា​ ​ប្រភេទ​ម្ហូបទឹក​ ​ម្ហូប​អាំង​ ​ម្ហូប​ឆា​ ​បុក-ភ្លា​ ​និង​ភេសជ្ជៈ​ជា​ច្រើនមុខ។​ ​ម្ហូប​ដែល​ភ្ញៀវ​និយម​កុម្ម៉ង់​រួម​មាន​ ​ដូចជា​ ​ម្ជូរ​ព្រៃ​ ​ម្ជូរ​គ្រឿង​ ​មាន់​ដុត​រួម​មិត្ត​ ​មាន់​ទា​រំលីង​គល់​ស្លឹកគ្រៃ​ ​ត្រី​ដុត​អំបិល​ផ្ទាប់​នំបញ្ចុក​ ​ត្រី​គ្រំ​ចំហុយ​ ​ខ្យង​អាំង​អំបិលម្ទេស​ ​ឬ​អំបិល​ម្រេច​ជាដើម។​

            ​រមណីយដ្ឋាន​នេះ​ ​មាន​ទីតាំងនៅ​ភូមិ​កំពង់​ព្រីង​ ​សង្កាត់​សិត្យូ ​ក្រុងតាខ្មៅ​ ​ខេត្តកណ្តាល​ ​ប្រមាណ​១៥គីឡូម៉ែត្រ​ពី​ក្រុងតាខ្មៅ​ ​ជិះ​តាម​មាត់ទន្លេ​ (ផ្លូវជាតិ​លេខ២១​ ​ចាស់) ​ក្រោម​ស្ពាន​ព្រែក​សំរោង​ ​ទល់មុខ​មណ្ឌលសុខភាព​សិត្បូ​តែម្តង​ ​ងាយស្រួល​រក​ ​ឬ​​អាច​ទំនាក់ទំនង​តាមរយៈ​លេខ​ទូរស័ព្ទ​ ០១៦​ ​៩០​ ​២២​ ​០៦​ / ​០៨៨​ ​៨​ ​២៥​ ​២៥​ ​២៨​ ​សម្រាប់​ការ​កក់​ ​និង​សាកសួរ​ព័ត៌មាន​បន្ថែម៕

Article by SRIN SOKMEAN


SUGGESTIONS