×

កត្តា​ចម្បង​ណាខ្លះ​ដែល​អាច​បង្ការ​អ្នក​ពី​ជំងឺ​ផ្តាសាយ​?

TRAVEL & LIVING 2 years ago
 
 

           ផ្តាសាយ​គឺជា​ជំងឺ​មួយ​ប្រភេទ​ដែល​អាច​កើត​ទៅលើ​មនុស្ស​គ្រប់​វ័យ​ ​និង​ងាយ​ឆ្លង​ពី​មនុស្សម្នាក់​ទៅកាន់​មនុស្សម្នាក់​ទៀត​យ៉ាង​ឆាប់រហ័ស​ ​ជាពិសេស​ក្នុង​រដូវ​ត្រជាក់​ធ្លាក់​ខ្យល់​នេះ​តែម្តង​។​ ​ខណៈ​អាកាសធាតុ​កំពុងតែ​ចុះ​ត្រជាក់​ ​ភាគរយ​នៃ​ការ​កើតជំងឺ​គ្រុនផ្តាសាយ​ក៏​កាន់តែ​កើន​ឡើង​ ​ហើយក៏​ជា​ពេល​ដែល​អ្នក​គួរតែ​យកចិត្តទុកដាក់​គិតគូរ​ពី​សុខភាព​ដើម្បី​បង្ការ​ ​ក៏ដូចជា​ការពារ​ផង​ដែរ​។​ ​ខាងក្រោម​នេះ​ជា​វិធី​មួយ​ចំនួន​ក្នុង​ការ​ការពារ​ខ្លួន​អ្នក​ពី​ជំងឺ​ផ្តាសាយ​។​

•​ចាក់​វ៉ាក់សាំង​ :​វា​ជា​វិធី​ល្អ​បំផុត​ដើម្បី​ការពារ​ខ្លួន​អ្នក​ពី​ជំងឺ​ផ្តាសាយ​។​ ​ការ​ចាក់​វ៉ាក់សាំង​អាច​ជួយ​ជំរុញ​ដល់​ប្រព័ន្ធ​ការពារ​រឹង​មាំ​ ​និង​អាច​ប្រឆាំង​ជាមួយ​វី​រុ​ស​នៃ​ជំងឺ​ផ្តាសាយ​ដែល​ធ្វើឲ្យ​ឱកាស​កើត​ឬ​ឆ្លង​ជំងឺ​នេះ​មាន​ភាគរយ​តិចតួច​បំផុត​។​ ​គួរ​ដឹង​ដែរ​ថា​ ​ថ្នាំ​វ៉ាក់សាំង​នឹង​មាន​ប្រសិទ្ធ​ភាព​នៅ​ក្រោយពេល​ចាក់​បាន​២​ស​ប្តាហ៍​។​

•​លាងដៃ​ឲ្យបាន​ស្អាត​ ​និង​ញឹកញាប់: ​ការ​លាង​ស​ម្អា​តដៃ​ឲ្យបាន​ស្អាត​ ​និង​ញឹកញាប់​ ​មិន​ត្រឹមតែ​ជួយ​ទប់​ស្កាត់​ការ​កើតជំងឺ​ផ្តាសាយ​ប៉ុណ្ណោះ​ទេ​ ​តែ​វាក​៏​ជួយការ​ពារ​អ្នក​ពី​ការ​ឆ្លង​មេរោគ​ផ្សេងៗ​ផង​ដែរ​។​ ​គួរ​ទម្លាប់​លាងដៃ​ឲ្យបាន​ស្អាត​បន្ទាប់ពី​ប្រើ​បន្ទប់ទឹក​ ​បន្ទាប់ពី​ក្អក​ ​ឬ​កណ្តាស់​ ​មុន​ពេល​ដាក់​ឬ​ដោះ​កែវ​ដាក់​ក្នុង​ភ្នែក​(​Contact Lens​) ​មុន​ពេល​តុបតែង​មុខ​ ​មុន​ពេល​ទទួលទាន​អាហារ​ ​និង​មុន​ពេល​ច​ម្អិ​ន​ម្ហូប​ជាដើម​។​ ​សូម្បី​ពេល​ត្រឡប់មក​ពី​សាលារៀន​ ​មកពី​ផ្សារ​ ​ឬ​ពី​កន្លែងណា​ដែល​មាន​មនុស្ស​ច្រើន​ក៏​ត្រូវ​បាន​រាប់បញ្ចូល​ផង​ដែរ​។​

