×

ត្រណម​មួយ​ចំនួន​តែង​មាន​ជំនឿ​យ៉ាង​មុតមាំ​ក្នុង​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ចិន​

TRAVEL & LIVING 2 years ago
 
 

            សល់​តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​ពិធី​បុណ្យចូលឆ្នាំ​ចិន​នឹង​ឈាន​ចូល​មកដល់​។​ ​ជាទូទៅ​ក្នុង​ពិធីបុណ្យ​នេះ​ប្រជាជន​ដែល​ជាប់​សែ​វៀតណាម​-​ចិន​តែងតែ​អនុ​វត្តសកម្មភាព​ផ្សេងៗ​ ​និង​មាន​ត្រណម​មួយ​ចំនួនជា​ស្រ័យ​តាម​ជំនឿ​ត​មកពី​ដូនតា​របស់​ពួកគេ​ ​ដើម្បី​នាំមក​នូវ​សំណាងល្អ​ ​និង​បញ្ចៀស​នូវ​សំណាង​អាក្រក់​ជាដើម​។​ ​ក្នុងថ្ងៃនេះ​សូវ​រី​ន​នឹង​បង្ហាញ​អំពី​ត្រណម​មួយ​ចំនួន​ដែល​ពួកគេ​មាន​ជំនឿ​យ៉ាង​មុតមាំ​ក្នុងចំណោម​ត្រណម​ផ្សេងទៀត​ជូន​ដល់​ប្រិយ​មិត្ត​ឲ្យបាន​ដឹង​ទាំងអស់គ្នា​។​

            1. ​រៀបចំផ្ទះ​៖​ ​តាំងពី​បុរាណ​មក​ម្ល៉េះ​ពួកគេ​មាន​ជំនឿ​ថា​ ​ការ​បោស​ស​ម្អា​ត​រៀបចំផ្ទះ​ក្នុង​ថ្ងៃ​ចូលឆ្នាំ​ប្រៀប​ដូច​បោះចោល​លាភ​សំណាង​ចេញពី​ផ្ទះ​អីចឹង​។​ ​នេះ​ក៏​ព្រោះ​ពួកគេ​ជឿ​ថា​ ​ពួកគេ​បាន​ខិតខំ​ធ្វើការ​ពេញ​មួយ​ឆ្នាំទៅ​ហើយ​ ​ដូច្នេះ​ក្នុង​ថ្ងៃ​ចូលឆ្នាំ​ពួកគេ​នឹង​ឈប់​សម្រាក​ពី​ការងារ​ម្តង​ដើម្បី​បញ្ជាក់​ថា​បាន​ឆ្លងកាត់​ទុក្ខ​លំបាក​ពេញ​មួយ​ឆ្នាំ​ ​និង​មាន​ពេល​ប្រារព្ធ​ពិធី​ឲ្យបាន​ពេញលេញ​ដោយ​មិន​ធ្វើការងារ​ផ្ទះ​នោះ​ទេ​។​ ​ក៏​ព្រោះតែ​ជំនឿ​បែប​នេះ​ ​ទើប​មុន​ថ្ងៃ​ចូលឆ្នាំ​ចិន​មកដល់​ ​បងប្អូន​ជាប់​សែស្រឡាយ​ចិន​រមែង​រៀបចំផ្ទះ​ឲ្យបាន​ស្អាត​ ​ហើយក៏​ធ្វើ​យ៉ាងណា​ឲ្យ​រៀបរយ​មុន​ថ្ងៃ​បុណ្យចូលឆ្នាំ​មកដល់​។​ ​តែ​បើ​ករណី​ចង់​បោស​ស​ម្អា​ត​ធូលី​ក្នុង​ថ្ងៃ​ចូលឆ្នាំ​នោះ​ ​គេ​តែង​បោស​ចេញតាមទ្វារ​ក្រោយ​ ​និង​ដាច់ខាត​មិន​បោស​ចេញតាមទ្វារ​មុខ​នោះ​ទេ​។​

            2. កក់​ ​និង​កាត់សក់​៖​ ​ការ​កក់សក់​ ​ឬ​កាត់សក់​ដូចជា​ការ​ជម្រះ​នូវ​ភាព​រុងរឿង​ ​និង​ទ្រព្យសម្បត្តិ​របស់​ពួកគេ​ចេញ​យ៉ាង​ដូច្នេះ​ដែរ​។​ ​ពួកគេ​តែង​កក់​ ​ឬ​កាត់សក់​ ​និង​រៀបចំ​ខ្លួន​ឲ្យបាន​ស្អាត​មុន​ថ្ងៃ​ចូលឆ្នាំ​មកដល់​។​

