×

«​វី​តា​ផ្ទះ​ទឹក​»​ ​ភោជនីយដ្ឋាន​បណ្តែត​ទឹក​ល្អផ្តាច់​ប្រចាំ​តំបន់​ព្រែក​តា​មា​ក់

TRAVEL & LIVING 2 years ago
 
 

           កាលពីមុន​ ​បើ​ចង់​ផ្លាស់ប្តូរ​បរិយាកាស​ទទួលទាន​អាហារ​ជុំ​ក្រុម​គ្រួសារ​យូរៗម្តង​នៅ​ថ្ងៃសៅរ៍​-​អាទិត្យ​ ​ឬ​ ​ថ្ងៃឈប់​សម្រាក​រយៈពេល​ខ្លី​ណាមួយ​ ​អ្នក​ភ្នំពេញ​និយម​ចេញទៅ​បាយ​នៅ​តាម​ភោជនីយដ្ឋាន​ជាប់មាត់​ទឹក​នៅ​ម្តុំ​ត្រើយម្ខាង​ ​ព្រែក​លៀប​-​បាក់​ខែង​។​ ​ប៉ុន្តែ​បច្ចុប្បន្ន​ ​នៅ​តំបន់​នោះ​ ​ភោជនីយដ្ឋាន​លក្ខណៈ​បែប​នេះ​ជាច្រើន​ត្រូវ​បាន​បិទទ្វារ​ ​ហើយ​មនុស្សម្នា​ក៏​នាំគ្នា​ស្វែងរក​កន្លែង​ថ្មីៗ​ដើម្បី​ជួបជុំ​ក្រុម​គ្រួសារ​តាម​ទិសដៅ​ផ្សេងៗ​គ្នា​ជុំវិញ​ក្រុងភ្នំពេញ​។​ ​គាប់​ជួន​ ​ក្រុម​ការងារ​សូវ​រី​ន​បាន​រក​ឃើញ​ទីតាំង​ទាក់ទាញ​ទេសចរណ៍​ថ្មី​ដំបូង​គេ​មួយ​កន្លែង​ ​ដែល​ពីមុន​មក​មិនដែល​មាន​ទាល់តែសោះ​ក្នុង​តំបន់​ព្រែក​តា​មា​ក់ ​ហើយដែល​អ្នកដំណើរ​ភាគច្រើន​មិនសូវ​ស្គាល់​នៅឡើយ​ទេ​ ​ប៉ុន្តែ​ពិតជា​មាន​លក្ខណៈ​អំណោយផល​ល្អ​សម្រាប់​អ្នកដំណើរ​ដែល​ឆ្លងកាត់​ស្រុក​ខ្សាច់​កណ្តាល​ ​ឬ​ ​បណ្តា​ភ្ញៀវ​ទេសចរ​ពី​ក្រុងភ្នំពេញ​។​

          ​«​វី​តា​ផ្ទះ​ទឹក​»​ ​ជា​ភោជនីយដ្ឋាន​បណ្តែត​ទឹក​ល្អផ្តាច់​តែមួយ​គត់​ ​បណ្តែត​កាយ​ក្នុង​ផ្ទៃ​ទន្លេមេគង្គ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ស្ពាន​ព្រែក​តា​មា​ក់​ឡើយ​។​ ​បើ​ឆ្លង​សាឡាង​ពី​ភ្នំពេញ​ទៅ​អរិយ​ក្សត្រ​ ​នោះ​ត្រូវ​បត់ឆ្វេង​តាមផ្លូវ​មាត់ទន្លេ​ (​ផ្លូវ​វត្ត​ព្រែក​បង្កង​) ​ក្នុង​ចម្ងាយ​ត្រឹមតែ​២​០​គីឡូម៉ែត្រ​ពី​កំពង់​ចម្លង​អរិយ​ក្សត្រ​ ​ឬ​ ​ជិះរថយន្ត​ប្រហែល​២​០​នាទី​ប៉ុណ្ណោះ​។​ ​លោកអ្នក​ក៏​អាច​ធ្វើដំណើរ​តាម​ផ្លូវជាតិ​លេខ៦​អា​ ​ហើយ​ឆ្លងស្ពាន​ព្រែក​តា​មា​ក់​រួច​បត់​ស្តាំ​ដៃ​តាមផ្លូវ​មាត់ទន្លេ​ត្រឹមតែ​ប្រមាណ​២​គីឡូម៉ែត្រ​ទេ​។​ ​វត្ត​ពិជ័យ​រ​ង្ស៊ី ​ហៅ​វត្ត​    អ​ញ្ចែ​ង​ ​ជា​ទីតាំង​ដែល​លោកអ្នក​ត្រូវ​បត់​ចូល​តាមផ្លូវ​ភូមិ​ដែល​ស្ថិតនៅ​ចំហៀង​ខាងស្តាំ​ ​ឲ្យ​ដល់​មាត់ទន្លេ​ ​នោះ​នឹងបាន​ទៅដល់​ទីតាំង​ ​«​វី​តា​ផ្ទះ​ទឹក​»​ដែល​មាន​ស្លាកយីហោ​លើក​យ៉ាង​ធំ​តែមួយ​គត់​នៅ​ជាប់​មាត់ទន្លេ​ខាងក្រោយ​វត្ត​នោះ​អម​ដោយ​ទេសភាព​ម្លប់ឈើ​ធំ​ៗ​និង​ដើម​ត្រែង​យោល​ស្អាត​ដូច​ការ​ពណ៌នា​ក្នុង​បទ​ចម្រៀង​។​

