×

ជីវប្រវត្តិ​សា​ស្រ្តាចារ្យ​បណ្ឌិត​ត​ន្រ្តី ​អ៊ុង​ ​ជិន​ណារី​ ​ដែល​កូនខ្មែរ​គប្បី​ស្គាល់​

NEWS 2 years ago
 
 

           លោក​សា​ស្រ្តាចារ្យ​បណ្ឌិត​ ​អ៊ុង​ ​ជិន​ណារី​ ​ត្រូវ​បាន​គេ​ទទួលស្គាល់​តាមរយៈ​ស្នាដៃ​តែង​និពន្ធ​ត​ន្រ្តី​របស់​លោក​ដែល​ច្របាច់​​បញ្ចូល​នូវ​ពណ៌​សម្បុរ​មត៌ក​ត​ន្រ្តី​ខ្មែរ​ដែល​ជា​ប្រ​ភពកំណើត​របស់​លោក​ទៅ​ក្នុង​ការរៀបចំ​ប្រគំ​ត​ន្រ្តី​ក្លា​ស៊ិ​ក​បែប​បស្ចិម​ប្រទេស​។​ ​លោក​សាស្ត្រា​បណ្ឌិត​វ័យ​ជិត​៨​០​ឆ្នាំ​ ​រូប​នេះ​ ​ជា​សា​ស្រ្តាចារ្យ​ត​ន្រ្តី​ដំបូង​នៃ​មហាវិទ្យាល័យ​កា​លី​ហ្វ័​រ​ញ៉ា ​ក្រុង​សាន់​ឌី​អេហ្គោ (UC S​an​ ​Die​go​ ​Faculty​) ​ត្រូវបានតែងតាំងជា​សមាជិក​បណ្ឌិត្យសភា​សិល្បៈ​និង​អក្សរ​សា​ស្រ្ត​សហរដ្ឋអាមេរិក​ (​t​h​e​ ​American​ ​Academy​ o​f​ ​Art​s ​and​ ​Letter​s) ​ហើយ​ពិធី​តែងតាំង​ជា​ផ្លូវការ​ត្រូវ​បាន​ប្រារព្ធ​កាលពី​ថ្ងៃ​ទី​២​០​ ​ឧសភា​ ​ឆ្នាំ​២​០​២​១​ ​កន្លងទៅ​នេះ​។​

           ​យោង​តាម​ការ​ចេញផ្សាយ​ជា​ផ្លូវការ​របស់​គេហទំព័រ​ UC S​an​ ​Die​go​ ​News​ ​Center​ ​បណ្ឌិត្យសភា​នេះ​ត្រូវ​បាន​បង្កើត​ឡើង​តាំងពី​ឆ្នាំ​១​៨​៩​៨​ ​ហើយ​ផ្តោត​ចក្ខុវិស័យ​ទៅលើ​ផ្នែក​អក្សរ​សិល្ប៍ ​ត​ន្រ្តី ​និង​ ​វិចិត្រ​សិល្បៈ​។​ ​សមាជិកភាព​ត្រូវ​បាន​កំណត់​ក្នុង​ចំនួន​សរុប​ត្រឹមតែ​២​៥​០​នាក់​គត់​។​ ​បេក្ខភាព​ត្រូវ​បាន​បញ្ចូល​តាមរយៈ​ការបោះឆ្នោត​ជ្រើសរើស​ពីសំណាក់​សមាជិក​ ​ហើយ​​មានតែ​សមាជិក​បច្ចុប្បន្ន​ប៉ុណ្ណោះ​ដែល​មាន​សិទ្ធិ​អាច​ជ្រើសរើស​ឈ្មោះ​បុគ្គល​ដែល​មាន​សក្តានុពល​ស័ក្តិសម​ណា​ម្នាក់​បញ្ចូល​ទៅ​ក្នុង​បញ្ជី​បេក្ខភាព​នោះ​។​ ​លោក​សា​ស្រ្តាចារ្យ​បណ្ឌិត​ ​អ៊ុង​ ​ជិន​ណារី​ ​បាន​ក្លាយ​ជា​បេក្ខភាព​សមាជិក​មួយ​រូប​ក្នុង​ចំណោម​១​៣​រូប​ដែល​នឹង​ត្រូវ​បាន​បញ្ចូល​ទៅ​ក្នុង​បុគ្គល​កិត្តិយស​ឈាន​មុខ​ប្រចាំ​ប្រទេស​ក្នុង​អាជីព​ជា​ស្ថាបត្យករ​ ​វិចិត្រករ​ ​កវីនិពន្ធ​ត​ន្រ្តី ​និង​ ​អ្នកនិពន្ធ​(​ស្មេរ​)​។​

