«សួនសូកូឡា» ទីកន្លែងកម្សាន្តដ៏សែនមនោរម្យបង្ហាញមុខមាត់ថ្មីក្នុងក្រុងសៀមរាប
NEWS 2 years agoកាលដែលភ្ញៀវទេសចរជាតិ និងអន្តរជាតិបានឈានចូលមកដល់ខេត្តសៀមរាបគេពុំដែលអាក់ខានចូលទស្សនា ប្រាសាទខ្មែរដែលជាទីកន្លែងកម្សាន្តបែបប្រវត្តិសាស្ត្រនោះឡើយ តួយ៉ាង ភ្ញៀវទេសចរមួយផ្នែកតូចចូលចិត្តធ្វើដំណើរកម្សាន្តបន្តបន្ទាប់ទៅតាមរមណីយដ្ឋានកែច្នៃប្លែកៗដែលមានបរិយាកាសប្រកបដោយផាសុកភាព និងមានភាពស្ងប់ស្ងាត់ ដើម្បីបន្ធូរភាពតានតឹង និងសម្រាកលម្ហែកាយក្រោយពីធ្វើដំណើររយៈពេលច្រើនម៉ោងជាដើម។
«សួនសូកូឡា» ឬជាភាសាឡាតាំងហៅថា “Chocolate Garden” គឺជាសហគមន៍ ក៏ដូចជាទីកន្លែងកម្សាន្តមួយដ៏ទាក់ទាញបំផុតដែលទើបតែបង្ហាញវត្តមានកាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ ២០២២ កន្លងទៅ ស្ថិតនៅផ្ទះលេខ ៥៦ លើដងផ្លូវសូកូឡា នៃក្រុងសៀមរាបបានទាក់ចិត្តភ្ញៀវជាតិ និងអន្តរជាតិគ្រប់វ័យមកកាន់ទីនេះមិនជិនណាយឡើយ។ សួនសូកូឡា ដែលមានការរៀបចំខុសប្លែកពីទីកន្លែងកម្សាន្តដទៃដូចជា៖ ការរៀបចំព្រឹត្តិការណ៍សំខាន់ៗទាក់ទងនឹងការអានសៀវភៅ ផ្តល់ឱកាសការងារក្រៅម៉ោងសម្រាប់យុវវ័យអាចរកប្រាក់កម្រៃដោយខ្លួនឯងបន្ទាប់ពីការសិក្សា ក៏ដូចជាផ្តល់ទីកន្លែងដ៏សមស្របមួយសម្រាប់អ្នកប្រកបអាជីវកម្មពុំមានលទ្ធភាពគ្រប់គ្រាន់ក្នុងការជួលកន្លែង និងគាំទ្រពេញទំហឹងទៅលើម្ចាស់អាជីវកម្មដែលធ្វើការដាក់លក់ផលិតផលក្នុងស្រុកផងដែរ។ ទន្ទឹមនឹងជំនួបជាមួយនឹង លោក សេង ពិសិដ្ឋ ដែលជាស្ថាបនិករបស់សួនសូកូឡាបានឲ្យដឹងយ៉ាងដូច្នេះថា ការបង្កើតសួនសូកូឡាឡើងក្នុងគោលបំណងចង់ឲ្យភ្ញៀវគ្រប់រូបមិនត្រឹមតែអាចជាវកាហ្វេតែមួយម៉្យាងនោះទេ ប៉ុន្តែពួកគេក៏អាចដើរកម្សាន្តនៅក្នុងបរិយាកាសស្រស់បំព្រងនៅក្នុងសួនអាចបង្កើតទំនាក់ទំនងយ៉ាងស្អិតរមួតរវាងអ្នកលក់ និងអ្នកទិញ ជាពិសេស សួនសូកូឡាក៏បានគាំទ្រយ៉ាងពេញទំហឹងលើយុវជនជំនាន់ថ្មីដែលមានភាពច្នៃប្រតិដ្ឋ និងទេពកោសល្យដ៏ល្អឯក