×

T​h​e​ ​E​ro ​Ca​f​é ​ហាង​កាហ្វេ​-​វិចិត្រសាល​លាក់ខ្លួន​ក្រោម​ដំបូល​ផ្ទះ​ឈើ​បុរាណ​ជាន់​លើ​

NEWS 2 years ago
 
 

           ​ស្ថិតនៅ​ទីតាំង​កែង​ប្រសព្វ​រវាងផ្លូវ​លេខ​ ​៤​៤​៦​ ​និង​ផ្លូវ​លេខ​ ​១​៣​៥​ ​ខាងកើត​ផ្សារ​ទួល​ទំពូង​ ​ផ្ទះ​ឈើ​ចំណាស់​មួយ​ខ្នង​លាក់ខ្លួន​បាំង​មែក​ស្វាយ​ត្រសុំត្រសាយ​ ​ដែល​មាន​ច្រក​ជណ្តើរ​ឡើង​តូច​មួយ​នៅ​ចំហៀង​ ​អម​ដោយ​ស្លាក​ ​«​T​h​e​ ​E​ro ​Ca​f​é ​Gallery​ ​Ca​f​é 1s​t​ ​Floor​»​ ​បញ្ឈរ​ផ្ទាល់​ដី​រង់ចាំ​ស្វាគមន៍​អ្នកដំណើរ​ដែល​ឆ្លងកាត់​។​ ​ឡើង​តាម​ជណ្តើរ​បង្កាន់ដៃ​ថ្ម​សល់​ពី​ជំនាន់​មុន​ ​លោកអ្នក​នឹង​ពើបប្រទះ​វិចិត្រសាល​ជាន់​លើ​ដែល​ពោរពេញ​ដោយ​សម្រស់​ផ្ទាំង​គំនូរ​ត្រៀបត្រា​នៅ​លើ​ជញ្ជាំង​ទាំង​ក្នុង​និង​ក្រៅ​ ​ព្រម​ជាមួយ​ការរៀបចំ​តុបតែង​លម្អ​កន្លែង​អង្គុយ​លើ​ផ្ទាំង​កម្រាលឥដ្ឋ​ការ៉ូ​រចនាបថ​សម័យ​សង្គម​រា​ស្រ្ត​និយម​ផង​នោះ​បង្កើត​បានជា​បរិយាកាស​ស័ក្តិសម​ឥត​ខ្ចោះ​សម្រាប់​អ្នក​ដែល​មាន​ទំនោរ​បែប​ក្លា​ស៊ិ​ក​និយម​។​

           ​​យុវជន​ ​ឈឹម​ ​សុធា​ឫទ្ធិ​ ​ជា​សា្ថ​ប​និ​ក​ ​និង​សហ​អ្នកគ្រប់គ្រង​ហាង​កាហ្វេ​ ឌឹ ​អ៊ី​រ៉ុ ​កាហ្វេ​ (​T​h​e​ ​E​ro ​ca​f​é) ​ដែល​បាន​បញ្ចប់​ការសិក្សា​មុខជំនាញ​សិល្បៈ ​និង​មនុស្ស​ពី​សាកលវិទ្យាល័យ​ប៉ា​រី​ស​ (​University​ o​f​ ​Par​i​s) ​និង​បញ្ចប់​ការសិក្សា​មុខជំនាញ​ ​ភាសា​និង​វប្បធម៌​ពី​ប្រទេស​ជប៉ុន​ ​។​ ​យោង​តាម​បទពិសោធន៍​ដែល​ខ្លួន​ធ្លាប់​បាន​សិក្សា​នៅ​ក្រៅ​ស្រុក​កន្លងមក​ ​លោក​បាន​កត់​សម្គាល់​ថា​ ​អាជីវកម្ម​ហាង​កាហ្វេ​នៅ​បរទេស​នី​មួយ​ ​ៗ​សុទ្ធសឹងតែ​បាន​បង្កប់​នូវ​អត្ថន័យ​និង​ចំណុច​ពិសេស​របស់​ហាង​រៀងៗខ្លួន​។​

