×

ធ្វើដំណើរ​ទៅ​ភ្លក់​រសជាតិ​ហ្វឺ​ល្បីៗ​ក្នុង​វេបសាយ​ទេសចរណ៍​អន្តរជាតិ​ ​Tripadvisor​

TRAVEL & LIVING 2 years ago
 
 

            ​ជាទូទៅ​ ​នរណា​ៗ​ក៏​ដឹង​ថា​ទេសចរ​បរទេស​ជាច្រើន​ដែល​ធ្វើដំណើរ​ទេសចរណ៍​នៅ​ជុំវិញ​ពិភពលោក​និយម​ស្វែងរក​សេវាកម្ម​ទេសចរណ៍​ ​មិនថា​ ​សេវាកម្ម​ស្នាក់​នៅ​ ​ឬ​ ​សេវាកម្ម​ហូបចុក​ ​នោះ​ទេ​តាម​គេហទំព័រ​ ​Tripadvisor (ទ្រីប​អ៊ែដ​វ៉ាយ​ហ្ស័រ) ​ដើម្បី​ស្គាល់​ជម្រើស​បាន​ច្រើន​ ​ហើយ​រើស​យក​កន្លែង​ដែល​ទទួល​បាន​ពិន្ទុ​ ​review​ ​ខ្ពស់​ជាងគេ។​ ​ខាងក្រោម​នេះ​ ​ជា​ភោជនីយដ្ឋាន​-​អាហារដ្ឋាន​ ​ចំនួន​៣​ទីតាំងនៅ​ក្រុងភ្នំពេញ​ដែល​ទទួល​បានការ​វាយ​តម្លៃ​ល្អ​ពី​ភ្ញៀវ​ទេសចរ​ចំពោះ​រសជាតិ​អាហារ​បែប​វៀតណាម​មួយ​មុខ​គឺ​ ​ស៊ុប​ហ្វឺ (Phở) ​ដ៏​ឈ្ងុយឆ្ងាញ់​ពិបាក​រក​កន្លែងផ្សេង​ប្រៀបប្រដូច​ឲ្យ​ដូចគ្នា​បេះបិទ​បាន។​

