×

វិចិត្រករ​ ​ស៊ិន​ ​វ​ណ្ណះ ​ត្រួសត្រាយ​ពី​រចនាបថ​​ស៊ីក្លូ​ឌី​ជី​ថល​ទម្រង់​​សហសម័យ​

NEWS 2 years ago
 
 

            «ស៊ីក្លូ​នា​ពេល​អនាគត»​ ​គឺជា​កម្មវិធី​មួយ​បង្កើត​ឡើង​ដោយក្រុម​យុវជន​ ​«Local4Local»​ ​ដែល​ជា​ការប្រកួតប្រជែង​ទៅលើ​ស្នាដៃ​ច្នៃ​ប្រតិដ្ឋ​គំនូរ​ឌី​ជី​ថល​ក្នុង​ទម្រង់​បែប​សហសម័យ។​ ​ជាក់ស្តែង​ ​កម្មវិធី​នេះ​ក៏​ទើបបាន​រក​ឃើញ​ម្ចាស់​ជ័យលាភី​ដែល​មាន​ស្នាដៃ​លេចធ្លោ​ជាង​ ​នោះ​បាន​ទៅលើ​វិចិត្រករ​វ័យក្មេង​ ​ស៊ិន​ ​វ​ណ្ណះ។​វ័យ​ទើប​តែ​២​២​ឆ្នាំ​ ​វិចិត្រករ​ ​ស៊ិន​ ​វ​ណ្ណះ ​បាន​រៀបរាប់​បង្ហាញ​ ​សូវរីន​ ​ពី​គោលបំណង​ក្នុង​ការរចនា​ស៊ីក្លូ​ថ្មី​សម្រាប់​ពេល​អនាគត​មួយ​នេះ​គឺ​ ​ធ្វើឡើង​ដើម្បី​ជួយ​លើក​តម្កើង​ស៊ីក្លូ​ដែល​ជា​ត្រីចក្រយាន​ឡើងវិញ​ ​ដោយ​ផ្លាស់ប្តូរ​ទៅជា​ទម្រង់​ថ្មី​ ​មាន​ភាព​លេចធ្លោ​ ​ព្រមទាំង​បន្ថែម​នូវ​ចំណុច​ខ្វះខាត​ ​ដើម្បីឲ្យ​ស័ក្តិសម​សម្រាប់​ប្រជែង​នឹង​យានយន្ត​ផ្សេងទៀត​ដូចជា​ ​ម៉ូតូ​ ​ឡាន​ ​ជាដើម។​ ​ជាមួយនឹង​គំនូរ​រំលេច​ក្បាច់​ច្របាច់​បញ្ចូល​ជា​ទម្រង់​បុរាណ​លាយ​សម័យ​ ​លោក​បាន​បន្ថែម​ថា​ ​ក្នុង​ការ​ច្នៃ​ប្រតិដ្ឋ​គំនូរ​ស៊ីក្លូ​នេះ​លោក​បាន​បំបែក​ធាតុផ្សំ​នៃ​វប្បធម៌​ខ្មែរ​មួយ​ចំនួន​ ​បូករួម​ជាមួយ​ធាតុផ្សំ​នៃ​សម័យ​ទំនើប​បង្កើត​ជា​គំនូរ​ក្នុង​ទម្រង់​មួយ​បែប​ហៅថា​ ​សហសម័យ​ប្រកបដោយ​ភាព​អភិវឌ្ឍន៍​ក្នុង​ន័យ​អភិ​រក្ស​។​ ​ធាតុផ្សំ​នៃ​ការ​បង្កើត​ ​ក្បាច់​លម្អ​ ​រូប​តំណាង​ ​និង​ការប្រើប្រាស់​ពណ៌​ទាំងនេះ​ ​គឺ​សុទ្ធសឹងតែ​មាន​បង្កប់​នូវ​អត្ថន័យ​នីមួយៗ​យ៉ាង​លម្អិត។​ ​តួយ៉ាងដូចជា​ ​ការប្រើប្រាស់​ពណ៌​លោក​បាន​ប្រើ​ពណ៌​ចំនួន​៥​៖​ ​ពណ៌​ស​តំណាង​ឲ្យ​ភាព​បរិសុទ្ធ​ ​និង​សេចក្តី​ល្អ​។​ ​ពណ៌​មាស​ ​ជា​ពណ៌​នៃ​ភាព​ជោគជ័យ​សមិទ្ធផល​ ​និង​ជ័យ​ជម្នះ។​ ​ពណ៌ខៀវ​ភ្លឺ​តំណាង​ឲ្យ​ភាព​រឹង​មាំ​ ​ភាព​ជឿជាក់​ ​ភាព​ត្រជាក់ត្រជំ។​ ​ពណ៌​ខៀវចាស់​តំណាង​នូវ​ភាព​ជឿជាក់​ ​សេចក្តីថ្លៃថ្នូរ​ ​ភាព​ឆ្លាតវៃ​ ​សិទ្ធិ​អំណាច​ជាជាង​គំនិត​នៃ​ការ​បន្ធូរ​អារម្មណ៍​ ​និង​សន្តិភាព​ដែល​រួម​ជា​ស្រមោល​ពណ៌ខៀវ​ស្តង់​ដារ។​ ​ចុងក្រោយ​គឺ​ពណ៌​ខ្មៅ​តំណាង​ឲ្យ​ភាព​រឹង​មាំ​ ​ភាព​ធ្ងន់ធ្ងរ​ ​សិទ្ធិ​អំណាច​ ​កា​រដាក់​ពណ៌​នេះ​បង្ហាញ​ជា​ផ្លូវការ​គឺ​វា​មាន​ភាព​ឆើតឆាយ​ ​និង​មាន​កិត្យានុភាព។​

