ផ្លាស់ប្តូរបទពិសោធន៍ថ្ងៃទិវានៃក្តីស្រឡាញ់ដោយមិនចាំបាច់ទៅខាងក្រៅ
TRAVEL & LIVING 2 years agoទិវានៃក្តីស្រឡាញ់បានឈានចូលមកដល់រមែងមានការជួបជុំសមាជិកក្នុងគ្រួសារ មិត្តភក្តិ ជាពិសេស ការណាត់ជួបជាមួយមនុស្សជាទីស្រឡាញ់ ដើម្បីបង្កើតអនុស្សាវរីយ៍ដក់ជាប់ជាការចងចាំដ៏ល្អឥតខ្ចោះដែលមិនអាចបំភ្លេចបានជាដើមផងដែរ។ យ៉ាងណាមិញ ស្ថិតនៅក្នុងស្ថានភាពនៃការរីករាលដាលនៃជំងឺកូវីដ ១៩ ពីមួយថ្ងៃទៅមួយថ្ងៃនេះដែលជាបញ្ហាមួយបង្អាក់ការជួបជុំខាងក្រៅ ដើម្បីការពារខ្លួនពីការចម្លងក្នុងស្ថានភាពណាមួយ។ ហេតុដូច្នេះ នៅក្នុងថ្ងៃទិវានៃក្តីអ្នកក៏អាចប្រារព្ធ និងបង្កើតអនុស្សាវរីយ៍ល្អៗដែលជារីករាយនៅគេហដ្ឋានបានយ៉ាងងាយស្រួលដូចជា៖
1. រៀបចំចម្អិនអាហារ៖
ជាធម្មតាការរៀបចំម្ហូបអាហារសម្រាប់ក្រុមគ្រួសារគឺជាផ្នែកមួយដែលអាចចងចំណងអនុស្សាវរីយ៍ដ៏ល្អបំផុត ឆ្លៀតក្នុងឱកាសនេះដែរប្រសិនបើអ្នកបានត្រៀមម្ហូបអាហារពិសេសៗច្រើនមុខខុសពីសព្វដងនោះអាហាជុំក្រុមគ្រួសារនឹងកាន់តែមានទំនាក់ទំនងផ្អែមល្ហែម។ ដូច្នេះ អ្នកគួរសាកល្បងធ្វើវានៅផ្ទះដោយខ្លួនឯង តែបើអ្នកមិនដឹងថាគួរចាប់ផ្តើមចំណុចមួយណាមុនទេ អ្នកអាចស្វែងរកវិធីតាមប្រព័ន្ធអ៊ីនធើណែត ឬបណ្តាញសង្គមផ្សេងៗ។
2. រៀបចំកន្លែងសម្រាប់ជួបជុំ៖
វាពិតជាប្រសើរប្រសិនបើអាចមានកន្លែងណាមួយទំនេរក្នុងបរិវេណក្នុងផ្ទះ ដើម្បីរៀបចំឲ្យមើលទៅមានភាពស្រស់ស្អាត និងងាយស្រួលក្នុងការជួបជុំគ្នា។ ដូចជារៀបចំបន្ទប់ទទួលភ្ញៀវជាកន្លែងសម្រាប់រាំ ឬច្រៀងជាដើម។
3. ទទួលទានអាហារពេលល្ងាចដ៏រ៉ូមែនទិច៖
មិនគួរឲ្យពេលវេលាដ៏ល្អនេះកន្លងផុតដោយមិនមានភាពផ្អែមល្ហែមនោះទេ។ ការទទួលទានអាហារជាមួយដៃគូដោយការរៀបចំមានភាពរ៉ូមែនទិច តួយ៉ាង រៀបចំអាហារនៅលើតុលម្អដោយផ្កាកុលាប បន្ថែមដោយពន្លឺភ្លើងទៀន ឬអំពូលភ្លើងតូចៗ អមដោយតន្រ្តីរណ្តំបន្ថែមជាមួយនឹងស្រាក្រហមឬសាំប៉ាញកាន់តែធ្វើឲ្យបរិយាកាសកាន់តែមានភាពរ៉ូមែនទិចថែមមួយកម្រិតទៀត។