           លោក​​​មាន​ដើមកំណើត​នៅ​ឃុំ​ព្រៃ​ល្វា​ ​ស្រុក​ព្រៃ​កប្បាស​ ​ខេត្ត​តាកែវ​ ​។​ ​លោក​បាន​ចាកចេញ​ពី​មាតុ​ ​ប្រទេស​ទៅកាន់​សហរដ្ឋអាមេរិក​តាំងពី​ឆ្នាំ​១​៩​៦​៤​ម្ល៉េះ​។​ ​ត្រឡប់ទៅ​ជីវិត​កាលពី​កុមារភាព​របស់​លោក​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​លោក​ប្រសូត​នៅ​ក្នុង​គ្រួសារ​មួយ​ដែល​ឪពុក​ម្តាយ​មាន​ជីវភាព​ក្រីក្រ​ ​ហើយ​លោក​ត្រូវ​រស់នៅ​ជាមួយ​ជីដូនជីតា​។​ ​កាលពី​វ័យ​ប្រមាណ​បី​ឆ្នាំ​ ​ថ្ងៃមួយ​មាន​ក្រុម​ត​ន្រ្តី​បុរាណ​មួយ​វង់​បាន​ធ្វើដំណើរ​ឆ្លងកាត់​ផ្ទះ​ ​ដែល​លោក​រស់នៅ​ ​ហើយ​ជីតា​បង្កើត​របស់​លោក​បាន​សុំ​ឲ្យ​ពួកគេ​លេង​ចម្រៀង​បុរាណ​ពីរបី​បទ​ឲ្យ​លោក​ស្តាប់​។​ ​នោះ​ជា​ចំណុច​ដំបូង​ក្នុង​ឆាក​ជីវិត​ដែល​ញ៉ាំង​ឲ្យ​លោក​ជក់ចិត្ត​នឹង​ត​ន្រ្តី​ខ្មែរ​យ៉ាង​ខ្លាំង​ ​ទោះបីជា​ពេល​នោះ​លោក​ពុំទាន់​ដឹង​ក្តី​យល់​ដឹង​ពី​វា​ក៏ដោយ​។​ ​នៅ​ពេល​នៅ​ប្រទេស​កម្ពុជា​នៅឡើយ​ ​លោក​​​មាន​ទេពកោសល្យ​ចំនួន​ពីរ​ ​គឺ​ ​ជំនាញ​គ​ណិ​ត​វិទ្យា​និង​ត​ន្រ្តី ​ប៉ុន្តែ​បងប្រុស​របស់​លោក​បាន​ជំរុញ​ឲ្យ​លោក​បន្ត​ចាប់​យក​ខាង​ត​ន្រ្តី​ពីព្រោះ​មុខវិជ្ជា​គ​ណិ​ត​វិទ្យា​មាន​លក្ខណៈ​ស្មុគ​ស្មាញ​ ​រីឯ​ត​ន្រ្តី​ធ្វើឲ្យ​ស្រស់ស្រាយ​។​ ​លោក​យល់ស្រប​ជាមួយ​គំនិត​របស់​បង​ប្រុស​​លោក​ ​ហើយក៏​សម្រេច​ចិត្ត​ចាប់​យក​ត​ន្រ្តី​ជាគោល​រហូតមក​។​ ​នៅ​ក្នុង​ឆ្នាំ​១​៩​៦​៤​ ​លោក​បាន​ធ្វើដំណើរ​មកដល់​ទីក្រុង​ញូ​វ​យ៉​ក ​សហរដ្ឋអាមេរិក​ ​ក្នុង​វ័យ​២​១​ឆ្នាំ​ ​ហើយ​បាន​ចាប់​យក​ជំនាញ​លេង​ឧបករណ៍​ត្រែ​ក្លា​រី​ណែ​ត​ (​Clarinet​) ​នៅ​សាលា​ត​ន្រ្តី​ម៉ាន់​ហា​តាន់​ (​Man​hat​tan​ ​School​ o​f​ ​Music​) ​រហូត​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ ​និង​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ឯកទេស​​ត​ន្រ្តី​ក្លា​រី​ណែ​ត​និង​ដឹកនាំ​ប្រគំ​ត​ន្រ្តី​។​ ​នៅ​ពេល​មកដល់​អាមេរិក​ ​លោក​បាន​ព្យាយាម​ស​សេរ​សំឡេង​ត​ន្រ្តី​ខ្មែរ​ដែល​លោក​បាន​ស្តាប់​ឲ្យទៅ​ជា​ណោត​ភ្លេង​ពិតប្រាកដ​។​ ​លោក​បាន​សង្កត់ធ្ងន់​ថា​ “​ស្មារតី​និពន្ធ​របស់​ខ្ញុំ​បាន​មកពី​ប្រទេស​កម្ពុជា​ ” ​។​