តួយ៉ាង យុវជនមួយក្រុមដែលមានសមត្ថភាពក្នុងការគូររូបគំនូរដ៏ស្រស់ស្អាតលើកាតាប ឬកាបូប រួមទាំងមានហាងការ៉េមដែលជារបស់ខ្មែរជាដើម។ស្ថាបនិកសួនសូកូឡាបានបញ្ជាក់យ៉ាងដូចនេះថា៖ «ថ្វីដ្បិតតែទីនេះប្រៀបបានដូចជាទីផ្សារសហគមន៍ដែលផ្តល់ទីកន្លែងសម្រាប់ជួលមានតម្លៃទាបក៏ពិតមែន ប៉ុន្តែនេះមិនមែនមានន័យថាម្ចាស់អាជីវកម្មដែលមានទីផ្សាររួចអាចនឹងមកជួលនៅក្នុងទីនេះនោះទេ ផ្ទុយទៅវិញយើងអាចផ្តល់ទីកន្លែងជួលក្នុងតម្លៃទាបទៅកាន់ម្ចាស់អាជីវកម្មគ្មានលទ្ធិភាពជួលកន្លែងថ្លៃៗ ដូចជា៖ អ៊ីធ្វើកន្ត្រក ដែលអាចផ្តល់ឱកាសដល់ពួកគាត់រកប្រាក់កម្រៃកាន់តែងាយស្រួល។»
ដើមឈើចន្ទគិរីដ៏ស្កឹមស្កៃរះចន្លោះផ្ទះឈើបុរាណខ្មែរដែលមានចំនួនបីផ្ទះបានផ្តល់ទីម្លប់ដ៏ត្រជាក់សម្រាប់ភ្ញៀវមកកាន់ទីនេះអាចអង្គុយលម្ហែកាយ ជាវវត្ថុអនុស្សាវរីយ៍ ក៏ដូចជាសម្ភារប្រើប្រាស់ផ្សេងៗដែលមានតម្លៃសមរម្យថែមទៀតបន្ទាប់ពីពួកគេបានជាវកាហ្វេឈ្ងុយឆ្ងាញ់ក្រោមការយកចិត្តទុកដាក់បំផុតពីអ្នកឆុងកាហ្វេដ៏ជំនាញ។ យ៉ាងណាមិញ ផ្ទះឈើបុរាណខ្មែរស្ថិតនៅចំកណ្តាលសួន គឺជាបណ្ណាល័យមួយដែលផ្ទុកដោយសៀវភៅច្រើនប្រភេទសម្រាប់កុមារ ឬយុវជនអាចជ្រើសរើសសៀវភៅអានតាមចំណង់ចំណូលចិត្តរបស់ពួកគេនៅចុងសប្តាហ៍ ដើម្បីបណ្តុះប្រាជ្ញា និងបង្កើនការអានឲ្យកាន់តែទូលំទូលាយ រីឯគ្រប់ប្រភេទសៀវភៅដែលមាននៅក្នុងបណ្ណាល័យសួនសូកូឡាគឺទទួលបានពីការបរិច្ចាគ Read Club Cambodia ផងដែរ។
បើទោះបីជា សួន សូកូឡា ទើបតែបើកដំណើរការប្រមាណជាងមួយខែមកនេះពិតមែន ប៉ុន្តែសន្ទុះនៃការគាំទ្រ និងប្រជាប្រិយភាពមានការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃតែម្តង ជាពិសេស សួន សូកូឡា តែងតែរៀបចំទីផ្សារសហគមន៍ជារៀងរាល់សប្តាហ៍ដែលមានការលក់ទំនិញប្លែកៗ និងស្រស់ស្អាតជាច្រើនដែលមានតម្លៃសមរម្យ។ រីឯម៉ោងបើកដំណើរការនោះគឺជារៀងរាល់ថ្ងៃ ចាប់ពីម៉ោង ៧ ព្រឹករហូតដល់ម៉ោង ៧ យប់៕
Article by PAN SIVLY