×

សិល្បករ​ ​ហួរ​ ​សុបិន​ ​បង្កើន​​ស្នាដៃ​​គំនូរ​​ឲ្យ​​កាន់​តែ​​មាន​​ភាព​លេច​ធ្លោ​​

NEWS 2 years ago
 
 

           ​សិល្បករ​ ​ហួរ​ ​សុបិន​ ​មាន​វ័យ​ ​២​៤​ ​ឆ្នាំ​ ​មាន​ស្រុកកំណើត​មកពី​ខេត្ត​សៀមរាប​ជា​និស្សិត​កំពុង​សិក្សា​ឆ្នាំ​ទី​៤​ផ្នែក​គិលានុបដ្ឋាក​ ​នៃ​សាកលវិទ្យាល័យ​មួយ​កន្លែងនៅ​រាជធានី​ភ្នំពេញ​ដែល​មាន​ប្រជាប្រិយភាព​មួយ​រូប​ ​និង​មានការ​គាំទ្រ​គួរឲ្យ​កត់​សម្គាល់​ពី​ស្រទាប់​យុវវ័យ​ផង​ដែរ​។​ ​ជាក់ស្តែង​ ​មកដល់​បច្ចុប្បន្ននេះ​ស្នាដៃ​សិល្បៈគំនូរ​របស់​លោក​ជាច្រើន​ផ្ទាំង​ធ្លាប់​ដាក់​តាំង​បង្ហាញ​ក្នុង​ពិព័រណ៍​ផ្សេងៗ​ជា​ច្រើនលើកច្រើនសា​រ​ ​ព្រមទាំង​ធ្លាប់​យកទៅ​ប្រកួត​រហូត​ទទួល​បាន​ជ័យ​លា​ភី​គួរឲ្យ​កត់​សម្គាល់​។​

​​          ​នៅ​អំឡុង​ខែ​ធ្នូ​ ​ឆ្នាំ​២​០​១​៨​ ​លោក​បាន​បង្ហាញ​ស្នាដៃ​របស់​ខ្លួន​ដែល​ជា​រូបគំនូរ​មួយ​ផ្ទាំង​ក្រោម​ចំណងជើង​ ​«​ព្រះ​ឆាយា​លក្ខ័ព្រះនាង​ជ័យ​រាជ​ទេវី​»​ ​ចូលរួម​ប្រកួត​ក្នុង​កម្មវិធី​ ​«​Kb​a​c​h​ ​Art​ ​Competition​ 2018​»​ ​ប្រារព្ធ​ស្ថិតនៅ​ក្នុង​ខេត្ត​សៀមរាប​ ​ដោយ​ទទួល​បាន​ជ័យ​លា​ភី​លេខ​១​។​ ​ក្រោយមក​នៅ​ក្នុង​ខែ​ឆ្នាំ​ ​និង​ខេត្ត​ដដែល​នេះ​លោក​ក៏បាន​ចូលរួម​ប្រកួត​ក្នុង​កម្មវិធី​មួយទៀត​គឺ​ ​«​Young​ ​Artist​ ​by​ ​So​o ​Art​ ​Center​»​ ​ដែល​ទទួល​បាន​ជ័យ​លា​ភី​លេខ​ ​២​ ​ជាមួយនឹង​គំនូរ​ ​ក្រោម​ប្រធាន​បទ​ ​«​សេចក្តី​ស្រឡាញ់​»​ ​។​ ​ជាមួយនឹង​ស្នាដៃ​លេចធ្លោ​ទាំងនេះ​ ​បាន​ធ្វើឲ្យ​វិចិត្រករ​ ​សុបិន​ ​ចាប់ផ្តើម​វិវឌ្ឍ​ខ្លួន​ជាលំដាប់​ ​ហើយក៏​មានការ​គាំទ្រ​យ៉ាង​ច្រើន​ពីសំណាក់​ភ្ញៀវ​ជាតិ​ ​និង​អន្តរជាតិ​។​