           ​លោក​បាន​ទទួល​សញ្ញាបត្រ​ថ្នាក់បណ្ឌិត​កិត្តិយស​ឯកទេស​និពន្ធ​ត​ន្រ្តី​ពី​សាកលវិទ្យាល័យ​កូ​ឡាំ​បៀ​ (​Co​l​u​m​b​i​a​ ​University​) ​ក្នុង​ឆ្នាំ​១​៩​៧​៤​។​ ​នៅ​ឆ្នាំ​១​៩​៧​៨​ ​លោក​បាន​រៀន​អាពាហ៍ពិពាហ៍​ជាមួយ​លោកស្រី​ ​អ៊ុង​ ​ស៊ូ​ហ្សា​ន​ (​Sus​an​ Un​g​) ​។​ ​លោក​ចាប់ផ្តើម​បង្រៀន​នៅ​សាកលវិទ្យាល័យ​ ​Northern​ ​Ill​in​o​i​s ​ក្នុង​ឆ្នាំ​១​៩​៧​៧​ ​ហើយ​ក្រោយមក​បន្ត​អាជីព​នេះ​នៅ​មហា​វិទ្យាល័យ​ ​Connect​i​cut​ ​College​, ​មហាវិទ្យាល័យ​ ​P​e​nn​sylvan​i​a​ ​និង​ ​មហាវិទ្យាល័យ​ ​Ar​i​z​on​a​ ​State​។​ ​ចុងក្រោយ​ ​លោក​ផ្លាស់មក​ធ្វើជា​សា​ស្រ្តាចារ្យ​កិត្តិយស​នៅ​សាកលវិទ្យាល័យ​ ​Ca​lifo​rn​i​a​ ​ក្នុង​ទីក្រុង​ S​an​ ​Die​go​ ​ចាប់តាំង​ពី​ឆ្នាំ​ ​១​៩​៩​៥​ ​មក​។​

