×

«​ស៊ីម៉ងត៍​ស​»​ ​បាន​ក្លាយ​ជា​សម្ភារ​តាំង​លម្អ​ ​និង​អាច​ប្រើប្រាស់​ប្រចាំថ្ងៃ​ដ៏​ទាក់ទាញ​

TRAVEL & LIVING 2 years ago
 
 

           បច្ចុប្បន្ន​សម្ភារ​ដាក់​តាំង​លម្អ​កំពុង​មានការ​ពេញ​និយម​ខ្លាំង​ ​ជាពិសេស​សំណាក់​អ្នក​ដែល​ចូលចិត្ត​រៀបចំ​តុបតែង​ដេ​គ័​រ​បែប​ស៊ីវិល័យ​។​ ​ដោយ​ឃើញ​ថា​សម្ភារ​តាំង​លម្អ​មួយ​ចំនួន​ច្រើនតែ​នាំចូល​ពី​បរទេស​ ​និង​ម្យ៉ាង​ចង់ឲ្យ​ប្រជាជន​ងាក​មក​ប្រើប្រាស់​ផលិតផល​ក្នុងស្រុក​ ​ក៏ដូចជា​ម៉ាក​យីហោ​ក្នុងស្រុក​ផង​នោះ​ ​យុវជន​វ័យក្មេង​មួយ​រូប​បាន​ងាក​មក​ចាប់ផ្តើម​ស្រាវជ្រាវ​ ​និង​បង្កើត​ជា​ផលិតផល​គ្រឿង​តាំង​លម្អ​ទាក់ទាញ​មួយ​បែបជា​មួយ​ម៉ាក​យីហោ​ផ្ទាល់ខ្លួន​ឈ្មោះថា​ ​«​D​a​i​ ​Studio​»​។​

           ​«​D​a​i​ ​Studio​»​ ​គឺជា​ម៉ាក​យីហោ​ក្នុងស្រុក​មួយ​បាន​បង្កើត​ឡើង​កាលពី​ខែ​ឧសភា​ឆ្នាំទៅមិញ​ ​ដែល​មាន​យុវជន​វ័យក្មេង​ ​លី​ម​ ​ម៉េង​ឃាង​ ​ជា​ស្ថាបនិក​។​ ​ក៏​ព្រោះតែ​សិក្សា​ជំនាញ​ផ្នែក​ស្ថាបត្យកម្ម​តុបតែង​លម្អ​ខាងក្នុង​ ​និង​ចង់​បង្កើត​អ្វី​ដែល​ទាក់ទង​នឹង​ជំនាញ​ដែល​ខ្លួន​កំពុង​សិក្សា​ផង​នោះ​ ​យុវជន​វ័យ​២​២​ឆ្នាំ​រូប​នេះ​បាន​ចាប់ផ្តើម​ស្រាវជ្រាវ​អំពី​ការ​យក​ស៊ីម៉ងត៍​សម​ក​បង្កើត​ជា​សម្ភារ​តុបតែង​លម្អ​ដែល​ធ្វើឡើង​ដោយដៃ​ទាំងស្រុង​។​

​តាមរយៈ​ផលិតផល​ដូចជា​ ​ចាន​ទម្រ​ ​ក្រឡ​ ​មាន​រាងរៅ​សណ្ឋាន​ផ្សេងៗ​បីដូច​វត្ថុ​សិល្បៈ ​ម៉េង​ឃាង​ ​បាន​លើកឡើង​យ៉ាង​ដូច្នេះ​ “​សម្ភារ​ទាំងនេះ​អាច​ប្រើប្រាស់​អាស្រ័យ​ទៅតាម​តម្រូវ​ការ​របស់​អ្នកប្រើប្រាស់​ ​ដូចជា​ចាន​ទម្រ​ទំហំ​តូច​គឺ​អាច​ប្រើ​សម្រាប់​ទ្រាប់​កែវ​កាហ្វេ​ ​រីឯ​ទំហំ​ធំ​អាច​ប្រើ​សម្រាប់​ដាក់ផ្លែ​ឈើ​ឬអ្វី​ផ្សេង​ក៏បាន​។​ ​ដោយឡែក​ក្រឡ​វិញ​អាច​ប្រើ​ដាក់​ប៊ិ​ក​ឬ​ ​ដាក់​សម្ភារ​បន្ទប់ទឹក​ ​និយាយរួម​អាច​ប្រើ​បាន​តាមចិត្ត​ចង់​របស់​ពួកគាត់​។​”