            ​១​. ​ភោជនីយដ្ឋាន​ ​ដើម​ចំប៉ា​ (Magnolia​ ​Dam​ ​Champa)
«ដើម​ចំប៉ា»​ ​ឬ​ជនបរទេស​ហៅថា​ ​Magnolia​ ​Dam​ ​Champa​ ​ជា​ទីតាំង​ភោជនីយដ្ឋាន​ដ៏​ធំស្កឹមស្កៃ​ក្រោម​បរិយាកាស​ជា​ផ្ទះ​វីឡា​សម័យ​មុន​ ​ស្ថិតនៅ​ផ្ទះ​លេខ​៥៥​ ​បណ្តោយ​វិថី​ប៉ាស្ទ័រ​ (ផ្លូវ៥១) ​កែង​វិថី​ឧកញ៉ា​ពេជ្រ​ (ផ្លូវ២៤២) ​ខាងជើង​ស្តុប​វត្ត​លង្កា​ ​ម្តុំ​ក្រោយ​វិទ្យាល័យ​អនុវត្ត។​ ​ហាង​នេះ​មាន​ឯកទេស​ខាង​ម្ហូប​វៀតណាម​ល្បី​ជា​យូរឆ្នាំ​មក​ហើយ​ ​ហើយ​ក្នុងចំណោម​អាហារ​វៀតណាម​យ៉ាង​សម្បូរ​បែប​ប្រចាំ​ហាង​ ​ស៊ុប​ហ្វឺ (Phở) ​នៅ​ទីនោះ​ក៏​មានឱជារស​ឈ្ងុយឆ្ងាញ់​មានគុណ​ភាព​ ​ចម្អិន​ដោយ​ចុងភៅ​ជំនាញ​ដែល​មាន​បទពិសោធន៍​លំដាប់​ស្តង់ដារ​សម្រាប់​ទេសចរ​ជាតិ​-​អន្តរជាតិ។​ ហ្វឺ​ពិសេស​ប្រចាំ​ហាង​នេះ​គឺ​ ​ឈុត​ហ្វឺ​ចាន​ថ្ម​ក្តៅ​ (Special​ ​Phở ​served​ ​in​ ​a​ ​hot​ ​stone​ ​bowl) ​ដែល​មាន​ជម្រើស​សាច់​ពីរ​ប្រភេទ​ ​គឺ​ ហ្វឺ​សាច់គោ និង​ហ្វឺ​សាច់​ពពែ​ដែល​លោកអ្នក​អាច​ជ្រើសរើស​បាន​តាម​ចំណង់ចំណូលចិត្ត។​ ​ចាន​ថ្ម​ក្តៅ​ជួយ​ឲ្យ​ទឹកស៊ុប​ហ្វឺ​នៅ​ក្តៅ​ហុយៗ​ពេ​លលើក​មកដល់​ភ្លាម​ ​ធ្វើឲ្យស​រ​សៃ​ហ្វឺ​ទន់​ល្អ​ ​ត្រូវនឹង​សាច់គោ​ ​ឬ​ពពែ​ស្រស់ៗ​បង់​ភ្លាមៗ​ដោយខ្លួនឯង​ផុយ​ឆ្ងាញ់។​ ហ្វឺ​សាច់​ពពែ​ជ្រលក់​នឹង​ទឹក​តៅហ៊ូ​ពិសេស​ ​ឯ​ហ្វឺ​សាច់គោ​ជ្រលក់​ជា​មួយទឹក​សៀង​-​ម្ទេស​ ​រសជាតិ​ប្លែក​ឆ្ងាញ់​ម្យ៉ាង​ម្នាក់​។​ ​ថ្វី​ដ្បិតតែ​ជា​ហាង​ធំ​ល្បី​ ​តែ​តម្លៃ​ឈុត​ហ្វឺ​មួយ​ចាន​ធំ​ ​ត្រឹមតែ​ ​៨ដុល្លារ​ប៉ុណ្ណោះ។​ ​បើ​លោកអ្នក​ចង់​សាកល្បង​សិន​ ​ក៏​អាច​សាក​ទទួលទាន​ឈុត​ហ្វឺ​ធម្មតា​ក្នុង​តម្លៃ​ ​៦ដុល្លារ​បាន​ដែរ។​ ​ម៉ោង​ដំណើរការ​ ​ជា​រៀងរាល់ថ្ងៃ​ ​ពី​ម៉ោង​៦​ព្រឹក​ ​ដល់ម៉ោង​ ​១១យប់។​

