«Read Club Cambodia» លើកស្ទួយវិស័យអំណាននៅកម្ពុជាកាន់តែប្រសើរ
TRAVEL & LIVING one year ago«Read Club Cambodia» ឬ «ក្លឹបអ្នកអានកម្ពុជា» គឺជាគម្រោងមួយដែលបង្កើតឡើងដើម្បីលើកតម្កើង និងជំរុញ ការអានសៀវភៅ រួមទាំងលើកទឹកចិត្តដល់យុវជនខ្មែរ ពិសេសប្អូនៗកំពុងរៀនថ្នាក់វិទ្យាល័យឲ្យងាកមកចូលចិត្ត និងមានទម្លាប់អានសៀវភៅ។ គម្រោងនេះដែរបានបង្កើតឡើងនៅខេត្តសៀមរាបកាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៦ ដោយ លោក អោក ស៊ីណាក់ ជាម្ចាស់គម្រោងផ្ទាល់។
លោក អោក ស៊ីណាក់ ឬមានឈ្មោះហៅក្រៅ Brian បានលើកឡើងថា “អ្វីដែលជាគោលបំណងសំខាន់ក្នុងការបង្កើតក្លឹបអ្នកអាននេះឡើងគឺ ចង់ឲ្យប្រទេសកម្ពុជាក្លាយជាសង្គមអ្នកអានច្រើនបំផុតនៅប៉ែកអាស៊ីអាគ្នេយ៍ ក៏ដូចជាចង់ឲ្យជនជាតិខ្មែរទាំងអស់ក្លាយជាអ្នកដែលស្រឡាញ់ និងចូលចិត្តការអានសៀវភៅ។” លោករំឭកទៀតថា “កាលបើកក្លឹបនេះដំបូងគឺចាប់ផ្តើមជាមួយសៀវភៅប្រហែលជាង២០០ក្បាលប៉ុណ្ណោះ ដែលសុទ្ធសឹងជាសៀវភៅបានមកពីការប្រើថវិកាទិញផ្ទាល់ខ្លួន និងមួយចំនួនទៀតជាសៀវភៅដែលលោកបានអានរួច។ ក្រោយមកលោកក៏ទទួលបានសៀវភៅបន្ថែមទៀតាមរយៈការបរិច្ចាគពីសប្បុរសជន។
បច្ចុប្បន្ន «Read Club Cambodia» នៅមិនទាន់មានជាទីស្នាក់ការផ្ទាល់ខ្លួននៅឡើយទេ គឺលោកតែងនាំសិស្សទៅអានសៀវភៅនៅកន្លែងផ្សេងៗ ដូចជាហាងកាហ្វេ កន្លែងកម្សាន្តស្អាតៗ ឬទីតាំងសាធារណៈណាមួយក្នុងខេត្តសៀមរាប។ “មូលហេតុដែលខ្ញុំឲ្យពួកគាត់អានសៀវភៅនៅហាងកាហ្វេឬទីសាធារណៈ ដោយសារទីនោះគឺជាទីតាំងប្រជុំជនមួយដែលខ្ញុំអាចបំផុសរូបភាពការអានដោយមិនចាំបាច់ចំណាយលុយ។ ខ្ញុំចង់ឲ្យគេឃើញរូបភាពនៃការអានសៀវភៅនេះបានកាន់តែច្រើនកាន់តែល្អ។” លោក Brian បានលើកឡើង។
សកម្មភាពការអានរបស់ក្លឹបគឺធ្វើឡើងនៅរៀងរាល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង៩-១១ព្រឹក និងមានការដឹកនាំដោយលោកផ្ទាល់។ ប្រភេទសៀវភៅដែលលោកឲ្យសិស្សអានមានសៀវភៅដូចជា ប្រវត្តិសាស្រ្ត វិទ្យាសាស្រ្ត ផ្នត់គំនិត ប្រវត្តិបុគ្គលល្បីៗ ក៏ដូចជាសៀវភៅលើកទឹកចិត្តជាដើម។ ក្រោយអានរួច លោកតែងឲ្យសិស្សឡើងនិយាយចែករំលែកចំណេះដឹងពីសៀវភៅដែលពួកគេបានអាន ទៅកាន់គ្នាទៅវិញទៅមក ដើម្បីបង្កើនឲ្យពួកគេមានភាពក្លាហានក្នុងការនិយាយជាសាធារណៈ ចេះធ្វើបទបង្ហាញ ចេះសិល្បៈនៃការនិយាយជាដើម។