          តើ​ទេសចរ​អាច​ធ្វើអ្វី​បាន​ខ្លះ​នៅ​ទីនោះ​? ​ទេសចរ​ជិត​ឆ្ងាយ​ទាំងឡាយ​អាច​បរិភោគអាហារ​បែប​អាស៊ី​ (​ខ្មែរ​-​ចិន​) ​និង​គ្រឿង​ក្លែម​ជា​ច្រើនមុខ​ ​ជាពិសេស​គឺ​ម្ហូប​ដែល​ច​ម្អិ​ន​ពីសា​ច់​ត្រី​ទន្លេមេគង្គ​ស្រស់​ៗ​ដែល​រក​បាន​នៅ​ក្នុង​តំបន់​នោះ​ផ្ទាល់​ ​ឬ​ ​លោកអ្នក​អាច​ចំណាយ​ពេល​ស្ទូចត្រី​ក​ម្សាន្ត ​ហើយ​យក​ត្រី​ដែល​ស្ទូច​បាន​ភ្លាម​ៗ​នោះ​ឲ្យ​ចុងភៅ​ប្រចាំ​ហាង​ច​ម្អិ​ន​ច្នៃ​ជា​ម្ហូប​ជូន​ក៏បាន​។​ ​ភ្ញៀវ​អាច​ស្ទូច​បាន​ត្រី​តូច​ធំ​ជាច្រើន​ប្រភេទ​ដូចជា​ត្រី​ពោ​ទន្លេ​ ​ត្រីក្អែក​ ​ត្រី​ឆ្លាំង​ ​ត្រី​ខ្យា​ ​ជាដើម​។​ ​ជួនកាល​ ​ភ្ញៀវ​ខ្លះ​ស្ទូច​បាន​បង្កង​ទន្លេ​ធម្មជាតិ​ថែមទៀត​ផង​។​ ​ចំពោះ​សេវាកម្ម​ស្ទូចត្រី​ក​ម្សាន្ត​នេះ​គឺ​មិន​គិតថ្លៃ​នោះ​ទេ​។​ ​រីឯ​ម្ហូប​វិញ​ ​ភ្ញៀវ​និយម​ម្ហូប​ដូចជា​ ​ស៊ុប​កន្ធាយ​ ​ស៊ុប​អន្ទង់​ ​កន្ធាយ​ចំហុយ​ ​ត្រី​ទន្លេ​ចៀន​ ​កង្កែប​អាំង​ ​និង​ ​ជម្រើស​ម្ហូប​កុម្ម៉ង់​ជា​ច្រើនមុខ​ទៀត​។​ ​ហាង​នេះ​ចាប់​បើក​បម្រើ​អតិថិជន​ចាប់ពី​ម៉ោង​១​០​ព្រឹក​រហូតដល់​ម៉ោង​៩​យប់​​។​ ​គួរ​បញ្ជាក់​ថា​ទីនេះ​មាន​ទីធ្លា​ចំណតរថយន្ត​ធំ​ទូលាយ​និង​មាន​សុវត្ថិភាព​ ​ហើយ​មាន​កន្លែង​លេង​ទឹក​សម្រាប់​បុត្រ​ធីតា​ដែល​មក​ជាមួយ​លោកអ្នក​ថែមទៀត​ផង​៕​


SUGGESTIONS