ផ្កាឈូកគឺជាផ្កាមួយប្រភេទដែលមានសម្រស់ស្រស់ស្អាត បង្ហាញពីភាពទន់ភ្លន់ បរិសុទ្ធិ ហើយក៏ជាផ្កាដែលប្រជាជនខ្មែរយើងច្រើនយកមកគោរពបូជាថ្វាយព្រះ និងប្រើជាប្រយោជន៍ច្រើនយ៉ាង រាប់តាំងពី មើម ដើម ស្លឹក ផ្កា រហូតដល់ផ្លែ។ សម្រស់របស់បុប្ផាសាយគន្ធពិដោរប្រហើរស្រទន់មួយនេះ ត្រូវបានគេយកមកលាតត្រដាងទៅលើសិល្បៈចម្លាក់ សម្លៀកបំពាក់ និងរូបគំនូរជាដើម។ ជាក់ស្តែងដូចជាវិចិត្រករគំនូរដ៏មានប្រជាប្រិយភាពមួយរូបនៅខេត្តសៀមរាប លោកបានយកសម្រស់របស់ផ្កាឈូកមកបង្កើតជារូបគំនូរច្រើនផ្ទាំងដែលបង្កប់ទៅដោយអត្ថន័យយ៉ាងអាថ៌កំបាំង ក្រោមចំណងជើងថា «បឹងឈូក»។
«បឹងឈូក» គឺជាកម្រងគំនូរដែលធ្វើឡើងប្រមាណជិត ១០ផ្ទាំង ដែលផ្ទាំងនីមួយៗមានសាច់រឿងពិសេស និងបង្កប់អត្ថន័យផ្សេងៗគ្នា។ ដូច្នេះ តើផ្ទាំងគំនូរនីមួយៗមានបង្កប់អត្ថន័យ និងមានភាពស្រស់ស្អាតយ៉ាងណានោះ? តោះ! យើងទៅទស្សនា និងជ្រាបការបរិយាយរបស់វិចិត្រករគំនូររូបនេះដូចខាងក្រោម៖
1. ចំណងជើង៖ «ការបន់ស្រន់ព្រះពុទ្ធជាម្ចាស់»
ពិពណ៌នាគំនូរ៖ “បឹងឈូកមួយបានបង្កប់ស្រមោលរូបព្រះនៅកណ្តាល បង្ហាញពីជំនឿលើព្រះពុទ្ធសាសនា ដែលទម្លាប់ប្រជាជនខ្មែរតែងមានការបន់ស្រន់ ការគោរពបូជា ការបួងសួង ការឧទ្ទិស និងពេលមានពិធីបុណ្យទានរមែងទៅវត្តអារាម មានធូប មានទៀន អ្វីដែលមិនភ្លេចនោះគឺ ផ្កាឈូក ដែលជាផ្កាសម្រាប់ថ្វាយព្រះ។ បើក្រឡេកមកមើលផ្កាឈូកវិញគឺប្រៀបបាននឹងដៃកំពុងលើកសំពះ រីឯស្លឹកឈូកវិញគឺតំណាងឲ្យប្រជាជនខ្មែរយើងដែលគោរពព្រះពុទ្ធសាសនា។”
2. ចំណងជើង៖ «ជីវិតរសាត់អណ្តែត»
ពិពណ៌នាគំនូរ៖ “បង្ហាញអំពីខ្សែជីវិតរបស់ខ្ញុំផ្ទាល់។ រូបទូកតំណាងឲ្យខ្លួនខ្ញុំ ដែលខ្ញុំជាកូនកំព្រា មានជីវិតរសាត់អណ្តែត រកមិនឃើញកោះត្រើយ តែលតោលដូចជាទូកកណ្តាលបឹង។ រីឯមូលហេតុដែលទូកគ្មានច្រវាអុំ ហើយមានតំណក់ភ្លៀង គឺចង់បង្ហាញពីជីវិតខ្ញុំដែលគ្មានអ្នកជួយជ្រោមជ្រែង គ្មានអ្នកជួយចូកជួយចែវអ្វីឡើយ ពោលគឺប្រឹងប្រែងដោយខ្លួនឯងដែលឆ្លងកាត់ព្យុះភ្លៀង និងទុក្ខលំបាកជាច្រើន។ ចំពោះចំណុចបញ្ចប់នៃរូបគំនូរគឺ គ្រាន់តែសង្ឃឹមថាគោលដៅជីវិតចុងក្រោយរបស់ខ្ញុំដូចជាទូកមួយដែលអាចរកឃើញត្រើយ ហើយអាចចតបានយ៉ាងមានលំនឹង មិនរសាត់អណ្តែតដូចពីមុនទៀត។”