ឈុតហ្វឺចានថ្មក្តៅសាច់គោឈុតហ្វឺចានថ្មក្តៅសាច់ពពែ

            ​​២​.​ភោជនីយដ្ឋាន​ ហ្វឺហ្វថ្យូ​ន​ (Phở ​Fortune )
​ភោជនីយដ្ឋាន​នេះ​ជា​ភោជនីយដ្ឋាន​តូច​ផ្លូវ​កែង​ដែល​មាន​ការរៀបចំ​បែប​លក្ខណៈ​ជា​ហាង​គុយទាវ​ ​ស្ថិតនៅ​ផ្ទះ​លេខ​១​២​៨​ ​E​o ​បណ្តោយ​វិថី​ប៉ា​ស្ទ័​រ​ (ផ្លូវ៥១) ​កែង​វិថី​ឧកញ៉ា​ពេជ្រ​ (ផ្លូវ២៤២) ​ជិត​កា​រ៉ាស​សាំង​ភីធីធី (PTT) ​ប៉ាស្ទ័រ។​ ​ហាង​នេះ​ជា​ហាង​ឯកទេស​ផ្តោត​លើ​ស៊ុប​ហ្វឺ (Phở) ជាធំ​តែម្តង។​ ​នៅ​ពេល​មកដល់​ទីនេះ​ ​លោកអ្នក​អាច​ជ្រើសរើស​ហ្វឺ​បាន​ច្រើន​ប្រភេទ​តាម​តម្រូវ​ការ​ ​រួម​មាន​ ហ្វឺ​សាច់​គ្រប់មុខ​ ​សាច់​ស្រស់​លាយ​ប្រហិត​ ​សាច់​ស្រស់​លាយ​សាច់​ខ្លាញ់​ ​សាច់​ខ្លាញ់​ ហ្វឺ​សាច់​ខ្លាញ់​ ហ្វឺ​សាច់​កំភួន​ ហ្វឺ​សរសៃ​សុទ្ធ​ ហ្វឺ​សាច់​ត្រី​ ​និង​ហ្វឺ​សាច់​មាន់។​ ​បើ​តាម​ការ​អះអាង​របស់​ម្ចាស់​ហាង​ ហ្វឺ​លក់ដាច់​ជាងគេ​គឺ​ ហ្វឺ​សាច់​គ្រប់មុខ​ ​និង​មួយ​មុខ​ទៀត​គឺ​ ហ្វឺ​ពិសេស​ (សាច់​ច្រើន​ ​មាន​ពងមាន់) ​ត្រូវនឹង​រស​ជាតិទឹក​ដូង​ធម្មជាតិ​ត្រជាក់ៗ​ដែល​ភ្ញៀវ​និយម​កុម្ម៉ង់​ទទួលទាន​អម​ជាមួយ។​ ​លក្ខណៈ​ពិសេស​មួយទៀត​ ​គឺ​ ​ទីនេះ​ក៏​ជា​ជម្រើស​ដ៏​ប្រសើរ​សម្រាប់​ភ្ញៀវ​ទាំងឡាយ​ណា​ចូលចិត្ត​ទទួលទាន​ហ្វឺ ​តែ​ពិបាក​រក​កន្លែង​ដែល​មាន​លក់​ហ្វឺ​បួស​ ​និង​ ​សម្រាប់​ភ្ញៀវ​ដែល​មិន​និយម​ទទួលទាន​សាច់​ព្រោះ​ទីនេះ​មាន​ប្រភេទ​ហ្វឺ​បន្លែ។​ ​និយាយ​ឲ្យ​ចំ​គឺ​ល្អ​សម្រាប់​អ្នក​ស្រឡាញ់​ ​សុខភាព​ ​ព្រោះ​អ្វី​ដែល​សំខាន់​គឺ​ក្រៅពី​រសជាតិ​ឆ្ងាញ់​ ហ្វឺ​នៅ​ទីនេះ​មិន​ប្រើ​ប៊ីចេង​ (MSG) ​ឡើយ​ ​ឯ​ទឹកស៊ុប​ក៏​ធ្វើថ្មីៗ​ជា​រៀងរាល់​ព្រឹក​ថែមទៀត​ផង។​ ​ដោយសារ​ចំណុច​ទាំងនេះ​ ​ធ្វើឲ្យ​ហាង​នេះ​ទទួល​បាន​ពិន្ទុ​ ​review​ ​ចំពោះ​រសជាតិ​អាហារ​ ​និង​សេវាកម្ម​ ​យ៉ាងហោចណាស់​ក៏​ 4/5 ​ពី​អតិថិជន​ដែរ​ ​ក្នុង​ ​Tripadvisor។​ ហ្វឺ​ធម្មតា​មួយ​ចាន​មាន​តម្លៃ​ ​៣​ ​ដុល្លារ​ ​ឯ​ហ្វឺ​ពិសេស​មួយ​ចាន​តម្លៃ​ ​៥​ដុល្លារ។​ ​ម៉ោង​ដំណើរការ​ ​ជា​រៀងរាល់ថ្ងៃ​ ​ចន្លោះ​ពី​ម៉ោង​ ​៧​ព្រឹក​ ​ដល់​ ​ម៉ោង​ ​៧យប់។​