លើសពីការអានលោក Brian ក៏បានបញ្ចូលសកម្មភាពមួយចំនួនដូចជា សិក្ខាសាលាជំនួបជាមួយវាគ្មិនល្បីៗក្នុងវិស័យអំណានរៀងរាល់ពីរខែម្តង ព្រមទាំងមានទស្សនកិច្ចសិក្សាផងដែរ។ លោកឲ្យដឹងថា ការចូលជាសមាជិក «Read Club Cambodia» មានប្រយោជន៍ច្រើនគឺទទួលបានចំណេះដឹងទូលំទូលាយពីការអាន អាចបង្កើតមិត្តភាពជាមួយមនុស្សល្អៗ បានចូលរួមក្នុងសកម្មភាពសហគមន៍ ក៏ដូចជាបង្កើតនិងអភិវឌ្ឍទម្លាប់នៃការអានប្រចាំថ្ងៃ។
ការបង្កើតក្លឹបដោយគ្រាន់តែដាក់សៀវភៅយើងអាចគិតថាជារឿងងាយ តែផ្ទុយមកវិញម្ចាស់ក្លឹបរូបនេះបែរជាត្អូញត្អែរពីផលលំបាកយ៉ាងដូច្នេះ “វាពិតជារឿងមួយដ៏លំបាកដែលហៅមនុស្សម្នាក់មកអានសៀវភៅ ខ្ញុំស្ទើរតែបោះបង់ចោលម្តងម្កាលនៅពេលដែលខ្ញុំប្រឹងប្រែងខ្លាំងពេក។ ម្យ៉ាងខ្ញុំមិនដែលទទួលបានការលើកទឹកចិត្តពីខាងស្ថាប័នណាមួយឡើយ។ សិស្សរបស់ខ្ញុំដែលចូលរួម ជួនប្រឹងប្រែង ជួនក៏បោះបង់លែងខ្វល់ខ្វាយ ជួនក៏សុំច្បាប់ក៏មាន ដែលទាំងនេះហើយជាហេតុនាំឲ្យខ្ញុំបាក់ទឹកចិត្ត ព្រោះក្លឹបនេះខ្ញុំបង្កើតឡើងមិនមែនដើម្បីរកប្រាក់ចំណេញនោះទេ គឺធ្វើឡើងដោយបេះដូង និងឆន្ទៈនៃការស្រឡាញ់ ហើយក៏មិនទទួលយកលុយពីសិស្សដែរ។ តែអ្វីដែលខ្ញុំចង់បាននោះគឺចង់ឲ្យពួកគាត់ចូលរួមទាំងអស់គ្នាលើកកម្ពស់វិស័យអំណាន ចង់ឲ្យពួកគាត់ទម្លាប់ល្អធ្វើអ្វីមួយច្បាស់លាស់ហើយខិតខំប្រឹងប្រែង។”
តាមរយៈ សូវរីន លោកមានពាក្យពេចន៍ផ្តាំផ្ញើថា “ជាដំបូងខ្ញុំសូមលើកទឹកចិត្តដល់អាណាព្យាបាល សូមឲ្យពួកគាត់ព្យាយាមបណ្តុះបណ្តាលកូនឲ្យមានទម្លាប់អាន ដើម្បីជៀសវាងខ្ជះខ្ជាយពេលវេលាលើរឿងផ្សេងឥតប្រយោជន៍ ហើយការអាននេះដែរក៏នឹងជួយបង្កើនចំណេះឲ្យពួកគេក្លាយជាធនធានដ៏សំខាន់សម្រាប់សង្គមជាតិយើង ។ ចំពោះក្មេងៗវិញ ខ្ញុំលើកទឹកចិត្តឲ្យពួកគាត់ចូលជាសមាជិក «ក្លឹបអ្នកអានកម្ពុជា» ព្រោះការចូលរួមនេះមិនមានគិតថ្លៃអ្វីឡើយ ហើយពួកយើងនឹងចូលរួមធ្វើកិច្ចការនេះទាំងអស់គ្នា”។
គួរជម្រាបផងដែរថា ដើម្បីចូលជាសមាជិករបស់ក្លឹប អ្នកអាចទំនាក់ទំនងទៅកាន់ទំព័រ Facebook «Read Club Cambodia» ឬតាមរយៈទូរស័ព្ទលេខ ០១៦ ៥៦៥ ៤៩៦៕
Article by SOUNG SOKSAN
Image Courtesy: Read Club Cambodia