×

«​ឡាន​ក្រុង​ពេលយប់​»​ ​បរិយាយ​ពី​រឿងប្រលោមលោក​បែប​ទស្សនវិជ្ជា​ខ្លី​ៗ​

NEWS 2 years ago
 
 

           ​តុ​ន​ ​ច័ន្ទ​រិទ្ធិ​ ​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នកនិពន្ធ​សៀវភៅ​ដ៏​មាន​ប្រជាប្រិយភាព​មួយ​រូប​ដែល​បាន​បញ្ចេញស្នាដៃ​នៃ​ការ​និពន្ធ​សៀវភៅ​របស់​ខ្លួន​ចំនួន​ពីរ​ចំណងជើង​រួចមក​ហើយ​ ​ដោយ​ស្នាដៃ​សៀវភៅ​ដំបូង​មាន​ចំណងជើង​ថា​ ​«​អ្នក​ពិត​ជាពិសេស​ តោះ! ​ទៅមុខ​ទៀត​»​ ​និង​ស្នាដៃ​បន្ទាប់​នោះ​គឺ​ ​«​និទាន​ម៉ែ​»​។​ ​ជាក់ស្តែង​ ​បន្ទាប់ពី​មានការ​គាំទ្រ​ពីសំណាក់​មិត្ត​អ្នកអាន​យ៉ាង​ច្រើន​គួរឲ្យ​កត់​សម្គាល់​បែប​នេះ​បាន​ជំរុញ​ទឹកចិត្ត​ ​ច័ន្ទ​រិទ្ធិ​ ​បន្ត​ការ​និពន្ធ​សៀវភៅ​ថ្មី​បន្ទាប់​ទៀត​ដែល​នឹង​បង្វែរ​អារម្មណ៍​របស់​អ្នកគាំទ្រ​គ្រប់រូប​ឈ្វេងយល់​ពី​ចំណេះ​ដឹង​មួយ​ចំនួន​ទាក់ទង​នឹង​ទស្សនវិជ្ជា​ប្លែក​ខុស​ពី​សព្វដង​ ​ហើយ​ក៏​ ​ជា​ផ្នែក​មួយ​ដែល​បាន​លើកទឹកចិត្ត​អ្នកអាន​កាន់តែ​មាន​ភាព​រឹង​មាំ​ខុស​ក្នុង​ការ​ប្រឈម​មុខ​ជាមួយនឹង​បញ្ហា​នានា​ផង​ដែរ​។​