4. ធ្វើនំ ឬបង្អែម៖
ក្នុងការជួបជុំដ៏ពិសេសនេះមិនអាចខ្វះនំឬបង្អែមបានឡើយ ហើយវាកាន់តែមានន័យប្រសិនបើបានធ្វើរួមគ្នាជាមួយក្រុមគ្រួសារ ឬធ្វើនំជាទម្រង់បេះដូងជាដើម។ អ្នកក៏អាចយកផ្លែស្រ្តប័រឺឬផ្លែឈើផ្សេងទៀតដែលអ្នកចូលចិត្តទៅជ្រលក់ជាមួយសូកូឡារាវ(អាចយកបន្ទះសូកូឡាដាក់ក្នុងឆ្នាំងហើយបើកភ្លើងតិចៗរហូតសូកូឡានោះរលាយ)រួចទុកវាក្នុងទូទឹកកក ហើយទទួលទានជុំគ្នាពិតជាពេលវេលាដ៏រីករាយណាស់។
5. មើលខ្សែភាពយន្ត ឬរំឭកអនុស្សាវរីយ៍៖
ប្រហែលជាអ្នកមិនសូវមានពេលវេលាគ្រប់គ្រាន់ឲ្យគ្នាទៅវិញទៅមកមែនទេ? ឆ្លៀតឱកាសនេះអាចរំលឹករឿងល្អៗជាមួយគ្នាកន្លងមកឬជជែកលេងកម្សាន្ត ដើម្បីកាន់តែស្និតស្នាល និងយល់ចិត្តគ្នាបន្ថែមទៀត។ តែបើអ្នកធ្លាប់តែមើលខ្សែភាពយន្តនៅខាងក្រៅអាចផ្លាស់ប្តូរបរិយាកាសមកនៅផ្ទះជុំគ្នាវិញម្តង ដើម្បីទទួលបានអារម្មណ៍ថ្មី ថែមទាំងអាចជួយសន្សំសំចៃការចំណាយមួយចំណែកផងដែរ។
6. លេងល្បែងកម្សាន្ត៖
ការលេងល្បែងកម្សាន្តមិនមែនល្អតែសម្រាប់កុមារនោះទេ តែក៏ល្អសម្រាប់មនុស្សពេញវ័យ។ វាមិនត្រឹមតែបង្កើនប្រាជ្ញា ការចេះរកដំណោះស្រាយ ធ្វើឲ្យការគិតបានរហ័ស ថែមទាំងមានភាពសប្បាយរីករាយទៀតផង។ មានល្បែងកម្សាន្តជាច្រើនដែលអ្នកអាចជ្រើសរើសបានដូចជា ការលេងផ្គុំរូបក្តារ ការប្រកួតប្រជែងគ្នា ការចាប់សន្លឹកបៀរជាដើម ហើយនៅមានហ្គេមជាច្រើនទៀតដែលអ្នកអាចស្វែងរកពីវិធីលេងតាមរយៈអ៊ីនធើណែត ក៏ដូចជាល្បែងកម្សាន្តផ្សេងៗទៀតដែលអ្នកចូលចិត្តបាន។
7. សាកល្បងស្ប៉ាដោយខ្លួនឯង៖
មិនមែនគ្រប់គ្នាសុទ្ធតែមានពេលវេលា និងថវិកាសម្រាប់ទៅហាងស្ប៉ាប្រណិតៗនោះទេ ប៉ុន្តែអ្នកអាចធ្វើវាបានដោយខ្លួនឯងនៅផ្ទះ។ គ្រាន់តែដុតទៀតក្រអូប ត្រាំទឹកពពុះសាប៊ូបណ្តើរ បិតម៉ាសថែរក្សាស្បែកមុខបណ្តើរ ហើយកុំភ្លេចស្តាប់តន្ត្រីកំដរអារម្មណ៍ខ្លះផងណា ដើម្បីធ្វើឲ្យអារម្មណ៍កាន់តែស្រស់ស្រាយថែមមួយកម្រិតទៀត៕
Article by SOUNG SOKSAN