Image Courtesy by SOBEN

          ​ការ​ចាប់ផ្តើម​លើ​អាជីព​ជា​សិល្បករ​ផ្នែក​គំនូរ​ ​នៅ​អំឡុង​ពេល​សិក្សា​ថ្នាក់​វិទ្យាល័យ​លោក​បាន​រៀន​គូរ​គំនូរ​នៅ​សាលា​មួយ​ក្នុង​ខេត្ត​សៀមរាប​ដែល​ជា​ទឹកដី​កំណើត​របស់​ខ្លួន​។​ ​ក្រោយ​ពី​លោក​បាន​បញ្ចប់​ការសិក្សា​ក​ម្រិ​ត​ថ្នាក់​ទុតិយ​ភូមិ​ (​ចប់​ក​ម្រិ​ត​ថ្នាក់​បាក់ឌុប​) ​លោក​បាន​បន្ត​ការសិក្សា​នៅ​ទី​ក្រុងភ្នំពេញ​ផ្នែក​គិលានុបដ្ឋាក​ ​ហើយក៏​សម្រេច​ចិត្ត​បោះបង់​ការ​គូរ​គំនូរ​ដោយ​យល់ឃើញ​ថា​ជំនាញ​ចាប់​យក​ផ្ទុយគ្នាស្រឡះ​។​ ​ក៏​ព្រោះតែ​ការ​គូររូប​ជា​ចំណូលចិត្ត​របស់​ខ្លួន​តាំងពី​កំណើត​ ​ម្យ៉ាង​មានការ​ជំរុញ​ពី​អ្នក​ជុំវិញ​ខ្លួន​ផង​នោះ​ ​ហាក់​ធ្វើឲ្យ​យុវជន​រូប​នេះ​សម្រេច​ចិត្ត​ចាប់ផ្តើម​បោះជំហាន​សារ​ជាថ្មី​លើ​វិ​ស័យ​គំនូរ​វិញ​មកដល់​សព្វថ្ងៃ​។​ ​ទន្ទឹម​នឹង​ស្នាដៃ​ជាច្រើន​ទទួល​បានការ​គាំទ្រ​ ​វិចិត្រករ​ ​សុបិន​ ​ក៏បាន​រៀបរាប់​អំពី​ផល​លំបាក​ដូច្នេះ​ថា​ “ ​សម្រាប់​ការ​គូរ​គំនូរ​ខ្ញុំ​ជួប​ផល​លំបាក​ច្រើន​រហូត​ធ្វើឲ្យ​ខ្ញុំ​ស្ទើរតែ​បោះបង់​ម្តងម្កាល​ទៅ​ហើយ​។​ ​ផល​លំបាក​ទីមួយ​នៅពេលដែល​ខ្ញុំ​ប្រឡងជាប់​នៅ​ Kb​a​c​h​ ​Art​ ​Competition​ ​ដំបូង​ខ្ញុំ​មិនទាន់​មាន​បទពិសោធន៍​ច្រើន​ ​ហើយ​ភាគច្រើន​គេ​បង្រៀន​ពី​សិល្បៈ ​ដូច្នេះ​ខ្ញុំ​ត្រូវ​ខិតខំ​ព្យាយាម​រៀនសូត្រ​ ​និង​ស្វែងយល់​ពី​សិល្បៈ​បន្ថែម​ឲ្យបាន​ច្រើន​។​ ​ជាពិសេស​នៅ​ពេល​មាន​ពិព័រណ៍​ម្តងៗ​ខ្ញុំ​មិនទាន់​មាន​អ្វីមួយ​ដែល​សម្គាល់​ជា​អត្តសញ្ញាណ​ស្នាដៃ​របស់​ខ្លួន​ច្បាស់លាស់​ ​ដែល​ធ្វើឲ្យ​គេ​ស្គាល់​ថា​ជា​របស់​ខ្ញុំ​នោះ​ទេ​។​ ​តែ​យ៉ាងណា​មកដល់​សព្វថ្ងៃ​ខ្ញុំ​បាន​សិក្សា​ពី​វា​បាន​ច្រើនជាង​មុន​ ​ទោះ​ពេលខ្លះ​នៅ​មានផល​លំបាក​តិចតួច​នៅឡើយ​ក៏ដោយ​។​ ​រីឯ​ផល​លំបាក​មួយទៀត​ ​ដោយសារតែ​ខ្ញុំ​រៀន​ជំនាញ​ផ្នែក​គិលានុបដ្ឋាក​ ​ដូចនេះ​ខ្ញុំ​ត្រូវ​បែងចែក​ពេលវេលា​សម្រាប់​រៀន​ផង​ ​គូរ​គំនូរ​ផង​ ​និយាយទៅ​មាន​ពេល​តិចតួច​មែនទែន​សម្រាប់​ការ​គូរ​គំនូរ​នេះ​”​។​

          ជា​វិចិត្រករ​វ័យក្មេង​មួយ​រូប​ សុបិ ​ន​អាច​គូរ​គំនូរ​បាន​ច្រើន​ប្រភេទ​មិនថា​ការ​គូរ​ដោយ​ប្រើ​ខ្មៅដៃ​ ​គំនូរ​ប្រេង​ ​គំនូរ​ពណ៌​ទឹក​ ​និង​គំនូរ​បែប​ឌី​ជី​ថល​។​ ​លោក​ចូលចិត្ត​គូរ​ប្រើ​ពណ៌​ប្រផេះ​ឬ​ពណ៌​ស​ខ្មៅ​ ​ជា​គំនូរ​មាន​លក្ខណៈ​មើលទៅដូចជា​ថ្ម​ជាដើម​។​ ​រីឯ​ផ្នត់គំនិត​ភាគច្រើន​លោក​ចូលចិត្ត​បង្កប់​តម្លៃ​អប់រំ​ចំពោះ​រឿងរ៉ាវ​ក្នុង​សង្គម​ ​វប្បធម៌​ ​ឬ​ការ​លើក​តម្កើង​ទៅលើ​អ្វីមួយ​។​ ​ដូច​មួយ​រយៈ​ចុងក្រោយ​នេះ​លោក​ផ្តោត​គូរ​តែ​រូប​ស្រ្តី ​ព្រោះ​ចង់​លើក​តម្កើង​ ​និង​ឲ្យ​តម្លៃ​ទៅលើ​ស្រី្ត​។​

          ​តាមរយៈ​សូវ​រី​ន​លោក​ក៏​បង្ហាញ​ឲ្យដឹង​ផង​ដែរ​ថា​ “​ក្នុង​ការ​គូរ​គំនូរ​យើង​គួរ​បញ្ចូល​នូវ​សិល្បៈ​វប្បធម៌​ទៅ​ក្នុង​គំនូរ​មួយ​ផ្ទាំង​នោះ​ ​ដើម្បី​បង្ហាញ​ ​លើក​តម្កើង​ ​និង​ផ្តល់​តម្លៃ​ទៅលើ​សិល្បៈ​វប្បធម៌​របស់យើង​”​៕​

​Article​ ​by​: ​SO​UN​G​ ​SO​KS​AN
 


SUGGESTIONS