           ​​«​ឡាន​ក្រុង​ពេលយប់​»​ ​គឺជា​ប្រភេទ​សៀវភៅ​ប្រលោមលោក​បែប​ទស្សនវិជ្ជា​ដែល​ផ្តោត​សំខាន់​ទៅលើ​ការ​លើក​ទឹក​ចិត្ត​ ​ជាពិសេស​ ​ស្ថិតនៅ​ក្នុង​យុវវ័យ​ភាព​ទើប​តែ​បញ្ចប់​ថ្នាក់​វិទ្យាល័យ​ ​ឬ​សាកលវិទ្យាល័យ​ ​ដែល​កំពុង​ស្វែងរក​ថា​ខ្លួនឯង​ថា​ជា​នរណា​ ​និង​ផែនការ​គោលដៅ​សម្រាប់​ជីវិត​ទៅ​ថ្ងៃ​អនាគត​ជាដើម​។​ ​ចំពោះ​សៀវភៅ​មួយ​ក្បាល​នេះ​ផង​ដែរ​ ​អ្នកនិពន្ធ​បាន​សរសេរ​ និង​មាន​ការបែងចែក​រឿងប្រលោមលោក​ខ្លី​ជា​ ​៣​ ​រឿង​ផ្សេងៗ​គ្នា​ ​តួយ៉ាង​ ​រឿង​ខ្លី​ទីមួយ​មាន​ចំណង​ជើង​ថា​ ​«​ឡាន​ក្រុង​ពេលយប់​»​ ​មានការ​ពណ៌នា​ពី​ដំណើរ​ដើមទង​របស់​បុរស​ម្នាក់​ឆ្ពោះទៅ​កាន់​ភូមិភាគ​ឦសាន​។​ ​ចំណែក​ឯ​រឿង​ខ្លី​ទីពីរ​នោះ​គឺ​ ​«​នាង​សន្យា​»​ ​ច័ន្ទ​រិទ្ធិ​ ​ដែល​បាន​រៀបរាប់​ ​និង​មានការ​ឆ្លុះ​បង្ហាញ​អំពី​ខ្សែ​ជីវិត​របស់​នារី​ជនបទ​មួយ​រូប​ផ្លាស់ប្តូរ​ទីលំនៅ​មក​រស់នៅ​ទីក្រុង​ ​និង​ចុងក្រោយ​គឺ​មាន​ចំណងជើង​ថា​ ​«​វីរនារី​អាវ​ស​»​ ​ដែល​សរសេរ​អំពី​គ្រូពេទ្យ​ម្នាក់​ត្រូវ​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន​ក្នុង​ការ​ព្យាបាល​អ្នកជំងឺ​កូ​វី​ដ​១​៩​ ​ផង​ដែរ​។​ ​យ៉ាងណាមិញ​ ​សៀវភៅ​ដែល​នឹង​មាន​ក​ម្រាស់​ជិត​ ​២​០​០​ ​ទំព័រ​នេះ​ ​បរិយាយ​អំពី​ដំណើរ​នៃ​ការស្វែងរក​ខ្លួនឯង​ ​ការ​ជឿជាក់​ ​និង​ការ​ហ៊ាន​ដើរតាម​ក្តី​ស្រ​ម៉ៃ​របស់​ខ្លួន​តាមរយៈ​តួអង្គ​នៅ​ក្នុង​រឿង​នីមួយៗ​។​ ​ទន្ទឹម​នឹង​នេះ​ផង​ដែរ​ ​អ្នកនិពន្ធ​វោហារ​សព្ទ​បាន​បង្ហាញ​ឲ្យដឹង​ផង​ដែរ​ថា​ ​«​សៀវភៅ​​មួយ​ក្បាល​នេះ​មិន​ត្រឹមតែ​ជួយ​លើកទឹកចិត្ត​ប៉ុណ្ណោះ​ទេ​ ​តែ​វាក៏​បង្ហាញ​ទៅកាន់​អ្នកអាន​ពី​គុណ​តម្លៃ​ដែល​យើង​ស្រឡាញ់​ ​និង​សកម្មភាព​ដែល​យើង​កំពុង​ធ្វើ​។​ ​មួយវិញទៀត​ ​កុំ​ប្រៀបធៀប​ខ្លួនឯង​ទៅ​នឹង​អ្នកដទៃ​ ​ត្រូវ​ចេះ​ជួយ​សង្គម​ ​និង​មនុស្ស​ជុំវិញ​ខ្លួន​ ​ហើយ​ចេះ​រៀបចំផែនការ​សម្រាប់​ខ្លួនឯង​ ​និង​មាន​ភាព​ក្លា​ហា​ហ៊ាន​ក្នុង​ការ​សម្រេច​ចិត្ត​ដើម្បី​ធ្វើ​វា​»​។​

           ​គួរ​បញ្ជាក់​ដែរ​ថា​សៀវភៅ​ ​«​ឡាន​ក្រុង​ពេលយប់​»​ ​ត្រៀម​ចេញផ្សាយ​នៅ​ចុងខែ​មីនា​ខាងមុខនេះ​។​ ​សម្រាប់​ថវិកា​ដែល​ទទួល​បាន​នឹង​ធ្វើការ​បរិច្ចាគ​១​ដុល្លារ​ក្នុង​១​ក្បាល​ ​ដើម្បី​ឧបត្ថម្ភ​ទៅកាន់​មណ្ឌល​កុមារ​កំព្រា​មួយ​កន្លែង​ដែល​មានឈ្មោះ​ថា​ ​«​ចម្ការ​តែ​»​ ​ស្ថិតនៅ​ក្នុង​ខេត្ត​មណ្ឌលគិរី​។​ ​ជាចុងក្រោយ​ ​បន្ទាប់ពី​ស្នាដៃ​ទីបី​របស់​ខ្លួន​ ​លោក​ក៏បាន​បង្ហើប​ថា​នឹង​ត្រៀម​បញ្ចេញស្នាដៃ​ថ្មី​បន្ថែម​ទៀត​នៅ​ចុង​ឆ្នាំនេះ​៕​

Article​ ​by​ ​SO​UN​G​ ​SO​KS​AN​


SUGGESTIONS