            3. ​ការ​ប្រើ​កាំបិត​៖​ ​វាក៏​ជា​ត្រណម​មួយទៀត​សម្រាប់​អ្នក​ដែល​គាត់​ជាប់​សែស្រឡាយ​ចិន​។​ ​នៅ​ពេល​រៀបចំ​អាហារ​គេ​តែង​ជៀសវាង​គ្រឿងផ្សំ​ដែល​ត្រូវ​កាត់​ ​ព្រោះ​គេ​មាន​ជំនឿ​ត​គ្នា​មក​​​ថា​ការ​ប្រើ​កាំបិត​ ​ឬ​កន្ត្រៃ​គឺ​ដូចជា​កាត់ផ្តាច់​សំណាងល្អ​ចេញពី​ជីវិត​របស់​ពួកគេ​។​ ​ដូច្នេះ​រាល់​គ្រឿងផ្សំ​ទាំងប៉ុន្មាន​ដែល​ត្រូវ​ច​ម្អិ​ន​ ​ពួកគេ​ត្រូវ​ត្រៀម​ទុកមុន​ថ្ងៃ​ចូលឆ្នាំ​។​

            4. ​ស្លៀក​ស​ម្លៀ​ក​បំពាក់ពណ៌​ខ្មៅ​ ​ឬ​ស​៖​ ​ជាទូទៅ​យើង​ឃើញ​ថា​នៅ​ពេល​មាន​ពិធីបុណ្យ​សព​គេ​តែង​ស្លៀក​ស​ម្លៀ​ក​បំពាក់ពណ៌​ខ្មៅ​ឬ​ពណ៌​ស​គឺ​ដើម្បី​កាន់ទុក្ខ​។​ ​ដូច្នេះ​ហើយ​ទើប​ក្នុង​ពិធី​បុណ្យចូលឆ្នាំ​ចិន​ពួកគេ​តែង​ជៀសវាង​ការ​ស្លៀកពាក់​ ​ពណ៌​ខ្មៅ​ ​ឬ​ពណ៌​ស​ ​ហើយ​ជ្រើសរើស​យក​ពណ៌ក្រហម​វិញ​ ​ព្រោះ​គេ​មាន​ជំនឿ​ថា​ពណ៌ក្រហម​ជា​ពណ៌​ដែល​នាំ​សំណាង​ ​ដែល​នាំមក​នូវ​ភាព​សប្បាយរីករាយ​ដល់​ពួកគេ​។​

            5. ​ការខ្ចី​លុយ​៖​ ​ការ​ឲ្យ​លុយ​នរណា​ម្នាក់​ខ្ចី​ក្នុង​ថ្ងៃ​ចូលឆ្នាំ​ចិន​វា​ជា​រឿង​មិន​ល្អ​នោះ​ទេ​ ​ព្រោះថា​វា​ស្មើនឹង​មាន​អ្នក​មក​ខ្ចី​លុយ​ពេញ​មួយ​ឆ្នាំ​តែម្តង​។​ ​មិន​ត្រឹមតែ​មិនគួរ​ឲ្យ​នរណា​ម្នាក់​ខ្ចី​នោះ​ទេ​ ​តែ​ក៏​ត្រូវ​ប្រាកដ​ថា​អ្នក​បាន​សង​លុយ​ទៅ​បុគ្គល​ណា​ម្នាក់​ដែល​អ្នក​បាន​ខ្ចី​មុន​ឆ្នាំ​ថ្មី​មកដល់​ផង​ដែរ​។

            6. ​ការ​យំ​៖​ ​ការ​យំ​នៅ​ថ្ងៃ​ដំបូង​នៃ​បុណ្យចូលឆ្នាំ​ចិន​មិនមែន​ជា​ការ​ចាប់ផ្តើម​ដ៏​ល្អ​នោះ​ទេ​ ​ព្រោះ​គេ​ជឿ​ថា​នឹង​អាច​ធ្វើឲ្យ​មានទុក្ខសោក​យំ​ពេញ​មួយ​ឆ្នាំ​។​ ​ដោយឡែក​ការ​យំ​របស់​កូនក្មេង​ត្រូវ​បាន​គេ​ជឿ​ថា​នឹង​នាំ​សំណាង​ដល់​គ្រួសារ​ទាំងមូល​ទៅវិញ​។​ ​ប្រសិនបើ​អ្នកមាន​កូន​ ​គួរ​ជៀសវាង​ការ​ស្តីបន្ទោស​ទោះ​ពួកគេ​ធ្វើអ្វី​ខុស​ក៏ដោយ​។​ ​ត្រូវ​មានការ​អត់ឱន​ឲ្យ​ពួកគេ​ក្នុង​អំឡុង​ពេល​ចូលឆ្នាំ​ចិន​។​

            7. បែក​របស់របរ​នៅក្នុងផ្ទះ​៖​ ​មិន​ត្រឹមតែ​ជា​ជំនឿ​ចូលឆ្នាំ​ចិន​ប៉ុណ្ណោះ​ទេ​ ​វាក​៏​ជា​ជំនឿ​ទូទៅ​ផង​ដែរ​។​ ​ពេល​មានការ​ធ្លាក់​បាក់បែក​របស់របរ​ក្នុង​ផ្ទះ​ ​វា​ជា​ប្រផ្នូល​មិន​ល្អ​ដែល​រឿង​អាក្រក់​អាច​កើតឡើង​ចំពោះ​សមាជិក​គ្រួសារ​ ​ឬ​មនុស្សជា​ទីស្រឡាញ់​។​ ​ដូច្នេះ​យើង​គួរ​ប្រយ័ត្ន​គ្រប់ពេល​ ​មិនថា​តែ​ថ្ងៃ​ចូលឆ្នាំ​នោះ​ទេ​។​