           ​​លោក​ចាប់ផ្តើម​សង្កេតឃើញ​ថា​វប្បធម៌​នៃ​ការ​ទទួលទាន​កាហ្វេ​នៅ​ក្នុងស្រុក​ខ្មែរ​មានសន្ទុះ​កើន​ឡើង​គួរឲ្យ​កត់​សម្គាល់​ក្នុងរយៈពេល​ប្រមាណ​៥​ឆ្នាំ​ចុងក្រោយ​នេះ​។​ ​ស្រប​ពេល​ដែល​យុវជន​រូប​នេះ​កំពុង​មានគំនិត​បង្កើត​ជា​អាជីវកម្ម​ខ្នាត​តូច​មួយ​ដោយខ្លួនឯង​ផង​នោះ​ ​លោក​ក៏បាន​គិតគូរ​ថា​ ​អាជីវកម្ម​កាហ្វេ​ពិតជា​ស័ក្ដិសម​មែនទែន​សម្រាប់​ស្ថានភាព​លោក​ផ្ទាល់​។​ ​ទោះបីជា​មានផល​ប៉ះពាល់​ខ្លាំង​ពី​ឥទ្ធិពល​នៃ​ការ​ផ្ទុះ​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​យ៉ាងណាក្ដី​ ​ក៏​លោក​បាន​ជជែក​ជាមួយ​មិត្ត​ភក្ដិ​មួយ​ចំនួន​អំពី​អាជីវកម្ម​មួយ​នេះ​ ​ហើយ​ចុងក្រោយ​ក៏បាន​សម្រេច​ចិត្ត​ថា​នឹង​បង្កើត​អាជីវកម្ម​កា​ហេ្វ​ខ្នាត​តូច​មួយ​នេះ​ឲ្យ​ខាន​តែ​បាន​។​

           ​“ ​បើ​គិត​អំពី​កា​ហេ្វ ​អតិថិជន​អាច​​​រក​ទិញ​កា​ហេ្វ​បាន​ស្ទើរគ្រប់​ទីកន្លែង​ (​ក្នុង​ពេល​បច្ចុប្បន្ន​)​។​ ​អ្នកទទួល​ទាន​ ​កា​ហេ្វ​ក៏​នឹង​ទទួល​បាន​សារធាតុ​កា​ហេ្វ​អ៊ី​ន​ពី​ការ​ទទួល​កាហ្វេ​ស្ទើរ​ដូចតែ​គ្នា​ដែរ​ ​។​ ​ដូចនេះ​ ​ចំពោះ​គំនិត​បើក​អាជីវកម្ម​ ​ម្ចាស់​ហាង​កាហ្វេ​នី​មួយ​ ​ៗ​ក៏​ចាំបាច់​ត្រូវតែ​បង្កើត​ចំណុច​ខ្លាំង​ ​ឬ​ ​លក្ខណៈ​ពិសេស​សម្រាប់​ (​អាជីវកម្ម​) ​ខ្លួនឯង​ដែរ​ ” ​ស្ថាបនិក​ហាង​បាន​លើកឡើង​ពី​ទស្សន​ទាន​អាជីវកម្ម​របស់​លោក​។​

           ​​ជាក់ស្តែង​សម្រាប់​ហាង​ ឌឹ ​អ៊ី​រ៉ុ​កាហ្វេ​ ​វិញ​ ​ក៏មាន​ចំណុច​ពិសេស​ៗ​របស់​ខ្លួនឯង​ដើម្បី​ទាក់​ទាញចិត្ត​អតិថិជន​ផង​ដែរ​។​ ​ម្ចាស់​ហាង​ខាងលើ​បាន​ពន្យល់​អំពី​អត្ថន័យ​នៃ​យីហោ​ហាង​នេះ​ថា​ ​ពាក្យ​ថា​ ​«​E​ro​»​ ​ជា​អក្សរ​ឡាតាំង​ដែល​បាន​ក្លាយ​ចេញពី​ពាក្យ​ដើម​របស់​ជប៉ុន​ ​i​ro=イロ=色 ​ដោយ​ការផ្លាស់ប្ដូរ​តួអក្សរ​ ​«​I​»​ (អ៊ិ) ​ទៅជា​អក្សរ​ ​«​E​»​ (​អ៊ី​) ​ដើម្បីឲ្យ​អតិថិជន​ទាំងឡាយ​ងាយស្រួល​ក្នុង​ការ​បញ្ចេញ​សំឡេង​។​ ​អត្ថន័យ​ដើម​នៃ​ពាក្យ​នេះ​ជា​ភាសា​ជប៉ុន​គឺ​ ​ពណ៌​ ​។​ ​មូលហេតុ​ដែល​លោក​ជ្រើសរើស​ពាក្យ​នេះ​ជា​ឈ្មោះ​ហាង​ ​ព្រោះ​លោក​យល់ថា​ហាង​កាហ្វេ​បែប​វិចិត្រសាល​ថ្មី​នេះ​នឹង​ក្លាយ​ជា​ទីតាំង​ទទួលស្វាគមន៍​ភ្ញៀវ​គ្រប់រូប​ដោយ​កក់ក្តៅ​បំផុត​ ​មិន​ប្រកាន់​ថា​ ​អតិថិជន​មកពី​ប្រភព​ណា​, ​ជនជាតិ​អ្វី​, ​ពណ៌​ ​សម្បុរ​ ​ឬ​ភេទ​អ្វី​នោះ​ទេ​។​