បើ​និយាយ​ពី​ដំណាក់កាល​នៃ​ការ​ផលិត​វិញ​ ​ម៉េង​ឃាង​ ​ថា​ទម្រាំតែ​បានជា​ផលិតផល​សម្រេច​មួយ​គឺ​ត្រូវ​ឆ្លងកាត់​ច្រើន​ដំណាក់កាល​។​ ​ជាក់ស្តែង​ ​ដំបូង​ត្រូវ​លាយ​ស៊ីម៉ងត៍​ ​បន្ទាប់មក​ត្រូវ​លាយ​ពណ៌​ ​រួច​យកទៅ​ចាក់​ក្នុង​ពុម្ព​រក្សាទុក​១​ថ្ងៃ​ទៅ​១​ថ្ងៃ​កន្លះ​។​ ​បន្ទាប់មក​យក​វា​ចេញពី​ពុម្ព​ហើយ​ខាត់​ឲ្យ​ស្អាត​ ​រួច​យកទៅ​ស​ម្ងួ​ត​ឲ្យ​ស្ងួត​ ​ទើប​លាប​ពណ៌​ការពារ​ជម្រាប​ទឹក​ដែល​ជា​ដំណាក់កាល​ចុងក្រោយ​។​ ​រាល់​ការ​បញ្ជាទិញ​ផលិតផល​នីមួយៗ​ ​អតិថិជន​ក៏​អាច​កម្ម​ង់​ពណ៌​ ​និង​ម៉ូដ​ទៅតាម​អ្វី​ជា​ចំណង់ចំណូលចិត្ត​ផង​ដែរ​។​

ស្ថាបនិក​ដែល​មាន​ស្រុកកំណើត​មកពី​ខេត្ត​កំពង់ចាម​រូប​នេះ​ ​បាន​និយាយ​ទៀត​ថា​ “​ខ្ញុំ​ចង់​បង្ហាញ​ទៅកាន់​ប្រជាជន​យើង​ថា​ ប្រ៊េ​ន​ក្នុងស្រុក​របស់យើង​ក៏មាន​លក់​អ្វី​ដែល​មាន​លក់​នៅ​ក្រៅ​ប្រទេស​ដែរ​ ​ដែល​មិន​ចាំបាច់​ទាល់តែ​យើង​កម្ម​ង់​ទិញ​ពីក្រៅ​ប្រទេស​មក​ប្រើ​នោះ​ទេ​។​”

ផលិតផល​របស់​ ​D​a​i​ ​Studio​ ​មាន​លក្ខណៈ​ពិសេស​ដោយឡែក​ ​ដោយ​ម៉ូដ​សុទ្ធ​សឹង​បាន​ដកស្រង់​ពី​សិល្បៈ​សំណង់​ខ្មែរ​ពីដើម​ ​ដែល​មាន​ជា​ម៉ូដ​ថ្ម​ដុះ​ ​និង​ខ្លះទៀត​ដកស្រង់​ចេញពី​ធម្មជាតិ​ ​ដូចជា​ចាន​ទម្រ​ដែល​មាន​​​រូបរាង​ជា​ឥន្ទធនូ​ជាដើម​។​ ​ម៉ូដ​នីមួយៗ​ ​ម៉េង​ឃាង​ ​បាន​ប្រើ​ភាព​ច្នៃ​ប្រតិដ្ឋ​បែប​ទំនើប​ដោយ​តម្រូវ​ទៅតាម​រស​និយម​សម័យថ្មី​ ​ទាំង​ស្អាត​ ​ទាំង​ប្រណីត​ ​និង​ប្រកបដោយ​សិល្បៈ​និយម​។​

           ផលិតផល​របស់​ ​D​a​i​ ​Studio​ ​មាន​តម្លៃ​ចាប់ពី​១​,​៥​ដុល្លារ​រហូតដល់​១​៥​ដុល្លារ​អាស្រ័យ​ទៅតាម​ទំហំ​ ​និង​ម៉ូដ​ ​ដែល​អាច​បញ្ជាទិញ​បាន​តាមរយៈ​បណ្តាញ​សង្គម​អ៊ី​ន​ស្តា​ក្រាម​ (​Inst​a​gram​) ​ដែល​មានឈ្មោះ​ថា​ ​D​a​i​ ​Studio​។​ ​នៅ​ពេល​ខាងមុខ​ម្ចាស់​ម៉ាក​យីហោ​រូប​នេះ​ក៏​នឹង​មាន​គម្រោង​សហការ​ជាមួយ​សិល្បករ​ដទៃ​ដើម្បី​បង្កើត​ផលិតផល​បន្ថែម​ទៀត​ដូចជា​ ​ថូផ្កា​ ​តុ​ ​និង​កៅអី​ផង​ដែរ​៕​

​Article​ ​by​ ​SO​UN​G​ ​SO​KS​AN​


SUGGESTIONS