            8. និយាយ​ពាក្យ​អាក្រក់​ឬ​ជេរប្រមាថ​៖​ ​ការ​និយាយ​ពាក្យ​ដែល​មានន័យ​អវិជ្ជមាន​ (​ឧទាហរណ៍​ ​ការ​ស្លាប់​ ​ភាព​ក្រីក្រ​ ​គ្រោះថ្នាក់​) ​និង​ការ​និយាយ​ពាក្យ​អាក្រក់​ៗ​ ​គឺជា​រឿង​ដែល​មិនគួរ​ធ្វើ​ក្នុង​ថ្ងៃ​ចូលឆ្នាំ​ចិន​ ​ព្រោះ​វា​នឹង​នាំ​សំណាង​អាក្រក់​ដល់​អ្នក​ពេញ​មួយ​ឆ្នាំ​។​ ​ពាក្យ​ ​«​សឺ​»​ (S​i​) ​ឬ​ ​«​4​»​ (​បួន​) ​ក៏​ត្រូវ​បាន​គេ​ចាត់ទុកជា​ពាក្យ​អាក្រក់​ដែរ​ ​ព្រោះ​វា​ស្តាប់​ទៅ​ស្រដៀងនឹង​ពាក្យ​ ​«​សេចក្តី​ស្លាប់​»​ ​ជា​ភាសា​ចិន​។​ ​តាម​ជំនឿ​ការ​និយាយ​រឿង​ល្អ​ ​និង​គិត​ល្អ​នឹង​នាំមក​នូវ​ភាព​រីករាយ​ ​និង​សំណាងល្អ។​

            9. ​ចូល​ទៅ​ក្នុង​បន្ទប់គេង​អ្នកដទៃ​៖​ ​រឿង​មួយ​ដែល​មិនគួរ​ធ្វើ​ក្នុង​ថ្ងៃ​ចូលឆ្នាំ​ចិន​ ​គឺ​ចូល​ទៅ​ក្នុង​បន្ទប់គេង​នរណា​ម្នាក់​ធ្វើឲ្យ​គេ​ភ្ញាក់​ពី​គេង​។​ ​អ្នក​ដែល​ភ្ញាក់​ពី​ដំណេក​ដោយ​ត្រូវ​គេ​ដាស់​នឹង​ត្រូវធ្វើ​ការ​ហត់​ពេញ​មួយ​ឆ្នាំ​។​ ​គួរ​អនុញ្ញាត​ឲ្យ​សមាជិក​គ្រួសារ​បាន​សម្រាក​ ​រួច​ចាំ​ចំណាយ​ពេល​ចូលឆ្នាំ​ថ្មី​ជុំគ្នា​។​

            10. ទិញ​ស្បែកជើង​ថ្មី​៖​ ជំនឿ​នេះ​កើត​ចេញពី​ជនជាតិ​ចិន​មួយ​ក្រុម​នៅ​ ​ឆាវ​ចូ​វ​។​ ​ពាក្យ​ ​«​ស្បែកជើង​»​ ​នៅ​ក្នុង​ភាសា​របស់​ពួកគេ​គឺ​ "​h​o​i​" ​ដែល​ស្តាប់​ទៅ​ស្រដៀងនឹង​ពាក្យ​ "​h​a​i​" ​ឬ​ "​sigh​" ​ឬ​មានន័យ​ថា​ ​«​ដកដង្ហើមធំ​»​ ​នៅ​ក្នុង​ភាសា​អង់គ្លេស​។​ ​ការដកដង្ហើម​ធំ​នៅដើម​ឆ្នាំ​គឺ​ដូចជា​អ្នក​កំពុង​តានតឹង​នឹង​អ្វីមួយ​ ​ហើយ​នាំឲ្យ​ចិត្ត​ស្មុគ​ស្មាញ​។​ ​គួរ​ទិញ​ស្បែកជើង​ថ្មី​មុន​ចូលឆ្នាំ​ចិន​មកដល់​។​

            11. ទទួលទាន​បបរ​សម្រាប់​អាហារ​ពេលព្រឹក​៖​ ​ដោយសារតែ​ប្រទេស​ចិន​អ្នក​ដែល​មាន​ជីវភាព​មិនសូវ​ជា​ធូរធារ​គឺ​តែង​ទទួលទាន​បបរ​។​ ​តាម​ជំនឿ​ ​បបរ​ត្រូវ​បាន​គេ​ចាត់ទុកជា​អាហារ​មិន​សមរម្យ​សម្រាប់​ធ្វើជា​អាហារ​ដំបូង​ក្នុង​ថ្ងៃ​ចូលឆ្នាំ​ ​ព្រោះ​វា​នឹង​នាំឲ្យ​ជីវភាព​ពួកគេ​ខ្សត់ខ្សោយ​៕​

​Article​ ​by​ ​SO​UN​G​ ​SO​KS​AN​


SUGGESTIONS