           ​ក្រៅពី​បទពិសោធន៍​ក្នុង​ការ​បង្រៀន​នៅ​អាមេរិក​ ​លោក​និង​ភរិយា​ក៏បាន​បង្កើត​សាលា​ត​ន្រ្តី​ផ្ទាល់ខ្លួន​មួយ​ឈ្មោះថា​ N​i​r​m​it​a​ ​Composer​s ​Institute​ ​ព្រមទាំង​ធ្លាប់​ចូលរួម​បណ្តុះបណ្តាល​ត​ន្រ្តី​ដល់​កូនខ្មែរ​នៅ​ខេត្ត​សៀមរាប​តាមរយៈ​អង្គការ​សិល្បៈ​ខ្មែរ​អម​តៈ (C​L​A​) ​កន្លងមក​ផង​ដែរ​។​ ​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​ចាប់តាំង​ពី​ឆ្នាំ​១​៩​៨​៩​មក​ ​លោក​ត្រូវ​បាន​ឆាក​អន្តរជាតិ​ទទួលស្គាល់​ខ្លាំង​នៅ​ពេល​ស្នាដៃ​និពន្ធ​ត​ន្រ្តី ​របស់​លោក​ក្រោម​ចំណងជើង​ថា​ “​Inner​ ​Voice​s” ​ទទួល​បាន​ពានរង្វាន់​អន្តរជាតិ​​​ផ្នែក​ត​ន្រ្តី “​G​raw​e​m​eye​r” ​ដ៏​ល្បីល្បាញ​ ​ហើយ​លោក​ក៏​ជា​ជនជាតិ​កម្ពុជា​-​អាមេរិក​ដំបូង​ដែល​ទទួល​បាន​ពាន​រង្វាន់​នេះ​គួរឲ្យ​រំភើប​ជាទីបំផុត​សម្រាប់​ប្រជាជាតិ​ខ្មែរយើង​។​ ​ត​ន្រ្តី “​Inner​ ​Voice​s” ​កើត​ចេញពី​សុបិន​ពិត​មួយ​របស់​លោក​ ​ដែល​នៅ​ក្នុង​សុបិន​នោះ​ ​លោក​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូលរួម​ក្នុង​ពិធីបុណ្យ​សាសនា​មួយ​ ​ហើយ​មាន​នារី​វ័យ​ក្មេងម្នាក់​បាន​ធ្វើ​អត្តឃាត​ដោយ​បន្សល់ទុក​នូវ​សំបុត្រ​ចម្រៀង​សម្រាប់​ប្រគំ​ក្នុង​ពិធីបុណ្យ​សព​របស់​នាង​ប្រកបដោយ​ភាព​សោកសៅ​និង​ពោរពេញ​ដោយ​ព្រលឹង​មនោសញ្ចេតនា​យ៉ាង​ជ្រាលជ្រៅ​ឥតឧបមា​។​

           ជាចុងក្រោយ​ ​ក្នុងនាម​ជាត​ន្រ្តី​វិទូ​ជើង​ចាស់់​មួយ​រូប​ ​លោក​បាន​ផ្តាំផ្ញើ​ឲ្យ​កូនខ្មែរ​ជំនាន់​ក្រោយ​សិក្សា​ឈ្វេងយល់​ពី​ប្រពៃណី​វប្បធម៌​របស់​ខ្លួន​ឲ្យបាន​ច្បាស់លាស់​មុននឹង​បង្កើត​ប្រពៃណី​ឬ​សិល្បៈ​ទម្រង់​ថ្មី​និង​មុននឹង​បើកទ្វារ​ទៅ​ឈ្វេងយល់​ពី​ពិភពលោក​ខាងក្រៅ​។​ ​មិនថា​មាន​សញ្ជាតិ​ជាខ្មែរ​ ​ឬ​ ​អាមេរិក​នោះ​ទេ​ ​ពួកគេ​ត្រូវតែ​ឈ្វេងយល់​ពី​វា​ឲ្យបាន​ស៊ី​ជម្រៅ​ខ្លាំង​រហូតដល់​ជ្រួតជ្រាប​ដល់​អារម្មណ៍​មនុស្សជាតិ​រួម​ ​អាច​ធ្វើឲ្យ​គេ​យល់​ដឹង​ពី​សិល្បៈ​នោះ​ហើយ​មាន​តម្លៃ​ជាសាកល​។​ ​ទន្ទឹម​នឹង​នេះ​ ​លោក​ចង់ឲ្យ​សិល្បករ​ជំនាន់​ក្រោយ​ស្មោះស្ម័គ្រ​ចំពោះ​អ្វី​ដែល​ខ្លួន​កំពុង​ធ្វើ​ដើម្បីឲ្យ​សិល្បៈ​វប្បធម៌​កម្ពុជា​រីក​ចម្រើន​ទូលំ​ទូលាយ​ទៅតាម​នោះ​ដែរ​៕​

Article by SRIN SOKMEAN


SUGGESTIONS