ឈុតហ្វឺពិសេសឈុតហ្វឺធម្មតា

            ​៣​. ​អាហារដ្ឋាន​ ហ្វឺ​សូ​រិ​យា​ (Phở Sorya)
ហ្វឺ​សូ​រិ​យា​ ​ជា​ហាង​តូច​មួយ​ទំហំ​ត្រឹម​ផ្ទះ​មួយ​ល្វែង​ដែល​វិវឌ្ឍ​ចេញពី​តូប​លក់​ហ្វឺ​នៅ​ជាប់​ផ្សារ​ទំនើប​សូ​រិ​យា​តែម្តង។​ ​ហាង​នេះ​បើ​មើល​ពី​ខាងក្រៅ​ទៅ​ ​យើង​នឹង​ឃើញ​ស្លាកយីហោ​ដែល​មាន​អក្សរ​ ​«​ហ្វឺ ​Phở»​ ​អម​ដោយ​រូប​ក្បាល​គោ​ក្រហម​ ​ជា​និមិត្តសញ្ញា​សម្គាល់​ ​ងាយស្រួល​ចំណាំ​បំផុត​ ​ព្រោះ​បរិវេណ​នោះ​ ​មាន​កន្លែង​លក់​ហ្វឺ​តែមួយ​នេះ​ទេ។​ ​ហាង​នេះ​មាន​ទីតាំង​ស្របតាម​បណ្តោយ​វិថី​ព្រះ​ត្រសក់​ផ្អែម​ (ផ្លូវលេខ៦៣) ​ជាប់​ខាងកើត​ផ្សារ​សូរិយា​ ​ផ្លូវ​ជាមួយ​ហាង​នំប៉័ង​ ​TOUS​ ​les JOURS។​ ​ការរចនា​ខាងមុខ​ហាង​ធ្វើឲ្យ​យើង​មាន​អារម្មណ៍​ដូច​បាន​ដើរចូល​ហាង​ហ្វឺ​នៅ​ប្រទេស​វៀតណាម​ក្នុង​ដំណើរ​កម្សាន្ត​យ៉ាង​ដូច្នោះ​ដែរ​ ​ជាពិសេស​គឺ​ឃើញ​មាន​អតិថិជន​ឈរ​រង់ចាំ​អ៊ូអរ​ជាហូរហែ​មិន​ចេះ​ស្ងាត់។​ ​បើ​និយាយ​ពី​រសជាតិ​ ហ្វឺ​នៅ​ហាង​នេះ​ល្បី​ថា​ឆ្ងាញ់​ត្រូវមាត់​ ​សាក​ហើយ​ចង់​សាក​ទៀត​ ​ព្រោះ​ទឹកស៊ុប​ក្តៅៗ​ជាមួយ​សាច់គោ​ចម្រុះ និង​ប្រហិត​សាច់គោ​ឆ្ងាញ់​ពិសា​ចូលជាតិ​គ្នា​ល្អណាស់​ ​មិនទាន់​គិត​រសជាតិ​ខ្ទឹមបារាំង​ ​ជីរ​ស្រស់ៗ​ ​និង​ទឹក​សៀង​ជ្រលក់​នោះ​ផង។​ ​ភ្ញៀវ​ប្រចាំ​ហាង​និយម​ហៅ​ថែម​ ​ពងមាន់​ស្រែ​ (តម្លៃ​២០០០រៀល​/​ចាន​ប៉ុណ្ណោះ) ​ឬ​ទឹកស៊ុប​ប្រហិត​ថែម​ (ចាន​តូច​ ​៥០០០រៀល​ ; ​ចាន​ធំ​ ​១០០០០រៀល) ​ដាក់ឲ្យ​មាន​រសជាតិ​ឡើង​ទ្វេ​ដង។​ ហ្វឺ​មួយ​ចាន​មាន​តម្លៃ​ត្រឹម​ ​១១០០០រៀល​ ​សមរម្យ​ដែល​អតិថិជន​ភាគច្រើន​អាច​ទទួលយក​បាន។​ ​ម៉ោង​ដំណើរការ​ ​ជា​រៀងរាល់ថ្ងៃ​ ​ពី​ម៉ោង​៤រសៀល​ ​ដល់ម៉ោង​ ​៩​:​៣​០​នាទី​ ​យប់៕​

Article​ ​by​ SRIN​ ​SOKMEAN​

ឈុតហ្វឺថែមពងមាន់ស្រែទឹកស៊ុបពងមាន់ស្រែប្រចាំហាង


SUGGESTIONS