×

ភោជនីយដ្ឋាន​ឯកទេស​ម្ហូប​ខ្មែរ​ភូមិភាគ​ឦសាន​-​ឡាវ​ ​ដែល​ឆ្ងាញ់​ពិបាក​រក​នៅ​ភ្នំពេញ

TRAVEL & LIVING 2 years ago
 
 

            មនុស្ស​កើតមក​រមែង​មាន​រស​និយម​ខុសៗគ្នា​។​ ​អ្នកខ្លះ​ចូលចិត្ត​នេះ​ ​អ្នកខ្លះ​ចូលចិត្ត​នោះ​ ​ហើយ​ចំណង់​ចំណូល​ចិត្ត​នៃ​រសជាតិ​អាហារ​ក៏​មិន​ដូចគ្នា​ដែរ​។​ ​សម្រាប់​ពុក​ម៉ែ​បងប្អូន​មីង​មា​ទាំងឡាយ​ណា​ដែល​ធ្លាប់ទៅ​លេង​ភូមិភាគ​ឦសាន​ ​ព្រំដែន​ខ្មែរ​-​ឡាវ​ ​ច្បាស់ជា​មិន​ភ្លេច​ទេ​នូវ​មត៌ក​រសជាតិ​ម្ហូបម្ហា​របស់​អ្នកស្រុក​ភាគ​ខាងលើ​ដែល​មាន​លក្ខណៈ​ខុសប្លែក​ពី​ម្ហូប​អ្នកស្រុក​កណ្តាល​ទូទៅ​ ​ពោល​គឺ​មាន​គ្រឿងផ្សំ​ ​ក្លិន​ ​រសជាតិ​ ​និង​ ​វិធី​ធ្វើ​មួយ​បែប​ដោយឡែក​ដែល​អ្នកទេសចរ​ភាគច្រើន​រមែងតែ​ង​ចង់​ភ្លក់​ចង់​សាក​ចង់​ដឹង​។​ ​ដោយសារ​សម្លឹង​ឃើញ​តម្រូវ​ការ​មត៌ក​រសជាតិ​អាហារ​ដើម​ទាំងនោះ​ហើយ​ ​ទើប​លោកស្រី​ ​ប៊ុន​ហេង​ ​សូ​រិ​យា​ ​អតីត​និស្សិត​ជំនាញ​ទេសចរណ៍​ ​និង​បដិសណ្ឋារកិច្ច​ ​ជា​អ្នកស្រុក​ស្ទឹង​ត្រែង​ផ្ទាល់​ ​បាន​ពាំ​នាំ​ជម្រើស​មុខម្ហូប​តំបន់​ជុំវិញ​នោះ​ជា​ច្រើនមុខ​មក​ច​ម្អិ​ន​ជូន​អ្នក​ភ្នំពេញ​ឲ្យបាន​សាកល្បង​។​

            ស្ថាបនិក​ ​និង​ជា​អ្នកគ្រប់គ្រង​ភោជនីយដ្ឋាន​ ​ខ្មែរ​ឥ​សាន​ ​ផ្ទាល់​បាន​ផ្តល់​បទសម្ភាសន៍​ឲ្យ​ សូវ​រី​ន​ បាន​ដឹង​ថា​ ​លោកស្រី​បាន​ចាប់ផ្តើម​មុខរបរ​លក់​អាហារ​ចាប់តាំង​ពី​អំឡុង​ឆ្នាំ​២​០​១​៦​មក​ម្ល៉េះ​។​ ​មូលហេតុ​ដែល​ជំរុញ​ឲ្យ​លោកស្រី​ចាប់ផ្តើម​អាជីវកម្ម​នេះ​ដំបូង​គឺ​មកពី​ ​កាលនោះ​លោកស្រី​ជា​អាជីវករ​ម្នាក់​នៅ​ផ្សារ​ធំ​ថ្មី​ ​ហើយ​អ្នក​លក់ដូរ​នៅ​ផ្សារ​ដូចគ្នា​ដែល​ធ្លាប់ធ្វើ​ដំណើរ​ឡើងចុះ​ទៅកាន់​ប៉ែក​ស្រុក​ឦសាន​ ​ថៃ​-​ឡាវ​ ​នឹកចង់​ទទួលទាន​អាហារ​ដែល​ពួកគេ​ធ្លាប់​ទទួលទាន​នៅ​ស្រុក​នោះ​។​ ​ដោយសារ​ ​លោកស្រី​ចេះ​ធ្វើម្ហូប​ទាំងនោះ​ ​ហើយ​ធ្លាប់​ឲ្យ​មិត្ត​អាជីវករ​ទាំងនោះ​ភ្លក់​ទៅ​ឆ្ងាញ់​ចាប់មាត់​ ​ពួកគេ​ក៏​ស្នើសុំ​ឲ្យ​លោកស្រី​ជួយ​ច​ម្អិ​ន​ម្ហូប​បែប​នោះ​ឲ្យ​ពួកគេ​ទទួលទាន​ជារឿយៗ​នៅ​ពេល​ពួកគេ​នឹកចង់​។​ ​ការ​ជួយ​ធ្វើម្ហូប​តាម​សំណូមពរ​អាជីវករ​ជិតខាង​ម្តង​ហើយ​ម្តងទៀត​នាំឲ្យ​លោកស្រី​ក៏​ទទួល​បានការ​ផ្តល់​យោបល់​ពី​អ្នក​ទាំងនោះ​ឲ្យ​យក​ជំនាញ​នេះ​ជា​មុខរបរ​អាជីព​ជាប់​តែម្តង​ទៅ​។​ ​ជា​លទ្ធផល​ ​នៅ​ឆ្នាំ​២​០​១​៧​ ​ភោជនីយដ្ឋាន​ថ្មីសន្លាង​ ​«​ខ្មែរ​ឥ​សាន​»​ ​ផ្សារភ្ជាប់​បរិយាកាស​មាន​ខ្យល់អាកាស​ខាងក្រៅ​ (​Outdoor​) ​បាន​ចាប់បដិសន្ធិ​ឡើង​នៅ​ម្តុំ​ក្រោយ​ស្តុ​ប​ ​No​k​i​a​ ​សង្កាត់​អូរ​បែក​ក្អម​ ​ខណ្ឌ​សែន​សុខ​ ​រាជធានី​ភ្នំពេញ​ ​ហើយ​ទទួល​បាន​នូវ​ការ​គាំទ្រ​ពី​អតិថិជន​ជាហូរហែ​រហូតមកដល់​បច្ចុប្បន្ន​។​