           ​​ទីនេះ​បាន​ច្របាច់​បញ្ចូល​គ្នា​នូវ​ពហុ​វប្បធម៌​រវាងប្រទេស​អាស៊ី​-​អឺរ៉ុប​ចំនួន​ ​៣​ ​រួមគ្នា​ ​គឺ​ ​ខ្មែរ​ ​បារាំង​ ​និង​ជប៉ុន​ ​ប៉ុន្តែ​នៅតែ​យក​ការ​តាំង​ពិព័រណ៍​សិល្បៈ​វប្បធម៌​របស់​ខ្មែរយើង​ជាគោល​ចម្បង​ក្នុង​ការ​ផ្សព្វផ្សាយ​ ​ពោល​គឺ​ក្រុម​ការងារ​របស់​ហាង​មាន​ឆន្ទៈ​ក្នុង​ការ​បង្ហាញ​ចំណុច​ចាប់ផ្ដើម​ប្ញ​ស​គល់​សិល្បៈ ​និង​ជួយ​ផ្សព្វផ្សាយ​ទម្រង់​សិល្បៈ​ខ្មែរ​ឲ្យ​ទូលាយ​ដោយ​ផ្ទាល់​និង​ដោយប្រយោល​។​ ​ចំពោះ​ការ​ផ្សព្វផ្សាយ​ដោយ​ផ្ទាល់​ ​ហាង​កាហ្វេ​របស់​លោក​បាន​បង្កើត​សកម្មភាព​ប្រមូលផ្តុំ​សិល្បករ​តាម​ជំនាញ​រៀងៗខ្លួន​ឲ្យ​មក​បង្កើត​ថ្នាក់​សិក្ខាសាលា​តូច​ៗ​និង​ផ្តល់​ឱកាស​ដល់​អតិថិជន​ ​ជាពិសេស​យុវវ័យ​ក្នុងស្រុក​ ​ឲ្យបាន​ចូលរួម​សកម្មភាព​សិល្បៈ​វប្បធម៌​ទាំងនោះ​ទៅតាម​ចំណង់ចំណូលចិត្ត​របស់​ពួកគាត់​។​ ​ដោយឡែក​ ​សម្រាប់​ការ​ផ្សព្វផ្សាយ​ដោយប្រយោល​វិញ​ ​ទីតាំង​នេះ​ត្រូវ​បាន​ប្រើប្រាស់​ជា​មជ្ឈមណ្ឌល​តាំង​ពិព័រណ៍​ស្នាដៃ​សិល្បៈ​ដើម្បី​បង្ហាញ​ដល់​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​ឲ្យបាន​ទស្សនា​ឈ្វេងយល់​បែបផែន​សិល្បៈ​វប្បធម៌​តាមរយៈ​ការសង្កេត​មើល​ ​។​ ​ក្រុម​សិល្បករ​ ​សិល្ប​ការិនី​ ​ដែល​ស្ថិត​ក្រោម​ចំណុះ​សមុច្ច័យ​សិល្បៈ​សុធា​ប្ញទ្ធិ (​Sot​hear​i​d​h​ ​Art​s ​Collection​) ​បច្ចុប្បន្ន​រួម​មាន​ ​អា​ត​ ​ស្រីពៅ​, ​ជា​ ​ដាលីន​, ​ឡុង​គឹម​ហេង​, ​អ៊ុក​ ​រតនា​, ​តាន់​ ​វ​ត្តី, ​នាង​ ​ច​័ន្ទ​សុរិយា​, ​ជា​ ​ចាប​ ​និង​ ​ព្រះ​តេជគុណ​ ​សួង​ ​ភក្តី​ ​។​

           ​​ក្រៅពី​ជា​វិចិត្រសាល​ដែល​មាន​វិសេសភាព​ប្លែក​ពី​គេ​លាក់ខ្លួន​ក្នុង​ផ្ទះ​ឈើ​ប្រពៃណី​ខ្មែរ​ ​ហាង​ ឌឹ ​អ៊ី​រ៉ុ ​កាហ្វេ​ ​ក៏មាន​បម្រើ​ជូន​ភ្ញៀវ​នូវ​ភេសជ្ជៈ​និង​បង្អែម​ដ៏​មានឱជារស​ប្រចាំ​ហាង​សម្រាប់​រដូវ​កាល​នេះ​គឺ​ ​នំ​សាំង​វិច​ផ្លែឈើ​ជប៉ុន​ (​Japanese​ ​Fruit​ ​Sandwich​e​s) ​និង​ភេសជ្ជៈ​បែប​កូនកាត់​ ​«​ស្រ្តប៊ឺ​រី​កា​ហេ្វឡាតេ​»​(​strawberry​ ​ca​f​é ​lat​t​e​) ​ដែល​ភ្ញៀវ​គួរ​សាកល្បង​នៅ​ពេល​មកដល់​ទីនេះ​។​ ​ហាង​នេះ​បើក​ដំណើរការ​ជា​រៀងរាល់ថ្ងៃ​ ​ចាប់ពី​ម៉ោង​ ​៩​ ​ព្រឹក​ ​ដល់ម៉ោង​ ​៧​ ​យប់​(​លើកលែង​ថ្ងៃអង្គារ​) ​៕​

Article by SRIN SOKMEAN


SUGGESTIONS