«ស៊ីក្លូនាពេលអនាគត» គឺជាកម្មវិធីមួយបង្កើតឡើងដោយក្រុមយុវជន «Local4Local» ដែលជាការប្រកួតប្រជែងទៅលើស្នាដៃច្នៃប្រតិដ្ឋគំនូរឌីជីថលក្នុងទម្រង់បែបសហសម័យ។ ជាក់ស្តែង កម្មវិធីនេះក៏ទើបបានរកឃើញម្ចាស់ជ័យលាភីដែលមានស្នាដៃលេចធ្លោជាង នោះបានទៅលើវិចិត្រករវ័យក្មេង ស៊ិន វណ្ណះ។វ័យទើបតែ២២ឆ្នាំ វិចិត្រករ ស៊ិន វណ្ណះ បានរៀបរាប់បង្ហាញ សូវរីន ពីគោលបំណងក្នុងការរចនាស៊ីក្លូថ្មីសម្រាប់ពេលអនាគតមួយនេះគឺ ធ្វើឡើងដើម្បីជួយលើកតម្កើងស៊ីក្លូដែលជាត្រីចក្រយានឡើងវិញ ដោយផ្លាស់ប្តូរទៅជាទម្រង់ថ្មី មានភាពលេចធ្លោ ព្រមទាំងបន្ថែមនូវចំណុចខ្វះខាត ដើម្បីឲ្យស័ក្តិសមសម្រាប់ប្រជែងនឹងយានយន្តផ្សេងទៀតដូចជា ម៉ូតូ ឡាន ជាដើម។ ជាមួយនឹងគំនូររំលេចក្បាច់ច្របាច់បញ្ចូលជាទម្រង់បុរាណលាយសម័យ លោកបានបន្ថែមថា ក្នុងការច្នៃប្រតិដ្ឋគំនូរស៊ីក្លូនេះលោកបានបំបែកធាតុផ្សំនៃវប្បធម៌ខ្មែរមួយចំនួន បូករួមជាមួយធាតុផ្សំនៃសម័យទំនើបបង្កើតជាគំនូរក្នុងទម្រង់មួយបែបហៅថា សហសម័យប្រកបដោយភាពអភិវឌ្ឍន៍ក្នុងន័យអភិរក្ស។ ធាតុផ្សំនៃការបង្កើត ក្បាច់លម្អ រូបតំណាង និងការប្រើប្រាស់ពណ៌ទាំងនេះ គឺសុទ្ធសឹងតែមានបង្កប់នូវអត្ថន័យនីមួយៗយ៉ាងលម្អិត។ តួយ៉ាងដូចជា ការប្រើប្រាស់ពណ៌លោកបានប្រើពណ៌ចំនួន៥៖ ពណ៌សតំណាងឲ្យភាពបរិសុទ្ធ និងសេចក្តីល្អ។ ពណ៌មាស ជាពណ៌នៃភាពជោគជ័យសមិទ្ធផល និងជ័យជម្នះ។ ពណ៌ខៀវភ្លឺតំណាងឲ្យភាពរឹងមាំ ភាពជឿជាក់ ភាពត្រជាក់ត្រជំ។ ពណ៌ខៀវចាស់តំណាងនូវភាពជឿជាក់ សេចក្តីថ្លៃថ្នូរ ភាពឆ្លាតវៃ សិទ្ធិអំណាចជាជាងគំនិតនៃការបន្ធូរអារម្មណ៍ និងសន្តិភាពដែលរួមជាស្រមោលពណ៌ខៀវស្តង់ដារ។ ចុងក្រោយគឺពណ៌ខ្មៅតំណាងឲ្យភាពរឹងមាំ ភាពធ្ងន់ធ្ងរ សិទ្ធិអំណាច ការដាក់ពណ៌នេះបង្ហាញជាផ្លូវការគឺវាមានភាពឆើតឆាយ និងមានកិត្យានុភាព។