លោកស្រី​ ​ប៊ុន​ហេង​ ​សូ​រិ​យា

            ​ដោយសារ​លោកស្រី​ជា​អ្នកស្រុក​ស្ទឹង​ត្រែង​ស្រាប់​ ​គួបផ្សំ​នឹង​គំនិត​ច្នៃ​ប្រតិដ្ឋ​ផ្នែក​អាជីវកម្ម​យ៉ាង​ចំណាន​ ​លោកស្រី​បាន​បង្កើត​ជម្រើស​មុខម្ហូប​ខ្មែរ​ ​ថៃ​ ​ឡាវ​ ​មិន​ក្រោម​៥​០​មុខ​នោះ​ទេ​ ​សម្រាប់​អតិថិជន​ជ្រើសរើស​បាន​តាម​ចំណង់ចំណូលចិត្ត​។​ ​ម្ហូប​ដែល​ទទួល​បាន​នូវ​ការ​ពេញ​និយម​ ​រួម​មាន​ជាអាទិ៍​ ​សម្ល​ប្រហើរ​ម្សៅ​ ​មី​ចា​ណា​ង​ ​បុក​ល្ហុង​ឡាវ​ ​បុក​ល្ហុង​ខ្មែរ​ ​ខ​ម៉ាំ​ឥ​សាន​ (​ពិសេស​ប្រចាំ​ហាង​) ​សាច់ក្រក​ឦសាន​ ​ឡាប​ប្រហុក​ ​ឡាប​ត្រី​ស្លាត​ ​ភ្លា​សាច់គោ​ឡាវ​ ​ផ្អក​ជូរ​ស្ទឹង​ត្រែង​ ​ប៉ា​ខេ​ម​ (​ម្ហូប​ស្ទឹង​ត្រែង​-​ឡាវ​)​។​ល​។​ ​គួរ​កត់​សម្គាល់​ផង​ដែរ​ថា​ ​ឈុត​បុក​ល្ហុង​រួម​ ​ឬ​ ​បុក​ល្ហុង​ឡាវ​ដែល​ជា​ម្ហូប​លក់ដាច់​ជាងគេ​ប្រចាំ​ហាង​មាន​លក្ខណៈ​ពិសេស​ខុសប្លែក​ពី​បុក​ល្ហុង​ធម្មតា​ត្រង់​មិន​ប្រើ​សណ្តែកដី​ ​ប្រើ​ប្រហុក​បែប​ឡាវ​រសជាតិ​ដើម​នាំចូល​ពី​ស្ទឹង​ត្រែង​ (​មិនមែន​ប្រហុក​ទិញ​ពី​ផ្សារ​ទូទៅ​) ​រសជាតិ​ចាស់​ដិត​មុត​ ហិ​រ​ឆ្ងាញ់​ ​មិន​ផ្អែម​ស្រាល​ៗ​នោះ​ទេ​ ​ត្រូវនឹង​ឱជារស​ស្រា​បៀរ​ឡាវ​ ​ភេសជ្ជៈ​ផ្តាច់មុខ​ប្រចាំ​ហាង​។​ ​លើស​ពីនេះទៅ​ទៀត​ ​ភោជនីយដ្ឋាន​របស់​លោកស្រី​ក៏មាន​ទទួល​ធ្វើម្ហូប​ច​ម្អិ​ន​ពី​គ្រឿងផ្សំ​ធម្មជាតិ​ពិសេស​ៗ​តាម​រដូវ​កាលដែល​សម្បូរ​នៅ​ខេត្ត​របស់​គាត់​ ​ដូចជា​ ​ត្រី​ប៉ាសេ​អ៊ី​ ​ត្រី​ប៉ា​វ៉ា​ ​ផ្សិត​ប៉ក់​ ​ឬ​ ​ផ្សិត​ផូង​ផាំង​ ​ទំពាំង​ព្រេច​ ​ផ្សិត​ក្ងោក​ ​ជាដើម​។​ ​លោកស្រី​បញ្ជាក់​ថា​ ​ត្រី​ប៉ាសេ​អ៊ី​ ​និង​ប៉ា​វ៉ា​ ​សម្បូរ​អំឡុង​ខែវិច្ឆិកា​-​ធ្នូ​។​ ​ឯ​ទំពាំង​ព្រេច​ ​ភ្ញៀវ​អាច​ក​ម្ម៉ង់​បាន​ ​នៅ​រដូវ​ខែភ្លៀង​ ​អំឡុង​ខែ​មិថុនា​-​កក្កដា​។​