•​នៅ​ឲ្យ​ឆ្ងាយ​ពី​អ្នកជំងឺ​ : ​មេរោគ​គ្រុនផ្តាសាយ​អាច​ហោះហើរ​តាមរយៈ​ខ្យល់​។​ ​ដូច្នេះ​គួរ​ព្យាយាម​នៅ​ឲ្យ​ឆ្ងាយ​ពី​អ្នកជំងឺ​ ​ជាពិសេស​អ្នកជំងឺ​មាន​អាការ​ក្អក​ ​ឬ​កណ្តាស់​ ​និង​ជៀសវាង​ប៉ះពាល់​ពួកគេ​។​ ​នេះ​ហើយ​ជាហេតុ​ផល​ដែល​អ្នក​គប្បី​ចាក់​វ៉ាក់សាំង​ ​និង​ប្រកាន់ខ្ជាប់​ការ​លាងដៃ​ឲ្យបាន​ញឹកញាប់​។​ ​មួយវិញទៀត​ ​គួរ​ជៀសវាង​ការ​ប៉ះ​ច្រមុះ​ ​មាត់​ ​និង​ត្រចៀក​ ​ដោយសារ​កន្លែង​ទាំងនេះ​ងាយ​នាំ​យក​មេរោគ​ផ្តាសាយ​ចូល​ទៅ​ក្នុង​ខ្លួន​បង្ក​ឲ្យ​កើតជំងឺ​។​

•បង្ការ​ ​និង​ការពារ​ : ​នៅ​ពេល​ក្អក​ឬ​កណ្តាស់​ ​គួរ​មាន​ក្រដាស​សម្រាប់​ខ្ទប់​ ​ឬ​ប្រើ​កែងដៃ​ខ្ទប់​ ​ហើយ​ជៀសវាង​យក​ប្រអប់ដៃ​ទៅ​ខ្ទប់​។​ ​វិធី​ល្អ​បំផុត​អនុវត្ត​តាម​វិធានការ​ការពារ​ជំងឺ​កូ​វី​ដ​១​៩​ឲ្យបាន​ខ្ជាប់ខ្ជួន​ ​គឺ​ ​៣​កុំ​ ​៣​ការពារ​ ​ព្រោះថា​ជំងឺ​ផ្តាសាយ​ក៏​មិន​ខុស​ពី​ជំងឺ​កូ​វី​ដ​១​៩​ប៉ុន្មាន​នោះ​ទេ​។​

          ​បន្ថែម​លើ​ចំណុច​រៀបរាប់​ខាងលើ​ ​ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​ជំងឺ​ផ្តាសាយ​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធ​ភាព​ខ្ពស់​ ​អ្នក​អាច​បន្ថែម​ការ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​តាមរយៈ​ ​ការ​ទម្លាប់​គេង​ឲ្យបាន​គ្រប់គ្រាន់​ ​ទទួលទាន​អាហារ​ដែល​ល្អ​ចំពោះ​សុខភាព​ ​ពិសេស​ទទួលទាន​បន្លែ​ផ្លែឈើ​ចំនួន​៥​មុខ​ឬ​ច្រើនជាង​នេះ​ក្នុងមួយថ្ងៃ​ ​រួម​ទាំង​ផឹកទឹក​ឲ្យបាន​ច្រើន​ ​និង​ធ្វើ​លំ​ហាត់ប្រាណ​ជាប្រចាំ​៕​

Article by: SOUNG SOKSAN


SUGGESTIONS