3. ចំណងជើង៖«ជីវិតខ្ញុំ»
ពិពណ៌នាគំនូរ៖ “អត្ថន័យក៏មិនខុសពីរូបខាងលើប៉ុន្មានដែរ គឺនៅពេលដែលខ្ញុំចាកចេញពីបងប្អូន រស់នៅតែម្នាក់ឯង ជីវិតមួយដែលតែលតោលជួបព្យុះភ្លៀង។ ហើយរូបផ្កាឈូកដែលដុះចេញមកគឺដកស្រង់ពីការលូតលាស់នៃជីវិតខ្ញុំ ព្រោះទម្រាំបានដូចសព្វថ្ងៃមានស្នាដៃដាក់បង្ហាញ គឺខ្ញុំត្រូវជួបប្រទះជីវិតដែលមានឧបសគ្គជាច្រើន ប្រៀបបាននឹងដើមឈូកទម្រាំតែលូតចេញជាផ្កាជាផ្លែមកគឺមិនងាយនោះទេ ត្រូវដុះកាត់ភក់កាត់ជ្រាំ ទើបអាចលូតបាន។”
4. ចំណងជើង៖ «បណ្តែតប្រទីបនៅពេលព្រះចន្ទពេញវង់»
ពិពណ៌នាគំនូរ៖ “ផ្កាឈូកដែលមានពណ៌ទឹកក្រូចចង់បង្ហាញពីសិល្បៈនៃការគូរ។ ទោះពណ៌អ្វីក៏ជាសិល្បៈដែរនៅពេលដែលតែងលំអទៅលើវត្ថុអ្វីមួយ ព្រោះវាជាផ្នត់គំនិតរបស់សិល្បករ។ មួយវិញទៀត នៅពេលមានបុណ្យទានម្តងៗដូចជាពិធីបុណ្យអុំទូក រមែងមានការបណ្តែតប្រទីប ហើយភាគច្រើនប្រទីបទាំងនោះគឺធ្វើពីដើមចេក និងមានផ្កាឈូកជាដើម។ ហេតុដូចនេះ នៅពេលប្រទីបបណ្តែតក្រោមពន្លឺព្រះចន្ទ ជះដោយពន្លឺភ្លើងទៀនទៀតនោះបានធ្វើឲ្យស្រមោលជះទៅលើផ្ទៃទឹកជាពណ៌ទឹកក្រូច។”
5. ចំណងជើង៖ «សម្រស់នៅពេលថ្ងៃលិច និងសម្រស់នៅពេលរាត្រី»
ពិពណ៌នាគំនូរ៖ «អត្ថន័យនៃរូបខាងលើគឺ ពន្លឺពណ៌មាសនៃថ្ងៃរៀបលិចដែលក្រាលពាសពេញបឹងឈូក ធ្វើឲ្យសម្រស់របស់ផ្កាឈូករំលេចចេញជាពណ៌មាសកាន់តែស្រស់ស្អាតទ្វេឡើង។ ចំណែកឯរូបខាងក្រោមក៏មិនខុសពីរូបខាងលើប៉ុន្មានដែរ គ្រាន់តែបង្ហាញពីពេលវេលាខុសគ្នាតែប៉ុណ្ណោះ ដែលពណ៌ខៀវបញ្ជាក់ថាជាពេលរាត្រីមានសម្រស់មួយបែប»។
គួរឲ្យដឹងដែរថា រូបគំនូរទាំងអស់នេះក៏នឹងត្រៀមដាក់បង្ហាញជាផ្លូវការតាមវិចិត្រសាលនានានៅពេលខាងមុខនេះ៕
Article by SOUNG SOKSAN