ឈុតបុកល្ហុងខ្មែរឥ​សាន​ប្រើប្រហុកបែបឡាវ

            ជោគជ័យ​នៃ​អាជីវកម្ម​អាហារ​របស់​លោកស្រី​ស្តែង​ឲ្យ​ឃើញ​តាមរយៈ​ការ​ជួយ​គាំទ្រ​តាំងពី​អតិថិជន​ដែល​ចូល​មក​ហាង​ទូទៅ​ ​ភ្ញៀវ​អន​ឡា​ញ​ ​និង​ ​ម៉ូយ​ពិសេស​លំដាប់​តារា​ដែល​មាន​កេរ្តិ៍ឈ្មោះ​បោះ​សំឡេង​ក្នុងរង្វង់​សិល្បៈ​។​ ​សិល្ប​ការិនី​ពហុ​ជំនាញ​ ​ខាត់​ សុ​ឃីម​ ​និង​ ​ពិធី​ការិនី​ C​T​N ដ៍​ល្បីល្បាញ​ ​ខៀវ​ ​សាន​សា​ណា​ ​សុទ្ធសឹងតែ​ជា​អតិថិជន​ដែល​ធ្លាប់​ទទួលទាន​ម្ហូប​ខ្មែរ​ឥ​សាន​ ​គាំទ្រ​ស្ងើចសរសើរ​ចំពោះ​រសជាតិ​ ​និង​ ​ថែមទាំង​ជួយ​ផ្សព្វផ្សាយ​ដោយ​សុទ្ធចិត្ត​ ​មិនមែន​ជា​លក្ខណៈ​រូបភាព​ពាណិជ្ជកម្ម​ ​ទៀត​ផង​។​ ​ម្ចាស់​ហាង​បាន​អះអាង​ថា​ ​កន្លងមក​ ​មាន​អ្នកសុំ​រៀន​ជំនាញ​ធ្វើម្ហូប​បែប​នេះ​ ​និង​ ​អ្នក​ចង់​សហការ​ជំនួញ​ជាមួយ​មក​ទាក់ទង​លោកស្រី​ដែរ​ ​ប៉ុន្តែ​លោកស្រី​កំពុង​ពិចារណា​រង់ចាំ​មើល​ឱកាសល្អ​សិន​។​ ​ទោះបីជា​យ៉ាងណា​ ​ក៏​លោកស្រី​បាន​សម្តែង​នូវ​ក្តី​ព្រួយបារម្ភ​ដែរ​ ​ប្រសិនបើ​មត៌ក​រសជាតិ​ទាំងនេះ​ត្រូវ​បាត់បង់​ជាយ​ថា​ ​ហេតុ​ដោយ​គ្មាន​អ្នក​បន្តវេន​នៅ​ថ្ងៃ​អនាគត​។​ ​សម្រាប់​អតិថិជន​ដែល​ចង់​ស្វែងរក​ទី​តាំងហាង​ ​ឬ​ ​ចង់​ជាវ​អន​ឡា​ញ​ ​អាច​ទាក់ទង​លោកស្រី​ផ្ទាល់​តាមរយៈ​លេខទូរសព្ទ​ ​០​១​០​ ​៩​៣​៣​ ​៣​៣​៩​៕​

​Article​ ​by​ SR​IN​ ​SO​K​MEAN​

សម្ល​ប្រហើរ​ម្សៅ


SUGGESTIONS