            ដោយឡែក​ ​បើ​និយាយ​ពី​ក្បាច់​វិញ​ ​ក្បាច់​លំអ​ ​ជា​ក្បាច់​មួយ​ប្រភេទ​ដែល​បាន​បំបែក​ក្បាច់​អង្គរ​ក្នុង​ទម្រង់​ត្របកឈូក​ដោយ​ព័ទ្ធ​ក្នុង​ទម្រង់​រង្វង់​មូល។​ ​ក្បាច់​អង្គរ​គឺ​ភាគច្រើន​ប្រើលើ​វត្ថុ​ ​និង​សំណង់​សក្ការៈ​បង្ហាញ​ពី​ភាព​ខ្ពង់ខ្ពស់។​ ​ក្បាច់​លំអ​នេះ​ច្នៃ​ជា​បន្ទះ​ដាក់​អម​សងខាង​ដោយ​ដាក់​ដំបូល​នៅ​ខាងលើ​កន្លែង​អ្នក​ជិះ​ ​ដើម្បី​ទប់ទល់​ក​ម្តៅ​ថ្ងៃ​។​ ​រីឯ​សត្វ​នាគ​គឺជា​សត្វ​មាន​មហិទ្ធិ‍៎ឫទ្ធិ​ ​និង​តំណាង​ឲ្យ​ភាព​ត្រជាក់ត្រជំ។​ ​ការ​ច្នៃ​ដោយ​យក​ទម្រង់​នាគ​ ​ធ្វើជា​កញ្ចក់​សងខាង​ស៊ីក្លូ​សម្រាប់​ឆ្លុះមើល​ក្រោយ​ ​ដើម្បី​សុវត្ថិភាព។​ ​ចំណែក​ឯ​ឯកសណ្ឋាន​របស់​អ្នក​បើក​គឺ​បាន​ច្នៃ​ចេញពី​លំនាំ​ឯកសណ្ឋាន​របស់​ព្រះរាម​ក្នុង​គំនូរ​ដោយ​យ​កត្រង់​ ​សង្វារ​ ​ស្លឹក​ពោធិ​ ​និង​ឥន្ទធនូ​ ​មក​ច្នៃ​ជា​បែប​សម័យ​លំនាំ​ពី​បុរាណ។​ ​គំនូរ​នេះ​ដែរ​ ​លោក​បាន​ចំណាយ​ពេល​សម្រិតសម្រាំង​គូរ​អស់​រយៈពេល​ប្រមាណ​១ខែ។​ ​តាមរយៈ​ការ​ឈ្នះ​នៅ​ក្នុង​កម្មវិធី​ប្រកួត​ដែល​មាន​ការចូលរួម​ពី​បណ្តា​សិល្បករ​វ័យក្មេង​ជាច្រើន​ ​និង​បាន​ដាក់​បង្ហាញ​ស្នាដៃ​នៅ​វិចិត្រសាល​ ​FT​ ​Gallery​ ​នៅ​ឯ​ ​Factory​ ​Phnom​ ​Penh​ ​យុវជន​ ​ស៊ិន​ ​វណ្ណះ ​បាន​បង្ហាញ​ចំណាប់អារម្មណ៍​យ៉ាង​ដូច្នេះ​ “ដំបូង​ខ្ញុំ​មិន​រំពឹង​ថា​នឹង​ទទួល​បាន​ជ័យ​លា​ភី​លេខ​១​ឡើយ​ ​ក៏​ព្រោះ​ស្នាដៃ​អ្នក​ដែល​បាន​ចូលរួម​ប្រកួត​សុទ្ធសឹងតែ​លេចធ្លោ​ ​និង​ទាក់ទាញ​មួយ​បែបៗ​ផ្សេងៗ​ពី​គ្នា។​ ​ការ​ប្រកួត​នេះ​ដែរ​បាន​ផ្តល់​បទពិសោធន៍​មួយ​ចំនួន​ដល់​ខ្ញុំ​ដូចជា​ ​ការយល់​ដឹង​អំពី​ស៊ីក្លូ​កាន់តែ​ច្បាស់ជា​ង​មុន​តាមរយៈ​ការ​សិក្សាស្រាវជ្រាវ​លម្អិត​ពី​ស៊ីក្លូ​របស់​ខ្មែរយើង។​ ​មួយវិញទៀត​ ​ខ្ញុំ​បាន​ពង្រឹង​សមត្ថភាព​តាមរយៈ​ការ​ឌី​ហ្សា​ញ​ស៊ីក្លូ​ ​ដោយ​គួរ​ថា​ច្នៃ​ប្រតិដ្ឋ​បែប​ណា​ឲ្យ​ល្អ​ ​បែប​ណា​ឲ្យ​លម្អិត​ ​សំខាន់​ទាក់ទង​ទៅ​នឹង​អនាគត។”

Image Courtesy: ស៊ិន​ ​វ​ណ្ណះ

​            គួរឲ្យ​ដឹង​ដែរ​ថា​ ​កន្លងមក​ម្ចាស់​ជ័យលាភី​ដែល​ជា​និស្សិត​ឆ្នាំទី៥​ ​សិក្សា​ជំនាញ​ស្ថាបត្យកម្ម​នៃ​សាកលវិទ្យាល័យ​ ​ភូមិន្ទ​វិចិត្រ​សិល្បៈ​រូប​នេះ​ ​ក៏​ធ្លាប់​ទទួល​បាន​ជ័យលាភី​លេខ១​ក្នុង​ការ​ប្រកួត​គូរ​គំនូរ​រូប​ដាយណូស័រ​ ​ក្នុង​ការ​សម្ភោធ​រឿង​«JURASSIC ​WORLD»​ ​ផង​ដែរ៕​

​Article​ ​by​ ​SOUNG​ ​SOKSAN


SUGGESTIONS