បច្ចុប្បន្ន ស្ទើរតែគ្រប់ច្រកល្ហកទៅហើយនៅរាជធានីភ្នំពេញសម្បូរទៅដោយអាជីវកម្មហាងកាហ្វេខ្នាតតូចធំបានបង្កើតឡើងបន្តបន្ទាប់ក្នុងផ្នត់គំនិតច្នៃប្រតិដ្ឋប្លែកៗ ដែលក្លាយជាទំនោរនិយមថ្មីដ៏ទាក់ទាញធ្វើឲ្យអ្នកនិយមទទួលទានកាហ្វេមិនជិនណាយពីមួយថ្ងៃទៅមួយថ្ងៃ។ ជាក់ស្តែង អ្នកនិយមទទួលទានកាហ្វេសម័យថ្មីភាគច្រើនតែងស្វែងរកទីកន្លែងណាមួយមានបរិយាកាសស្រស់ស្រាយប្រកបដោយផាសុកភាព និងភាពស្ងប់ស្ងាត់ អមដោយឱជារសឈ្ងុយឆ្ងាញ់ដែលជាកត្តាមួយជំរុញឲ្យពួកគេអាចបំពេញកិច្ចការសាលា ក៏ដូចជាការងារសំខាន់ផ្សេងៗទៀតកាន់តែរហ័ស និងមានប្រសិទ្ធភាព។ ទន្ទឹមនឹងការកើនឡើងនៃអ្នកនិយមទទួលទានកាហ្វេជាមួយនឹងបរិយាកាសប្រកបដោយផាសុកភាពនេះ បានធ្វើឲ្យយុវជនវ័យក្មេងពីររូបបង្កើតហាងកាហ្វេមួយកន្លែងដែលនឹងផ្លាស់ប្តូរអារម្មណ៍របស់អ្នកមួយរំពេច។
ផ្តើមចេញពីបទពិសោធន៍ផ្ទាល់ខ្លួន និងជាអ្នកចូលចិត្តទទួលទានកាហ្វេ កញ្ញា ចន្ថា សកុណា សិក្សាលើមុខជំនាញស្ថាបត្យកម្មនៃ សាកលវិទ្យាល័យ ន័រតុន និងលោក អ៊ឹម បុណ្ណវឌ្ឍន៍ សិក្សាលើមុខជំនាញទន្តពេទ្យ នៃសាកលវិទ្យាល័យ វិទ្យាសាស្ត្រសុខាភិបាល អ្នកទាំងពីរគឺជាស្ថាបនិកនៃហាងកាហ្វេឡាហ្គ្រេស៍ (Lagràce) ដែលមានទីតាំងនៅលើដងវិថីព្រះអង្គមគ្គវណ្ណនៃផ្លូវលេខ ១៧៨ ក្បែរវាលព្រះមេរុហ៍ រាជធានីភ្នំពេញ។ ហាងកាហ្វេតូចប្រណីត ឡាហ្គ្រេស៍ (Lagràcecafé) ទើបតែបើកដំណើរការសាកល្បងប្រមាណជាង២ខែតែប៉ុណ្ណោះ ប៉ុន្តែអតិថិជនកាលណាបានមកជាវកាហ្វេទីនេះរមែងតែសរសើរមិនដាច់ពីមាត់ពីគុណភាពនៃរសជាតិកាហ្វេដ៏ឈ្ងុយឆ្ងាញ់ ក៏ព្រោះតែការឆុងកាហ្វេពីមួយកែវទៅមួយកែវត្រូវបានសម្រិតសម្រាំងបំផុតពីស្ថាបនិកទាំងពីររូបផ្ទាល់។ យ៉ាងណាមិញ បើយើងក្រឡេកមកចាប់អារម្មណ៍នឹងបរិវេណខាងក្នុង និងខាងក្រៅហាង គឺមានការតុបតែងលម្អទៅដោយគ្រឿងបរិក្ខារបុរាណលាយឡំសម័យ ដែលហាក់បន្ថែមភាពទាក់ទាញ Lagràcecafé មួយកម្រិតទៀតធ្វើឲ្យអតិថិជនគ្រប់រូបរាល់ពេលបានធ្វើដំណើរឆ្លងកាត់នឹងមិនអាចរំលង Lagràcecafé នោះឡើយ។ ជាពិសេស ទាំងអតិថិជនជាតិ និងអន្តរជាតិឲ្យតែបានឈានជើងមកដល់ហើយ ពួកគេចំណាយតែងពេលវេលាស្ទើរពេញមួយថ្ងៃអង្គុយកម្សាន្តនៅក្នុងហាងកាហ្វេនេះយ៉ាងត្រជាក់ចិត្តតែម្តង។ ឈ្មោះថា ឡាហ្គ្រេស៍ (Lagràcecafé) ការពិតទៅជាពាក្យក្លាយពីភាសាបារាំងមានន័យថា «គុណសម្បត្តិ» ឬ«ព្រះគុណ» នៃកាហ្វេដែលបានជួយពង្រឹងស្មារតីភ្លឺស្វាងក្នុងការបំពេញកិច្ចការងារនានារហូតដល់យប់កណ្តាលអធ្រាត្រដែលផ្សារភ្ជាប់ទៅនឹងទម្លាប់ និងបទពិសោធន៍ផ្ទាល់ខ្លួនរបស់ស្ថាបនិកទាំងពីររូប។ ដូច្នេះហើយការបង្កើតហាងកាហ្វេនេះផ្តោតគំនិតសំខាន់ចម្បងបំផុតនោះគឺ គុណភាពកាហ្វេធ្វើឲ្យអ្នកពិសាមានស្មារតីគ្រប់គ្រាន់ក្នុងការបំពេញកិច្ចការងាររបស់ខ្លួនយ៉ាងរហ័ស។
ក្រេបរសជាតិកាហ្វេបណ្តើរ គយគន់នឹងទិដ្ឋភាពនៃហាងបណ្តើរ ថែមទាំងបណ្តែតអារម្មណ៍នឹងចម្រៀងបរទេសយ៉ាងពីរោះរណ្តំ បានថ្នមចិត្តបង្វែរអារម្មណ៍ប្រៀបបានកំពុងពិសាកាហ្វេនៅក្នុងទិដ្ឋភាពទីក្រុងប៉ារីសនៃប្រទេសបារាំង។ ជាមួយនឹងការរៀបចំដេគ័រ ស្ថាបនិកទាំងពីររូបបានសិក្សាយ៉ាងលម្អិតទៅគ្រឿងបរិក្ខារសម្រាប់ប្រើប្រាស់ក្នុងហាងជាមួយនឹងគោលបំណងអាចធ្វើឲ្យអតិថិជនកាលដែលបានមកពិសាកាហ្វេនៅឡាហ្គ្រេស៍ទទួលនឹងបានបទពិសោធន៍ថ្មីៗខុសប្លែកពីទីកន្លែងដទៃទៀតរួមមាន បរិយាកាស ការប្រើប្រាស់សម្ភារសម្រាប់ការធ្វើវេចខ្ចប់ដែលពុំប៉ះពាល់បរិស្ថាន និងគុណភាពនៃរសជាតិកាហ្វេដ៏ឈ្ងុយឆ្ងាញ់ជាដើម។ លើសពីនេះ បើតាមការលើកឡើងរបស់ស្ថាបនិកា កញ្ញា សកុណា បានបង្ហាញលម្អិតនៃការតុបតែង ឡាហ្គ្រេស៍ យ៉ាងដូច្នេះថា៖ ពួកយើងប្រើប្រាស់ពណ៌ខ្មៅ ពណ៌ស ពណ៌ប្រផេះ និងពណ៌ឈើ ឆ្លុះគ្នា ដើម្បីធ្វើឲ្យពណ៌ទាំងអស់នោះចូលជាពណ៌ tropical របស់យើង ដូច្នេះនៅពេលដែលយើងមើលមកគឺមិនមានភាពសុំា និងងាយស្រួលក្នុងការផ្លាស់ប្តូរតុបតែងបន្ថែមគំនូរផ្សេងៗដែលជាទំនោរថ្មីស្របទៅតាមបរិបទសង្គម និងសិល្បៈ។
Lagràcecafé ក៏មានកាហ្វេរសជាតិប្រចាំហាងដែលអតិថិជនតែងកុម្មង់ពិសាមិនដែលខាននោះគឺ អាយឡាហ្គ្រេស៍កាហ្វេ (Ice Lagràcecafé) និងអាយខេមប៊ូឌានឡាហ្គ្រេស៍កាហ្វេ (Ice Cambodian Lagràce)។ កាហ្វេទាំង២មុខនេះជារូបមន្តបង្កើតឡើងដោយខ្លួនឯង ច្នៃចេញពីការនិយមទទួលទានកាហ្វេរបស់ប្រជាជនខ្មែរដែលភាគច្រើនពិសាកាហ្វេជាមួយនឹងទឹកដោះគោខាប់រសជាតិស្រាលស្រទន់ជក់មាត់ចង់ពិសាម្តងហើយម្តងទៀត។ ចំពោះកាហ្វេនៅ Lagràcecafé គឺមានតម្លៃសមរម្យចាប់ពី ២ដុល្លារ៤៥សេន (2.45$) ឡើងទៅ។ ចំណែកហាងបើកដំណើរការរៀងរាល់ថ្ងៃចាប់ពីម៉ោង ៧ ព្រឹក រហូតដល់ម៉ោង ៨ យប់។
គួរបញ្ជាក់ថា Lagràcecafé ត្រៀមនឹងបើកសម្ពោធផ្លូវការនៅពេលខាងមុខនេះជាមួយនឹងការពង្រីកបរិវេណហាងកាហ្វេកាន់តែធំទូលាយ រួមទាំងប្រភេទកាហ្វេថ្មីៗបន្ថែមជាច្រើនមុខទៀត៕
Article by PAN SIVLY