ដោយឡែក បើនិយាយពីក្បាច់វិញ ក្បាច់លំអ ជាក្បាច់មួយប្រភេទដែលបានបំបែកក្បាច់អង្គរក្នុងទម្រង់ត្របកឈូកដោយព័ទ្ធក្នុងទម្រង់រង្វង់មូល។ ក្បាច់អង្គរគឺភាគច្រើនប្រើលើវត្ថុ និងសំណង់សក្ការៈបង្ហាញពីភាពខ្ពង់ខ្ពស់។ ក្បាច់លំអនេះច្នៃជាបន្ទះដាក់អមសងខាងដោយដាក់ដំបូលនៅខាងលើកន្លែងអ្នកជិះ ដើម្បីទប់ទល់កម្តៅថ្ងៃ។ រីឯសត្វនាគគឺជាសត្វមានមហិទ្ធិ៎ឫទ្ធិ និងតំណាងឲ្យភាពត្រជាក់ត្រជំ។ ការច្នៃដោយយកទម្រង់នាគ ធ្វើជាកញ្ចក់សងខាងស៊ីក្លូសម្រាប់ឆ្លុះមើលក្រោយ ដើម្បីសុវត្ថិភាព។ ចំណែកឯឯកសណ្ឋានរបស់អ្នកបើកគឺបានច្នៃចេញពីលំនាំឯកសណ្ឋានរបស់ព្រះរាមក្នុងគំនូរដោយយកត្រង់ សង្វារ ស្លឹកពោធិ និងឥន្ទធនូ មកច្នៃជាបែបសម័យលំនាំពីបុរាណ។ គំនូរនេះដែរ លោកបានចំណាយពេលសម្រិតសម្រាំងគូរអស់រយៈពេលប្រមាណ១ខែ។ តាមរយៈការឈ្នះនៅក្នុងកម្មវិធីប្រកួតដែលមានការចូលរួមពីបណ្តាសិល្បករវ័យក្មេងជាច្រើន និងបានដាក់បង្ហាញស្នាដៃនៅវិចិត្រសាល FT Gallery នៅឯ Factory Phnom Penh យុវជន ស៊ិន វណ្ណះ បានបង្ហាញចំណាប់អារម្មណ៍យ៉ាងដូច្នេះ “ដំបូងខ្ញុំមិនរំពឹងថានឹងទទួលបានជ័យលាភីលេខ១ឡើយ ក៏ព្រោះស្នាដៃអ្នកដែលបានចូលរួមប្រកួតសុទ្ធសឹងតែលេចធ្លោ និងទាក់ទាញមួយបែបៗផ្សេងៗពីគ្នា។ ការប្រកួតនេះដែរបានផ្តល់បទពិសោធន៍មួយចំនួនដល់ខ្ញុំដូចជា ការយល់ដឹងអំពីស៊ីក្លូកាន់តែច្បាស់ជាងមុនតាមរយៈការសិក្សាស្រាវជ្រាវលម្អិតពីស៊ីក្លូរបស់ខ្មែរយើង។ មួយវិញទៀត ខ្ញុំបានពង្រឹងសមត្ថភាពតាមរយៈការឌីហ្សាញស៊ីក្លូ ដោយគួរថាច្នៃប្រតិដ្ឋបែបណាឲ្យល្អ បែបណាឲ្យលម្អិត សំខាន់ទាក់ទងទៅនឹងអនាគត។”
Image Courtesy: ស៊ិន វណ្ណះ
គួរឲ្យដឹងដែរថា កន្លងមកម្ចាស់ជ័យលាភីដែលជានិស្សិតឆ្នាំទី៥ សិក្សាជំនាញស្ថាបត្យកម្មនៃសាកលវិទ្យាល័យ ភូមិន្ទវិចិត្រសិល្បៈរូបនេះ ក៏ធ្លាប់ទទួលបានជ័យលាភីលេខ១ក្នុងការប្រកួតគូរគំនូររូបដាយណូស័រ ក្នុងការសម្ភោធរឿង«JURASSIC WORLD» ផងដែរ៕
Article by SOUNG SOKSAN